រឿងខ្លីទី៣៖ តន្ត្រីស្នេហ៍ (មានចម្រៀងថ្មីតែងអមរឿង)

ស្តង់ដារ

តន្ត្រីស្នេហ៍

-១-

រាល់ថ្ងៃ ខ្ញុំបន់ឲ្យតែពេលយប់ទេ។ ពេលយប់ជាពេលមនោរម្យសម្រាប់ខ្ញុំណាស់ ពិសេសជាងនេះទៅទៀតខ្ញុំអាចជួប…. បាន។ ខ្ញុំជាមនុស្សដែលចូលចិត្តលេងសើចនៅខាងក្រៅ តែចូលចិត្តបង្កប់ភាពស្ងប់ស្ងាត់នៅខាងក្នុង។ លើកណា ក៏ខ្ញុំប្រាប់អ្នកដែលខ្ញុំស្គាល់ ពីអារម្មណ៍ពិតដែរ ទោះពួកគេពេញចិត្តនឹងស្ដាប់ឬមិនស្ដាប់ក៏ដោយ។ ម្យ៉ាងខ្ញុំជាមនុស្សដែលចូលចិត្តតម គ្រឿងបំបាត់ភាពឯកា ដូចជាស្រា ឬបារីជាដើមផង បានជាមិនសូវមានអាកាសបញ្ចេញអារម្មណ៍ពិតតាមគ្រឿងទាំងនោះ ដូចជាមិត្តភក្តិខ្ញុំមួយចំនួន។

រាត្រីនេះ ខ្ញុំអង្គុយតែងចម្រៀងម្នាក់ឯង។ ចាប៉ីដែលខ្ញុំដេញនេះ វាមានអាយុប្រហែលនឹងហាមូនីកាដែលខ្ញុំបានទិញវាកាលពីបីឆ្នាំមុន។ យប់នេះ ខ្ញុំចាប់តែងចម្រៀងដែលទាក់ទងពីអារម្មណ៍ទៀតហើយ។

ភាពស្ងប់ស្ងាត់នៃរាត្រីកាល គឺអណ្ដែតអណ្ដោងណាស់។ ជីវិតដែលស្រស់ត្រកាល នៃស្នេហាខ្ញុំ បានកើតចេញពីការលួចស្រឡាញ់ នារីម្នាក់ដោយមិនដឹងខ្លួន។ ជីវិតបែបនេះ តែងជ្រៀតចូលមកបំពេរអារម្មណ៍ខ្ញុំឲ្យហោះត្រសែត ត្រសង ហួសខ្ពស់ទើរលើវេហា ទៅមើលឯឋាននៃមេឃា ដ៏ធំល្វឹងល្វើយនៃលំហអាកាសរាល់រាត្រី។

ខ្លួនរបស់ខ្ញុំ តែងឧទ្ទិសថាទីឋានដែលខ្ញុំទៅដល់ គឺមានពន្លឺពណ៌មាសចាំងពាសពេញពពក មានអាកាសត្រជាក់ល្អ។ ជើងរបស់ខ្ញុំ ចាប់ទទួលនូវអារម្មណ៍ហើបៗ គឺហើបពីដី ដែលសំបូរនូវភាពទុក្ខព្រួយ។ តើនេះជាក្ដីយល់សប្តិឬ?

ភ្នំពេញ, ថ្ងែទី២២ ខែមីនា ឆ្នាំ២០៧១

ជិត៥២ឆ្នាំទៅហើយ ដែលខ្ញុំតែងតែទទួលអារម្មណ៍បែបនេះ! ខ្ញុំបើកភ្នែកក្រញ៉ាង ក្នុងបន្ទប់ដែលពោរពេញទៅដោយ ធូលីនិងហាក់ក្រអូបក្លិនថ្មីៗនៃភរិយាខ្ញុំ។ កែវ បានឃ្លាតពីខ្ញុំជិត៥ឆ្នាំហើយ។ នាងបានទទួលមរណៈភាពដោយសាររោគចាស់ជរាព្យាធិ។

ខ្ញុំក្រឡេកមើលនាឡិកាជញ្ចាំងពណ៌លឿងចំណាស់ មិនច្បាស់សោះ។ ខ្ញុំប្រឹងរាវរកពិលរបស់ភរិយាខ្ញុំកាលនៅរស់ យកមកបញ្ចាំងតែនៅតែស្រវាំង… មើលនៅតែមិនសូវច្បាស់ទេ តែអាចប្រហែលបានថាម៉ោង៣ទៅហើយ។ រាល់ពេល ខ្ញុំដេកមិនលក់សោះ។

ខ្ញុំក៏ក្រោកដើរចូលបន្ទប់ទឹកដើម្បីលប់មុខបន្តិច រួចចេញទៅក្រៅ។ ខ្ញុំបញ្ជាំងពិលទៅផ្លូវខាងមុខ ក្នុងបរិយាកាសស្ងប់ស្ងាត់ណាស់។ ដើរបានមួយសន្ទុះស្រាប់តែជាន់ចំរបស់ម្យ៉ាង ប្រហែលជារបស់ក្មេងលេងហើយ។ ខ្ញុំក៏យកជើងកៀរវាទៅកៀន។ ខ្ញុំដើរបញ្ចាំងពិល ពេញផ្ទះ រួចរកឃើញកន្លែងបើកភ្លើង ក៏ចុចបើកបំភ្លឺឡើង។ អ្វីដែលកំពុងស្មានអំបាញ់មិញ ឥឡូវបានក្លាយជាការពិតអស់ហើយ។ ភាពស្រពិចស្រពិលក៏រលត់អស់។ ខ្ញុំក៏ដើរទៅជិតវិទ្យុចំណាស់របស់ខ្ញុំដែលខ្ញុំតែងស្ដាប់វាជារៀងរាល់ព្រឹក។ ទាញកៅអីអង្គុយ ខ្ញុំក៏រាវរកកន្លែងបើកវិទ្យុឡើង ស្រាប់តែគ្មានឮអ្វីដូចសព្វដងសោះ គឺឮតែចម្រៀងរាំវង់ រាំឡក។

រាល់ព្រឹក ខ្ញុំតែងក្រោកពីព្រលឹមបែបនេះ ដើម្បីរៀបចំផ្ទះ និងស្ដាប់វិទ្យុអំពីព័ត៌មាននានា។ កាលយាយវានៅ បានគាត់ហើយជួយទំនុកបម្រុងខ្ញុំ តែឥឡូវសល់តែប៉ៅអីចំណាស់មួយដែលនាងធ្លាប់អង្គុយ ដេរខោរ ដេរខោរអាវឲ្យខ្ញុំ។ ក្បែរនោះ ឥឡូវ ខ្ញុំបានដំដែកគោល ទុកចងពន្យួរចាប៉ីចំណាស់របស់ខ្ញុំ និងហាម៉ូនីកា។ វាស្ទើរតែខូចអស់ហើយ ព្រោះប៉ុន្មានឆ្នាំនេះ ខ្ញុំភ្លេចពីវិធីរិតខ្សែឲ្យត្រូវអស់រលីង។

បើបុស្តិ៍មិនទាន់បើកដូច្នេះ ខ្ញុំក៏ដើរទៅយកសម្បកឌីសដែលជាចម្រៀងខ្ញុំតែងកាលពី៥០ឆ្នាំមុន យកមកចាក់ក្នុងម៉ាញ៉េចំណាស់មួយ នៅក្បែរនោះ។ ចម្រៀងនោះហើយ ជាចំណងដៃអនុស្សាវរីយ៍រវាងខ្ញុំនិងភរិយាខ្ញុំ កាលពី៦០ឆ្នាំមុន មុនយើងស្គាល់គ្នា។ វានៅតែពិរោះជាប់ចិត្តខ្ញុំ ទោះបីជាខ្ញុំមិនបានលក់ឲ្យអ្នកណាក៏ដោយ។ ខ្ញុំបានបិទភ្នែកស្ដាប់វា។

ថាសចាប់វិល រអិលចូលបន្តបន្ទាប់តាមចរន្តអារម្មណ៍នៃម៉ាស៊ីនដែលកើតចេញពីដែនអគ្គីសនីដ៏មហិមាមួយ ប្រៀបដូចជាចរន្តស្នេហា នៃជីវិតខ្ញុំកាលពីយុវភាពពេលចាប់ផ្ដើមអ៊ីចឹងដែរ។ ពាក្យមួយម៉ាត់របស់នាងដែលហៅខ្ញុំបានផុសឡើងនូវនឹងភ្នែកដែលកំពុងបិទ។

-២-

ភ្នំពេញថ្ងៃទី២២ ខែមិនា ឆ្នាំ២០១១

– ពិសិដ្ឋ! ពិសិដ្ឋតែងបទនេះ ដូចជាមានបង្កប់អីនៅខាងក្នុងយ៉ាងម៉េចទេ… តិចពិសិដ្ឋឯងមានលួចស្រឡាញ់នារីណាម្នាក់ទេដឹង?

– មានមែន! ហាហ ហាហ!! អត់ទេ! មានណា! ស្ដាប់ទៅ កុំមាត់ច្រើនពេក។

– ប្រាប់មើល៍! ប្រាប់មើល៍!!

– អត់ប្រាប់ទេ! តិចឈប់ឲ្យស្ដាប់អាឡូវ! យ៉ាប់ម៉ង។

– ទេ! ទេ! ថាលេងទេ ថាលេងទេ!! ហិហិហ ស្ដាប់តើ ស្ដាប់តើ!!

ចម្រៀងបានបន្តក្នុងដួងចិត្ត ខ្ញុំតែម្នាក់ឯង។ នាងពុំដែលដឹងខ្លួនទេ ថាខ្ញុំលួចស្រឡាញ់នាង។ នាងជានារីម្នាក់ដែលខ្ញុំបានជួបនាងដោយចៃដន្យពេលរៀនសិក្ខាសាលាវគ្គនិពន្ធមួយជាមួយគ្នា។ កាលណោះ នាងគឺជានិស្សិតមួយរួបដែលទើបរៀនចប់នៅមហាវិទ្យាល័យ​អក្សរសាស្ត្រមួយនៅក្រុងភ្នំពេញ។ ឯខ្ញុំវិញសល់តែមួយឆ្នាំប៉ុណ្ណោះ នឹងចប់ដូចនាង។

និយាយតាមត្រង់ទៅ នាងមានអាយុច្រើនជាងខ្ញុំ១ឆ្នាំ។ តែអារម្មណ៍របស់ខ្ញុំនិងនាង គឺមិនខុសគ្នាប៉ុន្មានទេ។ នាងមានចរិតស្លូតបូតមែនទែន។ ពេលខ្ញុំជួបនាងដំបុង នាងមិនហ៊ាននិយាយអ្វីនឹងខ្ញុំសោះ សូម្បីតែមយម៉ាត់។ ខ្ញុំព្យាយាមសួរនាង តែនាងគ្រាន់តែញញឹមដាក់ខ្ញុំតែប៉ុណ្ណោះ។

– ចប់ហើយ!! ពិរោះតើមានអី។

– ស្អី! ពិរោះតើ!! បានហើយ ខ្ញុំដឹងថា វាមិនពិរោះទេ ព្រោះវាជាបទថ្មីចេញពីខ្ញុំ។ ខ្ញុំមិនមែនជាអ្នកចម្រៀងផង បានអីពិរោះនោះ។

– អត់ទេ! ពិរោះតើ!! គេសរសើរមែនណា! យ៉ាប់ហើយពិសិដ្ឋឯងនោះ។ ខ្ញុំទៅផ្ទះវិញហើយ។

– អេស! ទៅហើយហ្នឹង? ចាំខ្ញុំជូន!

លុះបានមួយរយៈធំ ទើបនាងព្រមនិយាយមកខ្ញុំដូចអំមិញ។ ទោះជាយ៉ាងណា នាងនៅតែអៀនព្រៀននឹងខ្ញុំអ៊ីចឹង។

– មិនបាច់ទេ! ប៉ាខ្ញុំមកយកហើយ។

– អូ! អ៊ីចឹងទេអ្ហេ!! បាទ! ចឹងក៏ចឹងទៅ!

ក្រោយមក ខ្ញុំបានសារភាពពីដួងចិត្តពិតរបស់ខ្ញុំទៅកាន់នាង នៅឯបឹងមួយ ទីដែលយើងឧស្សាហ៍អានសៀវភៅនឹងគ្នា។ ថ្ងៃនោះ មេឃស្រទុំណាស់ ស្រទុំដូចជាបទភ្លេងដែលខ្ញុំស្រម៉ៃក្នុងចិត្តចឹង។

– កែវ! ខ្ញុំមានពាក្យមួយចង់ប្រាប់កែវ។

– ពាក្យអីពិសិដ្ធ? ប្រាប់មក!

– នែក! តាមពិតទៅ កែវ និងខ្ញុំបានស្គាល់គ្នាជិត២ឆ្នាំហើយ។

នាងឈប់អានសៀវភៅ ហើយផ្អាកញុំានំ រួចងាកមកមើលខ្ញុំទាំងទឹកមុខងើយឆ្ងល់បំផុត។

– ចា៎ះ! មែនហើយ! ២ឆ្នាំ។

– បាទ! ឯមនោសញ្ចេតនាខ្ញុំវិញ ក៏ហាក់ដូចជាមិនអាចបញ្ជារឲ្យការលាក់បាំងរបស់ខ្ញុំនៅតែបន្តទៀតនោះទេ។ កែវ! ខ្ញុំពិបាកចិត្តណាស់។ ខ្ញុំតែងតែចង់ប្រាប់កែវពីដួងចិត្តនេះមែនទែន។ កែវខឹងខ្ញុំទេ បើខ្ញុំប្រាប់វាទៅកែវ។

នាងបើកភ្នែកមើលខ្ញុំបានមួយសន្ទុះ ហើយនាងក៏ឱនមុខចុះ ទាំងទឹកមុខក្រហមព្រៀងៗ។

– ចា៎ះ! មានអី!

– អូហ!! កែវ!! តាមពិតទៅ ខ្ញុំមិនចង់កុហកវេហាច្រើនតទៅទៀតដែរ។ ម្យ៉ាងពួកយើងបានប្រលងចប់ និងមានការងារជាមួយគ្នាទៀត។ ខ្ញុំគិតថាល្មដល់ពេលដែលខ្ញុំចង់ប្រាប់ពាក្យថា.. អ៊ឺ!..

– ទេ! ខ្ញុំលាសិនហើយ។

នាងងើបក្រោស ហេតុអី? ខ្ញុំនិយាយពាក្យនេះមិនចេញ? ហេតុអីទៅ? ខ្ញុំមិនបង្អង់ទេ។

– វេហា! ឈប់សិន!! ខ្ញុំស្រឡាញ់កែវ។

នាងឈប់ស្ងៀម! ស្លឹកឈើដែលត្រូវខ្យល់ក៏ស្រាប់តែបកធ្លាក់ចុះមកទាំងម្ដងមួយៗ។ ប្រហែលជាខ្ញុំធ្វើឲ្យនាងខឹងទៀតហើយ។ នាងឈរថ្មឹង។

ក្នុងអារម្មណ៍ខ្ញុំក៏ចាប់ច្របូកច្របល់។ ខ្ញុំក៏ស្រាប់តែនឹកឃើញ រឿងមួយដែលខ្ញុំនឹងនាងធ្លាប់ទៅដើរលេងនៅដងភ្នំមួយជាមួយគ្នា និងមិត្តភក្តិ។ កាលណោះ ខ្ញុំចង់សារភាពប្រាប់នាងដែរ តែមិនហ៊ានសោះ ព្រោះខ្លាចចិត្តនាងខឹង លែងនិយាយរកខ្ញុំ។ ពេលនោះ ខ្ញុំបានតែអង្គុយម្នាក់ឯង មើលមេឃកណ្ដោចកណ្ដែង តែឯងលើថ្មដានៃជ្រលងដងអូដ៏ខ្ពស់មួយ។ ទេសភាពនៃមេឃស្រទុំ ដូចជាពេលនេះអ៊ិចឹង។ ខ្ញុំអង្គុយស្រម៉ៃម្នាក់ឯង ដល់រូបនាង។ គិតហើយ គិតទៀតថា ខ្ញុំនិងនាងមុខជាមិនសមគ្នានោះទេ ព្រោះនាងមានឋានៈខ្ពស់ជាងខ្ញុំ អាយុច្រើនជាងខ្ញុំ ឯការសិក្សាទៀតសោត គឺខ្ពស់ជាងខ្ញុំ។ ឱពុក ឬម្ដាយឯណាទៅ នឹងលើកកូនស្រីគេដល់មនុស្សដែលប្អូនជាងកូនគេនោះ។ ខ្ញុំព្រួយចិត្តសម្បើមណាស់។ ធម្មជាតិពេលនោះ ហាក់ដូចជាមិនអាសួរដល់រូបខ្ញុំសោះ។ ខ្ញុំបានប្រាថ្នាឲ្យខ្យល់បក់ខ្ញុំឡើងទៅមណ្ដលនោះដែរ តែឡើងមិនដល់សោះ។ គឺមានតែពេលវេលាទេ។

ក្រោយមក ទើបខ្ញុំដឹងថា ជីវិតមនុស្សគឺដើរទៅមុខជានិច្ច ទោះបីជាដើរបកក្រោយ ក៏ហៅថាទៅមុខដែរ។ ខ្ញុំមានតែចាំពេលវេលាព្យាបាលវាទេ។

សន្ទុះនៃកម្លាំងមួយបានស្ទុះមកប៉ះកាយរបស់ខ្ញុំ ហាក់ដូចជាមិនដែលស្គាល់សោះ អារម្មណ៍បែបហ្នឹង។ សាច់ដ៏ទន់ល្មើយ សក់ដ៏វែងអន្លាយ ក្រអូបសាយដោយក្លែបនៃក្លិនចំប៉ា បាននៅជាប់នឹងប្រាណខ្ញុំអស់រលីង។

-អូនក៏ស្រឡាញ់បងដែរ។

កែវព្រមហើយ! កែវព្រមហើយ!! ពួកយើងក៏ចាប់រៀបការនឹងគ្នាតាមផ្លូវច្បាប់។ ការបាន៤ឆ្នាំ ខ្ញុំនឹងនាក៏មានបំណងយកកូនមួយ តែសោកស្ដាយមែនទែន ពេទ្យថានាងមានបញ្ហាស្បូន មិនអាចមានកូនបាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំព្យាយាមលួងលោមនាងមើលថែនាងដល់ជីវិតចុងក្រោយដែរ។ ស្នេហាមិនប្រកាន់អាយុ វណ្ណៈ ពណ៌សម្បុរ ឬ អារម្មណ៍ នោះទេ តែមនុស្សទេដែលប្រកាន់គ្នា។

– អ៊ុំអ្ហា៎! ងើបលឿនម៉េះ ម៉ោងទើប១ហ្នឹង!!

ញ័រសាច់មែនទែន ពេលឮក្មួយពោលបែបនេះ។ ភ្នែករបស់ខ្ញុំក៏បើកឡើង។

គិតទៅ តែមួយពព្រិចភ្នែកប៉ុណ្ណោះ ចម្រៀងក៏ចប់ ស្នេហ៍ក៏រលត់ តែបន្សល់តែរូបថតអនុស្សាវរីយ៍ របស់នាងដែលបានត្រឹមតែនៅតែស្រស់ញញឹមក្នុងចិត្តខ្ញុំ។ ខ្ញុំបើកភ្នែកពីការស្រម៉ៃមួយគ្រា ដែលវាមិនអាចវិលថយក្រោយវិញបាន។ ដំណើរនាទីបានបោះទៅមុខហើយ ទោះបីជានាឡិការនោះខូចក៏ដោយ ក៏នាទីនោះនៅតែដើរទៅមុខជានិច្ច។ តន្ត្រីដែលបានប្រគុំតាំងពី៦០ផ្លាយឆ្នាំមុន នៅតែពិរោះរងំជាប់សោតាចំណាស់របស់ខ្ញុំ។ វាជាតន្ត្រីស្នេហ៍ដែលនាង ជាអ្នកដាក់ចំណងជើងឲ្យមុនពេលនាងស្លាប់។ កែវបងនឹកអូនណាស់!

ទឹកថ្លា, ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១១

តន្ត្រីស្នេហ៍

១. ចម្រៀងបងច្រៀង ជាសំនៀងផ្ដាំទៅកែវជីវ៉ា ទោះរាល់ថ្ងៃថ្វីត្បិតមិនហ៊ានវាចា សេចក្ដីស្នេហា ខ្ញុំកតិកាជូនយូរមកហើយ។

២. មើលមេឃស្រទុំ បាំងជិតជុំ ប្រៀបដូចស្នេហ៍ខ្ញុំអើយ ព្រោះជន្មា គ្រាំគ្រាឥតមានពេលស្បើយ បើផ្ដល់ចម្លើយខ្លាចស្នេហ៍ កង្វល់។

បន្ទរ. វេលាគ្រាំគ្រាក្នុងចិត្ត ព្រោះមេឃឆ្ងាយពិតឥតឈោងមិនដល់ សង្ឃឹមសង្ឃឹមថ្ងៃមេឃមានខ្យល់ បក់ខ្ញុំទៅដល់ នាឋានមណ្ឌលអាកាសវេហា។

៣. សូមឲ្យចម្រៀងច្រៀងជូននាងសំនៀងទុក្ខា ទទួលស្ដាប់សារស័ព្ទស្រម៉ៃចិន្ដា បើមានទោសាបងព្រមទទួល។

សួមស្ដាប់បទនេះនៅទីនេះ៖

 

Advertisements

2 responses »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s