ជំនោររងារ

ស្តង់ដារ

វីវក់ៗ វិលវល់ៗ ក្នុងយល់សប្តិបាននៅបន្តពីយប់ប៉ុន្មានម៉ោងមកហើយ មិនទាន់ស្រេចបាច់នៅឡើយ…

ភ្នែករបស់ខ្ញុំចាប់បើកតិចៗ ជាមួយនឹងសំឡេងតន្ត្រីតិចៗ ដែលឮរវើយៗ ពីខាងក្រៅ ចូលមកក្នុងបន្ទប់របស់ខ្ញុំ ដែលមានតែពន្លឺស្រអាប់តិចៗ នៃកញ្ចក់បួនជ្រុង កំពុងបញ្ចេញរស្មីរបស់ខ្លួនមក…

សំឡេងវូរៗ នៃខ្យល់បោកបាន បណ្ដែតសូរឡើងក្នុងត្រចៀក ហួសឆ្ពោះទៅខួរក្បាល ដើម្បីបញ្ជារឲ្យដួងចិត្តអាចដឹង និង បញ្ជាក់ឲ្យកាន់តែច្បាស់ថា រដូវធ្លាក់ខ្យល់បានឈានមកដល់​ហើយ។

រំពេចនោះ ខ្ញុំក៏ងើបឡើងក្រុសពីដំណេក រួមមកក៏បើកកុំព្យូទ័រឡើង ចូលទៅទំព័រហ្វេសប៊ុគ មុនគេ ដើម្បីជួបជជែកលេងជាមួយមិត្តភក្ដិខ្ញុំនៅ​ចុងសប្ដាហ៍ ។ ប៉ុន្តែខណៈពេលដែលកំពុងបើកឡើង ស្រាប់តែ សំឡេងតន្ត្រីមួយ បាននាំអារម្មណ៍របស់ខ្ញុំ ឲ្យចូលទៅក្នុងសញ្ចេតនាបរិយាកាស ដ៏សែនមនោរម្យនៃខែរងាក្នុងឆ្នាំនេះ។ វាពិតជាមានន័យខ្លាំងណាស់… មានន័យ ប្រៀបដូចជាបានហោះហើរក្នុ​ងជំនោរ​ដ៏សែនត្រជាក់​នៃលំហមេឃដ៏ធំល្វឹងល្វើយនារដូវលំហើយអ៊ីចឹង។ ភ្នែក​ទាំង​គូរ​របស់ខ្ញុំ បាន ប្រទះ​ឃើញពន្លឺដ៏ស្រស់ត្រកាលរកអ្វីប្រៀបផ្ទឹមពុំបានក្នុ​ងភាព​ងងឹត។ ងងឹតមែន តែពន្លឺនោះ ហាក់ចាំងជះ ស្រាឡះស្អាតណាស់ក្នុងអារម្មណ៍របស់ខ្ញុំ។

សន្ធឹកភ្លៀកធ្លាក់បន្តិចៗ បានត្រដែតហោះអែបត្រចៀកខ្ញុំ បណ្ដាលឲ្យចិត្តរបស់ខ្ញុំ ផ្ដាច់អស់នូវសំឡេងសូរតន្ត្រីទាំងនោះ ហើយចាប់កើតគំនិតងឿងឆ្ងល់យ៉ាងខ្លាំងថា មានរឿងអ្វីនៅខាងក្រៅបន្ទប់ខ្ញុំ។ ខ្ញុំក៏ចាប់ពាក់អាវ ជាមួយនឹងខោរខ្លីមួយរបស់ខ្ញុំ ដើរចេញទៅខាងក្រៅ ក្នុងអាកាសធាតុត្រជាក់បង្គួរ។

ទេសភាពស្រទុំនៃមេឃា អមព្រមជាមួយនឹងដំណក់ទឹករលឹមផ្សែងក្រូចបន្តិចៗ… ស្របគ្នានឹងជំនោរមួយឆាវៗ ដែលកំពុងធ្លាក់ ចុះមកម្ដងៗ​ក្នុងរូបភាពមួយនៃរដូវស្លឹកឈើជ្រុះ ខាងក្រោយផ្ទះខ្ញុំ។ វាយោរដ៏ស្រស់​ត្រកាលក្នុងវិញ្ញាណមួយនេះ ពិបាកនឹងពណ៌នាណាស់ តែបែរជាក្នុងចិត្តហាក់ទទួលទុកថា វាបាននឹងកំពុងចូលសន្ធិតក្នុង កមលនៃ សន្ធិប្រកាសមួយរបស់ខ្ញុំដូច្នោះអ៊ីចឹង។ វេលាគ្រានោះ កែវភ្នែករបស់ខ្ញុំបែរ ជាផ្លាស់ប្ដូរសោភ័ណដោយសារតែទឹកភ្នែកដែលមានកម្ដៅក្ដៅៗអ៊ុនៗ ហូរចុះ​មកកាន់ផែនថ្ពាល់របស់ខ្ញុំទៅវិញ ជាមួយនឹងខ្លួនប្រាណ ព្រឺៗ រងារៗ ដោយពុំដឹងខ្លួន។

ខ្ញុំស្រាប់តែទទួលមនោរម្មណ៍មួយនឹកដល់នរណាម្នាក់ភ្លាមមួយរំពេច។ ជំនោរមួយភាំង បក់ប៉ប្រះនឹងធូលីតិចៗមួយប្រាវ បុកនឹងស្បែករបស់ក្ដៅៗរបស់ខ្ញុំ បណ្ដាលឲ្យក្នុងខ្លួនបែរជាទទួលអារម្មណ៍ថា ភ័យញ័រ ក្ដៅៗ រសេសរសោះ ខុសធម្មតាទៅវិញ ឯចិត្តរបស់ខ្ញុំក៏ចាប់សួរដោយមិនបានបញ្ជារថា តើនាងយ៉ាងម៉េចហើយ? សុខទុក្ខយ៉ាងណាដែរ?… តើនាងពិតជាស្មោះនឹងខ្ញុំមែនទេ?

«តើនាងពិតជាស្មោះនឹងខ្ញុំមែនទេ?» ប្រយោគនេះហើយដែល ផុសឡើងនៅពេលដែល គំនួចវាយោល ចាប់គួចជាថ្មីប៉ះនឹងស្បែកដៃស្រអែមខុសភ័ក្ត្ររបស់ខ្ញុំ… ចិន្ដារបស់ខ្ញុំ ក៏បង្ខំប្រាប់ខ្លួនឯងថា កុំឲ្យគិតច្រើនពេក…

ប៉បៗ ប៉បៗ… សម្រែកនេះ មិនដឹងជាមកពីណាទេ លាន់សូរចូលសោតារបស់ខ្ញុំទាំងសងជាមួយ នឹងកម្លាំងខ្យល់មួយប្រាវៗ ធ្វើឲ្យឱរ៉ាទុក្ខសោករសាយឡើងវិញ។ ភ្នែករបស់ខ្ញុំ ក៏ស្រទន់ឡើងៗ កាលបើគតិរបស់ខ្ញុំស្រម៉ៃនឹកភ្នក់ទៅ រូបភាពនៃរថភ្លើងចរ…

ផ្ដាច់អារម្មណ៍ត្រឹមនេះ មិនដឹងជាទឹកភ្នែកក្ដៅៗអំបាញ់មិញស្ងួតតាំងពីពេលណា សោះ ខ្ញុំក៏ដើរចូលក្នុងផ្ទះវិញ ដោយក្រឡេកចោលភ្នែកដោយចេតនា ឃើញសុនក​ចិញ្ចឹមរបស់ខ្ញុំមួយក្បាល កំពុង តែលង់លក់ក្នុងដំណេកដ៏មានសុភមង្គលជាមួយ​នឹងរោមរបស់ខ្លួនឯង ទោះបីជាកន្លែង ដែលជាសាយណាដ៏មានផាសុខភាពរបស់ខ្លួនទៅវិញ ត្បិតមិនបានស្អាតបាតដូចមនុស្សលោកក៏ដោយ។​សុភមង្គលនៃអារម្មណ៍ជីវិតឯការពិតជាដូចមិត្តសម្លាញ់របស់ខ្ញុំនេះឬ?

ភ្នំពេញ, រដូវរងារ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១០

អ្នកនិពន្ធ ម៉ា ច័ន្ទបញ្ញា

រដូវរងារខាងក្រោយផ្ទះខ្ញុំ

រដូវរងារខាងក្រោយផ្ទះខ្ញុំ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s