មតិរបស់លោកជំទាវប៉ិច សង្វាវ៉ាន លើរឿងខ្លីដំបូង៖ មិនាសិទ្ធីកា

ស្តង់ដារ

ខ្ញុំពិតជារវល់នឹងការសិក្សា ព្រមទាំងការងារខ្លាំងណាស់ ទើបបានជាយឺតយ៉ាវ ក្នុងការបង្ហាញនូវមតិដ៏មានតម្លៃរបស់លោកជំទាវ ប៉ិច សង្វាវ៉ាន លើរឿងខ្លីដំបូងរបស់ខ្ញុំ។ ណាមួយ ការសិក្សា និងការងាររបស់ខ្ញុំទៀតសោត សុទ្ធតែពុំទាក់ទង លើវិជ្ជាតែងនិពន្ធទាំងនេះផង ទើបធ្វើឲ្យខ្ញុំត្រូវបែងចែកច្រើន រហូតមានថ្ងៃខ្លះ ក៏ធ្វើជាមិនដឹង មិនឮក៏មានដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ទឹកចិត្តស្រឡាញ់អក្សរសិល្ប៍ ពិសេសទឹកចិត្តស្រឡាញ់សិល្បៈរបស់ខ្ញុំនៅតែមាន ជាប់ទោះជាមានជញ្ជាំងនៃការឃាត់ឃាំងម៉ាក់និងប៉ារបស់ខ្ញុំយ៉ាងណាក៏ដោយ។

មិនដឹងថាខុសឆ្គងឬក៏យ៉ាងណាទេ កាលបើខ្ញុំលើកយកមតិដែលខ្ញុំរំភើបពីលោកជំទាវ យកមកចុះផ្សាយ។ ម្ដងហើយម្ដងទៀត គំនិតខ្ញុំនៅតែវិលវល់ឥតឈប់ក្នុង​សភាព​ភ័យ​ព្រួយ ក្រែងចិត្តដល់ពាក្យពេចន៍ របស់លោកជំទាវ ទើបបានជាសំណេរនេះ មាន​ការ​ផ្លាស់ប្ដូរ ឥត​ឈរឈប់។ គួរពុំគួរ បើសិនជា លោកជំទាវ បាន​ទទួល​អាន​នូវ​ខ្លឹមសារ​នេះ​រួចរាល់ សង្ឃឹមថា លោកជំទាវ​អធ្យាស្រ័យ​ដល់​យុវអ្នកនិពន្ធ​ដែល​ទើប​ចាប់​ដុះ​ពន្លក​នេះ​ផង​ទៅ​ចុះ។

ខ្ញុំសូមសារភាពតាមត្រង់ទៅចុះ តាមពិត ខ្ញុំប្ដូរចំណងជើងជារឿយៗព្រោះ ចិត្តមិនស្ងប់ អាល័យតែពិនិត្យនៅឯប្លក់រៀមច្បងដែល កំពុងតែត្រូវបានចុះផ្សាយដូចខ្ញុំ ក្នុងប្លក់អ្នកមីងដែរ ដូចជា បងចាន់ផល និងឧត្ដមផងដែរ ព្រោះខ្ញុំមានការបារម្ភ ក្រែងប៉ះពាល់កម្មសិទ្ធិបញ្ញារបស់អ្នកមីងក្នុងការបង្ហោះ។ ពេលនេះ ដោយទ្រាំត្រាំនូវ សេចក្ដីរំភើបឥតឧបមានេះពុំកើត ខ្ញុំក៏សម្រេចចិត្តលើកយកមតិនេះយកមកដាក់ជា អនុស្សាវរីយ៍ប្រចាំនៅទីនេះ។ សូមទោសទុកជាមុនផងអ្នកមីងជាទីគោរព!

អ្នកមីង ប៉ិច សង្វាវ៉ាន គឺជាអ្នកគ្រូកំបាំងមុខរបស់ខ្ញុំតាំងពីនៅរៀនអនុវិទ្យាល័យ។ រាល់រាត្រី និងរាល់ពេល ខ្ញុំតែងសារស្ដាប់នូវការវិភាគរបស់អ្នកមីង និងលោកពូៗ ដែលតែងតែធ្វើការវិភាគពីអក្សរសិល្ប៍ និងអក្សរសាស្ត្រខ្មែរ ក្នុងវិទ្យបារាំង។ មិនត្រឹមតែស្ដាប់ត្រូវម៉ោងទេ តែថែមទាំងថតទុកជាសំណៅសម្រាប់ ស្ដាប់ក្រៅម៉ោងទៀតផង ទោះតាមវិធីណាក្ដី តោងឲ្យតែបានស្ដាប់ ពោល ទោះថតតាមកាស្សែត ទូរស័ព្ទ ឬMp3 playerក៏បាន ឲ្យតែអាចថតបាន ថតទាំងអស់។ ខ្ញុំស្ដាប់រហូតសឹងថាទទួលឥទ្ធិពលអានអក្សរខ្មែរ តាមតុងរបស់ពួកគាត់ ដែលជាមានសំនៀងប្លែកពីខ្មែរនៅបរទេសដទៃ។ ខ្ញុំមានការពេញចិត្តនឹងតុងរបស់ពួកគាត់ណាស់ រហូតពេលខ្លះ ខ្ញុំអានសៀវភៅ ដែលគ្រូឲ្យអានជារបៀបពួកគាត់ទៀតក៏មាន ទោះជាខ្ញុំមិនដែរស្គាល់មុខរបស់ពួកគាត់ក៏ដោយ។

ប្រហែល៥ឆ្នាំក្រោយមក អាចថាជានិស្ស័យក៏បាន! ខ្ញុំបានទទួលដំណឹងថាអ្នកមីង សង្វាវ៉ាន ក៏ចូលរួមកម្មវិធីដែលក្រុមខ្ញុំបង្កើតដែរ។ ពេលនោះ ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំង។ ថ្ងៃនោះហើយ ជាថ្ងៃដែលខ្ញុំជួបអ្នកមីងជាលើក ដំបូង។ ខ្ញុំព្យាយាមថ្លែងពីចំណាប់អារម្មណ៍របស់ខ្ញុំមែនទែន តែមិនសូវជាមានពេលសោះ។

ខ្ញុំ​សូម​ស្រង់​យក​ចំណាប់អារម្មណ៍​ដ៏​មាន​តម្លៃ​នៃ​ចំ​ណាប់អារម្មណ៍​របស់​អ្នកមីង​ទុក​ជា អនុស្សាវរីយ៍ប្រចាំស្នាដៃទីមួយរបស់ខ្ញុំ ដោយ​ខាង​ក្រោម​នេះ មានការ​រៀប​ចំ​សម្រួល​បែបបទផ្សាយខ្លះៗ និងសម្រួលអក្ខរាវិរុទ្ធ៍ខ្លះៗដូចជាឈ្មោះ​ខ្ញុំជាដើម។

ខ្ញុំ​សូម​រក្សា​សិទ្ធិ​ទាំង​ស្រុង​រាល់​ការ​បង្ហោះ​ផ្សាយ​នូវ​ចំណាប់​អារម្មណ៍​នេះ!

ចំណាប់អារម្មណ៍៖

ក្នុង​កម្មវិធី​«ក្រោមដំបូលតែ១»ដែល​បាន​ប្រព្រឹត្ត​ទៅ​​កាល​ពី​ថ្ងៃ​២៥​ធ្នូ​២០១០នៅ​ភោជនីយដ្ឋាន«អូប៉េរ៉ា»​  ខ្ញុំ​បាន​ជួប​ស្គាល់​អ្នក​ស្តាប់​ដ៏​មាន​ភក្តីភាព​ម្នាក់​ដែល​និយម​ចូលចិត្ត​ស្តាប់​នាទី​អក្សរសិល្ប៍​ខ្មែរ​របស់​ខ្ញុំ​ក្នុង​វិទ្យុ​បារាំង​អន្តរជាតិ​RFI។

ក្រោយ​ពី​បាន​លើក​ដៃ​ជម្រាបសួរ​ខ្ញុំ​ទាំង​ទឹក​មុខ​ញញឹម​ពព្រាយ​និង​បាន​ថត​រូប​ជុំ​គ្នា​ជាមួយ​យុវអ្នកនិពន្ឋ​មួយ​ចំនួន​​យើង​ក៏​បាន​បែក​គ្នា។

យុវជន​ដែល​ជា​អ្នក​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នេះ​មាន​នាម​ថា ម៉ា​ ច័ន្ទបញ្ញា។ពេល​យើង​លា​គ្នា​ត្រឡប់​ទៅ​ផ្ទះ បញ្ញា​និង​មិត្តភក្តិ​ពីរ​បី​នាក់​របស់​គេ​បាន​ជូន​ខ្ញុំ​និង​ស្វាមី​ខ្ញុំ​ដល់​ទ្វារ​រថយន្ត។ ទឹក​មុខ​ញញឹម​ជាប់​ជានិច្ច ​យុវជន ម៉ា ច័ន្ទបញ្ញា បាន​ថ្លែង​ឲ្យ​ខ្ញុំ​ដឹង​ថា​គេ​ចូល​ចិត្ត​ស្តាប់​នាទី​និង​សម្លេង​ខ្ញុំ​តាំង​ពី​គេ​នៅ​ក្មេង​។ មិនត្រឹមតែ ស្តាប់​ប៉ុណ្ណោះ​ទេ​គេ​ថែម​ទាំង​បាន​ថត​ទុក​ទៀត​ផង។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ម៉ា ច័ន្ទ​បញ្ញា​មាន​និស្ស័យ​ស្រឡាញ់​អក្សរសិល្ប៍​ខ្មែរ​ណាស់។

ក្រោយមក​តាម​រយៈ​ប្លក​ខ្ញុំ​ គេ​បាន​សរសេរ​ឲ្យ​ខ្ញុំ​ដឹង​ថា​ គេ​តែងតែ​ស្រមៃ​និង​ប្រាថ្នា​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​មួយ​រូប។​ ប៉ុន្តែ គេ​ក៏​បាន​សារភាព​ដែរ​​ថា​គេ​សរសេរ​រឿង​ទី​១​មិន​ចប់​សោះ​។

ស្រាប់​តែ​នៅ​ថ្ងៃ​១៨​កុម្ភៈ ​២០១១  សន្ទុះ​ចិត្ត​ស្រឡាញ់​អក្សរសាស្ត្រ​អក្សរសិល្ប៍​ដ៏​ពិសេស​មួយ​បាន​បញ្ជា​ចិត្ត​និង​ម្រាម​ដៃ​និស្សិត​ម៉ា ច័ន្ទបញ្ញា​ឲ្យ​សរសេរ​រឿង​ទី​១​ដែល​មាន​ចំណងជើង​ថា​«មិនាសិទ្ទីកា»ចប់​ជា​ស្ថាបពរ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ។ អស្ចារ្យ​ណាស់! នេះ​ជា​ដំណឹង​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​និង​អបអរ​«បញ្ញា»​ដែល​បាន​សម្រេច​ការនិពន្ធ​លើក​ដំបូង។ អរគុណ​បញ្ញា​ណាស់​ដែល​បាន​ផ្ញើ​រឿង​នេះ​មក​ឲ្យ​ខ្ញុំ​អាន​​តាម​សំណូមពរ​របស់​ខ្ញុំ។

រឿង​ទី​មួយ​ដែល យុវជន ម៉ា​ ច័ន្ទ​បញ្ញា​បាន​និពន្ឋ​ឆ្លុះ​បញ្ចាំង​អំពី​យុវវ័យ​ខ្មែរ​ក្នុង​សម័យ​internet​នៅ​​ប្រទេស​កម្ពុជា។ នៅ​ស្រុក​ខ្មែរ​ក៏​ដូចជា​នៅ​ក្នុង​ពិភពលោក​ដែរ​ពួកគេ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​មុខ​កុំព្យូទ័រ។ តាមរយៈ​ហ្វ៊ែសប៊ុក​យុវជន​យុវតី​បាន​ជួប​សរសេរ​ឆ្លើយឆ្លង​គ្នា ស្គាល់​គ្នា ឬ​ស្រឡាញ់​គ្នា​ក៏​មាន។ ក្នុង​រឿង « មិនាសិទ្ឋីការ» អ្នកនិពន្ធ​បាន​លើក​ឡើង​ពី​ផលអាក្រក់​នៃ «បុណ្យ​សង្សារ​១៤​កុម្ភៈ»ថា​នារី​ខ្មែរ​ដែល​រំលូត​កូន​ចោល​បាន​កើន​ឡើង​សន្ធឹក។

ទន្ទឹមនេះ  អ្នកនិពន្ធ​ក៏​លើក​ឡើង​ដែរ​អំពី​សារៈសំខាន់​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា​ថា​សិទ្ធិនារី​សំខាន់​ណាស់​​នៅក្នុង​សង្គម​គ្រួសារ​ក៏​ដូចជា​សង្គមជាតិ។ ដូច្នេះ​គួរ​បំបាត់​ចោល​ការ​រើសអើង​ទៅ​លើ​ស្ត្រី។ ទោះបី​ជា​នារី​ដែល​ជា​ភេទ​ទន់​ខ្សោយ ត្រូវការ​កម្លំាង​បុរស​ពិត​មែន ប៉ុន្តែ​បុរស​ក៏​ត្រូវ​ការ​នារី​ខាន​មិន​បាន​ដែរ។ នារី​ជា​មាតា​នៃ​លោក។ […]

(ដកស្រង់ចេញពី http://pechsangwawann.wordpress.com/)

ចំណាប់អារម្មណ៍នៃក្ដីរំភើបរបស់ខ្ញុំសម្រាប់អ្នកមីង៖

ជម្រាបសួរអ្នកមីង និងលោកពូ!!!

តើអ្នកមីងនិងលោកពូសុខសប្បាយជាទេ?
ក្មួយមានសេចក្ដីរំភើប និងរីករាយណាស់ កាលបើបានឃើញស្នាដៃរឿងខ្លីទី១ របស់ក្មួយត្រូវបានផ្សព្វផ្សាយនៅទីនេះ។ ក្មួយមានកិត្តិយសមែនទែន ដែលជាភ្ញៀវទី៤នៃកម្មវិធី«ដំណើរជុំវិញរបស់អ្នកនិពន្ធម្នាក់»របស់អ្នកមីង បន្ទាប់ពីបងផល។ ក្មួយមិនដែលនឹកថាខ្លួនឯងមានកិត្តិយសយ៉ាងនេះសោះ។ ក្មួយសូមថ្លែងអំណរគុណអស់ពីដួងចិត្តជូនអ្នកមីងមែនទែន សម្រាប់ការបង្ហាញនេះ។ ក្មួយគ្មានអ្វីក្រៅពីម្រាមទាំងដប់ លើកសំពះពីចម្ងាយអរគុណជូនអ្នកមីងនោះទេ។
មុននេះ ក្មួយបានព្យាយាមទាក់ទងទៅឧត្ដម ដើម្បីសូមលេខទូរស័ព្ទរបស់អ្នកមីង ប៉ុន្តែមិនអាចទាក់ទងបានសោះ។ ក្មួយក៏សម្រេចចិត្តទាក់ទងទៅបងផល រហូតទទួលបានលេខសម្រាប់ទំនាក់ទំនងអ្នកមីង។ មូលហេតុ ដែលក្មួយចង់ទាក់ទងទៅអ្នកមីងព្រោះ ក្មួយមានបំណងចង់ប្រឹក្សាតាមចំណេះខ្លះៗ អំពីប្លកជូនអ្នកមីង នៅថ្ងៃ៨មិនាស្អែកនេះ។ មិនដឹងថា អ្នកមីងរវល់ឬក៏យ៉ាងណានោះទេ។
ទោះជាយ៉ាងណា ក្មួយសូមជូនពរអស់ពីចិត្ត ចំពោះអ្នកមីងនិងលោកពូជាទីគោរព ពីចម្ងាយ ឲ្យជួបប្រទះតែសេចក្ដីសុខ សុភមង្គល រីករាយ កាន់តែមានប្រជាប្រិយភាព និងពិសេសមានសុខភាពល្អ។

ដោយក្ដីគោរពពីក្មួយ
បញ្ញា

សង្ឃឹមថា នេះជាអំណរមួយនៃទិវាសិទ្ធិនារីឆ្នាំនេះ។ សូមជូនពរទាំងអស់គ្នា ឲ្យជួបប្រទះតែសុភមង្គល និងសុខភាពល្អគ្រប់ៗគ្នា! ^^

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s