នាងឈ្មោះLiza

ស្តង់ដារ

ដូចជា ពិបាក​នឹងនិយាយលើនិស្ស័យណាស់។ ជួនកាល មនុស្សគគោកមិនមានចិត្តទេ បែរជាមានចិត្តលើមនុស្សដែលអ្នកផងមិនពេញចិត្តទៅវិញ។ នេះឬគេហៅថានិស្ស័យ!

ទីឋានដែលមានសមុទ្ទដ៏ស្រស់ស្អាត និងជាទីរម្យនានៃហ្វូងទេសចរទាំងឡាយ ឥឡូវបានខ្លាចជារឿងខ្លីសម្រាប់និទានមួយនៅក្នុងអារម្មណ៍របស់យុវវ័យម្នាក់។ វាជាអនុស្សាវរីយ៍នៃដំណើរការនិស្ស័យមួយរបស់គេ។

សម្រាប់ទុកជាចំណងដៃនៅកំពង់សោមនាពេលយុវវ័យរបស់ខ្ញុំ ខ្ញុំក៏ទាញMini Laptop ពីក្នុងសំពាយពណ៌ត្នោតរបស់ខ្ញុំ វាយបញ្ចូលនូវអារម្មណ៍ដ៏ត្រេកត្រអាលមួយ ជារឿងខ្លី នៃការពិតមួយរបស់ខ្ញុំ ទុកជាអនុស្សាវរីយ៍នៃការចងចាំ។ សូមអញ្ជើញអានដោយរីករាយ៖

-១-

ក្រុងព្រះសីហនុ, ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១

ជួនកាលពេលវេលាតែមួយសោះ តែភាពស្រមើស្រមៃដែលមានទំហំមហិមានោះ អាចធ្វើឲ្យមនុស្សម្នាក់ដែលនៅមួយកន្លែងសោះ អាចហោះហើរឆ្ពោះ ហួសទៅឋានមួយផ្សេងទៀត​បានយ៉ាងងាយ។ មណ្ឌលដែលមានអាកាសដ៏សែនស្ងប់ស្ងាត់ ភាសានៃពាក្យសម្ដីដ៏មានទឹកដមនិងទន់ភ្លន់ រូបកាយមេត្រីនៃទេពធីតាដ៏សែនស្រស់សោភា អាចនិមិត្តទៅបាន លុះត្រាតែមានជំនក់ចិត្តនានាបូកផ្សែផ្សំបញ្ចូលគ្នា ទើបអាចផ្ដល់ជារូបភាពដល់ចិត្តដែលកំពុងលង់លក់ចរន្តបេះដូង បានយ៉ាងល្អផូរផង់ក្នុងទិនទិវារាត្រីដែលគ្របដណ្ដប់ដោយភាពខ្មៅងងឹតបាន។

ប៉ុន្តែ វាហាក់ដូចជាគ្មានយ៉ាងនោះសោះ។ ស្បៃស្រអាប់នៃភាពខ្មៅងងឹត បែរទៅ ជានៅទ្រឹងក្នុងដួងចិត្តរបស់យុវជនកំឡោះ ដែលចូលចិត្តស្រមើស្រមៃផ្ដេសផ្ដាសមិនសមស្របនឹងមនោគតិនៃភាពចេះដឹងរបស់សេចក្ដីល្ងង់នោះទៅវិញ។

ភ្នែករបស់ខ្ញុំ ក៏ចាប់បើកឡើង ក្រោយពីឮសំឡេងប៉ារបស់ខ្ញុំដាស់ខ្ញុំឲ្យភ្ញាក់ ព្រោះនឹងអាលរៀបចំខ្លួនចេញដំណើរទៅចូលរួមហែលជំនូនបងជីដូនមួយ។

ព្រឹកនេះ ជាថ្ងៃជ័យរបស់បងស្រីខ្ញុំហើយ។ ខ្ញុំបានចាកចេញពីភ្នំពេញតាំងពីម្សិល ដោយធ្វើដំណើរពីម៉ោង១១រសៀល ផ្លាស់ប្ដូរគ្នាជាមួយប៉ា ម្ដងប៉ាបើកខ្ញុំបាយ ម្ដងខ្ញុំបាយប៉ាគាត់បើកម្ដង ពោលគឺបរពាក់កណ្ដាលផ្លូវម្នាក់ រហូតដល់កំពង់សោម។ យើងមកដល់នៅវេលាម៉ោង២រសៀលជាង។

ខ្ពុរមាត់បណ្ដើរ ខ្ញុំមើលមុខខ្លួនឯងបណ្ដើរ។ មិនរវល់ទេ ខ្ញុំក៏បន្តការរៀបចំតាមលំហូរដូចរាល់ដង លុះត្រាតែរួចរាល់។ ប៉ាឲ្យខ្ញុំដាក់ម៉ោងរោទ៍ ម៉ោង៥ភ្លឺ តែវាមិនបានដាស់ខ្ញុំទេ ព្រោះអស់កម្លាំងក្នុងការបើកបរដំណើរផ្លូវឆ្ងាយរបស់ខ្ញុំលើកទីពីរមកទីនេះ​កាលពីម្សិល។ ប៉ុន្តែ មិនដឹងថាមកពីម៉ោងឬ ពីមនុស្សទេ ខ្ញុំងើបម៉ោង៦ទៅហើយ តែប៉ាស្ដីឲ្យខ្ញុំថា ត្រេងត្រាងទៀត។ ពេលខ្ញុំងើបមក ប៉ាកំពុងធ្វើការងាររបស់គាត់នៅលើតុក្បែរគ្រែជាស្រេច។ បែបនេះហើយ ទើបបានជាគាត់ស្ដីឲ្យខ្ញុំដូច្នោះនោះ។ រៀបចំរួចរាល់ហើយ ខ្ញុំក៏តាំងចាកចេញពីបន្ទប់ចុះមកក្រោមចាំគាត់មុនទៅវិញ ព្រោះប៉ាមិនចូលចិត្តចាំគេទេ។ មកដល់ក្រោមមុនបន្តិច ទើបឃើញប៉ាចុះមកតាមក្រោយ។ ពួកយើងក៏ចាកចេញពីសណ្ធាគារ រួចធ្វើដំណើរមកផ្ទះពិធីនៅឯម្ដុំកន្លែងមួយមានឈ្មោះថាCT។

ផ្ទះពិធីមិនទាន់សូវជាអ៊ូអរនៅឡើយទេ ព្រោះញាតិមិត្តជិតឆ្ងាយទាំងឡាយគេត្រូវផ្ដុំគ្នានៅផ្ទះមួយទៀត ដើម្បីធ្វើជាក្បួនមកផ្ទះពិធីវិញ។ ដូច្នេះ ខ្ញុំនិងប៉ាខ្ញុំ ព្រមទាំងបងប្អូនជីដូនមួយម្នាក់ឈ្មោះទូក៏ដើរចេញទៅ ប្រមាណប្រហែល៥០ ទៅ១០០ម៉ែត្រ ពីផ្ទះកូនក្រមុំ។

នៅទីនោះ ពេលទៅដល់ទើបសំបូរមនុស្សជាង។ មនុស្សឈរត្រៀបត្រា រងចាំការបង្គាប់ពីអាចារ្យ។ ខ្ញុំទៅដល់ទីនោះក៏ដូចពួកគេដែរ គឺឈរត្រៀបត្រាចាំដូចគ្នា។ ខ្ញុំបានក្រឡេកឃើញនារីម្នាក់ដោយចៃដន្យ។ នាងមានសម្ផស្សគួរសរសើរម្យ៉ាង។ ភ្នែកនាងក្រឡង់ៗ ចិញ្ចើមនាងខ្មៅក្រាស់។ ភ្នែករបស់ខ្ញុំហាក់ដូចជាមានទំនាញម្យ៉ាងដែលធ្វើឲ្យខ្ញុំតែងងាកមើលនាងជារឿយៗ ឬក៏នាងមុខដូចនារីម្នាក់ដែលខ្ញុំបានតែស្គាល់រូបថតតាមFacebookនោះ។ អត់ទេ អត់ទេ!!! មែនអ៊ីចឹងទេ នាងនេះក្មេងជាង។ អស់សំណើចណាស់ ឈប់គិតហើយ។

ជំនូនក៏រៀបស្រេចលើវិថីដែលបត់បែនដូចជារាងរបស់សត្វនាគក្នុងរឿងព្រេង។ ខ្ញុំមាននាទីទ្រនំអន្សមជាមួយអាទូ។ វែងគួរសម តែយើងបានដើរដល់គោលដៅរួចរាល់ល្មម។ គងខ្មោះ វៃគួសជាមួយនឹងញាតិមិត្តជិតឆ្ងាយហូរហែ។ ខ្ញុំក៏ក្លាយជាភ្ញៀវម្នាក់រួមទុកជាមួយបងប្អូនទូទៅដែរ។

ភ្ញៀវនិងសាច់ញាតិជិតឆ្ងាយ បានស្រស់ស្រូបបបរដ៏ឈ្ងុយឆ្ងាញ់ពិសានិងចូលរួមពិធីតាមលំហូរ រហូតដល់ពិធីកាត់សក់នៃកូនកំឡោះនិងកូនក្រមុំ។ ខ្ញុំក៏អង្គុយកាន់កាមេរ៉ាពូបណ្ដើរ មើលជាមួយនឹងសកម្មភាពនានាបណ្ដើរ។ ពិធីកាត់សក់ថ្ងៃនោះ មានលោកពូ អៀង ស៊ីថុល អញ្ជើញចូលរួម ព្រោះលោកពូជាមិត្តជិតស្និទ្ធម្នាក់ប្រចាំគ្រួសារខ្ញុំ។

កាមេរ៉ារេកាណុងម្ដងឆ្វេងម្ដងស្ដាំ ពីទីមួយទៅទីមួយ។ ខ្ញុំផ្ដិតយកសកម្មភាពនិងមនុស្សម្នាម្ដងមួយៗ ស្រាប់តែរេមកចំនារីដែលខ្ញុំជួបមុននេះម្ដងទៀត។ ម្ដងនេះ គឺនាងកំពុងញញឹមផង សើចផងនិងសម្ដីរបស់លោកពូ។ ខ្ញុំក៏ថតនាងទុកជាអនុស្សាវរីយ៍ប៉ុន្មានប៉ុស្តិ៍ដែរ ព្រោះកូននេះញញឹមស្រស់គ្រាន់បើ។ ខ្ញុំមិនថតតែនាងទេ តែថតទាំងអស់ ហើយខ្ញុំថតជារបៀបលួចបាញ់ទៀតទើបបានជាអ៊ីចឹងនោះ។

ពេលវេលាក៏ចូលមកប្ដូរវេនតាមលំហូរជាបន្តបន្ទាប់។ ថ្ងៃត្រង់ក៏ចាប់ឈានចូលមកដល់បន្តិចម្ដងៗ ពិធីចងដៃក៏ចូលខ្លួនមកបន្តម្ដង។ ខ្ញុំឯណេះអង្គុយខាងក្រៅជជែកលេងនឹងបងៗ ព្រមទាំងមីងៗ ពូៗ នានាតាមការគួរ។ ជារឿយ ភក្ត្រដ៏មូលក្រឡង់ ស្នាមញញឹមដ៏ផូរផង់ ដែលហាក់ដូចជាមានទម្ងន់ខ្លាំងណាស់ តែងចោលពព្រាយពីចម្ងាយឲ្យខ្ញុំគន់។ ខ្ញុំហាក់ដូចជាចង់ដឹងថានាងជាអ្នកណាមែនទែន តែវាដូចជារញ៉េរញ៉ៃណាស់ ក្រែងចិត្តរបស់ខ្ញុំវាមិនស្ងប់ថានាងដូចមនុស្សដែលខ្ញុំស្គាល់ហើយ មិនបានស្គាល់នោះ តែនាងនេះដូចជាធាត់និងក្មេងជាង។ ទេ! មិនដឹងយ៉ាងម៉េចផង ព្រោះខ្ញុំមិនដែលជួបនារីម្នាក់នោះខាងក្រៅទេ ច្រឡំហើយ។ ខ្ញុំជជែកបន្លប់។

-អូ! កែវអត់ស្អាត…

-Yes, a bad one

ខ្ញុំឧស្សាហ៍ជជែកលេងសើចជាមួយពូខ្ញុំដែលមកពីបារាំងឈ្មោះJimmyណាស់។គាត់រួសរាយមែនទែនជាមួយខ្ញុំនិងបងប្អូននានា ទោះបីជាគាត់និយាយខ្មែរមិនច្បាស់ក៏ដោយ តែពីរោះម្យ៉ាងតាមសំនៀងខ្មែរបរទេស។ ខ្ញុំចូលចិត្តគាត់។

មេឃរៀងស្រទំគួរសមហើយ! រីឯពិធីក៏ចប់ដែរ ចំណែកភ្ញៀវក៏ទៅអស់ ព្រោះគេម្នាក់ៗក៏ចាប់ទៅទីសម្រាករៀងៗខ្លួន លើកលែងតែបងប្អូនមួយចំនួននិងខ្ញុំ។ មិនទៅណាទេ ព្រោះផ្លាស់ប្ដូរកម្មវិធីហើយ។ ដំបូងថាទៅវិញជាមួយប៉ាម៉ោងបួនល្ងាចនេះ មុនកម្មវិធីចាប់ផ្ដើម តែក្រោយមកក៏ផ្លាស់ថាទៅជាមួយអ៊ំវិញ។ ខ្ញុំក៏គេងលេងនៅផ្ទះពិធី និងជួយនេះជួយនោះរហូតដល់ល្ងាចបន្តិច ទើបប៉ាត្រឡប់ពីសណ្ឋាគារយកសំលៀកបំពាក់ផ្ទេរមកឲ្យ។

-២-

រាត្រីកាលក៏ចូលមកដល់ក្នុងបរិយាកាសដ៏អ៊ូអរនៃមនុស្សម្នាដ៏ច្រើនសន្ធឹក ខ្ញុំអង្គុយរួមតុជាមួយអ៊ំ ត្រូវញាំមុនហើយ ព្រោះទើបទទួលដំណឹងពីអ៊ំថាក្រុមគាត់ត្រូវចេញទៅភ្នំពេញល្ងាចនេះ ហើយគាត់ប្រាប់ថាត្រូវទៅជាមួយគាត់ព្រោះម៉ាក់ខ្ញុំឲ្យខ្ញុំទៅជាមួយគាត់។ ស្ដាយណាស់ ព្រោះខ្ញុំថាចង់នៅឆ្លងល្ងាចនេះ ដោយហេតុថា មិនងាយបានចូលរួម និងចង់ច្រៀងជាចំណងដៃជូនបងស្រីផង តែអ្វីៗគឺត្រូវផ្លាស់ប្ដូរអស់រលីង។

ខ្ញុំក៏ត្រៀមចិត្តចាកចេញទាំងអាល័យ។ ចំណែកម្ហូបក៏ប្ដូរវេនចេញមកជាបន្តបន្ទាប់តាមតុនានា។

(សំឡេងរោទ៍នៃទូរស័ព្ទ) ចាប់ញ័រឡើងក្នុងហោប៉ៅ។ ខ្ញុំដើរចេញទៅក្រៅ។

-អាឡូ! ម៉ាក់។

-អឺ! ម៉េចហើយកូន មនុស្សច្រើនទេ? សប្បាយទេ? ស្ដាប់ទៅ! ម៉ាក់ដូចជាសប្បាយចិត្តណាស់។

-បាទ! ម៉ាក់ច្រើនណាស់ សប្បាយណាស់… តែម៉ាក់! និយាយអ៊ីចឹងខ្ញុំត្រូវទៅវិញល្ងាចនេះ មែនឬម៉ាក់?

-កូនឯងមកជាមួយអ៊ំស្អែកព្រឹកមក។

-តែអ៊ំឥឡូវត្រូវទៅល្ងាចនេះវិញហើយ តិចទៀតពិសាអាហាររួច គាត់នឹងចាកចេញពីទីនេះ ហើយ។

-អ្ហា៎ក! អ៊ីចឹងចាំស្អែកព្រឹកទៅ នៅលេងនឹងសិនហើយ។ ចាំជិះមកជាមួយអ្នកណាវិញមក បងប្អូនម៉ាកកូកទេ។

-តែមានតែគេ ចេញមកម៉ោង៧។

-អត់អីទេ ជ្រុលជាយឺត យឺតតិចក៏មិនអីដែរ។

-អូ! អ៊ីចឹងក៏បានដែរ ចាំខ្ញុំសួរបងៗ

-អឺ! អ៊ីចឹងបានហើយណា ម៉ាក់រវល់ដែរ។

-បាទ! ម៉ាក់បានហើយអ៊ីចឹង។

សំណាងវិញហើយអ៊ីចឹងនោះ ខ្ញុំក៏យកដំណឹងនេះប្រាប់ទៅអ៊ំ តែមើលទៅអ៊ំហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេ។ មិនថ្វីទេ! យ៉ាងណាក៏ខ្ញុំត្រូវនៅដែរ ព្រោះធ្លាប់សន្យាថា ការគាត់ ខ្ញុំនឹងច្រៀងជូនសណ្ដាប់។

ដូច្នេះ រាងយប់បន្តិច ខ្ញុំក៏ចាប់ច្រៀងចម្រៀង។ កាលណោះ Nicole តារាល្បីដែលប្អូនជីដូនមួយខ្ញុំទាំងស្រីទាំងប្រុស ទន្ទឹងមើលផ្លូវក៏នៅទីនោះដែរ។ គេអ្នកល្បី គ្រាន់តែចូលមកគេសុំថតគ្រប់គ្នា។ គេឡើងច្រៀងតែ៣បទទេ។ ខ្ញុំឡើងច្រៀងបន្ទាប់គេ គឺបទរាត្រីជួបភ័ក្ត្រ និងបទ…

-បាទ! បន្ទាប់ពីបទនេះមក ភ្ញៀវកិត្តិយសយើងនឹងច្រៀងចម្រៀងចំនួនពីរបទ គឺបទ… បទអី?

-រាត្រីជួបភក្ត្រ។ ខ្ញុំស្រែកអមគ្នានឹងដៃអ័គ។

-បាទ! រាត្រីជួបភ័ក្ត្រ ហើយនិងបទ… បទអីទៀត?

-កុលាបរីកពីព្រឹកមិញ…។ ដៃអ័គស្រែកតែឯងទាំងខុស។

-កុលាបរីកពីព្រឹកមិញ…។ ពិធីនិយាយបាត់។

តាមពិតគឺបទ កុលាបខ្មែរអាកាសចរទេ។ ខូចឈ្មោះបទគេអស់។ ខ្ញុំក៏ចាប់ច្រៀងជាបន្តបន្ទាប់។ ស្ដាយណាស់ ដែលអ្នកភ្លេងមិនចេះបទ ស្ដាយដួងតារា ព្រោះបទនេះ ពណ៌នាពីការគន់នារីម្នាក់ពីចម្ងាយ។ មែនហើយ យប់នេះ កូនក្មេងម្នាក់ហ្នឹងស្អាតគ្រាន់បើ នាងពាក់រ៉ូបស្វាយ។ សូមហៅកូនហ្នឹងហើយ ព្រោះមើលទៅក្មេងទេ។ យូរៗម្ដង ខ្ញុំឃើញនាងងាកមកដែរ។ មើលប៉ះភ្នែកខ្ញុំតែញយទេ ឡើងខ្ញុំឯណេះទៅជាចង់អៀននាងវិញទៅហើយ។ ហាហ ហាហ!! ខ្ញុំនេះយ៉ាប់មែន តែគិតទៅ ជារឿងធម្មតាទេ ព្រោះខ្ញុំដឹងថាយុវវ័យតែងតែមានដួងចិត្តប្លែកៗបែបនេះ យូរទៅគង់តែភ្លេចគ្នាទេ។

ចប់ហើយ! បទដែលខ្ញុំច្រៀងអម្បាញ់មិញ។ ខ្ញុំមិនចូលចិត្តនិយាយពេលមុនច្រៀង និងពេលភ្លេងកំពុងប្រគំទេ ព្រោះនាំខូចអារម្មណ៍បទ។ ចប់ទើបនិយាយ គឺនិយាយផ្ញើជូនលោកយាយៗខ្ញុំ ដែលអង្គុយនៅតុទល់មុខឆាកប្រមាណ១០ទៅ២០ម៉ែត្រ ព្រោះពួកគាត់ដំបូងថាមិនអញ្ជើញមកទេ ព្រោះអស់កម្លាំងនិងហត់ណាស់ តែដល់តែឮថាខ្ញុំមកច្រៀង លោកយាយៗ ក៏អញ្ជើញមកជាកិត្តិយស។

ធ្វើតាមទម្លាប់ច្រៀងចប់គឺត្រូវតែរកកន្លែងគួរសមអង្គុយ ពុំនោះទេ ខ្ញុំនឹងខ្មាសគេរកមុខទុកលែងបានឥឡូវហើយ។ ខណៈនោះ ខ្ញុំក៏ដើរតម្រង់ទៅតុលោកយាយៗខ្ញុំ។ លោកយាយខ្ញុំ បានចំអន់ខ្ញុំមែនទែនថាច្រៀងពីរោះ ជាពិសេសលោកយាយដែលមកពីអាមេរិក។ គាត់ពុំមែនជាយាយបង្កើតរបស់ខ្ញុំទេ តែគាត់ជាអ្នកដែលមើលថែខ្ញុំពីក្មេងមក។ គាត់ស្រឡាញ់និងចូលចិត្តខ្ញុំដូចជាចៅបង្កើតរបស់គាត់អ៊ីចឹង។ ចុះមកដល់ភ្លាម គាត់ក៏មានប្រសាសន៍ទាំងទឹកមុខញញឹមពព្រាយថា៖

-នែកចៅ! ចៅច្រៀងពីរោះណាស់… នែក! ចាំថតទុកឲ្យយាយម៉ាឌីសមកណា៎ យាយយកទៅផ្ញើអាលីមនៅ។

-បាទ!! ចាំខ្ញុំធ្វើ… បើមានពេល។

ខ្ញុំញញឹមតបទាំងក្នុងចិត្តរៀងរអាតិចៗដែរ តែមិនសូវហ៊ាននិយាយអ្វីទេ។ ខ្ញុំសំណេះសំណាលល្មមតែបាត់ខ្មាសគេចប់ក៏ដើរទៅតុមីងៗ និងបងៗវិញ រួចនាំជជែកព្រោកប្រាជ្ញពីនេះពីនោះតាមការគួរធម្មតា។

យប់កាន់តែឈានចូលមែនទែនហើយ! កូនកំឡោះកូនក្រមុំ ក៏ត្រៀមខ្លួនរួចជាស្រេចចូលមកកាន់ចំណុចកណ្ដាលនៃពិធី គឺការថ្លែងអំណរគុណ។ មិនមានកាន់នំទេ តែមានការថ្លែងបែបនេះប៉ុណ្ណោះ។ ខ្ញុំគិតថានឹងចាំច្រៀងបទ ឯណាទៅឋានសួគ៌ ជូនបងទាំងពីរដូចបងៗមុនៗ តែមិនអ៊ីចឹងទេ ពួកគាត់ទាំងពីរមិនរាំផង។ ដូច្នេះ បន្ទាប់ពីកម្មវិធីថ្លែងអំណរគុណចប់ ខ្ញុំក៏តាំងបើកបទSlow មួយបទបន្ទាប់ពីបទ ឯណាទៅឋានសួគ៌របស់អ្នកចម្រៀងអាជីពគេ។ បទនោះគឺបទយប់១២កើត។ ស្រដៀងគ្នាដែរនឹងស្ថានភាពពេលនោះ។ នាងកញ្ញារ៉ូបស្វាយពេលនេះ ប្ដូរកន្លែងពីខាងក្រោយមកក្បែរឆាក ជិតវង់តន្ត្រីល្មម។ យប់១២កើត គឺពណ៌នាពីអារម្មណ៍ស្រមើស្រមៃរបស់កំឡោះ ម្នាក់និងមាណវី ដែលលួចមើលគ្នា និងស្រមៃបានរាំនឹងគ្នាប្រៀបបាននឹងប្ដីប្រពន្ធដែលទើបភ្ជាប់និស្ស័យហើយថ្មីៗ។ បងៗ មីងៗ ពូៗ អ៊ំៗ លើកកិត្តិយសឲ្យខ្ញុំហើយ គឺគាត់ឡើងរាំទាំងព្រម ទោះជាបទនោះរាងយឺតជាងបទនោះយ៉ាងណាក៏ដោយ។

យប់១២កើតចប់ រាំវង់៣បទរបស់ខ្ញុំសម្រាប់ចំណងដៃក៏មកបន្ត។ ខ្ញុំច្រៀងចប់ ក៏ចុះមកអង្គុយជិតពូ Jimmy និងអាទូ ដែលកំពុងអង្គុយមើលគេរាំ នៅក្បែរតុពិធី។ បទរាំចង្វាក់នានានៅតែបន្ត។ ខ្ញុំមិនឡើងរាំទេ ព្រោះពោះមិនសូវស្រួលសោះ។ មើលទៅត្រង់ចំទៀតហើយ។ ឱ! យ៉ាងម៉េចនេះ នាងបែរមើលមុខខ្ញុំរហូត។ មើលយូរៗ រឹតតែមានទទួលអារម្មណ៍ថាដូចហើយ។ ចម្រៀងបន្តចុះបន្តឡើង ខ្ញុំក៏តាំងបបួលអាទូឲ្យទាក់ទងទៅនាង។ អាទូនិងពូJimmyចោទថា ខ្ញុំស្រឡាញ់នាង តែតាមពិត គ្រាន់តែខ្ញុំចង់ស្គាល់តែ-ប៉ុណ្ណោះ។ មិនស្គាល់អ្វីសម្រាប់ទំនាក់ទំនងទេ តែស្គាល់រូបរាង មុខមាត់ សកម្មភាពដ៏ក្រមិចក្រមើម និងស្នាមញញឹមបែបធម្មជាតិរបស់នាង។ នាងឈ្មោះLiza។ អាទូនិងពូJimmy ស៊ើបទាល់តែបាន។

មកដល់ទ្វា បម្រុងចេញទៅផ្ទះ Lizaនិងម៉ាក់នាងគឺនៅទីនោះដែរ។ មេឃខណៈនោះ គឺកំពុងតែបង្អុរចុះមកក្នុងបរិយាកាសត្រជាក់បង្គួរ។ ទម្រាំតែដាច់ចិត្តហ៊ានសួរ ខ្ញុំត្រូវត្រាំក្នុងអារម្មណ៍អៀនឡើងប៉ុន្មានដង។ តាមពិត រឿងអីត្រូវអៀន តែក៏មកពីគេនោះជាមនុស្សមិនសូវនិយាយច្រើនដែរ នាងចូលចិត្តប្រើស្នាមញញឹមជាង ពាក្យវាចា។

-ឈ្មោះLizaមែនហ្នឹង? គ្រាន់តែឃើញ នាងបម្រុងនឹងចេញពីទីនោះ ស្រាប់តែខ្លួនរបស់ខ្ញុំស្ទុះចូលដោយឥតបានត្រៀមទុក ឡើងខ្មាសគេ។

-ចា៎ះ! នាងចា៎ះទាំងភ្ញាក់ផ្អើល ព្រោះភ្នែកបើកឡើងក្រឡង់។

-ខ្ញុំដូចជាធ្លាប់ស្គាល់។ ភ្ញាក់ផ្អើលទៀតហើយ។

-ធ្លាប់រៀនជាមួយគ្នាទេដឹង? ម៉ាក់របស់នាងឆ្លើយកាត់ ពេលកំពុងដើរចេញទៅ។

-តែ… នៅភ្នំពេញឬកំពង់សោម?

-អូ! អ៊ីចឹងប្រហែលជាច្រឡំហើយ ព្រោះនៅភ្នំពេញទេ។ នាងឆ្លើយបណ្ដើរដើរចេញទៅបណ្ដើរ ធ្វើឲ្យខ្ញុំខ្មាសញាតិទាំងអស់ រលីង។

-អូ! ព្រោះខ្ញុំជាអ្នកភ្នំពេញដែរតើ!! ខ្ញុំឆ្លើយនេះ ប្រហែលនាងមិនបានស្ដាប់ទេ។ យ៉ាប់មែន ពិតជាមិនយល់ពីសុជីវធម៌សោះ។ ខ្ញុំនិយាយនាងដើរបែបនេះអ៊ីចឹង។

អាទូមើលមុខខ្ញុំ សួរខ្ញុំដដែលៗថាយ៉ាងម៉េចហើយ។ ខ្ញុំចេះតែពង្វាងរួចនិយាយលេងនឹងពូJimmyរួមទាំងបងៗទៀត។ ខ្ញុំអៀននឹងខ្លួនឯងណាស់ ហើយទទួលអារម្មណ៍ថាខ្លួនឯង មិនបានរាក់ទាក់គេជារបៀបមិត្តភ័ក្ដិទេ បើគេដើរចេញទៅរបៀបនេះនោះ គឺទៅជារបៀបញ៉ែ ដែលជាទង្វើមិនមានសុជីវធម៌របស់អារម្មណ៍យុវវ័យហើយ។

ខ្ញុំលែងខ្វល់ហើយ មាននិស្ស័យយើងជួបគ្នានៅភ្នំពេញជាមិត្តតាមហ្នឹងចុះ!!!!

ក្រុង​ព្រះសីហនុ, ថ្ងៃ​សុក្រ ទី១៨ ឆ្នាំ​២០១១

Photo by Uncle. Pov

Photo by Uncle. Pov

 

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s