មកវិញ

Standard

ខានចូលទីនេះយូរខួបហើយ! មើលចុះ សម្បុកពីងពាងនៅពេញ! ខ្ញុំគួរតែបោសចេញហើយ! ឱ! ផ្ទះកំណត់ហេតុដ៏កម្សត់អើយ! ម្ចាស់អ្នក នឹកអ្នកណាស់! នឹកអ្នកជិតខាងធ្លាប់សាងសងឆ្លងឆ្លើយ នឹកអត្ថបទធ្លាប់សរសេរទាំងខ្លីទាំងវែង។

ចង់សួរថាតើ អ្នកនៅនេះ សុខសប្បាយធម្មតាទេ? មើលទៅគ្មានអ្នកឆ្លើយតបទេ ព្រោះខានចូលទីនេះ យូរដែរហើយ! ប្រហែលជាមានអ្នកថ្មីមកច្រើន ហើយក៏មានអ្នកចាស់ភ្លេចខ្ញុំដែរ។ ប៉ុន្តែ ចង់ប្រាប់ថា សង្ឃឹមថាអ្នកនៅទីនេះសុខសប្បាយ។

អាទិត្យសម្ដែង

Standard

មិនបានក្បោះក្បាយទេ តែខ្ញុំបានចងចាំព្រឹត្តិការណ៍ទាំងឡាយជាសង្ខេបមួយចំនួន​ប៉ុណ្ណោះ។ អាទិត្យសម្ដែង គឺជាអាទិត្យដែលមមាញឹកទៀតហើយក្នុងជីវិតខ្ញុំ ខ្ញុំបានជួបរឿងជាច្រើនស្ទើរពេញមួយថ្ងៃនោះ…

៤ទាបភ្លឺ ថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១១

តាំងពីក្បាលព្រលប់រហូតមកដល់ព្រឹកថ្មើណេះ ខ្ញុំគ្មានធ្មេចបានមួយស្រឡេតទេ។ ក្នុងចិត្ត ចេះតែនៅជាប់នឹងឆាកតន្ត្រីជានិច្ច។ ក្នុងពោះខ្ញុំ ចេះតែបុកស្រឺតៗ ពេលខ្លះ សឹងដកដង្ហើម ពុំស្មើគ្នា។ ជួនក៏ដូចជាក្ដៅខ្លួនយ៉ាងម៉េចទេ ទៅជា ស្រៀវស្រាញ!!!

អង្គុយលើតុ ចាំញាំបាយពេកព្រឹក កម្លាំងខ្ញុំអស់រលីង ហើយថែមទាំងស្អកទៀត។ ខ្ញុំដើរមួយៗ និយាយមួយៗទេ គឺអស់កម្លាំងពេក ដ្បិតមិនបានគេងស្រួលពីម្សិល។ ដល់វេទិការឆាក ក្រុមកំពង់ចាម ក្រុមកោះកុង គេនៅទីនោះជាស្រេច។ ក្នុងស្ទូឌីយូនោះ រងារណាស់ ព្រឹកអ៊ីចឹង ម៉ាស៊ីន ត្រជាក់នៅបើកឡើងកប់ទៀត។

ស្ទូឌីយ៉ូនេះ ធំល្មមទេ បើធៀបនឹងស្ទូឌីយ៉ូ បាយ័ន ដែលខ្ញុំធ្វើការ ទីនេះតូចណាស់។ ខ្ពស់ជាងដីរៀបបន្តិច វេទិកានេះ រៀបស្រដៀង នឹងឆាកកម្មវិធីនេះមិនមែនជាសុបិន របស់ខ្ញុំដែរ​ គ្រាន់តែគេវាយភ្លើងពណ៌មក រៀងស្រគត់ស្រគុំ។ បំពង់ម៉ាស៊ីន ត្រជាក់ ដែលដាក់ចម្រឹងចាប់ភ្ជាប់តៗគ្នា ជាដំណាក់ៗ ដោយមានជណ្ដើរដែករៀបស្មើ សម្រាប់ ជាការងាយស្រួលដល់វិស្វករភ្លើង គេធ្វើផងនោះ កៀនខាងក្រោម និងក្រោយគេ គឺជាកន្លែងសម្រាប់រៀបចំប្រព័ន្ធសំឡេង ទូទៅក្នុង កម្មវិធី។ ទីនោះ មានមនុស្សពីរទៅបីនាក់ចាំមើលការ សាកល្បងសំឡេងជាមួយក្រុម ដែលមកពីខេត្តចំនួនពីរក្រុមនោះ។ មនុស្សម្នាទូទៅ គេមកអង្គុយមើលការសម នៅកៅអីជ័រខាងដើមក្បែរប្រព័ន្ធសំឡេង។

ម៉ាស៊ីនត្រជាក់ សុខភាពក៏ទន់ ខ្ញុំរិតតែភ័យអរម្ដងៗ តែសំឡេងនៅតែមិនទាន់ប្រើការ បានស្រួលបួលសោះ។ ខ្ញុំខំញុំាំទឹកសុទ្ធពីរបីដប ដើម្បីបង្ការការរលាកបំពងក។

«ភ្នំពេញ មកដល់អស់នៅ?? ភ្នំពេញ!!!» លោកអ្នកចាត់ចែងទូទៅ បានប្រកាសដាក់មេក្រូ មកកាន់ក្រុមខ្ញុំ ដោយកាលណោះ បងលាភ និងមិត្តភក្តិពីរបីអ្នករបស់គាត់ បានលើក Piano digital មកដល់ឆាកហើយ។

«នៅទេ លោកពូ!! .. អឺ.. ក្រុមខ្ញុំ កំពុងជាប់រវល់ បន្តិចទៀតទើបមកដល់!» ខ្ញុំតបទៅគាត់វិញទាំងញញឹមធម្មតា។

«ឆាប់តិចមក ព្រោះមួយក្រុមសមតែពីរបទទេ» លោកតបមកវិញ។

ក្នុងចិត្តខ្ញុំចាប់វន្ទាហៅពួកគេហើយ ដូច្នេះ ខ្ញុំក៏ចាប់លើកទូរស័ព្ទហៅទៅពួកគាត់ និងអ្នកខ្លះថាកំពុងជិះតាមផ្លូវហើយ។ បងភា អ្នកចម្រៀងដៃគូនឹងខ្ញុំ បានមកដល់មុនគេ។​មកដល់ ខ្ញុំសំណេះសំណាលបន្តិច។

កណ្ដាលមនុស្សដែលមកមើលការសមនាព្រឹកនេះ ភាគច្រើន គឺមកពីកំពង់ចាម។ អ្នកកោះកុង ខ្ញុំពុំសូវជួបនោះទេ។ បងភានិងខ្ញុំអង្គុយក្បែរគ្នា មើលក្រុមគេសមបណ្ដើរ ដៃកាន់ទូរស័ព្ទនិយាយខ្វាត់ខ្វែងបណ្ដើរ។ មួយសន្ទុះក្រោយមក បងណា និង បងសំណាង ក៏មកដល់ ប៉ុន្តែមុនគាត់មកដល់ ខ្ញុំបានត្រូវលោកចាត់ចែងទូទៅបាញ់ពាក្យសម្ដីឡើងហុយដីទៅហើយ តែខ្ញុំនៅតែអាចរងបាន ព្រោះយល់ថា នេះជាការងារ។ ណាមកពីពួកយើងខុសមែន។

យឺតបន្តិច បងយ៉ា និងបងអៀបក៏មកដល់បន្ទាប់។ មុនគាត់មកដល់ គឺដូចគ្នា លោកចាត់ចែងបាន ប្រកាសម្ដងទៀត តែខ្ញុំចេញមុខរ៉ាប់រងញយដែរ។

ប្រកាសថាឲ្យពីការយឺតយ៉ាវខ្ញុំម្ដងទៀត ខ្ញុំក៏ព្យាយាមបង្វែងអារម្មណ៍លោក ដោយរៀបចំក្រុមទៅ រៀបចំឧបករណ៍សម្រាប់សម។ ជាបណ្ដើរៗ លោកក៏ប្រកាស ពីលក្ខខណ្ឌ័នានា និងវិធីសាស្ត្រខ្លះៗចំពោះក្រុមខេត្តទាំងពីរដែលបានសមចប់​ទៅហើយ ខ្ញុំពុំបានរវល់ទេ តែសឲត្រចៀកស្ដាប់ដឹងរឿងដែលធ្លាប់ដឹងហើយ។ យូរគួរសម បងលាភ , វិថី , បងផានិត និងប្រុសម្នាក់ទៀតក៏មកដល់បន្តបន្ទាប់។

ទម្រាំតែអាចរៀបចំក្រុមបានស្រួលបួល ម៉ោងជិតដប់ទៅហើយ ទើបពួកយើងបានសម ពីរបទទៀត ដោយក្នុងនោះយើងសម បទ អនុស្សាច្បារអំពៅ និងបទ ទន្លេស្នេហ៍ប្រែពណ៌។ យើងសមពីការដើរឆាក សំពះ សម្ដែង ញញឹម និងទូទៅ ជាមួយពិធីករ។ សំឡេងខ្ញុំនៅតែស្អកអ៊ីចឹង តែអាចស្ដាប់បាន។

ជាបន្តបន្ទាប់ លោកពិធីករបានប្រកាសតាមលំហូ នៃបែបបទកម្មវិធីរហូតដល់ចប់ នៅម៉ោងប្រហែលជិត១២ថ្ងៃត្រង់។ រួចរាល់ ពួកយើងក៏បំបែកគ្នា ដោយធ្វើតាមគំរោង ពីយប់ដែឡបាននិយាយគ្នាទុក។

ដល់ផ្ទះ ខ្ញុំអស់កម្លាំងល្ហិតល្ហៃ ក៏ឆ្លៀតចូលគេងមួយស្រឡេត ក្នុងបន្ទាប់ខ្ញុំ។ មិនលក់ទេ តែអាចសង្ងំបានដល់ម៉ោងជិត២រសៀលដែរ ទើបងើបញាំបាយថ្ងៃត្រង់បន្តិច។ សំឡេងខ្ញុំរៀងគ្រាន់បើបន្តិចហើយ តែនៅតែមិនទាន់មានកម្លាំង ដោយទ្រាំពុំបាន ខ្ញុំក៏តាំងញាំកាហ្វេទឹកដោះគោទឹកកក ដើម្បី ជំនួយកម្លាំងខ្លះៗ មុនការប្រកួត ឃើញថាបានផលគួរសម។

រួចរាល់ ខ្ញុំក៏បរឡានចេញទៅBBCទៅយកពួកគាត់ ប៉ុន្តែនៅសល់បងអៀបមួយ។ ម៉ោង២កន្លះជិត៣ទៅហើយ មិនចង់ខាតដំណើរ យើងក៏សម្រេចចិត្តចេញទៅ ធ្វើសក់ បន្តិចបន្តួចនៅក្បែរទឹករាំផ្ការាំឯបាក់ទូក។

ទីនោះឈ្មោះថា«ស្ទាវ»។ ប្រមាណជិតមួយម៉ោងដែរ ពួកយើងបានរៀបចំខ្លួនរួចជាស្រេច។ នៅទីនោះ ខ្ញុំក៏បានជួបមិត្តសម្លាញ់ខ្ញុំកាលនៅរៀនម្នាក់ ឈ្មោះ វង្ស បាយ័ន្តដែរ។ បានសំណេះសំណាល់នឹងគ្នារួចរាល់ ខ្ញុំនិងក្រុមក៏ចាកចេញពីទីនោះទៅ ស្ទូឌីយ៉ូប្រកួត ប្រហែលម៉ោង៣កន្លះជិត៤ដែរហើយ។ អង្គុយ និងសំណេះសំណាលបំបាត់ភាពភ័បន្តិច ពួកយើងក៏ចូលស្ទួឌីយូប្រកួត។

មិនយូរប៉ុន្មាន ក្រុមកំពង់ចាមដែលឡើងមុនគេ ក៏បានបញ្ចប់។ ពួកខ្ញុំ នៅត្រៀមខ្លួនជាស្រេច។ មុនបីនាទី ពួកយើងក៏ទៅដល់កន្លែងកៅអីជ័រមួយក្បែរនោះ។ បើមើលពីពួកយើងទៅ មនុស្សម្នាច្រើនណាស់ គឺច្រើនល្មមធ្វើឲ្យឆាកចង្អៀត!

ពិធីករក៏ចាប់ប្រកាស ភ្នែកទស្សនិកជន ក្រឡេកមកព្រោងព្រាតមកកាន់ក្រុមខ្ញុំ។ បទទីមួយក៏ចាប់ផ្ដើម ទាំងភ័យតិចៗក្នុងចិត្ត តែខ្ញុំអាចតាំងអារម្មណ៍បានដោយ ធ្វើជាមិនចាប់អារម្មណ៍ អ្នកទស្សនា។ ពួកយើងព្យាយាមញញឹម គឺញញឹមទាល់តែបាត់ភ័យរៀងៗខ្លួន។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាំវង់ក្រោយភ្លៀងរលឹម»

ទី១បានបញ្ចប់ជាមួយក្បាច់រាំវង់ គឺរាំវង់ក្រោយភ្លៀងរលឹម។ ក្រោយភ្លៀងរលឹម គឺមេឃមុខជាស្រឡះហើយ ក៏ប៉ុន្តែ បទបន្ទាប់គឺជាបទមនោសញ្ចេតនា ដែលហាក់ផ្ទុយស្រឡះពីសាច់រឿងអម្បាញ់មិញ ប៉ុន្តែបើនិយាយពីចិត្ត គឺពិតមែនហើយ គឺស្រឡះ។ ក្នុងចិត្តខ្ញុំក៏ចាប់ផ្ដើមក្ដៅម៉ាស៊ីន ដែលជាបច្ច័យល្អ គួរសម ក្នុងការដែលធ្វើឲ្យខ្ញុំកាន់តែសុំាំនឹងឆាក គឺឆាកដំបូងគេបង្អស់ក្នុងជីវិតខ្ញុំ។

ទន្លេស្នេហ៍ប្រែពណ៌ គឺជាបទមនោសញ្ចេតនា ដែលខ្ញុំតែងហើយតែងទៀត តែងហើយតែងទៀត សឹងតែអាចនិយាយបានថា ខ្លាចជាងគេគឺបទដែល រកមនោសញ្ចេតនា មកដាក់ក្នុងពុំបាននេះ គឺបារម្ភជាងគេ។ តែទីបញ្ចប់ ទំនុកចម្រៀង ទាំងអស់ គឺឋិតក្នុងខួរខ្ញុំជាបន្តបន្ទាប់គួរសម គឺគុណបុណ្យនៃចិត្តណាស់។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«ទន្លេស្នេហ៍ប្រែពណ៌»

បានបញ្ចប់ហើយបទមនោសញ្ចេតនានោះ ដោយខ្ញុំពុំបានចាប់អារម្មណ៍ពីសំឡេងអ្វីទាំងអស់! បទឆាចឆាចឆាក៏ចូលមកបន្ទាប់ ដោយក្នុងនោះ អ្នកចម្រៀងស្រី ដែលកាលពីច្រៀងបទរាំវង់ក្រោយភ្លៀងរលឹម គាត់ស្លៀកពាក់សំពត់ហូលផាមួងទេ តែដល់ចូលបទនេះ គាត់បានផ្លាស់រួចរាល់ជារបៀបសម័យមុន ដោយខ្ញុំគ្រាន់តែប្រាប់ គាត់ទេ មិននឹកស្មានថា​ គាត់អាចធ្វើបានត្រូវចិត្តយ៉ាងនេះដែរ។ ទាញដៃ រួចចូលទៅ ខ្ញុំក៏ចាប់ច្រៀងតាមលំហូរបទ តែដោយប៉ារ៉ូលទីមួយ គឺចុងជួនល្អជាង ក៏បង្វែរ ខ្ញុំឲ្យច្រៀងប៉ារ៉ូលនេះឡើងវិញ ជាយថាហេតុទៅវិញ តែដោយសារតែកាយវិការយោង ខ្ញុំក៏ព្យាយាមច្រៀងជាបន្តបន្ទាប់ មិនខ្វល់ពីកំហុសបន្តិចនេះទេ រហូត ដល់ច្រៀងបកឡើងវិញ ទើបបានច្រៀងវគ្គទី២នេះ។​ សំណាងដែរ ដែលមិនឆ្គងអីណាស់ណាទេ គឺអាចយកជាការបាន។ :)

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាត្រីឆាចឆាចឆា»

ចប់បទនេះ បទប្រចាំត្រកូលក្រុមក៏ចូលមកដល់ បទនេះគឺជាបទមួយ ដែលខ្ញុំស្រឡាញ់ជាងគេក្នុងចំនោម៤បទសម្រាប់ការប្រកួត ហើយក៏ជាបទដែលគេស្គាល់ខ្ញុំ តាំងពីឆ្នាំមុនដែរ។ បទនោះគឺ បទអនុស្សាច្បារអំពៅ។ ដំណើរ និងកន្លុកកន្លៀតដែលខ្ញុំសង្ឃឹមជាងគេ គឺត្រូវបានរៀបចំដោយ លម្អិតចូលគ្នាក្នុងនោះ ដូចជា ការស្រែកបន្ទោរ ការហួចជាសូឡូ បច្ចេកទេសក្រហឹម សាច់បទ សាច់ភ្លេង ទំនុកច្រៀង និងបច្ចេកទេសសម្ដែង ដែលដកពីសម័យឆ្នាំ ៨០ និង៦០ គឺត្រូវបានរៀបចំបូកចូលគ្នាជាសិល្បៈតែមួយ។ ខ្ញុំមិនដឹងពីសុក្រិតភាពពីគណៈកម្មការនោះទេ តែខ្ញុំគ្រាន់តែដឹងថា នេះជាអ្វីដែលខ្ញុំខំប្រឹងអស់ពីទឹកចិត្ត និងសម្ថភាពខ្ញុំ។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«អនុស្សាច្បារអំពៅ»

ចប់ជាស្ថាពរនូវការសម្ដែង ដែលហាក់ដូចជាទើបតែនឹងដកបន្លាចេញពីទ្រូងអ៊ីចឹង។ មានសំណួរមួយចំនួនដែលធ្វើឲ្យខ្ញុំ រីករាយនឹងឆ្លើយ គឺឆ្លើយចេញពីបេះដូង ដែលបានកប់ទុកជាយូរមកហើយ។ :) នេះហើយជាសិល្បៈ!!!

ក្រឡេកឯពេលក្រុមខ្ញុំចប់ សារជាបន្តបន្ទាប់ គឺធ្វើឲ្យក្រុមខ្ញុំខ្ពស់ណាស់ តែដល់តែពេល ក្រុមកោះកុងចុះ ប្រជាប្រិយភាពសារនេះក៏បាត់បង់ តែគ្រាន់តែបាត់បង់ស្មើគ្នាប៉ុណ្ណោះ ដោយក្រុមខ្ញុំលើសកន្ទុយភាគរយវិញ។ នេះជាប្រជាប្រិយភាពតាមបណ្ដាញ។ កាលណោះ ខ្ញុំក៏ឆ្លៀតប្រើអ៊ីនធឺណែតផ្សព្វផ្សាយដែរ តែប្រហែលជា ពេលវេលាយើង កណ្ដាលផង ទើបបានជាសារដែលចូលមកក្រោយពន្លិចសារយើង! មិនថ្វីទេ ទោះជាយ៉ាងណាក៏ខ្ញុំនិងក្រុមខ្ញុំបានធ្វើអស់ពីកម្លាំងកាយនិងចិត្តហើយ! :) ស្នាមញញឹមនៅតែមាន!

កម្មវិធីបានបញ្ចប់ ពាក្យសរសើរលើកទឹកចិត្ត ក៏ចេះតែលេចឮពីមាត់មួយទៅមាត់មួយ ក្នុងចិត្តខ្ញុំហាក់ដូចជាមានកម្លាំងគ្រាន់បើ ប៉ុន្តែខ្ញុំមិនភ្លេចពីសីលធម៌នៃការគោរពដឹងគុណ ដ៏លោកគ្រូ ឯកឧត្ដម លោកអ៊ុំ លោកជំទាវ និងមិត្តភក្ដិ ដែលបានគាំទ្រខ្ញុំនោះទេ។ ខ្ញុំរីករាយណាស់! អាចថា ខ្ញុំពិបាកនឹងចោលចរិត រាក់ទាក់នេះណាស់! ដូច្នេះ ខ្ញុំក៏ថតរូបលេង ជាច្រើនប៉ុស្តិ៍ ជាមួយពួកគាត់ដែរ។ :) ក្រោយមក ពួកយើងក៏ទៅញាំអី ដោយមិនចង់បំភ្លេចឡើយ នូវអនុស្សាវរីយ៍ថ្មីៗដែលទើបកន្លងទៅមួយប៉ប្រិចភ្នែក ដូចល្អធូលីចូល រួចត្រូវទឹកភ្នែក ហូរហៀរបំបាត់ចោល នៅសល់តែស្នាមបន្តិចបន្តួច! ស្នាមញញឹមនៅតែមាន ភាសាទឹកចិត្តនៅតែបង្អួតជិវិតនេះ! ជឿជាក់ខ្លួនឯងដើម្បីអ្វីៗទាំងអស់ជោគជ័យ ដល់អ្នកដទៃ! :)

ឯកឧត្ដមប្រគល់បាច់ផ្កា

សមាជិកក្រុមជាមួយ ឯកឧត្ដម ខៀវ កាញ៉ារិទ្ធិ

សមាជិកក្រុម ជាមួយ លោកអ៊ុំ អៀង ស៊ីធុល និងអ្នកមីង ហ៊ឹម ស៊ីវន

ខ្ញុំនិងបងភីន

ខ្ញុំនិងបងហេឡែន

ខ្ញុំស្រឡាញ់ក្រុមខ្ញុំ ខ្ញុំស្រឡាញ់ស្នាមញញឹម! :)

សមាជិកក្រុមតន្ត្រីស្នាមញញឹម

ភ្នំពេញ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១១

រឿងខ្លី៖ ព្រះខែថ្មីក្នុងរាត្រីចាស់

Standard

សូមចុចទីនេះដើម្បីអាន៖ ព្រះខែថ្មីក្នុងរាត្រីចាស់។ (កំពុងរៀបចំបទបរិយាយនៃពត៌មានរឿង)

៤០ឆ្នាំជាងក្រោយមក ខ្ញុំក៏ជាបេក្ខជនម្នាក់ដែរ

Standard

ក្រុងកែប ឆ្នាំ១៩៦៣

ព្រឹត្តិការណ៍ប្រឡងតន្ត្រីទូទាំងមួយ បានប្រឌិតខ្លួនឡើងជាមួយនឹងតន្ត្រីករខ្មែរ កវីនិពន្ធខ្មែរ ពោរពេញ ដោយសមត្ថភាព និងទេពកោសល្យខ្ពស់ និងមានភាពល្បីរន្ទឺ នៅក្នុងទ្វីបអាស៊ី។ ចាប់តាំងពីពេលនោះមក វិស័យតួរ្យតន្ត្រីខ្មែរ បានចាប់ផ្ដើម រីកចម្រើន គួរឲ្យកត់សម្គាល់ ដែលតាមឯកសាររបស់សៀវភៅ «រ៉ៃយំ» បានឲ្យដឹងថា ក្នុងអំឡុងទស្សវត្សទី៦០នេះ តូរ្យតន្ត្រីខ្មែរ បានក្លាយជាឧស្សាហកម្មបទចម្រៀងដ៏ធំមួយ ដែលរួមមានកវីនិពន្ធទំនុកច្រៀង ទំនុកភ្លេង អ្នកសម្រួលតន្ត្រី អ្នកចម្រៀងជាច្រើនរូប និងតន្ត្រីករដែលប្រកបដោយបច្ចេកទេសនិងសមត្ថភាព។

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

ដោយសាររបបខ្មែរក្រហម តូរ្យតន្ត្រីខ្មែរ និងវិស័យផ្សេងៗបាន បាត់មុខពីពិភពលោកយ៉ាងគួរឲ្យសោកសង្រេងបំផុត។ ៤០ឆ្នាំជាងក្រោយ ព្រឹត្តិការណ៍ឆ្នាំ៦៣ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១នេះ មហោស្រពតូរ្យតន្ត្រីសម័យឆ្នាំ២០១១ បានប្រព្រឹត្តិឡើងសារជាថ្មីលើកទី២។ ព្រឹត្តិការណ៍នេះកត់សម្គាល់ ឬកត់ត្រាថា ជាព្រឹត្តិការណ៍ទី២នៃប្រវត្តិសាស្ត្របទភ្លេងរបស់កម្ពុជា។

ក្នុងចំណោមបេក្ខជនជាង៣០០នាក់ ក្នុងនោះខ្ញុំក៏ជាសមាជិកម្នាក់ផងដែរ។ ក្រុមតន្ត្រីដែល ដឹកនាំដោយ ខ្ញុំ និងការជ្រោមជ្រែងពី បងៗ តន្ត្រីកររបស់ខ្ញុំ មានឈ្មោះថា ក្រុមតន្ត្រីស្នាមញញឹម

ស្នាមញញឹម ទើបតែបង្កើតឡើងមុនការបើកការប្រកួតតែ ប្រមាណ៣ទៅ៤ខែ និងឈ្មោះនេះបានប្រើប្រាស់ក្លាយជាផ្លូវការក្នុងថ្ងៃបើកកម្មវិធីនេះតែប៉ុណ្ណោះ  ប៉ុន្តែកិច្ចការដែលយើងនឹងត្រូវធ្វើនិងកំពុងធ្វើ គឺកើតចេញពីក្ដីស្រឡាញ់ពីដួងចិត្តចំពោះវិស័យតូរ្យតន្ត្រីមួយនេះ។ យ៉ាងណាមិញ ពួកយើងស្គាល់គ្នាតាមរយៈតែការណែនាំគ្នាប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ ពួកយើងមិនមែនប្រើលុយកាក់ដើម្បីធ្វើកិច្ចការដ៏ធំមួយនេះនោះទេ គឺយើងប្រើទឹកចិត្ត និងភាពសង្ឃឹមមកសាមគ្គីគ្នាធ្វើកិច្ចការដ៏អស្ចារ្យរួមគ្នានេះ។ ថ្វីត្បិតតែ ពួកយើងមិនមានកន្លែងហាត់ផ្ទាល់ខ្លួនក៏ដោយនោះ ពោលគឺ ពួកយើងបានពឹងពាក់កន្លែងវិហារព្រះគ្រឹស្តិ ដើម្បីហាត់ប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា ក្រុមតន្ត្រីករទាំងអស់សុទ្ធតែជា គ្រឹស្ដិនិកជនជាតិខ្មែរ ៩៩% និងមានតែខ្ញុំបាទ និងបងតន្ត្រីករកុងហ្កា ព្រមទាំងអ្នកចម្រៀងនារី ដែលជាដៃគូខ្ញុំប៉ុណ្ណោះ ដែលជាពុទ្ធសាសនិក។ ហើយចំណុចពិសេសមួយទៀត ពួកយើងសុទ្ធតែមានអាយុ១៩ឆ្នាំ ឬ២៣ ២៤ប៉ុណ្ណោះ លើសលែងបងតន្ត្រីករកុងហ្កា ដែលមានអាយុ៣០ឆ្នាំជាង។ ដូច្នេះគឺមានន័យថា ក្រុមពួកយើងមិនបានប្រកាន់ អាយុ សាសនា ពណ៌សម្បុរ ឬលក្ខខណ្ឌជីវិតអ្វីនោះទេ គឺយើងប្រើទឹកចិត្ត សមត្ថភាព និងឆន្ទៈ ដើម្បីធ្វើកិច្ចការមួយនេះ។

កិច្ចការគឺកិច្ចការហើយ តែទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក្នុងនាមក្រុមខ្ញុំជាកូនខ្មែរ ក្រុមខ្ញុំបានប្ដេជ្ញាជានិច្ចនឹងបើកទំព័រ ប្រវត្តិសាស្ត្រសិល្បៈតូរ្យតន្ត្រីខ្មែរជាថ្មី លើកឆាកអន្តរជាតិឲ្យទាល់តែបាន។

The Smiley band

The Smiley band

រូបភាពដោយ Photocity។ ពីឆ្វេងទៅ៖

លោក ហុក សំណាង តន្ត្រីករ ហ្គីតាបាស
លោក ឡុង ស៊ីអៀប តន្ត្រីករ អ័គ
លោក ម៉ៅ សុខលាភ តន្ត្រីករ ព្យាណូ សម្រួលតន្ត្រី និងជាអនុប្រធានក្រុម
លោក ម៉ា ច័ន្ទបញ្ញា អ្នកចម្រៀង និង អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង
លោក វិរៈ (ត្រូវបានសម្រាកព្រោះជាប់រវល់)
លោក ម៉ៅ សុខផានិត តន្ត្រីករស្គរ

និង សមាជិកដែលទើបនឹងបានចូលរួមបន្ថែមទៀតរួមមាន៖
លោក ទូច តន្ត្រីករ កុងហ្កា
កញ្ញា ចំរើន សុភា អ្នកចម្រៀងផ្នែកនារី
លោក មហារិទ្ធិ តន្ត្រីករ វីយោឡុង

បទចម្រៀងដែលនឹងត្រូវចូលរួមប្រកួតរួមមាន៖

រាំវង់ក្រោយភ្លៀងរលឹម ចង្វាក់រាំវង់ ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា
ទន្លេស្នេហ៍ប្រែចិត្ត ចង្វាក់ស្លូ និង ស្លូរ៉ក ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
រាត្រីCha Cha Cha ចង្វាក់Cha Cha Cha ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
អនុស្សាច្បារអំពៅ ចង្វាក់ស្វីង ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ជាចុងក្រោយនេះ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្ត មិត្តភក្តិ បងប្អូន ពិសេសអ្នកម៉ាក់ លោកប៉ា ក្រុមគ្រួសារគ្រប់ជំនាន់ទាំងអស់ និងសាស្ត្រាចារ្យដែលតែងតែជួយគាំទ្រក្រុមខ្ញុំ និងខ្ញុំ ព្រមទាំងជួយកែតម្រូវខ្ញុំកន្លងមក។ ខ្ញុំពិតជាកក់ក្ដៅណាស់ចំពោះទឹកចិត្តរបស់អ្នកទាំងអស់គ្នា។ ខ្ញុំគ្មានអ្វីតបស្នងក្រៅ ពីឆន្ទៈនិងទឹកចិត្តពុះពារអស់ពីសមត្ថភាពរបស់ក្រុមនោះទេ។ សូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសំណាងល្អជានិច្ច។​ ពីក្រុមតន្ត្រីស្នាមញញឹម! បញ្ញា!

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

ប្រឡងDMCនិងសមដើរឆាក

Standard

ធ្មេចបើកធ្មេចបើក ស្អែកនេះដល់ថ្ងៃប្រឡងDMCហើយ។ ឱកាសរបស់ការប្រឡងនេះ មួយឆ្នាំមានតែម្ដងទេ ហើយឱកាសប្រឡងមានតែ២ឆ្នាំទៀតទេសម្រាប់ខ្ញុំ ព្រោះគេឈប់ទទួលត្រឹមអាយុ២១ឆ្នាំ។ ដើម្បីចូលរៀនទីនោះបាន ខ្ញុំត្រូវឆ្លងកាត់ លក្ខខ័ណ្ឌ៤តំណាក់កាលគឺ ១. ភាសាអង់គ្លេស ២.ចំណេះដឹងទូទៅ ៣. ចំណេះដឹងសារពត៌មាន។ លទ្ធផលទាំង៣នេះ ជាប់ហើយ ទើបឈានចូលដល់ ដំណាក់កាល ធ្វើតេស្តផ្ទាល់មាត់ទៀត។

ឱ! អង់គ្លេសខ្ញុំផ្អឹបជិត៤ឆ្នាំទៅហើយ មិនដែលបានរៀនបំប៉នអីឲ្យពេញលេញទៀត។ ក្ស័យចិត្តឥឡូវហើយខ្ញុំ! តែមិនថ្វីទេ ទោះជាយ៉ាងណា​ក៏ខ្ញុំត្រូវប្រឈមមុខឲ្យបាន។ ស៊ូៗ ស៊ូៗ!

តែលើសពីនេះទៅទៀត ស្អែកណឹងត្រូវទៅសមដើរឆាក សម្រាប់សម្ពោធ កម្មវិធី ប្រឡងតន្ត្រីសម័យថ្នាក់ជាតិឆ្នាំ២០១១ ដែល៤០ជាងហើយ ទើបធ្វើម្ដងទៀត។

ដូច្នេះ ត្រូវប្រឈមមុខយ៉ាងពេញទំហឹងហើយ ស្អែកណឹង!!! ស៊ូៗៗ!

ភ្នំពេញថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១

ចម្រៀងថ្មី៖ យំក៏យំទៅ

Standard

អំពីចម្រៀង

ឈ្មោះបទចម្រៀង យំក៏យំទៅ (Metfone: 60212146 , Mfone: 980803 , Smart: 306878)
និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា (Eugene ma)
តន្ត្រីករហ្គីតា និងសម្រួលតន្ត្រី ដោយ ឡុង ស៊ីអៀប និង ម៉ា ច័ន្ទបញ្ញា (Eugene ma)
កាលបរិច្ឆេទនិពន្ធ ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផលិត ថ្ងៃសៅរិ៍ ទី១១ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផ្សាយក្នុងCalltune ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១
ទីកន្លែងថត Opera Owner Studio

ទស្សនៈវិជ្ជា និង ចិត្តសាស្ត្រនៃបទ

បង្ខំមនុស្សម្នាក់ឲ្យរីករាយ ពេលគេកំពុងកើតទុក្ខមិនខុសពីបង្ខំឲ្យមនុស្សម្នាក់ខុស ទាំងខ្លួនគេត្រូវនោះទេ។ លក្ខណៈ​ពិសេស​នៃបទចម្រៀងនោះ ​គឺខ្ញុំ​មិន​បាន​ហាម​គេ​ទេ គឺ​ឲ្យ​គេ​យំ​ឲ្យ​ឆ្អែត​វិញ គឺយំដើម្បីឈប់យំ (បទលោកតាស៊ីន ស៊ីសាមុត)។ ខ្ញុំបានដាក់ចំណងជើងថា យំក៏យំទៅ ដោយក្នុងបទអ្នកច្រៀង ច្រៀង​បណ្ដើរ​សម្លេង​អ្នកចម្រៀង រាងពិបាកចិត្ត និងយំបណ្ដើរដែរ ពោលគឺប្រើវិធីបង្កប់ក្នុងបញ្ជាក់ថា ពាក្យនេះគ្រាន់តែប្រាប់បញ្ឈឺទេ ឯការពិត គឺមិនចង់ឲ្យយំនោះទេ។ នៅកណ្ដាលបទ គឺមានឃ្លាពោល ដែលធ្វើសាកល្បងលើកដំបូងខ្ញុំបានដាក់ពាក្យពោលថែមទៀត ដើម្បីលួងចិត្ត លួងអារម្មណ៍អ្នកដែលកំពុងយំ តែក្រោយមក ខ្ញុំបានទុកឲ្យកន្លែងនេះមានចន្លោះស្ងាត់ គឺសម្រាប់សម្រួលអារម្មណ៍អ្នកស្ដាប់ និងមានន័យថា អ្នកចម្រៀងក៏ពិបាកចិត្តដែរ បែបនេះគឺឋិតក្នុងន័យ ចិត្តវិទ្យា

ប្រវត្តិបទចម្រៀង

ដោយសារតែទឹកចិត្តមនុស្សមានទំហំធំធេងណាស់ កាលពីប៉ុន្មានពេលមុន ខ្ញុំបានឃើញមិត្តភក្តិនារី និងបុរសជាច្រើននាក់ ឧស្សាហ៍កើតទុក្ខណាស់ អ្នកខ្លះគឺមិននិយាយអ្វីទេ អ្នកខ្លះទៀតចូលចិត្តនិយាយពីនេះពីនោះថ្លែងពីអារម្មណ៍ទុក្ខសោកនោះចេញមក។ ដោយឡែក មានមនុស្សមួយចំនួន គឺគេចូលចិត្តយំ។ ចំណោមមិត្តទាំងអស់ មានមិត្តម្នាក់ដែលខ្ញុំចាប់អារម្មណ៍ជាងគេ។ នាងមានឈ្មោះថា ឡាដា

ឡាដា ស្គាល់ខ្ញុំយូរដែរហើយ តែទើបតែមួយរយៈនេះទេ ពួកយើងរៀងជិតដិត ព្រោះឡាដា ចេះជួយទុក្ខធុរៈមិត្តភក្តិណាស់។ ជារឿយៗ មិត្តនេះក៏ដូចខ្លួនខ្ញុំដែរ គឺឧស្សាហ៍កើតទុក្ខ។ គេចូលចិត្តប្រភេទតន្ត្រីស្រាលណាស់ គឺប្រភេទហ្គីតា ឬព្យាណូ។ គាប់ជួន ថ្ងៃមួយនោះ ឡាដា ក៏ប្រាប់ខ្ញុំនិងមិត្តឯទៀតនៅលើWallគេក្នុងFacebook បែបលេងសើចថា គេយំ និងឈឺចាប់ទៀតហើយ។ ក្នុងនាមជាមិត្តផង ណាគេធ្លាប់រំលែកទុក្ខខ្ញុំផង ខ្ញុំក៏ទ្រាំស្ងៀមមិនបាន ក៏ឈឺឆ្អាល នឹងគេ។ ខ្ញុំចេះតែលួង តាមតែនឹកឃើញ ឲ្យគេឈប់យំ តែ​គេ​មិន​ព្រម​ឈប់​ទេ។ ខ្ញុំក៏នឹកឃើញតែងចម្រៀងមួយទុកជូនគេ។ បន្ទាប់ ពីតែងចម្រៀងនេះចប់ ខ្ញុំបានផ្ញើសារទៅក្នុងប្រអប់សំបុត្ររបស់គេ នូវប៉ារូលចម្រៀងទៅមុន។ ក្រោយមក ខ្ញុំក៏កេះហ្គីតាខ្លួនឯង (មិនពិរោះទេ តែអាចស្ដាប់បាន) ថត រួចបង្ហោះឲ្យគេស្ដាប់។ គេមិនមានប្រតិកម្មអីទេ។ ខ្ញុំគិតថា ទំនងវាមិនពិរោះអីមែន តែជាទឹកចិត្ត ណាបទនេះប្លែកពីបទដទៃហើយខ្លីផង ហើយ​ក៏​ចង់​សិក្សា​ពី​គុណភាព​បទភ្លេងបន្ថែមផងនោះ ខ្ញុំក៏សម្រេចចិត្តផលិតវាឡើង ម្ដងជាងពីរដង ដោយដំបូងឡើង ខ្ញុំគ្រាន់តែកេះ ហ្គីតាខ្លួនឯងប៉ុណ្ណោះ រួចក៏បន្តឲ្យលោក ឡុង ស៊ីអៀប ជាអ្នកប្រដេញហ្គីតាឲ្យយ៉ាងពិរោះ ជា​ផ្លូវការ​រហូត​កែខៃ​បាន​ល្អ​អាច​ទទួល​យក​បាន និង​បាន​បង្ហោះ​ចូលក្នុងWebsite: http://www.phnompenh.com នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១ ហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បទនេះ ត្រូវបាន​ដាក់​បញ្ចូលជាផ្លូវការជារបៀបCalltuneក្នុងប្រព័ន្ធមិត្តហ្វូនដែលមានកុងត្រាជាមួយក្រុមហ៊ុនKhmer Art និង​ក្រុមហ៊ុន​Calltune Lotus បីប្រព័ន្ធMfone Smart និង Metfone រយៈពេល៣ឆ្នាំ។ បទនេះមានលេខកូដ៖ 60212146

ចម្រៀងនិងទំនុកច្រៀង

យំក៏យំទៅ

និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា

អូ.. ហូ.. ហូ… អូ.. ហូ.. អូ.. ហូ…

(ភ្លេងហ្គីតា)

គ្រាន់តែដឹងថាអ្នកឈឺចាប់ គ្រាន់តែចង់ប្រាប់ថាគួរតែកាត់ចិត្តទៅ។

គ្រាន់តែដឹងថាអ្នកលួចយំ មិនចង់បង្ខំឲ្យអ្នកឈប់នោះទេ។

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ

បើសិនយំទៅអ្នកបានស្បើយ យំក៏យំទៅ យំក៏យំទៅ យំក៏យំ…ទៅ។

គ្រាន់តែសូមនៅពេលយំហើយ អ្នកក៏នឹងស្បើយ នឹងស្បើយឈប់ឈឺចាប់។

(ហ្គីតា អមនឹងពាក្យ អូ អូ ហូ អូ ហូ ហូ…)

(បទដើម៖ ពោល, អើ! ឥឡូវធ្វើតាមខ្ញុំណា អូខេ! ស្រែកអូហូមកតាមខ្ញុំ អូខេ! យំក៏យំទៅ តែជួយស្រែកអូហូណា៎)

អូ… អូ.. ហូ.. អូហ.. ហូ..

(ហ្គីតា និង ហួច) > ច្រៀងឡើងវិញទាំងអស់។

ចុងបញ្ចប់៖ យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ បើសិនយំទៅអ្នកបានស្បើយ

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ… យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ..

បើសិនយំទៅអ្នកស្បើយ… យំក៏យំទៅ….។

ចុចទីនេះដើម្បីស្ដាប់បទចម្រៀងផ្លូវការ៖


សំណល់ការងារពិសោធន៍

ពិសោធន៍លើកទី១៖


ពិសោធន៍លើកទី២៖


 

សូមអរគុណចំពោះការយកចិត្តទុកដាក់អាន។ សូមរីករាយគ្រប់ពេលវេលា។

ភ្នំពេញថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១១

គំហើញទ្រឹស្ដីថ្មី៖ ស្រូបនិងបញ្ចេញ

Standard

វាមិនមែនជាទ្រឹស្ដីថ្មីអ្វីនោះទេ សម្រាប់អ្នកដែលធ្លាប់សិក្សាវាហើយ តែវាជាទ្រឹស្ដីថ្មីមួយ ដែលកើតចេញពីការសង្កេតរបស់ខ្ញុំ។ តាមរយៈ ការសិក្សាកន្លងមកពីមនុស្សជាច្រើនដែល នៅជុំវិញខ្លួនរបស់ខ្ញុំ ខ្ញុំបានរកឃើញនូវភាពចំបាច់មួយរបស់ខួរក្បាល ដែលខួរក្បាល បានជួយឲ្យគំនិតនិមិត្តកម្មរបស់មនុស្សជាច្រើនបានក្លាយជាការពិត និងមួយចំនួនទៀត នៅតែឋិតក្នុងគំនិតនៅឡើយ តែនឹងចេញជារូបរាងនៅថ្ងៃណាមួយ។ ថ្មីៗនេះ ខ្ញុំក៏បានរកឃើញនូវទ្រឹស្ដីថ្មីមួយ ដែលឲ្យឈ្មោះថា«ស្រូបនិងបញ្ចេញ»។ សូមអញ្ចើញការវិភាគខាងក្រោម៖

នៅមួយជុំនៃគំនិតរបស់ខួរក្បាលយើងមានចម្ងាយស្ទើរតែស្មើនឹងកាំរង្វង់របស់ផែនដី និងមានស្រទាប់ជាច្រើនជាន់ ដែលមានចំនុចប្រសព្វមួយកន្លែងត្រង់ខ្លួនយើង។ កាលណា កាំរង្វង់នៃគំនិតនោះវិលប្រសព្វគ្នាមួយស្រទាប់និងមួយស្រទាប់ នឹងធ្វើឲ្យ គំនិតថ្មីមួយផុសឡើង ប្រៀបបាននឹងទ្រឹស្ដីនៃយល់សប្តិដែរ។ មានន័យថា មនុស្សប្រៀបដូចជារោងចក្រដែលមានលក្ខណៈពេញលេញមួយដូច្នោះដែរ ពោលគឺមាន កន្លែងស្រូបយក និងកន្លែងបញ្ចេញចោល។

ពាក្យថា«កន្លែងស្រូបយក និងកន្លែងបញ្ចេញចោល»នេះ និយាយជារួមមក គឺស្ទើរតែបានប្រើប្រាស់ ស្ទើរពាសពេញ នៃលក្ខណៈរបស់មនស្ស មានដូចជា ផ្នែកចិត្តសាស្ត្រ ផ្នែកសរីរៈ ផ្នែកគំនិត ឬផ្នែកសកម្មភាពជាដើម។ ឧ. ផ្នែកចិត្តសាស្ត្រ មនុស្សត្រូវការស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនជាច្រើន ដើម្បីបង្កើតនូវការសង្កេតមួយដ៏សម្បូរបែប ដែលរាប់បញ្ចូលពីខ្លួនឯង រហូតដល់មនុស្សដែលនៅឆ្ងាយៗពីខ្លួន។ កាលណាមនុស្សម្នាក់ស្រូបយក នូវគំនិត ចំណេះដឹង ឬការសង្កេតនានា ពីមនុស្សជុំវិញខ្លួន ពួកគេក៏បញ្ចេញមកវិញតាមរយៈ សកម្មភាព កាយវិការ ក្នុងការពិសោធន៍ដោយផ្ទាល់ពីហេតុការណ៍ទាំងនោះ រួចកត់សម្គាល់ក្នុងព្រឹត្តិការណ៍របស់ខួរក្បាល ដែលទាំងនេះ វាឋិតក្នុងលក្ខណៈស្រូបចូលដើម្បីរក្សាទុកនូវទិន្នន័យថ្មីរបស់ខួរក្បាលទៀតហើយ។ សូមបញ្ជាក់ថា៖ គេអាចសង្កេតទៅកាន់មនុស្សក្នុងលក្ខខណ្ឌខាងលើនេះដោយងាយៗ​បំផុត ក្នុងវ័យដំបូងរបស់មនុស្ស ពោលគឺវ័យកុមារ ព្រោះវ័យនេះជាវ័យដែលមនុស្ស នៅកៀកបំផុតនឹងទ្រឹស្ដី «ស្រូបនិងបញ្ចេញ» នេះ ជាក់ស្ដែង គ្រាន់តែកុមារម្នាក់ឃើញ មនុស្សពិការដើរ នោះកុមារនោះក៏យកតម្រាប់តាមភ្លាមៗ ទាំងនេះគឺជា ការកត់ត្រារបស់ប្រព័ន្ធខួរក្បាលចូលក្នុងព្រឹត្តិការណ៍ខួរក្បាល។

បកត្រឡប់មកវិញ នៅពេលដែលមនុស្សបានស្រូបយកនូវគំនិត ឬកិច្ចការទាំងឡាយ ហើយ ខួរក្បាលរបស់មនុស្ស ក៏ចាប់ផ្ដើមបូកបញ្ចូលគ្នា តាមរយៈ​ជំនួប​នៃ​ស្រទាប់​ព្រឹត្តិការណ៍ រួចក៏ផ្សំជារូបរាងថ្មីមួយ ។ ដូច្នេះ ក្រោយគំហើញនៃ ខួរក្បាល មនុស្ស​ក៏ចាប់ផ្ដើម​ព្យាយាមរកទីមួយសម្រាប់បញ្ចេញវា មកតាមលក្ខណៈ​ផ្សេងៗ ទៅតាមកាលៈទេសៈដែលមនុស្សយល់ថាអាចបញ្ចេញបាន​ទៅ។ ក៏ប៉ុន្តែ ការបូកបញ្ចូលទាំងនេះ មិនប្រាកដថា មនុស្សអាចយកវា​មកប្រើប្រាស់​បានសមស្របនោះទេ គឺទៅតាមសមត្ថភាពនៃខួរក្បាលរបស់មនសុ្សម្នាក់ៗដែរ។ អាចនិយាយបានថា វាហាក់ដូចជារោងចក្រ ដែលរកបាននូវវត្ថុធាតុដើម ហើយត្រូវបានគេយកវត្ថុទាំងនោះ ទៅផលិតជារបស់ថ្មីមួយដូច្នេះដែរ។

នៅលើពិភពលោកសព្វថ្ងៃនេះ មនុស្សបានបន្សល់ទុកនូវសមិទ្ធិផលរបស់​ខួរក្បាល​ជា​ច្រើន បូករួមទាំងសមិទ្ធិផលល្អនិងសមិទ្ធិផលមិនល្អផងដែរ។ តើទៅមុខទៀតសមិទ្ធិផលនៃខួរក្បាលរបស់មនុស្ស នឹងបង្កើតអ្វីទៀត?

ភ្នំពេញថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១១

បទចម្រៀងរបស់ខ្ញុំមានវត្តមានក្នុងCalltuneមិត្តហ្វូន

Standard

ស្អែកម្សិលមិញថ្ងៃនេះ (២Version), លង់ស្នេហ៍លើFacebook, ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត (២Version), ចង់ពន្យល់ពាក្យបែកឲ្យអូនស្ដាប់ និងបទយំក៏យំទៅ គឺជាការនិពន្ធបទភ្លេង ទំនុកច្រៀង និងច្រៀងដោយ ខ្ញុំ ព្រមទាំងប្រគុំតន្ត្រីដោយ ខ្ញុំ និង លោក ឡុង ស៊ីអៀប ពេលនេះត្រូវបានក្រុមហ៊ុនLotus ដែលជាក្រុមហ៊ុនទំនាក់ទំនងទូទៅមួយរបទូរស័ព្ទចល័តបីក្រុមហ៊ុន គឺ Metfone , Smart និង Mfone បានចុះកុងត្រាចំនួន៣ឆ្នាំសម្រាប់ដាក់ជាប្រព័ន្ធCalltune។

ជាជំហានដំបូង ខាងក្រុមហ៊ុនបានមកទាក់ទងខ្ញុំអំពីបទចម្រៀងដែលខ្ញុំគ្រាន់តែសរសេរ ដើម្បីចែកចាយ គំនិតកុំឲ្យភ្លេច ជូនដល់មិត្តភក្តិឲ្យស្ដាប់លេងប៉ុណ្ណោះ  ដូចបានបង្ហោះដូចរាល់ដងនោះ។ ពេលនោះ ខ្ញុំក៏សម្រេចចិត្តដោយ ក្នុងកុងត្រា យើងនិយាយតែដាក់តែCalltuneប៉ុណ្ណោះ ឯធ្វើអីផ្សេង គឺស្រេចតែយើង។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្ត រួចក៏ទៅចុះកុងត្រាដល់កន្លែង។ ក្រោយមក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ នេះ ខាងក្រុមហ៊ុន ក៏បានផ្ញើលេងCodeរបស់មិត្តហ្វូនមក។ ដូច្នេះ ពីពេលនេះទៅបទចម្រៀងខ្ញុំក៏បានមានវត្តមានលើទីផ្សារCalltuneនឹងគេដែរ។

វត្តមានដំបូងនេះ ខ្ញុំជឿថា ពុំសូវជាមានអ្នកនិយមដាក់Calltuneរបស់ខ្ញុំនៅឡើយ ដោយសារបទទាំងនោះ ពុំបានតម្រូវដល់ទឹកចិត្តសកលនៃយុវវ័យនៅឡើយ។ ដូច្នេះ លើកក្រោយខ្ញុំនឹងព្យាយាមធ្វើតម្រូវCalltuneសាកមើលម្ដងទៀត។

ខាងក្រោមនេះ ជាតារាងលេខCode។ បើលោកអ្នកមិនទាន់ភ្ជាប់Calltune សូមវាយOn រួចផ្ញើទៅលេខ 1772 បន្ទាប់មក វាយYes ផ្ញើទៅ 1772 រួច វាយSet [លេខCode]ជាការស្រេច។

ដើម្បីសាកស្ដាប់បទចម្រៀងនេះ សូមCopyលេខCodeដាក់ក្នុងប្រអប់Search ដោយគ្រាន់តែកែត្រង់ By song ទៅជាBy code រួចចុចSearch ហើយចុចលើឈ្មោះចម្រៀងដែលចេញមក នោះលោកអ្នកនឹងអាចស្ដាប់បាន: http://imuzik.metfone.com.kh/user/loginindex.screen

សូមអរគុណ!

No. Metfone Song Name
1 60212149 60212142 Thngai Sa Ek Masel Minh Thngai Nis
2 60212150 60212143 Thngai Sa Ek Masel Minh Thngai Nis versoin piano
3 60212151 60212144 Snam Nhornhoem Chong Kroy Ney Monos khouch Chet
4 60212152 60212145 Snam Nhornhoem Chong Kroy Ney Monos khouch Chet R B
5 60212153 60212146 Yum Kor Yum Tov Guitar
6 60212155 60212147 Chong Ponyul Peak bek Oy Oun Sdab
7 60212154 60212148 Lung Snae Tam Facebook

សួស្ដីម្ដងទៀតសម្លាញ់WordPresss

Standard

យូរថាយូរ! ចាំថាចាំ! នឹកថានឹក គឺនឹកមិនដែលភ្លេចទេ គ្រាន់តែរវល់ ពុំសូវបានវាយអត្ថបទបានវែងៗនៅទីនេះ បានតែលេងFacebook។ ឱ! សម្លាញ់ទាំងឡាយអើយ ខ្ញុំរលឹកអ្នកណាស់ រលឹកសឹងថា យល់សប្តិឃើញទៅទៀត តែធ្វើម្ដេចទៅហ្ន៎ បើការងារចេះតែបោលមកចូលដូចកម្រោលយ៉ាងនេះនោះ។ ប៉ុន្តែ មិនថ្វីទេ បើធ្លាប់ជាមិត្តមួយគ្រាទៅហើយ នោះគង់តែជាមិត្តអស់មួយជីវិតទេ។

ថ្ងៃនេះ វេលានេះ ខ្ញុំទើបតែសម្រួលការងាររបស់ខ្ញុំបាន ព្រោះតាំងតែពីខ្ញុំចាកចេញពី កន្លែងធ្វើការចាស់មក ខ្ញុំចេះតែធ្វើនេះ ធ្វើនោះមិនឈប់ ដោយយល់ថា ពេលវេលាមានតម្លៃ។​ មហាវិទ្យាល័យឆ្នាំនេះ គឺឆ្នាំទីបីហើយ​ ឯការងារបន្ទាប់ពីបញ្ឈប់នោះ និយាយមិនលាក់បាំងទេ គឺមានគេហៅជាបន្តបន្ទាប់ ឲ្យជួយធ្វើនេះធ្វើនោះ ប៉ុន្តែខ្ញុំក៏ប្រកែកទៅតាមនោះដែរ ព្រោះសុខភាពជាសំខាន់។ ឆាប់ៗខាងមុខនេះ ខ្ញុំបានរៀបចំក្រុមតន្ត្រីចូលប្រឡងតន្ត្រីសម័យថ្នាក់ជាតិឆ្នាំ២០១១ ដែល៤០ឆ្នាំហើយ ទើបតែធ្វើឡើងវិញនៅពេលនេះ។

ខ្ញុំរីករាយណាស់ដែលខ្ញុំមានក្រុមតន្ត្រីមួយផ្ទាល់។ ក្រុមតន្ត្រីរបស់ខ្ញុំ គឺឈ្មោះថា ក្រុមតន្ត្រីស្នាមញញឹម :)។ ក្រុមខ្ញុំគឺបង្កើតពីភាពទំនាក់ទំនង និងការផ្សារភ្ជាប់គ្នា ពិសេស គឺកើតចេញពីក្ដីសង្ឃឹម។ ក្នុងក្រុមខ្ញុំគឺជា អ្នកចាត់ចែងទូទៅ ជាប្រធានក្រុម និងជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង ជាមួយនឹងជាអ្នកចម្រៀងផ្ទាល់ផងប្រចាំក្រុម និងមានបងលាភ ជាអ្នកជួយសម្រួលសាច់ភ្លេងជូនក្រុម ព្រមទាំងបងសំណាងជាអ្នកជួយការងារទំនាក់ទំនងបន្ថែមក្នុងក្រុម។ ខ្ញុំក្មេងជាងគេ ដូច្នេះគឺត្រូវការទំនាក់ទំនង ជាមួយបងៗដែលមានសមត្ថភាពទាំងនោះខ្លាំងណាស់។ ខ្ញុំចូលចិត្តសមត្ថភាពពួកគាត់។ ពួកគាត់ ជាមនុស្សដែលខ្ញុំគោរព។ :) ឋានៈគ្រាន់តែជាឋានៈប៉ុណ្ណោះ ឯការងារពួកយើង ជួយគ្នាទៅវិញទៅមក។ :) ក្នុងក្រុម ខ្ញុំជាពុទ្ធិបរិសទ តែម្នាក់គត់ ឯពួកគាត់ គឺជាគ្រឹស្តិបរិសទ ប៉ុន្តែពួកយើងគឺប្រើក្ដីស្រលាញ់និងការគោរពរាប់អា​នយោគយល់គ្នាជាធំ។ គ្មានអ្វីដែលប្រសើរជាងការយោគយល់គ្នា និងស្រឡាញ់រាប់អានគ្នា ដែលកើតចេញពីចិត្តនោះទេ។ ទោះជាមិនបានជាប់ក្នុងការប្រកួតនេះយ៉ាងណាក្ដី​ក៏ខ្ញុំបានស្គាល់ការងារជាក្រុមមួយយ៉ាងរីករាយដែរ។ ខ្ញុំមានគម្រោងជាស្រេចសម្រាប់ ការងាររបស់ពួកយើង ក្នុងករណីពុំបានទទួលជោគជ័យ។ ចាញ់ក៏ត្រូវចាញ់ដោយអស់ចិត្តដែរ។ :)

នៅទីណាក៏ដោយ ខ្ញុំចង់បង្កើតក្ដីស្រឡាញ់ឲ្យបានច្រើន។ ក្ដីស្រឡាញ់ដែលកើតចេញពីក្ដីសង្ឃឹម គឺបង្ហាញឡើងតាមរយៈការងារ ដែលស្ដែងចេញពីទឹកចិត្តដ៏អស្ចារ្យរៀងៗខ្លួន។ ខ្ញុំស្គាល់អ្នក អ្នកស្គាល់ខ្ញុំ។ សូមឲ្យភាសាដួងចិត្តតែមួយនៅតែឋិតឋេរក្នុងចិត្តអ្នក ទោះជាទីនេះ ជួនមានខ្ញុំ ជួនមិនមានខ្ញុំក៏ដោយ។

ពីស្នាមញញឹម!!!

បញ្ញា :)

បទចម្រៀងថ្មី៖ សូមជួយរកចំណងជើងផង

Standard

១. វេលាវិលវល់វង្វេង

ជីវិតលោលែងនឹងផ្សែង

ស្នាមស្នេហ៍ចំបែងដល់ត្រើយត្រូវព្រាត់។

២. គ្មានទេការពិតក្នុងលោក

មានតែទុក្ខសោកឃាំងឃាត់

ពេលមុនស្នេហ៍ព្រាត់ឥឡូវជួបស្នេហ៍ថ្មី។

ស្ពាន១. ស្នេហ៍ថ្មីដែលយល់ចិត្ត

ទោះពិតមិនអាចជួបជួន ជោគជ័យ

យ៉ាងណារាល់ថ្ងៃ មានអូនដែលតាមយល់ចិត្ត។

បន្ទរ១. ស្នេហ៍ផ្ដើមពីពាក្យពៅជូនពរ

បងអាចឈរ ព្រោះអូនផ្ដល់កម្លាំងចិត្ត។

បន្ទរ២. បំភ្លឺលោកាធ្លាប់ងងឹត

ផ្ដល់ស្នេហ៍ពិត ឥតក្ដីសង្ស័យ

សង្សារប្រគល់ជូនកំណើត។

(ភ្លេងខួបកំណើត)

៣. រាល់ពេលបងត្រូវញញឹម

បងត្រូវសង្ឃឹមចុងក្រោយ

ពេលវេលាឆ្លើយ

ចម្លើយលទ្ធផលស្នេហ៍យើង។

៤. បងស្រឡាញ់អូនក្នុងចិត្ត

ក្ដីអាណិត ឆេះជាភ្លើង

បង្កាត់រោល៍ឡើង

តែប៉ើងដោយខ្យល់ដង្ហើម។

ស្ពាន២. ដោយវាសនាស្នេហ៍បង

ត្រូវផ្សងដោយភាពឈឺចាប់លើសដើម

ស្នេហ៍មានដង្ហើម

ឥឡូវផ្ដើមផ្ដាច់រហែក។

បន្ទរ៣. ពិភពស្នេហាអូននិងបង

បានចងក្រងមួយពព្រិចភ្នែក។

បន្ទរ៤. ថ្ងៃខួបកំណើតជួបរួចបែក

ពរថ្ងៃស្អែក ទឹកភ្នែកលាយស្នាមញញឹម

ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត។

និពន្ធទំនុកច្រៀង និង បទភ្លេងដោយ បញ្ញា

ប្រភេទចង្វាក់ R&B

កាលបរិច្ឆេទនិពន្ធ ១២ ឱសភា ២០១១

អ្នកមានយោបល់យ៉ាងណា ចំពោះចំណងជើងនៃបទនេះ?

- ថ្ងៃខួបកំណើតជួបនិងបែក

- ថ្ងៃខួបកំណើតកំណត់ថ្ងៃបែក

- ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត

- ផ្ដើមនិងបញ្ចប់នឹងពាក្យជូនពរ

បើមានចំណង់ចំណួលចិត្ត អ្នកចូលរួមជាយោបល់អាចផ្ដល់បានក្រុមសម្រាប់បទនេះ ខ្ញុំមានគម្រោងថតជាMVក្រុមមួយក្នុងពេលខាងមុខ។

សូមអរគុណទុកជាមុន!

សូមស្ដាប់បទនេះនៅទីនេះ៖