រឿងខ្លី៖ ពិភពស្នេហ៍ខ្ញុំនិងអ្នក

ស្តង់ដារ

ជួនកាលមនុស្សកំពុងកុហកខ្លួនឯងវង្វេងវង្វាន់រកមួយណាពិតពុំត្រូវនោះទេ។ ពិតក៏ដូចជាមិនពិត។ កំពុងតែយល់សប្តិ ក៏ស្រាប់តែភ្ញាក់ពីការយល់សប្តិវិញ គឺជាភាពពិត។ លុះមនុស្សគេងលក់ទៅវិញ ក៏គិតថាពេលគេងទៅនោះ គឺជាការពិតទៅវិញ។ ផ្ទូយមកវិញ បើមនុស្សអាចតែងនិពន្ធរឿងយល់សប្តិរបស់ខ្លួនឯងបាន នោះមនុស្សនឹងដឹងថាមួយណាពិតមួយណាមិនពិត។បើពិតអ៊ីចឹងមែនទៀតនោះ មនុស្សនឹងស្វែងរកពិភពមួយដែលល្អឥតខ្ចោះមកកៀកកើយក្នុងអន្លង់នៃភាពទុក្ខសោកជាក់ជាមិនខាន។

ក្ដីស្រម៉ៃរបស់មនុស្ស គឺជាស្រមោលនៃពិភពអារម្មណ៍ដែលគ្មានពណ៌ គ្មានក្លិន គ្មានរូប គ្មានរាង និងគ្មានទាំងដែនកំណត់ថែមទៀតផង។ គ្មានក៏ដូចជាមាន។ ប៉ុន្តែអារម្មណ៍ដែលគ្មានដែនកំណត់ទាំងនោះ មានវិសាលភាពមហិច្ចតាធំធេងខ្លាំងណាស់ ធំធេងសឹងតែលើសពីការស្រម៉ៃទៀតក៏មាន។ ជួនកាល មនុស្សនៅមួយកន្លែងសោះ វិសាលភាពនៃដួងចិត្ត បែរចាត់ឲ្យអារម្មណ៍គ្មានដែនកំណត់នោះ ហោះឆ្ពោះទៅកាន់ភពមួយដែលមនុស្សទាំងផងទៅមិនដល់។

ដួងចិត្តដែលនិមិត្តឡើងនូវក្លិនផ្កាដ៏ក្រអូប បានសាយភាយព័ទ្ធដួងចិត្តឲ្យនាសាដែលគ្មានក្លិនច្បាស់លាស់ងាយឈ្លក់វង្វេង ជាមួយនឹងសំឡេងដ៏ស្រទន់នៃមន្តតន្ត្រីសួគ៌ា ប្រដេញគ្នាពាសពេញព្រៃ ដែលមានរុក្ខជាតិ ពណ៌ខៀវខ្ចី ក្បែជើងភ្នំ នាមាត់អូរមួយដែលមានទឹកថ្លាឆ្វង់។

ស្រមោលស្ទង់នៃសត្វត្រី កំពុងតែហែលត្រសង ប្រដេញគ្នា ហាក់រីករាយនឹងជីវិតស្រស់ត្រកាល នាពេលល្ងាច ដ៏ស្រទន់នេះណាស់។ កង្កែបមួយគូៗអង្គុយទុំលើស្លឹកឈូក ញញឹមសាសងគ្នា គ្មានគិតក្រែងដល់ គូរនៃបក្សីដែលកំពុងច្រៀងលេងនឹងគ្នា ដោយគ្មានទុក្ខព្រួយរេច្របល់នៅក្នុងចិត្ត ឰដ៏ឯចុងមែក កំពុងរោយស្លឹក ត្រៀមចាំរដូវថ្មី។ ស្រមោលថ្លាៗចាំងឆ្លុះ រលេញៗប្រដេញតាមចង្វាក់នៃរលកទឹក ដោយសារតែវាយោលបកផាត់ចុះមកល្វើយៗ បានលាបពណ៌ផ្ទៃទឹកឲ្យស្រស់អនេក។

វ័យរបស់មេឃខណៈនេះ ជិតរលត់ផុតពីផែនដីទៅហើយ តែក៏នៅអាចចែងឆ្លុះដ៏ផ្ទៃទឹកអូរ មួយដ៏សែនឆ្ងាយ ឲ្យមានពន្លឺចាំងភ្លេកៗ ស្រស់ឥតបី។ ក្នុងអូរ រលកបក់ជារង្វង់ អមជាមួយនឹងមុខមាត់របស់ខ្ញុំ ដែលសព្វថ្ងៃ រស់សែនអភ័ព្ទលើផែនដីតែឯង រង់ចាំទឹកសង្សើម ដែលសន្យានារដូវមុនមកប្រោះព្រំ។

ដុំសីលាដែលខ្ញុំតែងអង្គុយ មើលថ្ងៃលិចរៀងរាល់ល្ងាចនោះ ក៏ហាក់មិនអាសូរដល់​រូបខ្ញុំដែរ ព្រោះធម្មជាតិបានប្រតិដ្ឋឡើងនូវតំណដុំសីលាស្របាលគ្នាមួយ ឱ្យដុះអម គ្រាន់សាសងគ្នា ជាគូស្នេហ៍ដ៏ឋិតឋេរ នាឋានដ៏សៅហ្មងមួយនេះ។

រាល់ល្ងាច សត្វចាបហើរទាំងហ្វូងៗ ចាក់ចូលជាទេសភាព ដំណាលគ្នានឹងពន្លឺ ដែលរូហាននឹងមុខមាត់របស់ព្រះអាទិត្យពេលហៀបអស្ដង្គតឈានចូលស្បៃរាត្រី ដ៏សោកសៅអ៊ីចឹង។ មើលទៅ ឥឡូវនេះ គេហាក់កំពុងញញឹមមកខ្ញុំ ទាំងសោះកក្រោះ។ សោះកក្រោះអី អ្នកមានច័ន្ទមកជំនួសអ្នកដែរទេតើ។ ចុះខ្ញុំ? ខ្ញុំបានត្រឹមតែរស់នៅក្នុងនៃភាពអន្លក់ឯកា រកសភាពច្បាស់លាស់មកជំនួសមិនត្រូវ។ រហូតពេលខ្លះក៏វង្វេងនឹងសេចក្ដីអស្ចារ្យដែលសត្វលោកគ្រប់រូប កំពុងមានវាក្នុងពេលនេះទៅទៀតដោយឥតដឹងថា អាត្មាកំពុងតែមានរឿង មន្ទិល ពិបាករកថ្លែងប្រាប់អ្នកណាបានទៅទៀត។

ជិត៥ឆ្នាំមកហើយ ទីនេះនៅតែដដែរ ក៏គឺដដែរត្រង់ថា អ្វីៗទាំងឡាយសុទ្ធតែមានគូ។ គូតែគេ ខុសតែខ្ញុំ។ ខ្ញុំកាន់តែទទួលអារម្មណ៍ថាកំព្រាទៅ… កំព្រាទៅ ច្បាស់ក្រឡែតហើយ។ រស្មីដួងចិត្តដែលរង់ចាំសេចក្ដីប្រោះព្រុំពីនារីក្នុងក្ដីស្រម៉ៃ នៃភាពស្រម៉ៃនាពេលនេះ ប្រៀបដូចជារុក្ខជាតិខៀវខ្ចី ដែលកំពុងត្រូវការព្រះច័ន្ទ្រាមកជួយបំភ្លឺដូច្នេះដែរ។

សំឡេងដ៏ស្រទន់នៃសត្វចង្រឹតក៏ចាប់ ស្រែកលាន់ទ្ល្រហឹង ឡើងជាមួយនឹងវាយោលធម្មជាតិ ដើម្បីបំពេរអារម្មណ៍បុរសឯកា ដូចជារូបខ្ញុំនេះ ឲ្យគេចពីសេចក្ដីវេទនាក្នុងភាពពិតមួយគ្រា។

ឱ! ចង្រិតអើយ ភាសាអ្នកខ្ញុំស្ដាប់ពុំយល់ឡើយ តែពេលនេះ វាបែរជាមកបណ្ដាលចិត្តឲ្យលង់ក្នុងមន្តអារម្មណ៍តែម្នាក់ឯង ទាំងខ្លោចចិត្ត អាណិតដលគូកំណាន់ដែល ទើបតែស្គាល់គ្នាថ្មីថ្មោង ក្រោយព្យុះងងឹតបោកបក់ ជីវិតឲ្យទើលើកោះដ៏ចំបែងយូរមកហើយនោះ។

ប្លែកហើយ! សំឡេងចង្រិតដ៏ស្រទន់នេះអាចជានារីក្នុងក្ដីស្រម៉ៃ ច្នៃអារម្មណ៍ម្នាក់បានឬទេ? តើចង្រិតថ្ងៃនេះ ម៉េចក៏មានសំឡេងស្រួយស្រេះដូចជាសារិកាទៅវិញ?

សោតាឮច្បាស់ហើយ ថានារីសួគ៌ាក្នុងចិត្តខ្ញុំ ដែលទេព្ដានិមិត្តម្ដងទៀតមក ក្នុងស្ថានភាព កំពុងតែអង្គុយលើផ្ទាំងសីលា ស្រក់ទឹកនេត្រា តែឯង ឯកាលើផ្ទាំងថ្ម មួយគូក្នុងចិន្ដារបស់វេលាជ្រសនៃថ្ងៃ ដែលកំពុងរៀបខ្លួនកាន់តែជិតដល់នាទីត្រុវលា ពីដែនដីកម្សត់ក្នុងពេលដល់ខ្លី។

ភ្នែករបស់ខ្ញុំឃើញជាក់ក្នុងចិត្ត បែរជាមានអារម្មណ៍ថានារីដួងចិត្ត កាន់តែគួរឲ្យអាណិតណាស់ អាណិតរហូតបាត់បង់អស់រលីងនូវសេចក្ដីត្រេកត្រអាល ដែលខ្លួនប៉ង។ ទឹកភ្នែកកូនប្រុសក៏ចាប់ស្រក់ចុះមកដំណាលនឹងភ្លៀងរលឹម សស្រិចធ្លាក់ក្នុងគ្រា អរុណោទ័យ ប្លែកពីធម្មតា។

ធ្មេញរបស់នារីកម្សត់សំណព្វចិត្តចាប់ញ័ររណ្ដំ គួរឲ្យអាសូរ។ កម្លាំងបង្សាបចិត្តម្យ៉ាង ហាក់ប្រោះព្រំដួងចិត្តនៃជើងទាំងសង ទាំងរូបកាយដែលស្វិតស្រពោនមួយនេះ ឲ្យដើរឆ្ពោះហួសទៅជិតនារីបណ្ដូលចិត្ត បន្តិចម្ដងៗដោយពុំដឹងខ្លួនសោះ។ ពុំដឹងខ្លួនរហូត ដោះអាវពីខ្លួនឯងចេញមកដណ្ដប់លើប្រាណនាងដោយ មនោរម្យនៃភាពកក់ក្ដៅ។

យើងធ្លាប់ជួបគ្នារួចហើយ គឺធ្លាប់ជួបក្នុងក្ដីសុបិន។ ក្ដីសុបិននៃដួងចិត្តជាប់ចំណង។ ចំណងដែលធ្លាប់មានគេបំបែកហើយ។

– អូនក្ដៅខ្លួនណាស់! ចាំបងឱបអូនឲ្យបាត់រងារ។

ទឹកភ្នែករបស់នាង ធ្លាក់មកក្នុងសភាពក្ដៅអ៊ុនប៉ះនឹងស្មាខ្ញុំ។ សក់រលោង វែងប៉ប្រះស្មារ បានបោកបក់ត្រូវខ្យល់ឲ្យរវើរវាយ មកប៉ះនឹងផ្ទៃមុខខ្ញុំ ជាមួយនឹងក្លិនម្លិះដ៏ក្រអូប ក្រអូបឥតឧបមា។

– សូមឲ្យក្ដីសុបិននាពេលនេះ បានឋិតឋេរផងទៅចុះ។

– មែនហើយពៅសំណព្វចិត្តបង។

ពេលខ្លះ បើការពិតគឺជាឧបសគ្គដែលដោះស្រាយពុំរួច គឺមានតែក្ដីសុបិននោះទេ ដែលអាចជួយឲ្យមនុស្សពីរនាក់អាចជួបគ្នាជាគូរបាន។ សូឲ្យសុបិននេះ កាន់តែអូសបន្លាយពេលវេលាជួបគ្នាយើងឲ្យឋិតឋេរ ដោយផ្លាស់ប្ដូរ ការពិតជាក្ដីសុបិននាពេលនេះវិញ។

– អូនគេងលើស្មារបងមក។ បងសន្យាថា ទោះបីជាគ្រួសារអូនមិនព្រមឲ្យពួកយើងជួបគ្នាជាគូ ឬទោះបីជា យើងត្រូវចាំពេលវេលាដែលមានអង្វែងកាលយូរប៉ុណ្ណាក្នុងការខ្លាចជាគូក៏ដោយ ក៏បងនឹងនៅជិតអូនជានិច្ច គឺ យើងនៅជិតគ្នាក្នុងពិភពស្រម៉ៃដែលមានតែយើងពីនាក់។

– ចា៎បង!

ទឹកភ្នែករណ្ដំនៃគូរស្រករខ្ញុំ យល់ចិត្តខ្ញុំណាស់។ រឿងរ៉ាវជាច្រើនក្នុងជីវិតយើងទាំងពីរ គ្រាន់តែជាឧបសគ្គមួយអន្លើ ដែលទៀមទារឲ្យពួកយើងត្រូវដោះស្រាយប៉ុណ្ណោះ។ ទោះបីជា មានមនុស្សចិត្តមារ​ ចង់មកដាក់គុក ឬ ដាក់ច្រវាក់ពួកយើងឲ្យនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ក៏ដួងចិត្តរបស់យើងនៅតែមានពិភពនៃយើងទាំងពីរនេះជាកម្លាំងចិត្តដ៏មហិមានេះ មកជំនួសដែរ។

គុកដាក់យើងបានតែរូបកាយនោះទេ តែចិត្តរបស់យើងនៅមានសេរីភាពមិនបាត់បង់ឡើយ។

ទេសភាពនៃរាត្រីកាលក៏ ឈានជំហាន ចូលមកដល់! រាត្រីនេះមានដួងតារាតែពីរដួងរះចោមច័ន្ត្រាប៉ុណ្ណោះ។ ពន្លឺដ៏ស្រទន់អើយ អ្នកចោលភ័ក្ត្រមូលក្រឡង់របស់អ្នក មកផែនដី ប្រៀបដូចជាគូស្នេហ៍មួយគូរនៃខ្ញុំ កំពុងតែនៅនែបនិត្យគ្នា លើដុំសីលាមួយគូ ក្បែរភ្លើងរងើក ជាមួយនឹងខ្យល់បក់រំភើយ ត្រជាក់ស្រេប ស្ពឹកដៃស្ពឹកជើង តែកក់ក្ដៅ អមព្រមនឹងសំឡេង ចង្រិត ដែលស្រែកបន្ទរឲ្យពរ ឱ្យជ័យដល់គូស្នេហ៍ថ្មោងថ្មីនៃយើង ឲ្យ រស់នៅក្នុងទីដ៏សុខសាន្តនៃពិភពស្នេហ៍អូននិងបងថ្មីមួយនេះ។

រឿងនិទានមួយ ដែលគ្មានទិសដៅនឹងអាចរកន័យបញ្ចប់បានយ៉ាងងាយបើយើងចេះយល់ចិត្តគ្នា គ្រប់កាលៈទេសៈ។

ពីពេលនេះរហូតទៅ យើងអាចស្វែងរកដែនកំណត់ឲ្យយល់សប្តិរយៈពេលវែងបាន ក៏ដោយសារភាពយល់ចិត្តគ្នា ស្មោះស្ម័គ្រនឹងគ្នា ជឿទុកចិត្តគ្នា មិនក្បត់គ្នា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ សូមអូនថែរក្សាវាទុកក្នុងចិត្តអូន ជារៀងរហូត។ បងនឹងថែវាដូចគ្នា លុះត្រាតែពិភពស្នេហ៍មួយនេះ ក្លាយជាពិភពពិតដែលមានតែយើងពីរនាក់រស់នៅ ក្នុងសុភមង្គល ដែលគ្មានទុក្ខសោក គ្មានការឈឺចាប់ រស់នៅប្រកបដោយភាពសុខសាន្ត។

និពន្ធដោយ បញ្ញា

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s