ប្រាំពីរថ្នេរ

ស្តង់ដារ

«ប្រាំពីរថ្នេរ….»

សំឡេងនេះបានលាន់ឡើងនៅក្នុងត្រចៀករបស់ខ្ញុំ ពេលកំពុងបិទភ្នែកគេងនៅ លើគ្រែមួយក្នុងបន្ទប់នៃមន្ទីរពេទ្យ…

«អាឡូ! បញ្ញា! 😀 ថ្ងៃនេះទំនេរទេ?» សំឡេងបងផលបានលេចឡើង ពីក្នុងទូរស័ព្ទដៃស៊េរី Nokia 6230i របស់ខ្ញុំដែលកំពុងកាន់នៅដៃ។

«ហាហ ហាហ!! មានអីទំនេរតើ!» ខ្ញុំតបទៅគាត់វិញ ទាំងទឹកមុខសើច ញញឹមគិតថាបានជួបគាត់ទៀតហើយ អាទិត្យនេះ។

«ចឹង! ដូចយើងដឹងស្រាប់ហើយ… ហាហ ហាហ» បងផល វាចាបណ្ដើរ សើចបណ្ដើរយ៉ាងរីករាយ។

«អត់អីទេបង!! អាឡូវម៉ោង៦ ចឹង៦:៣០នាទីចាំខ្ញុំចេញទៅណា៎!» ខ្ញុំនិយាយបណ្ដើរសើចតបគាត់បណ្ដើរ ជាមួយនឹងដៃកំពុងចុច ភ្លេងរាំវង់ដែលកំពុងថតបញ្ចប់។

«ចឹង! មិនអីទេ! ចាំតិចទៀតជួបគ្នាណា៎បង! បាយ! អរគុណបង!» ខ្ញុំបិទទូរស័ព្ទដោយឮសំឡេងគាត់តបលាបន្តិច រួចបន្តការថតបញ្ចប់បណ្ដើរ។

ក្រាក…!!!

ពេលនេះ ខ្ញុំបញ្ចប់ការថតហើយ។ ខ្ញុំបានលើកកំព្យូទ័រលេបថបមីនី និងសម្ភារៈនានាដាក់ចូលបន្ទប់ នឹងអាលកាត់តបង្ហើយ។

«ចង់ទៅដែរ…» សំឡេងប្អូនខ្ញុំនិយាយមកកាន់ខ្ញុំ ទាំងទឹកមុខរាងចង់ទៅបន្តិចដែរ។

«ទៅធ្វើអី? មីការឯង នៅផ្ទះទៅ! គេទៅតែធំៗទេ ឯងក្មេងហើយស្រីទៀតទៅធ្វើអី» ខ្ញុំតបទៅនាងបែបនេះមិនមែនមិនចង់ឲ្យនាងទៅទេ គឺគ្រាន់តែខ្លាចមានបញ្ហាអី កុំឲ្យមានប៉ះពាល់ដល់នាង ព្រោះក្រៅពីខ្ញុំគឺបាននាងហើយ។

«មិនបានទេ!! » ខ្ញុំតបញ្ជាក់។

«អូយ! ចង់ជួបបងរចនា និងបងផលណាស់» នាងនិយាយ បែបនេះរួច នាងក៏ចេញទៅក្រៅរួចនិយាយជាមួយម៉ាក់។

ល្អណាស់! ពេលនេះបទនេះចប់ហើយ។ ខ្ញុំមានបំណងយកបទនេះទៅឲ្យ បងៗ ស្ដាប់ជុំគ្នា ព្រោះយូរៗបានជួបគ្នាម្ដង។

ខ្ញុំលើកកុំព្យូទ័រខ្ញុំ និងខ្សែវាដាក់ចូលក្នុងកាតាបខ្ញុំភ្លាម រួចផ្ទៀងមើលនាឡិកាទៅ ឃើញថាម៉ោង៦:៣០នាទីហើយ។ ដូច្នេះ ខ្ញុំក៏ស្ពាយកាតាបចេញទៅក្រៅ។

«អូយ!! ទៅទៀតហើយ!! ចង់ទៅដែរ… ចង់ជួបពួកគាត់ផ្ទាល់ណាស់…» មីកាទន្ទេញទៀតហើយ។ ហ្ហើយ! ខ្ញុំខ្ចិលតបរួចក៏ចេញទៅលើឆាក។

«ជុម! ទៅធ្វើការមែនហ្នឹង?»បងអៀបអ្នកភ្លេងប្រចាំភោជនីយដ្ឋានម៉ាក់ខ្ញុំ និងជាមិត្តខាងផ្នែកតូរ្យតន្ត្រីរបស់ខ្ញុំបានសួរមកខ្ញុំ។

«ហេហ ហេហ!! អត់ទេ! ទៅជួបបងផលនឹងណា៎! បានបទថ្មីទៀតហ្អើយ» ខ្ញុំស្ដីទៅកាន់គាត់ជាមួយនឹងការលើកឡើងនូវបទថ្មីឲ្យគាត់ដឹង។

«អួហ៍! ទៅជួបមិត្តភក្ដិហ្នឹងហ្អេ៎! នៅឯវត្តនឹងឬ?» គាត់សួរខ្ញុំទៀត។

«ហ្នឹងអ្ហើយ!» ពោលបែបនេះ ជាទម្លាប់មិត្តភក្ដិទេ តែខ្ញុំនៅតែគាត់ជាបងខ្ញុំជានិច្ច។

«ទៅរៀនអីថ្ងៃសៅរិ៍ហ្នឹង?» បងជីដូនមួយខ្ញុំសួរមកកាន់ខ្ញុំ។

«មានណា៎! ទៅជួបជុំមិត្តភក្ដិហ្នឹងណា៎!» គាត់នេះមិនស្គាល់បងផលទេ។

និយាយចប់ខ្ញុំក៏ដើរចេញមកក្រៅ។ ពេលនោះ ភ្នែករបស់ខ្ញុំក៏ក្រឡេកឃើញ ដួងច័ន្ទរះមួយចំនិតជាមួយនឹងតារាតូចមួយ។ ទិដ្ឋភាពបែបនេះ បានធ្វើឲ្យខ្ញុំនឹកឃើញរឿងអតិតៗ ពេលមានទិដ្ឋភាពនេះមួយភាំងទៅ។

«អញ! អត់ឃើញម៉ូតូ!» សំឡេងលោកយាយខ្ញុំបន្លឺឡើង។

អត់មានម៉ូតូ! អូ! ភ្លេច! ប៉ាខ្ញុំថ្ងៃនេះអត់ឡាន ព្រោះម៉ាក់ខ្ចីយកទៅផ្សារ។ គាត់ខ្ចីម៉ូតូខ្ញុំតាំងពីក្បាលល្ងាច។ ហ្ហើយ! ប្រហែលមិនបានទៅជួបបងផលទេ មើល៍ទៅ។

«ម៉ាក់ខំតេ ហើយតែថាជាប់ពាក់មួក ពិបាកលើកទូរស័ព្ទ…» ម៉ាក់ខ្ញុំបន្ថែមមាត់ឡើង។

អូ! មែនភ្លេច! ចុះម៉េចមិនខលទៅ។

«ចាំម៉ាក់តេទៅសិន…. អាឡូ! នៅណា? នៅណា? ម៉េចបានមិនលើក…??»

«ម៉ាក់កុំមាត់ឭៗពេក!» ខ្ញុំនិយាយថ្នមៗទៅកាន់គាត់

«មកដល់ក្បែរនេះហើយនៅលើកទៀត!!» ម៉ាក់វាចាតែឯង។

មើលទៅប្រហែលម៉ាក់រាងខឹងប៉ាតិចហើយ ព្រោះតាំងពីមកពីខែត្រមក ប៉ាជិះម៉ូតូរហូត។ ពេលនោះ ម៉ាក់ខ្ញុំបានដើរទៅក្នុងហើយ! អូ! ភ្លេច! រឿងអត់លុយ! សូមលុយគាត់សិន ព្រោះចាក់សាំងពីថ្ងៃអស់លុយទៅ។ សុំគាត់ខ្លះសិន ព្រោះកុំឲ្យអត់មានអីសោះ ពេលជិះម៉ូតូ ព្រោះអាសារអស់សាំងណាស់ខ្ញុំ។

«ម៉ាក់អើយ! សុំលុយដាក់តាមខ្លួនខ្លះ ង៉ៃនេះយកលុយចាក់សាំងអស់ហ្អើយ!»

«លុយនៅនេះអី? ម៉េចមិនទៅក្នុង!» គាត់មួរហ្មៅហើយ ចឹងមានតែទៅយកតាមគាត់ប្រាប់ហ្នឹងឯង។

ក្រាក! ដក១ម៉ឺន!!! «ម៉ាក់ខ្ញុំដកមួយម៉ឺនណា៎!»

«អ៊ឺ! សុខសប្បាយតាមផ្លូវណា៎!»

«បាទម៉ាក់!» ជារឿយៗ គាត់តែងតែផ្ដាំបែបនេះជានិច្ច ទោះបីជាគាត់ខឹងក៏ដោយ។

ភ្លើងម៉ូតូ! និងមានពាក់មួកផង ប៉ាខ្ញុំក៏ចូលមកដល់បរិវេណមុខហាង។ ខ្ញុំក៏ដើរទៅយ៉ាងលឿនបំណងយកពីគាត់មុន។

«តិចអស់សាំងឪ?» ខ្ញុំតបបង្ការលេងនឹងគាត់។

«មើលទៅ!! អូយ!! ធ្ងន់មួកណាស់» ប៉ាតបមកខ្ញុំវិញជាមួយនឹងដៃកំពុងដោះមួក ខ្ញុំចេញពីព្រះកេសគាត់។

ប៉ាខ្ញុំមិនសូវបានជិះម៉ូតូដូចមុនទេ តាំងពីខ្ញុំយកម៉ូតូនេះមក។ កំពុងតែភ្លេចខ្លួន ស្រាប់តែម៉ូតូរកដួល ខ្ញុំក៏ចាប់ពីគាត់យ៉ាងលឿន។

«ទៅណាទៀតហើយ?» ប៉ាងាកមកសួរខ្ញុំទាំងងឿងឆ្ងល់។

«ទៅជួបមិត្តភក្ដិហ្នឹងណា៎ប៉ា»

«ទៅជួប ចាំបាច់ស្ពាយកុំព្យូទ័រតាម?»

ជាទូទៅ គឺចឹងហើយប៉ាអើយ!!!

«អូ! ក្រែងលោបានរៀន បានអីខ្លះ!!» ខ្ញុំតបរួចក៏ជិះចេញទៅ ជាមួយពាក្យលាបន្តិចទៅកាន់ប៉ា។

វិថីថ្ងៃនេះមិនសូវអ៊ូអរដូចរាល់ដងទេ តែក៏ចង្អៀតដែរ។ ខ្ញុំក៏ជិះរហូតបត់នៅឯកាច់ជ្រុងមណ្ឌលNokiaខាងស្ដាំដៃខ្ញុំ។ ពេលនេះ លើផ្លូវជិតនេះ សំបូរមនុស្សម្នាជិះវិញហើយ។ នៅសងខាង ខ្លួនខ្ញុំមានម៉ូតូជាច្រើនបកំពុងធ្វើដំណើរប្រញាប់រៀងខ្លួន។

ហ៊ឺយ! ដឹងចឹងទៅយកកាតមេមមូរីម៉ាស៊ីនថតឲ្យហើយ ខ្ចិលទុកដល់ស្អែក ព្រោះក្រែងលោស្អែកបងផលបបួលទៅជិះទូកលេងទៀត តែ… តែ… ថ្ងៃមិញមេឃទើបឃាត់ហើយ។

មិនដឹងម៉េចទេ! ថ្ងៃមិញនេះ ពេលចេញពីព្យាបាលធ្មេញវិញ ខ្ញុំមានគម្រោងថាចង់ទៅយកកាតនោះឲ្យហើយតែបែរជាមេឃភ្លៀង ភ្លៀងមិនអីទេ លុយសល់តែ១៥០០៛គត់ ត្រូវចំណាយលើអាវភ្លៀង​ដែលពាក់ទាំងស្ងួតជេសត្រឡប់ទៅហាងទៀត។ យ៉ាប់មែន! ចឹងកុំទាន់ទៅអីល្អជាង ចាំមើលស្អែកចាំបរឡានទៅ ព្រោះដូចជាសុវត្ថិភាព និងមិនទទឹកទៀត។ អូខេ! ចឹងកុំទៅអី!​ ងាកទៅនេះវិញ!

បានជួបគ្នាទៀតហើយ ជួបទៀតហើយ ខ្ញុំគិតថានឹងថតសំឡេងលោកបងឲ្យបានលើកនេះ ព្រោះសាកថ្មពេញហើយ ហើយមានទំហំធំជាងមុនទៀត។

យី! ស្ទះមែន! គិតថា គួរតែចាំបត់ផ្លូវមុខហើយ កុំឲ្យស្ទះនៅឯស្ទឹងស្ពានមានជ័យ។ ខណៈនេះ នៅលើផ្លូវក្រៅពីម៉ូតូដែលនៅសងខាងផ្លូវជាច្រើន ភ្នែកខ្ញុំឃើញមានរថយន្តកូរ៉េច្នៃដាក់ឈើខាងក្រោយមួយនៅ​ខាងមុខខ្ញុំ។

ងក់! យី! ឡាននេះចាប់ហ្វ្រាំង!! ចឹង! ខ្ញុំចាប់ដែរហើយ! ងឺត!!!

ពេលនោះ ម៉ូតូខ្ញុំក៏ងាករេទៅចញ្ចើមថ្នល់ភ្លាម។ ងឺត! ផុំាំង! ខ្ចាយ!!!

ពូម្នាក់បានជាប់ដៃរបស់គាត់នឹងម៉ូតូខ្ញុំ។ ឯខ្ញុំវិញនៅឈរហ្នឹង លើដៃខាងឆ្វេងដែរកំពុងហូរឈាម។ ដៃស្ដាំរបស់ខ្ញុំមិនអាចកម្រើកបានទេ… មានអារម្មណ៍ថាស្ពឹកណាស់។

«ពូ!! ពូ!! ជួយដកសោរម៉ូតូឲ្យខ្ញុំបន្តិចមក!» ខ្ញុំស្រែកទាំងខ្សាវៗទៅកាន់ពូសន្តិសុខមួយដែលមានកំពុងដើរសំដៅម៉ូតូខ្ញុំ។

នៅជុំវិញខ្ញុំសុទ្ធតែម៉ូតូ! ឯកាបាំងម៉ូតូខ្ញុំមួយចំរៀកបានធ្លាក់នៅលើដី។

«អេ! ឈប់សិន!! » ពូសន្តិសុខនោះ បែរជាទៅចាប់ម៉ូតូពូមួយដែលជាប់ដៃនឹង ម៉ូតូខ្ញុំទៅវិញ។

«អត់ទេពូ! កុំប៉ះពាល់គាត់អី! ខ្ញុំប៉ះគាត់ទេ! លោកពូ សុំទោសផង! បងសុំទោសផង!» គ្រានោះ ឈាមជាច្រើនបានហូរដាបម្រាមកណ្ដាលខ្ញុំ។ ឯក្បាលរបស់ខ្ញុំចាប់ផ្ដើមវិលៗ ខ្លួនរបស់ខ្ញុំក៏ផ្ដើមលែងនឹង… ភ្នែករបស់ខ្ញុំ បានបែកជាខ្មៅៗពេញ រាងងងឹតៗ។

«ពូ! ជួយលើកម៉ូតូខ្ញុំបន្តិចមក… អរគុណ!!» ពេលនោះ សន្តិសុខនោះក៏លើកម៉ូតូឡើង។

«ម៉េចហើយហ្នឹង!! អ៊ូ! រយះធំណាស់! ទៅយកប្រេងឃាត់ឈាមមក» សម្ដីមីងម្នាក់បានផុសក្នុងត្រចៀកខ្ញុំឡើង។ ខ្ញុំក៏ក្រឡេកមើលមុខគាត់ទាំងវិលៗ។

«មីងអើយ! ជួយខ្ញុំផង! ជួយរកថ្នាំលាបរឹតបន្តិចមក» និយាយបានប៉ុណ្ណេះ ភ្នែករបស់ខ្ញុំចាប់ផ្ដើមងងឹតខ្លាំង ឯដង្ហើមខ្ញុំក៏ចាប់ដកញាប់។ ខ្ញុំក៏លើកដៃថ្នមៗ ដកទូរស័ព្ទពីក្នុងហោរប៉ៅ ដើម្បីខលទៅប្អូន។ ខ្ញុំចាប់ទម្រេតលើម៉ូតូខ្ញុំ។

រាវហើយ! រាវទៀត! មិនឃើញសោះ! ម៉េចចឹង។ ភ្នែកខ្ញុំមមីរៗយ៉ាងម៉េចទេ មើលអ្វីលែងយល់។ ដៃរបស់ខ្ញុំចាប់ផ្ដើមស្ពឹក។

«អាឡូ! មីកា! បងដួលម៉ូតូ!» ខ្ញុំនិយាយបានទាំងថ្នមៗប៉ុណ្ណោះ ព្រោះរាងអស់កម្លាំង។

«ម៉េច?» នាងគំហគ់មកកាន់ខ្ញុំបន្តិច។

«បងវិលមុខណាស់! បងដួលម៉ូតូ!» ខ្ញុំតបទៅនាង រួចក៏ឃើញមីងម្នាក់យកថ្នាំរិត ឃាត់ឈាមមក។

«ហ្អាក់! នៅណា?» មីកាផ្ដើមស្លន់ស្លោភ្លាម។ ខ្ញុំខលទៅនាង មិនខលទៅម៉ាក់ ព្រោះគិតថាម៉ាក់អាចនឹងមិនអាចទប់ស្មារតីបាន បើឮដូច្នោះ។ ណាមួយ ខ្ញុំមានលុយតែក្នុងប្រព័ន្ធប៉ុណ្ណោះ។

«នៅហួសមកស្ទឹងមានជ័យ»​ ខ្ញុំតបបានប៉ុណ្ណេះ នាងក៏ចុចបិទភ្លាម។ ក្បាលរបស់ខ្ញុំនៅតែបន្តវិលពេលឈាមចេះតែហូរ។

«មីងអើយ! ជួយឃាត់ឈាមផង មីង!»​ សម្ដីខ្ញុំចាប់ផ្ដើមស្រួយទៅៗ ប្រហែលជាអស់កម្លាំងពេកហើយ។

«អ៊ឺ! ដាក់ទៅ អាហ្នឹងឃាត់ឈាមពូកែណាស់… អ៊ូ! រយះធំណាស់! ទាល់តែ ដេរហើយ…» មីងនិយាយទៅកាន់បងសន្តិសុខដែលកំពុងទប់ខ្ញុំ។

«មោះ ចាំខ្ញុំជួយខលប្រាប់ផ្លូវម្ដងទៀត! ព្រោះខ្លាចរកមិនឃើញ!» បងនេះ លាបថ្នាំឃាត់ឈាមបណ្ដើរ ដៃយកទូរស័ព្ទពីខ្ញុំបណ្ដើរ។ មិនចង់ឲ្យទេ តែដូចជាចង់សន្លប់ហើយ។

«អាឡូ! …. នៅហួសផ្សារសាមគ្គីតិចមក!!!!! » គាត់តបទាំងភ័យៗ។

«សាលាសាមគ្គី!…..​នៅជិតទល់មុខ e-garage » ខ្ញុំកែគាត់ភ្លាម! រួចយកទូរស័ព្ទមកបន្ត។

«សំណាងហើយក្មួយឯង!» មីងដែលយកថ្នាំមក និយាយមកកាន់ខ្ញុំ ទាំងខ្ញុំនៅសឺ!ៗៗ!!

មួយសន្ទុះក្រោយមក ទូរស័ព្ទរបស់ខ្ញុំចាប់រោទ៍ឡើង។ ខ្ញុំមិនអាចប្រើដៃស្ដាំ របស់ខ្ញុំបានទេ រួចក៏យកដៃឆ្វេងយកជំនួស។

«អាឡូ! កូនឯងនៅណា៎?» ម៉ាក់ខ្ញុំភ័យទៀតហើយ។

«នៅជិតសាលាសាមគ្គី»

«ហ្នឹងអើយ! ម៉ាក់នៅទល់មុខហើយ ម៉េចមិនឃើញ?»

«ហួស e-garageតិច» តបចប់ ពន្លឺនៃរថយន្តបានចាំងភ្នែកខ្ញុំទាំងស្រវាំងៗ។ ពេលនោះ ឡានរបស់ប៉ាខ្ញុំ ក៏សំចត់នៅក្បែរនោះ។

«ឡានហ្នឹងហើយ?» មីងដែលនៅជិតខ្ញុំបានមកសួរខ្ញុំ។

«បាទ! ហ្នឹងហើយ…. អ្នកមីងអរគុណ! បងអរគុណ!» គ្រាន់តែឃើញឡានហើយ ខ្ញុំក៏ដើរសំដៅឡាន និងលាពួកគាត់ភ្លាមៗ ព្រោះទប់មិនបានឡើយ។ ឯប៉ានិងម៉ាក់ ក៏ស្រាប់តែចុះពីឡានទាំងព្រម ជាមួយនឹងយាយខ្ញុំផងដែរ។

«អូយ! យាយភ័យឯងណាស់ចៅអើយ… យាយ ឡើងស្លុតអស់ហើយ» យាយខ្ញុំជូនខ្ញុំដាក់ឡានឲ្យគេងរួច គាត់ក៏ដើរទៅជជែកជាមួយពួកគាត់ ចាំមនុស្សមកយកម៉ូតូ។

«យី! អាលាងហ្នឹងវាចេញមកយូរហើយ មិនទាន់ឃើញមកដល់ទៀត»

ពេលនោះ ខ្ញុំក៏ប្រាប់ពួកគាត់ពីការជួយសង្គ្រោះរបស់ពួកគាត់មកកាន់ខ្ញុំ ទៅម៉ាក់ប៉ាខ្ញុំឲ្យបានដឹង រួចចូលគេងវិញ។ ខ្ញុំមិនដឹងអ្វីទៀតទេ ក្រៅពីបិទភ្នែក ហើយហ្នឹងឮបងអៀបមកសួរខ្ញុំ។

ងើបមក! ស្រាប់តែខ្ញុំមកដល់មន្ទីរពេទ្យមួយ។ ដៃខ្ញុំកម្រើកមិនបានទេ ឯមួយទៀតត្រូវឈាមដណ្ដប់ស្ទើរកម្រើកលែងកើតដូចគ្នា។

ពេទ្យចាប់ផ្ដើមដេរដៃខ្ញុំ ដោយចាក់ថ្នាំស្ពឹកសប់ទីកន្លែង…

ពេលកំពុងដេរ សំឡេងNokia Tune ចេះតែរោទិ៍ឥតដាច់សូរ។ រោទិ៍ត្រាតែការដេររបស់គ្រូពេទ្យត្រូវបានបញ្ចប់។ ពេលនោះ ភ្នែករបស់ខ្ញុំក៏បើកឡើងវិញ រួចខ្ញុំព្យាយាមលើកទូរស័ព្ទដែលនៅហោរប៉ៅស្ដាំ។ ក្បាល០៩០ មិនដឹងជារបស់អ្នកណាទេ!

«អាឡូ!»

«អាឡូ! បញ្ញា យ៉ាងម៉េចហើយ! ឮថាដួលម៉ូតូហ្អេ?» បងផលសោះ! បានឮសម្ដីគាត់ខ្ញុំអរណាស់ ហើយក៏សោកស្ដាយចំពោះការណាត់ជួបនេះណាស់។

«អូ! បង! ស្ដាយណាស់មិនបានទៅ»

«អាឡូវនៅណា? នៅអូប៉េរ៉ាមែន?»

«អូ! អត់ទេ ទើបចេញពីពេទ្យហ្នឹងណា៎ ស្ដាយណាស់មិនបានទៅ»

«ចេញពីពេទ្យ? ម៉េចហើយបញ្ញា? ត្រូវណាខ្លះ? កុំនិយាយចឹង គិតតែបញ្ញាឯងវិញហ្នឹង មិនអីទេហ្អី?»

«បាទ! អត់អីទេ តែសុំទោសផងណា៎អត់បានទៅ! » ខ្ញុំស្ដាយណាស់មិនបានជួបជុំដូចរាល់ដង។

«អត់អីទេ! ស្ដាយណាស់ ចឹងស្អែកអត់បញ្ញាហើយ»

«បាទ ស្ដាយដែរ… អត់អីទេបង អរគុណច្រើន… មុននេះ ឮទូរស័ព្ទរហូត មិនដឹងអ្នកណាតេមកទេ?»

«ហេហ ហេហ! ខ្ញុំហ្នឹងណា៎! អត់អីទេ បញ្ញា ឆាប់ជាណា៎!»

«បាទបងអរគុណ!» ខ្ញុំឮពាក្យបែបនេះកក់ក្ដៅណាស់។ ពេលនោះ ខ្ញុំក៏បិទទូរស័ព្ទទៅ រួចចេញដំណើរទៅភោជនីយដ្ឋានវិញ។

មកដល់! រាងមានកម្លាំងតិចៗហើយ ហើយឮថាមីកាបារម្ភពីខ្ញុំណាស់។ នាងស្លន់ស្លោរជាងគេ។ រាល់តែពេលដែលខ្ញុំបែបនេះ គឺនាងតែងតែបែបនេះ… អាណិតមីកាណាស់។

ដល់ក្នុងហាង មីកានចេះតែទន្ទេញដដែរៗថា កុំឲ្យទៅៗ។ នាងថា នាងបានខលទៅVattana ឯVattana នៅជុំគ្នាជាមួយរចនា។ ដូច្នេះ រចនាក៏ប្រាប់បងផលពីរឿងនេះទៅ។ នាងថាគ្រប់គ្នាបារម្ភពីខ្ញុំណាស់។

សូមទោសដែរធ្វើឲ្យព្រួយបារម្ភ!! សូមទោស! 😦 ហើយក៏អរគុណអ្នកទាំងអស់គ្នាផងដែរ ដែលបារម្ភពីខ្ញុំ! អរគុណ! ខ្ញុំមិនសង្ឃឹមថាបានជួបអ្នកទាំងអស់គ្នាទេ។ មកដល់ផ្ទះ ហើយគេងលើគ្រែទាំងងើបលែងរួចទៀត។ ខ្ញុំព្យាយាមកម្រើក ដៃខាងស្ដាំ នឹកថានឹងអាលបានបើក Facebook តែបែរជាគេងដូចសន្លប់ចឹង រហូតដល់មេខលមកសួររឿងជាងគំនូរទើបនឹកឃើញ។ ខ្ញុំបានញុំាបាយ ទាំងប្រឹងចុងដៃតិចៗ។ ចលករនេះ ក៏អាចឲ្យខ្ញុំសរសេររឿងរ៉ាវប្រាប់អ្នក​ទាំងអស់គ្នាបានដែរ។ អរគុណ!

Advertisements

13 responses »

  1. អឺ ហេតុ​តែ​អ្នក​និពន្ធ, គ្រាន់​តា​ចង់​ប្រាប់​គេ​ថា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ របួស​ប្រាំពីរថ្នេរ អាច​សរសេរ​ជា​រឿង​ខ្លី​មួយ​បាន! ពិតជា​អ្នក​ក្លាហាន ពូកែរ​ខាង​អក្សរសាស្រ្ត​មែនៗ!

  2. កុំនៅយូពេកឆាប់ជានឹងអារ សរសេររឿនចែកអ្នកភូមិយើងអានទៀត
    មនុស្សល្អ ធ្វើល្អ ប្រាកដជាមានអ្នកថែររក្សា មិនអីទេ >>><<<<<<<<>>>>>>>>><<<

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s