ថ្ងៃជួបជុំនៅផ្ទះអ្នកគ្រូ ប៊ិច សង្វារវ៉ាន

ស្តង់ដារ

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១១ ត្រូវនឹងថ្ងៃអាទិត្យ បងផល ខ្ញុំ បងសីហា ឧត្ដម បងជំនោរ បងសំណាងទាំងពីរ មិត្តភក្តិបងសីហា និង អ្នកគ្រូ អ៊ុំ សុផានី បានជួបជុំគ្នាធ្វើម្ហូប សំណេះសំណាល ពិសារម្ហូប និងទស្សនាខ្សែភាពយន្តដ៏​អស្ចារ្យ​មួយ​ចំណងជើង​ថា«ជើងមេឃថ្មី»។

ចំណោមក្រុមទាំងអស់ ខ្ញុំក្មេងជាងគេ តែខ្ញុំរីករាយណាស់។ អ្វីដែលរីករាយជាងគេ គឺកម្មវិធីជាបន្តបន្ទាប់ក្នុងភាពកក់ក្ដៅទាំងនោះហើយ។

ចំណេះដឹងថ្មីៗ ជីវិតដ៏ផ្អែមល្ហែម បានឆ្លងកាត់ស្ទើរពេញមួយថ្ងៃនៅផ្ទះអ្នកគ្រូ។ ខ្ញុំមិនដឹងថាត្រូវពណ៌នាបែបណា ទើបសមនឹងស្ថានភាពដ៏គួរឲ្យចងចាំនោះទេ។ តើស្ថានភាពបែបនេះ នឹងវិលមកវិញថ្ងៃណា?

និយាយតាមត្រង់ចុះ អ្វីដែលធ្វើឲ្យខ្ញុំប្លែក គឺទីកន្លែង ទេសភាព ភាពស្និទ្ធិស្នាល និងពិសេសជីវិតស្នេហារបស់ក្រុមគ្រួសារនៃអ្នកគ្រូទាំងពីរ។

ខ្ញុំទៅទីនោះលើកណា ក៏មិនដែលមានអារម្មណ៍ថាខ្លួនខ្ញុំកំពុងរស់នៅក្នុងក្រុងភ្នំពេញ​ដែរ ដួងចិត្តរបស់ខ្ញុំតែងតែខ្សិបប្រាប់ខ្លួនឯងថា ខ្ញុំកំពុងរស់នៅស្រុកបារាំងនារដូវមួយ។ រដូវដែលពោរពេញដោយការជួបជុំ ពិបាកនឹងពន្យល់ប្រាប់ថាជារដូវណាមួយណាស់ ព្រោះតាមពិត ខ្ញុំពុំធ្លាប់រស់នៅស្រុកបារាំងផង។ 🙂 ក្នុងផ្ទះមួយថ្ងៃនោះ ខ្ញុំហាក់ទទួលបានភាពកក់ក្ដៅណាស់។ ខ្ញុំមិនដឹងថាបងៗទាំងអស់ មានអារម្មណ៍ដូចជាខ្ញុំឬអត់នោះទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំប្រៀបដូចជាកូនប្រុសអ្នកគ្រូ ម្នាក់អ៊ីចឹង។ នេះតាមមើលប្រហែលមកពី មនោសញ្ចេតនា ដែលខ្ញុំទទួលបាន ពីការពណ៌នារបស់អ្នកមីង ពេលធ្វើម្ហូបបារាំងនោះហើយ។ 🙂

ពេលម្ហូបបានរៀបចំត្រៀបត្រា នៅលើតុឈើមួយដ៏ប្រណិត បងៗ ព្រមទាំងលោកពូ និងអ្នកមីងទាំងអស់ បានចូលរួម សំណេះសំណាល ថតរូប និងពិសារជុំគ្នា។ ខណៈពេលដែលពិសារជុំគ្នា រឿងដែលខ្ញុំតែងតែចាប់អារម្មណ៍នោះ គឺជិវិតស្នេហាដ៏ផ្អែមល្អែមរវាងគ្រួសាររបស់អ្នកមីងទាំងពីរ។ ស្នេហាដំបូងដែលឋិតឋេរ ជាគូរជីវិតដ៏រីករាយតាំងពីមុនរៀបការរហូតដល់វ័យចំណាស់។ ភាសាថ្នាក់ថ្នម ប្រលោមចិត្តរបស់ជីវភាពនៃគូស្នេហ៍ប្លែកអាយុគ្នា។ តើជិវិតបែបនេះ ពិតជាមានខ្លឹមសារសម្រាប់ជីវិតយុវវ័យដូចខ្ញុំណាស់មែនទេ ទើបបានជាខ្ញុំតែង រីករាយ និងតែងប្រាថ្នាចង់យកគំរូតាមក្នុងចិត្តឥតដាច់សូរដូចនេះ?

មែនហើយ ស្ដាយណាស់ ដែលខ្ញុំពុំបាននៅដល់ចប់ដូចបងៗ ព្រោះអាល័យតែមានកម្មវិធីបន្តបន្ទាប់។ ខ្ញុំគ្មានអ្វីជាអនុស្សាវរីយ៍មុនពេលអ្នកគ្រូ នឹងត្រូវចាកចេញក្នុងពេលដ៏ខ្លីនាពេលខាងមុខទៅស្រុកបារាំង ក្រៅពីស៊ីឌីចម្រៀង ដែលខ្ញុំច្រៀងប៉ុន្មានបទនេះទេ។

ខ្ញុំលាចេញពីអ្នកគ្រូនៅពេលនោះ នឹងប្រហែលជាមិនដឹងថ្ងៃណា មានឱកាសជួប គាត់ទាំងពីរជាថ្មីនោះទេ។ ខ្ញុំបានចាកចេញពីទីនោះ ទាំងខ្សែភាពយន្តដែលខ្ញុំកំពុងជក់ចិត្តចំណងជើងថា «ជើងមេឃថ្មី» របស់អ្នកគ្រូ កំពុងតែដំណើរឡើង ប្រៀបដូចជា ការផ្ដាច់ចិត្តពីភាពស្និទ្ធិស្នាល រវាងខ្ញុំនិងអ្នកមីងទាំងអាល័យដូច្នោះដែរ។

អនុស្សាវរីយ៍ដ៏សម្បូរបែបរយៈពេលមួយថ្ងៃនោះ ហាក់បានធ្វើឲ្យខ្ញុំដិតដាមក្នុងអារម្មណ៍ពុំភ្លេចសោះ ប្រៀបដូចជារូបថតដែលផ្ដិតនៅលើផ្ទាំងសីលា ដែលមិនងាយរលប់រាប់លានឆ្នាំដូច្នោះដែរ។

អនុស្សាវរីយ៍ដ៏សម្បូរបែបរយៈពេលមួយថ្ងៃនោះ ហាក់បានធ្វើឲ្យជីវិតមនោសញ្ចេតនារបស់ខ្ញុំប្រាថ្នាឡើង ក្នុងភាពជឿជាក់ដោយដួងចិត្តចាប់ចង់បាននូវភាពកក់ក្ដៅ និងភាពស្មោះស្ម័គ្រជឿជាក់រវាងគ្នានឹងគ្នាក្នងជីវិតស្នេហា នាពេលអនាគតដែលមើលពុំឃើញ។ សង្ឃឹមថាជីវិតខ្ញុំបានដូចជា ភាសាផ្អែមល្ហែមដែលពណ៌នារបស់អ្នកមីងទាំងពីរនៅពេលនោះ នាថ្ងៃណាមួយចុះ។

ជាទីអវសាន្តនៃសំណេររំលឹកដល់ថ្ងៃជួបជុំនៃផ្ទះអ្នកគ្រូ ខ្ញុំសូមអភ័យទោសពីចម្ងាយរាល់ពាក្យពេចន៍ ស្ដីវាចា ណាមិនសមគួរ ឬធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តអ្នកគ្រូ ក៏ដូចជាបងៗផងទៅចុះ។ពិតនេះមកពីខ្លួនខ្ញុំជាយុវជន កំពុងតែក្រេបរសជាតិជីវិតដែលត្រូវការភាសាទូន្មានច្រើន​សម្រាប់ជាកេរ្តិ៍។

បើសិនជាអ្នកមីង ឬបងៗបានមើលអត្ថបទនេះហើយ សូមអភ័យទោសផងទៅចុះ។ សូមឲ្យក្ដីរីករាយទាំងនេះនៅតែឋិតឋេរក្នុងភាពចងចាំនៃពេលវេលាផងទៅចុះ។

ទឹកថ្លា, ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១១

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s