Category Archives: នាទីប្រលោមលោក

អាទិត្យសម្ដែង

ស្តង់ដារ

មិនបានក្បោះក្បាយទេ តែខ្ញុំបានចងចាំព្រឹត្តិការណ៍ទាំងឡាយជាសង្ខេបមួយចំនួន​ប៉ុណ្ណោះ។ អាទិត្យសម្ដែង គឺជាអាទិត្យដែលមមាញឹកទៀតហើយក្នុងជីវិតខ្ញុំ ខ្ញុំបានជួបរឿងជាច្រើនស្ទើរពេញមួយថ្ងៃនោះ…

៤ទាបភ្លឺ ថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១១

តាំងពីក្បាលព្រលប់រហូតមកដល់ព្រឹកថ្មើណេះ ខ្ញុំគ្មានធ្មេចបានមួយស្រឡេតទេ។ ក្នុងចិត្ត ចេះតែនៅជាប់នឹងឆាកតន្ត្រីជានិច្ច។ ក្នុងពោះខ្ញុំ ចេះតែបុកស្រឺតៗ ពេលខ្លះ សឹងដកដង្ហើម ពុំស្មើគ្នា។ ជួនក៏ដូចជាក្ដៅខ្លួនយ៉ាងម៉េចទេ ទៅជា ស្រៀវស្រាញ!!!

អង្គុយលើតុ ចាំញាំបាយពេកព្រឹក កម្លាំងខ្ញុំអស់រលីង ហើយថែមទាំងស្អកទៀត។ ខ្ញុំដើរមួយៗ និយាយមួយៗទេ គឺអស់កម្លាំងពេក ដ្បិតមិនបានគេងស្រួលពីម្សិល។ ដល់វេទិការឆាក ក្រុមកំពង់ចាម ក្រុមកោះកុង គេនៅទីនោះជាស្រេច។ ក្នុងស្ទូឌីយូនោះ រងារណាស់ ព្រឹកអ៊ីចឹង ម៉ាស៊ីន ត្រជាក់នៅបើកឡើងកប់ទៀត។

ស្ទូឌីយ៉ូនេះ ធំល្មមទេ បើធៀបនឹងស្ទូឌីយ៉ូ បាយ័ន ដែលខ្ញុំធ្វើការ ទីនេះតូចណាស់។ ខ្ពស់ជាងដីរៀបបន្តិច វេទិកានេះ រៀបស្រដៀង នឹងឆាកកម្មវិធីនេះមិនមែនជាសុបិន របស់ខ្ញុំដែរ​ គ្រាន់តែគេវាយភ្លើងពណ៌មក រៀងស្រគត់ស្រគុំ។ បំពង់ម៉ាស៊ីន ត្រជាក់ ដែលដាក់ចម្រឹងចាប់ភ្ជាប់តៗគ្នា ជាដំណាក់ៗ ដោយមានជណ្ដើរដែករៀបស្មើ សម្រាប់ ជាការងាយស្រួលដល់វិស្វករភ្លើង គេធ្វើផងនោះ កៀនខាងក្រោម និងក្រោយគេ គឺជាកន្លែងសម្រាប់រៀបចំប្រព័ន្ធសំឡេង ទូទៅក្នុង កម្មវិធី។ ទីនោះ មានមនុស្សពីរទៅបីនាក់ចាំមើលការ សាកល្បងសំឡេងជាមួយក្រុម ដែលមកពីខេត្តចំនួនពីរក្រុមនោះ។ មនុស្សម្នាទូទៅ គេមកអង្គុយមើលការសម នៅកៅអីជ័រខាងដើមក្បែរប្រព័ន្ធសំឡេង។

ម៉ាស៊ីនត្រជាក់ សុខភាពក៏ទន់ ខ្ញុំរិតតែភ័យអរម្ដងៗ តែសំឡេងនៅតែមិនទាន់ប្រើការ បានស្រួលបួលសោះ។ ខ្ញុំខំញុំាំទឹកសុទ្ធពីរបីដប ដើម្បីបង្ការការរលាកបំពងក។

«ភ្នំពេញ មកដល់អស់នៅ?? ភ្នំពេញ!!!» លោកអ្នកចាត់ចែងទូទៅ បានប្រកាសដាក់មេក្រូ មកកាន់ក្រុមខ្ញុំ ដោយកាលណោះ បងលាភ និងមិត្តភក្តិពីរបីអ្នករបស់គាត់ បានលើក Piano digital មកដល់ឆាកហើយ។

«នៅទេ លោកពូ!! .. អឺ.. ក្រុមខ្ញុំ កំពុងជាប់រវល់ បន្តិចទៀតទើបមកដល់!» ខ្ញុំតបទៅគាត់វិញទាំងញញឹមធម្មតា។

«ឆាប់តិចមក ព្រោះមួយក្រុមសមតែពីរបទទេ» លោកតបមកវិញ។

ក្នុងចិត្តខ្ញុំចាប់វន្ទាហៅពួកគេហើយ ដូច្នេះ ខ្ញុំក៏ចាប់លើកទូរស័ព្ទហៅទៅពួកគាត់ និងអ្នកខ្លះថាកំពុងជិះតាមផ្លូវហើយ។ បងភា អ្នកចម្រៀងដៃគូនឹងខ្ញុំ បានមកដល់មុនគេ។​មកដល់ ខ្ញុំសំណេះសំណាលបន្តិច។

កណ្ដាលមនុស្សដែលមកមើលការសមនាព្រឹកនេះ ភាគច្រើន គឺមកពីកំពង់ចាម។ អ្នកកោះកុង ខ្ញុំពុំសូវជួបនោះទេ។ បងភានិងខ្ញុំអង្គុយក្បែរគ្នា មើលក្រុមគេសមបណ្ដើរ ដៃកាន់ទូរស័ព្ទនិយាយខ្វាត់ខ្វែងបណ្ដើរ។ មួយសន្ទុះក្រោយមក បងណា និង បងសំណាង ក៏មកដល់ ប៉ុន្តែមុនគាត់មកដល់ ខ្ញុំបានត្រូវលោកចាត់ចែងទូទៅបាញ់ពាក្យសម្ដីឡើងហុយដីទៅហើយ តែខ្ញុំនៅតែអាចរងបាន ព្រោះយល់ថា នេះជាការងារ។ ណាមកពីពួកយើងខុសមែន។

យឺតបន្តិច បងយ៉ា និងបងអៀបក៏មកដល់បន្ទាប់។ មុនគាត់មកដល់ គឺដូចគ្នា លោកចាត់ចែងបាន ប្រកាសម្ដងទៀត តែខ្ញុំចេញមុខរ៉ាប់រងញយដែរ។

ប្រកាសថាឲ្យពីការយឺតយ៉ាវខ្ញុំម្ដងទៀត ខ្ញុំក៏ព្យាយាមបង្វែងអារម្មណ៍លោក ដោយរៀបចំក្រុមទៅ រៀបចំឧបករណ៍សម្រាប់សម។ ជាបណ្ដើរៗ លោកក៏ប្រកាស ពីលក្ខខណ្ឌ័នានា និងវិធីសាស្ត្រខ្លះៗចំពោះក្រុមខេត្តទាំងពីរដែលបានសមចប់​ទៅហើយ ខ្ញុំពុំបានរវល់ទេ តែសឲត្រចៀកស្ដាប់ដឹងរឿងដែលធ្លាប់ដឹងហើយ។ យូរគួរសម បងលាភ , វិថី , បងផានិត និងប្រុសម្នាក់ទៀតក៏មកដល់បន្តបន្ទាប់។

ទម្រាំតែអាចរៀបចំក្រុមបានស្រួលបួល ម៉ោងជិតដប់ទៅហើយ ទើបពួកយើងបានសម ពីរបទទៀត ដោយក្នុងនោះយើងសម បទ អនុស្សាច្បារអំពៅ និងបទ ទន្លេស្នេហ៍ប្រែពណ៌។ យើងសមពីការដើរឆាក សំពះ សម្ដែង ញញឹម និងទូទៅ ជាមួយពិធីករ។ សំឡេងខ្ញុំនៅតែស្អកអ៊ីចឹង តែអាចស្ដាប់បាន។

ជាបន្តបន្ទាប់ លោកពិធីករបានប្រកាសតាមលំហូ នៃបែបបទកម្មវិធីរហូតដល់ចប់ នៅម៉ោងប្រហែលជិត១២ថ្ងៃត្រង់។ រួចរាល់ ពួកយើងក៏បំបែកគ្នា ដោយធ្វើតាមគំរោង ពីយប់ដែឡបាននិយាយគ្នាទុក។

ដល់ផ្ទះ ខ្ញុំអស់កម្លាំងល្ហិតល្ហៃ ក៏ឆ្លៀតចូលគេងមួយស្រឡេត ក្នុងបន្ទាប់ខ្ញុំ។ មិនលក់ទេ តែអាចសង្ងំបានដល់ម៉ោងជិត២រសៀលដែរ ទើបងើបញាំបាយថ្ងៃត្រង់បន្តិច។ សំឡេងខ្ញុំរៀងគ្រាន់បើបន្តិចហើយ តែនៅតែមិនទាន់មានកម្លាំង ដោយទ្រាំពុំបាន ខ្ញុំក៏តាំងញាំកាហ្វេទឹកដោះគោទឹកកក ដើម្បី ជំនួយកម្លាំងខ្លះៗ មុនការប្រកួត ឃើញថាបានផលគួរសម។

រួចរាល់ ខ្ញុំក៏បរឡានចេញទៅBBCទៅយកពួកគាត់ ប៉ុន្តែនៅសល់បងអៀបមួយ។ ម៉ោង២កន្លះជិត៣ទៅហើយ មិនចង់ខាតដំណើរ យើងក៏សម្រេចចិត្តចេញទៅ ធ្វើសក់ បន្តិចបន្តួចនៅក្បែរទឹករាំផ្ការាំឯបាក់ទូក។

ទីនោះឈ្មោះថា«ស្ទាវ»។ ប្រមាណជិតមួយម៉ោងដែរ ពួកយើងបានរៀបចំខ្លួនរួចជាស្រេច។ នៅទីនោះ ខ្ញុំក៏បានជួបមិត្តសម្លាញ់ខ្ញុំកាលនៅរៀនម្នាក់ ឈ្មោះ វង្ស បាយ័ន្តដែរ។ បានសំណេះសំណាល់នឹងគ្នារួចរាល់ ខ្ញុំនិងក្រុមក៏ចាកចេញពីទីនោះទៅ ស្ទូឌីយ៉ូប្រកួត ប្រហែលម៉ោង៣កន្លះជិត៤ដែរហើយ។ អង្គុយ និងសំណេះសំណាលបំបាត់ភាពភ័បន្តិច ពួកយើងក៏ចូលស្ទួឌីយូប្រកួត។

មិនយូរប៉ុន្មាន ក្រុមកំពង់ចាមដែលឡើងមុនគេ ក៏បានបញ្ចប់។ ពួកខ្ញុំ នៅត្រៀមខ្លួនជាស្រេច។ មុនបីនាទី ពួកយើងក៏ទៅដល់កន្លែងកៅអីជ័រមួយក្បែរនោះ។ បើមើលពីពួកយើងទៅ មនុស្សម្នាច្រើនណាស់ គឺច្រើនល្មមធ្វើឲ្យឆាកចង្អៀត!

ពិធីករក៏ចាប់ប្រកាស ភ្នែកទស្សនិកជន ក្រឡេកមកព្រោងព្រាតមកកាន់ក្រុមខ្ញុំ។ បទទីមួយក៏ចាប់ផ្ដើម ទាំងភ័យតិចៗក្នុងចិត្ត តែខ្ញុំអាចតាំងអារម្មណ៍បានដោយ ធ្វើជាមិនចាប់អារម្មណ៍ អ្នកទស្សនា។ ពួកយើងព្យាយាមញញឹម គឺញញឹមទាល់តែបាត់ភ័យរៀងៗខ្លួន។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាំវង់ក្រោយភ្លៀងរលឹម»

ទី១បានបញ្ចប់ជាមួយក្បាច់រាំវង់ គឺរាំវង់ក្រោយភ្លៀងរលឹម។ ក្រោយភ្លៀងរលឹម គឺមេឃមុខជាស្រឡះហើយ ក៏ប៉ុន្តែ បទបន្ទាប់គឺជាបទមនោសញ្ចេតនា ដែលហាក់ផ្ទុយស្រឡះពីសាច់រឿងអម្បាញ់មិញ ប៉ុន្តែបើនិយាយពីចិត្ត គឺពិតមែនហើយ គឺស្រឡះ។ ក្នុងចិត្តខ្ញុំក៏ចាប់ផ្ដើមក្ដៅម៉ាស៊ីន ដែលជាបច្ច័យល្អ គួរសម ក្នុងការដែលធ្វើឲ្យខ្ញុំកាន់តែសុំាំនឹងឆាក គឺឆាកដំបូងគេបង្អស់ក្នុងជីវិតខ្ញុំ។

ទន្លេស្នេហ៍ប្រែពណ៌ គឺជាបទមនោសញ្ចេតនា ដែលខ្ញុំតែងហើយតែងទៀត តែងហើយតែងទៀត សឹងតែអាចនិយាយបានថា ខ្លាចជាងគេគឺបទដែល រកមនោសញ្ចេតនា មកដាក់ក្នុងពុំបាននេះ គឺបារម្ភជាងគេ។ តែទីបញ្ចប់ ទំនុកចម្រៀង ទាំងអស់ គឺឋិតក្នុងខួរខ្ញុំជាបន្តបន្ទាប់គួរសម គឺគុណបុណ្យនៃចិត្តណាស់។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«ទន្លេស្នេហ៍ប្រែពណ៌»

បានបញ្ចប់ហើយបទមនោសញ្ចេតនានោះ ដោយខ្ញុំពុំបានចាប់អារម្មណ៍ពីសំឡេងអ្វីទាំងអស់! បទឆាចឆាចឆាក៏ចូលមកបន្ទាប់ ដោយក្នុងនោះ អ្នកចម្រៀងស្រី ដែលកាលពីច្រៀងបទរាំវង់ក្រោយភ្លៀងរលឹម គាត់ស្លៀកពាក់សំពត់ហូលផាមួងទេ តែដល់ចូលបទនេះ គាត់បានផ្លាស់រួចរាល់ជារបៀបសម័យមុន ដោយខ្ញុំគ្រាន់តែប្រាប់ គាត់ទេ មិននឹកស្មានថា​ គាត់អាចធ្វើបានត្រូវចិត្តយ៉ាងនេះដែរ។ ទាញដៃ រួចចូលទៅ ខ្ញុំក៏ចាប់ច្រៀងតាមលំហូរបទ តែដោយប៉ារ៉ូលទីមួយ គឺចុងជួនល្អជាង ក៏បង្វែរ ខ្ញុំឲ្យច្រៀងប៉ារ៉ូលនេះឡើងវិញ ជាយថាហេតុទៅវិញ តែដោយសារតែកាយវិការយោង ខ្ញុំក៏ព្យាយាមច្រៀងជាបន្តបន្ទាប់ មិនខ្វល់ពីកំហុសបន្តិចនេះទេ រហូត ដល់ច្រៀងបកឡើងវិញ ទើបបានច្រៀងវគ្គទី២នេះ។​ សំណាងដែរ ដែលមិនឆ្គងអីណាស់ណាទេ គឺអាចយកជាការបាន។ 🙂

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាត្រីឆាចឆាចឆា»

ចប់បទនេះ បទប្រចាំត្រកូលក្រុមក៏ចូលមកដល់ បទនេះគឺជាបទមួយ ដែលខ្ញុំស្រឡាញ់ជាងគេក្នុងចំនោម៤បទសម្រាប់ការប្រកួត ហើយក៏ជាបទដែលគេស្គាល់ខ្ញុំ តាំងពីឆ្នាំមុនដែរ។ បទនោះគឺ បទអនុស្សាច្បារអំពៅ។ ដំណើរ និងកន្លុកកន្លៀតដែលខ្ញុំសង្ឃឹមជាងគេ គឺត្រូវបានរៀបចំដោយ លម្អិតចូលគ្នាក្នុងនោះ ដូចជា ការស្រែកបន្ទោរ ការហួចជាសូឡូ បច្ចេកទេសក្រហឹម សាច់បទ សាច់ភ្លេង ទំនុកច្រៀង និងបច្ចេកទេសសម្ដែង ដែលដកពីសម័យឆ្នាំ ៨០ និង៦០ គឺត្រូវបានរៀបចំបូកចូលគ្នាជាសិល្បៈតែមួយ។ ខ្ញុំមិនដឹងពីសុក្រិតភាពពីគណៈកម្មការនោះទេ តែខ្ញុំគ្រាន់តែដឹងថា នេះជាអ្វីដែលខ្ញុំខំប្រឹងអស់ពីទឹកចិត្ត និងសម្ថភាពខ្ញុំ។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«អនុស្សាច្បារអំពៅ»

ចប់ជាស្ថាពរនូវការសម្ដែង ដែលហាក់ដូចជាទើបតែនឹងដកបន្លាចេញពីទ្រូងអ៊ីចឹង។ មានសំណួរមួយចំនួនដែលធ្វើឲ្យខ្ញុំ រីករាយនឹងឆ្លើយ គឺឆ្លើយចេញពីបេះដូង ដែលបានកប់ទុកជាយូរមកហើយ។ 🙂 នេះហើយជាសិល្បៈ!!!

ក្រឡេកឯពេលក្រុមខ្ញុំចប់ សារជាបន្តបន្ទាប់ គឺធ្វើឲ្យក្រុមខ្ញុំខ្ពស់ណាស់ តែដល់តែពេល ក្រុមកោះកុងចុះ ប្រជាប្រិយភាពសារនេះក៏បាត់បង់ តែគ្រាន់តែបាត់បង់ស្មើគ្នាប៉ុណ្ណោះ ដោយក្រុមខ្ញុំលើសកន្ទុយភាគរយវិញ។ នេះជាប្រជាប្រិយភាពតាមបណ្ដាញ។ កាលណោះ ខ្ញុំក៏ឆ្លៀតប្រើអ៊ីនធឺណែតផ្សព្វផ្សាយដែរ តែប្រហែលជា ពេលវេលាយើង កណ្ដាលផង ទើបបានជាសារដែលចូលមកក្រោយពន្លិចសារយើង! មិនថ្វីទេ ទោះជាយ៉ាងណាក៏ខ្ញុំនិងក្រុមខ្ញុំបានធ្វើអស់ពីកម្លាំងកាយនិងចិត្តហើយ! 🙂 ស្នាមញញឹមនៅតែមាន!

កម្មវិធីបានបញ្ចប់ ពាក្យសរសើរលើកទឹកចិត្ត ក៏ចេះតែលេចឮពីមាត់មួយទៅមាត់មួយ ក្នុងចិត្តខ្ញុំហាក់ដូចជាមានកម្លាំងគ្រាន់បើ ប៉ុន្តែខ្ញុំមិនភ្លេចពីសីលធម៌នៃការគោរពដឹងគុណ ដ៏លោកគ្រូ ឯកឧត្ដម លោកអ៊ុំ លោកជំទាវ និងមិត្តភក្ដិ ដែលបានគាំទ្រខ្ញុំនោះទេ។ ខ្ញុំរីករាយណាស់! អាចថា ខ្ញុំពិបាកនឹងចោលចរិត រាក់ទាក់នេះណាស់! ដូច្នេះ ខ្ញុំក៏ថតរូបលេង ជាច្រើនប៉ុស្តិ៍ ជាមួយពួកគាត់ដែរ។ 🙂 ក្រោយមក ពួកយើងក៏ទៅញាំអី ដោយមិនចង់បំភ្លេចឡើយ នូវអនុស្សាវរីយ៍ថ្មីៗដែលទើបកន្លងទៅមួយប៉ប្រិចភ្នែក ដូចល្អធូលីចូល រួចត្រូវទឹកភ្នែក ហូរហៀរបំបាត់ចោល នៅសល់តែស្នាមបន្តិចបន្តួច! ស្នាមញញឹមនៅតែមាន ភាសាទឹកចិត្តនៅតែបង្អួតជិវិតនេះ! ជឿជាក់ខ្លួនឯងដើម្បីអ្វីៗទាំងអស់ជោគជ័យ ដល់អ្នកដទៃ! 🙂

ឯកឧត្ដមប្រគល់បាច់ផ្កា

សមាជិកក្រុមជាមួយ ឯកឧត្ដម ខៀវ កាញ៉ារិទ្ធិ

សមាជិកក្រុម ជាមួយ លោកអ៊ុំ អៀង ស៊ីធុល និងអ្នកមីង ហ៊ឹម ស៊ីវន

ខ្ញុំនិងបងភីន

ខ្ញុំនិងបងហេឡែន

ខ្ញុំស្រឡាញ់ក្រុមខ្ញុំ ខ្ញុំស្រឡាញ់ស្នាមញញឹម! 🙂

សមាជិកក្រុមតន្ត្រីស្នាមញញឹម

ភ្នំពេញ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១១

Advertisements

រឿងខ្លី៖ ព្រះខែថ្មីក្នុងរាត្រីចាស់

ស្តង់ដារ

សូមចុចទីនេះដើម្បីអាន៖ ព្រះខែថ្មីក្នុងរាត្រីចាស់។ (កំពុងរៀបចំបទបរិយាយនៃពត៌មានរឿង)

រឿងខ្លី៖ ពិភពស្នេហ៍ខ្ញុំនិងអ្នក

ស្តង់ដារ

ជួនកាលមនុស្សកំពុងកុហកខ្លួនឯងវង្វេងវង្វាន់រកមួយណាពិតពុំត្រូវនោះទេ។ ពិតក៏ដូចជាមិនពិត។ កំពុងតែយល់សប្តិ ក៏ស្រាប់តែភ្ញាក់ពីការយល់សប្តិវិញ គឺជាភាពពិត។ លុះមនុស្សគេងលក់ទៅវិញ ក៏គិតថាពេលគេងទៅនោះ គឺជាការពិតទៅវិញ។ ផ្ទូយមកវិញ បើមនុស្សអាចតែងនិពន្ធរឿងយល់សប្តិរបស់ខ្លួនឯងបាន នោះមនុស្សនឹងដឹងថាមួយណាពិតមួយណាមិនពិត។បើពិតអ៊ីចឹងមែនទៀតនោះ មនុស្សនឹងស្វែងរកពិភពមួយដែលល្អឥតខ្ចោះមកកៀកកើយក្នុងអន្លង់នៃភាពទុក្ខសោកជាក់ជាមិនខាន។

ក្ដីស្រម៉ៃរបស់មនុស្ស គឺជាស្រមោលនៃពិភពអារម្មណ៍ដែលគ្មានពណ៌ គ្មានក្លិន គ្មានរូប គ្មានរាង និងគ្មានទាំងដែនកំណត់ថែមទៀតផង។ គ្មានក៏ដូចជាមាន។ ប៉ុន្តែអារម្មណ៍ដែលគ្មានដែនកំណត់ទាំងនោះ មានវិសាលភាពមហិច្ចតាធំធេងខ្លាំងណាស់ ធំធេងសឹងតែលើសពីការស្រម៉ៃទៀតក៏មាន។ ជួនកាល មនុស្សនៅមួយកន្លែងសោះ វិសាលភាពនៃដួងចិត្ត បែរចាត់ឲ្យអារម្មណ៍គ្មានដែនកំណត់នោះ ហោះឆ្ពោះទៅកាន់ភពមួយដែលមនុស្សទាំងផងទៅមិនដល់។

ដួងចិត្តដែលនិមិត្តឡើងនូវក្លិនផ្កាដ៏ក្រអូប បានសាយភាយព័ទ្ធដួងចិត្តឲ្យនាសាដែលគ្មានក្លិនច្បាស់លាស់ងាយឈ្លក់វង្វេង ជាមួយនឹងសំឡេងដ៏ស្រទន់នៃមន្តតន្ត្រីសួគ៌ា ប្រដេញគ្នាពាសពេញព្រៃ ដែលមានរុក្ខជាតិ ពណ៌ខៀវខ្ចី ក្បែជើងភ្នំ នាមាត់អូរមួយដែលមានទឹកថ្លាឆ្វង់។

ស្រមោលស្ទង់នៃសត្វត្រី កំពុងតែហែលត្រសង ប្រដេញគ្នា ហាក់រីករាយនឹងជីវិតស្រស់ត្រកាល នាពេលល្ងាច ដ៏ស្រទន់នេះណាស់។ កង្កែបមួយគូៗអង្គុយទុំលើស្លឹកឈូក ញញឹមសាសងគ្នា គ្មានគិតក្រែងដល់ គូរនៃបក្សីដែលកំពុងច្រៀងលេងនឹងគ្នា ដោយគ្មានទុក្ខព្រួយរេច្របល់នៅក្នុងចិត្ត ឰដ៏ឯចុងមែក កំពុងរោយស្លឹក ត្រៀមចាំរដូវថ្មី។ ស្រមោលថ្លាៗចាំងឆ្លុះ រលេញៗប្រដេញតាមចង្វាក់នៃរលកទឹក ដោយសារតែវាយោលបកផាត់ចុះមកល្វើយៗ បានលាបពណ៌ផ្ទៃទឹកឲ្យស្រស់អនេក។

វ័យរបស់មេឃខណៈនេះ ជិតរលត់ផុតពីផែនដីទៅហើយ តែក៏នៅអាចចែងឆ្លុះដ៏ផ្ទៃទឹកអូរ មួយដ៏សែនឆ្ងាយ ឲ្យមានពន្លឺចាំងភ្លេកៗ ស្រស់ឥតបី។ ក្នុងអូរ រលកបក់ជារង្វង់ អមជាមួយនឹងមុខមាត់របស់ខ្ញុំ ដែលសព្វថ្ងៃ រស់សែនអភ័ព្ទលើផែនដីតែឯង រង់ចាំទឹកសង្សើម ដែលសន្យានារដូវមុនមកប្រោះព្រំ។

ដុំសីលាដែលខ្ញុំតែងអង្គុយ មើលថ្ងៃលិចរៀងរាល់ល្ងាចនោះ ក៏ហាក់មិនអាសូរដល់​រូបខ្ញុំដែរ ព្រោះធម្មជាតិបានប្រតិដ្ឋឡើងនូវតំណដុំសីលាស្របាលគ្នាមួយ ឱ្យដុះអម គ្រាន់សាសងគ្នា ជាគូស្នេហ៍ដ៏ឋិតឋេរ នាឋានដ៏សៅហ្មងមួយនេះ។

រាល់ល្ងាច សត្វចាបហើរទាំងហ្វូងៗ ចាក់ចូលជាទេសភាព ដំណាលគ្នានឹងពន្លឺ ដែលរូហាននឹងមុខមាត់របស់ព្រះអាទិត្យពេលហៀបអស្ដង្គតឈានចូលស្បៃរាត្រី ដ៏សោកសៅអ៊ីចឹង។ មើលទៅ ឥឡូវនេះ គេហាក់កំពុងញញឹមមកខ្ញុំ ទាំងសោះកក្រោះ។ សោះកក្រោះអី អ្នកមានច័ន្ទមកជំនួសអ្នកដែរទេតើ។ ចុះខ្ញុំ? ខ្ញុំបានត្រឹមតែរស់នៅក្នុងនៃភាពអន្លក់ឯកា រកសភាពច្បាស់លាស់មកជំនួសមិនត្រូវ។ រហូតពេលខ្លះក៏វង្វេងនឹងសេចក្ដីអស្ចារ្យដែលសត្វលោកគ្រប់រូប កំពុងមានវាក្នុងពេលនេះទៅទៀតដោយឥតដឹងថា អាត្មាកំពុងតែមានរឿង មន្ទិល ពិបាករកថ្លែងប្រាប់អ្នកណាបានទៅទៀត។

ជិត៥ឆ្នាំមកហើយ ទីនេះនៅតែដដែរ ក៏គឺដដែរត្រង់ថា អ្វីៗទាំងឡាយសុទ្ធតែមានគូ។ គូតែគេ ខុសតែខ្ញុំ។ ខ្ញុំកាន់តែទទួលអារម្មណ៍ថាកំព្រាទៅ… កំព្រាទៅ ច្បាស់ក្រឡែតហើយ។ រស្មីដួងចិត្តដែលរង់ចាំសេចក្ដីប្រោះព្រុំពីនារីក្នុងក្ដីស្រម៉ៃ នៃភាពស្រម៉ៃនាពេលនេះ ប្រៀបដូចជារុក្ខជាតិខៀវខ្ចី ដែលកំពុងត្រូវការព្រះច័ន្ទ្រាមកជួយបំភ្លឺដូច្នេះដែរ។

សំឡេងដ៏ស្រទន់នៃសត្វចង្រឹតក៏ចាប់ ស្រែកលាន់ទ្ល្រហឹង ឡើងជាមួយនឹងវាយោលធម្មជាតិ ដើម្បីបំពេរអារម្មណ៍បុរសឯកា ដូចជារូបខ្ញុំនេះ ឲ្យគេចពីសេចក្ដីវេទនាក្នុងភាពពិតមួយគ្រា។

ឱ! ចង្រិតអើយ ភាសាអ្នកខ្ញុំស្ដាប់ពុំយល់ឡើយ តែពេលនេះ វាបែរជាមកបណ្ដាលចិត្តឲ្យលង់ក្នុងមន្តអារម្មណ៍តែម្នាក់ឯង ទាំងខ្លោចចិត្ត អាណិតដលគូកំណាន់ដែល ទើបតែស្គាល់គ្នាថ្មីថ្មោង ក្រោយព្យុះងងឹតបោកបក់ ជីវិតឲ្យទើលើកោះដ៏ចំបែងយូរមកហើយនោះ។

ប្លែកហើយ! សំឡេងចង្រិតដ៏ស្រទន់នេះអាចជានារីក្នុងក្ដីស្រម៉ៃ ច្នៃអារម្មណ៍ម្នាក់បានឬទេ? តើចង្រិតថ្ងៃនេះ ម៉េចក៏មានសំឡេងស្រួយស្រេះដូចជាសារិកាទៅវិញ?

សោតាឮច្បាស់ហើយ ថានារីសួគ៌ាក្នុងចិត្តខ្ញុំ ដែលទេព្ដានិមិត្តម្ដងទៀតមក ក្នុងស្ថានភាព កំពុងតែអង្គុយលើផ្ទាំងសីលា ស្រក់ទឹកនេត្រា តែឯង ឯកាលើផ្ទាំងថ្ម មួយគូក្នុងចិន្ដារបស់វេលាជ្រសនៃថ្ងៃ ដែលកំពុងរៀបខ្លួនកាន់តែជិតដល់នាទីត្រុវលា ពីដែនដីកម្សត់ក្នុងពេលដល់ខ្លី។

ភ្នែករបស់ខ្ញុំឃើញជាក់ក្នុងចិត្ត បែរជាមានអារម្មណ៍ថានារីដួងចិត្ត កាន់តែគួរឲ្យអាណិតណាស់ អាណិតរហូតបាត់បង់អស់រលីងនូវសេចក្ដីត្រេកត្រអាល ដែលខ្លួនប៉ង។ ទឹកភ្នែកកូនប្រុសក៏ចាប់ស្រក់ចុះមកដំណាលនឹងភ្លៀងរលឹម សស្រិចធ្លាក់ក្នុងគ្រា អរុណោទ័យ ប្លែកពីធម្មតា។

ធ្មេញរបស់នារីកម្សត់សំណព្វចិត្តចាប់ញ័ររណ្ដំ គួរឲ្យអាសូរ។ កម្លាំងបង្សាបចិត្តម្យ៉ាង ហាក់ប្រោះព្រំដួងចិត្តនៃជើងទាំងសង ទាំងរូបកាយដែលស្វិតស្រពោនមួយនេះ ឲ្យដើរឆ្ពោះហួសទៅជិតនារីបណ្ដូលចិត្ត បន្តិចម្ដងៗដោយពុំដឹងខ្លួនសោះ។ ពុំដឹងខ្លួនរហូត ដោះអាវពីខ្លួនឯងចេញមកដណ្ដប់លើប្រាណនាងដោយ មនោរម្យនៃភាពកក់ក្ដៅ។

យើងធ្លាប់ជួបគ្នារួចហើយ គឺធ្លាប់ជួបក្នុងក្ដីសុបិន។ ក្ដីសុបិននៃដួងចិត្តជាប់ចំណង។ ចំណងដែលធ្លាប់មានគេបំបែកហើយ។

– អូនក្ដៅខ្លួនណាស់! ចាំបងឱបអូនឲ្យបាត់រងារ។

ទឹកភ្នែករបស់នាង ធ្លាក់មកក្នុងសភាពក្ដៅអ៊ុនប៉ះនឹងស្មាខ្ញុំ។ សក់រលោង វែងប៉ប្រះស្មារ បានបោកបក់ត្រូវខ្យល់ឲ្យរវើរវាយ មកប៉ះនឹងផ្ទៃមុខខ្ញុំ ជាមួយនឹងក្លិនម្លិះដ៏ក្រអូប ក្រអូបឥតឧបមា។

– សូមឲ្យក្ដីសុបិននាពេលនេះ បានឋិតឋេរផងទៅចុះ។

– មែនហើយពៅសំណព្វចិត្តបង។

ពេលខ្លះ បើការពិតគឺជាឧបសគ្គដែលដោះស្រាយពុំរួច គឺមានតែក្ដីសុបិននោះទេ ដែលអាចជួយឲ្យមនុស្សពីរនាក់អាចជួបគ្នាជាគូរបាន។ សូឲ្យសុបិននេះ កាន់តែអូសបន្លាយពេលវេលាជួបគ្នាយើងឲ្យឋិតឋេរ ដោយផ្លាស់ប្ដូរ ការពិតជាក្ដីសុបិននាពេលនេះវិញ។

– អូនគេងលើស្មារបងមក។ បងសន្យាថា ទោះបីជាគ្រួសារអូនមិនព្រមឲ្យពួកយើងជួបគ្នាជាគូ ឬទោះបីជា យើងត្រូវចាំពេលវេលាដែលមានអង្វែងកាលយូរប៉ុណ្ណាក្នុងការខ្លាចជាគូក៏ដោយ ក៏បងនឹងនៅជិតអូនជានិច្ច គឺ យើងនៅជិតគ្នាក្នុងពិភពស្រម៉ៃដែលមានតែយើងពីនាក់។

– ចា៎បង!

ទឹកភ្នែករណ្ដំនៃគូរស្រករខ្ញុំ យល់ចិត្តខ្ញុំណាស់។ រឿងរ៉ាវជាច្រើនក្នុងជីវិតយើងទាំងពីរ គ្រាន់តែជាឧបសគ្គមួយអន្លើ ដែលទៀមទារឲ្យពួកយើងត្រូវដោះស្រាយប៉ុណ្ណោះ។ ទោះបីជា មានមនុស្សចិត្តមារ​ ចង់មកដាក់គុក ឬ ដាក់ច្រវាក់ពួកយើងឲ្យនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ក៏ដួងចិត្តរបស់យើងនៅតែមានពិភពនៃយើងទាំងពីរនេះជាកម្លាំងចិត្តដ៏មហិមានេះ មកជំនួសដែរ។

គុកដាក់យើងបានតែរូបកាយនោះទេ តែចិត្តរបស់យើងនៅមានសេរីភាពមិនបាត់បង់ឡើយ។

ទេសភាពនៃរាត្រីកាលក៏ ឈានជំហាន ចូលមកដល់! រាត្រីនេះមានដួងតារាតែពីរដួងរះចោមច័ន្ត្រាប៉ុណ្ណោះ។ ពន្លឺដ៏ស្រទន់អើយ អ្នកចោលភ័ក្ត្រមូលក្រឡង់របស់អ្នក មកផែនដី ប្រៀបដូចជាគូស្នេហ៍មួយគូរនៃខ្ញុំ កំពុងតែនៅនែបនិត្យគ្នា លើដុំសីលាមួយគូ ក្បែរភ្លើងរងើក ជាមួយនឹងខ្យល់បក់រំភើយ ត្រជាក់ស្រេប ស្ពឹកដៃស្ពឹកជើង តែកក់ក្ដៅ អមព្រមនឹងសំឡេង ចង្រិត ដែលស្រែកបន្ទរឲ្យពរ ឱ្យជ័យដល់គូស្នេហ៍ថ្មោងថ្មីនៃយើង ឲ្យ រស់នៅក្នុងទីដ៏សុខសាន្តនៃពិភពស្នេហ៍អូននិងបងថ្មីមួយនេះ។

រឿងនិទានមួយ ដែលគ្មានទិសដៅនឹងអាចរកន័យបញ្ចប់បានយ៉ាងងាយបើយើងចេះយល់ចិត្តគ្នា គ្រប់កាលៈទេសៈ។

ពីពេលនេះរហូតទៅ យើងអាចស្វែងរកដែនកំណត់ឲ្យយល់សប្តិរយៈពេលវែងបាន ក៏ដោយសារភាពយល់ចិត្តគ្នា ស្មោះស្ម័គ្រនឹងគ្នា ជឿទុកចិត្តគ្នា មិនក្បត់គ្នា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ សូមអូនថែរក្សាវាទុកក្នុងចិត្តអូន ជារៀងរហូត។ បងនឹងថែវាដូចគ្នា លុះត្រាតែពិភពស្នេហ៍មួយនេះ ក្លាយជាពិភពពិតដែលមានតែយើងពីរនាក់រស់នៅ ក្នុងសុភមង្គល ដែលគ្មានទុក្ខសោក គ្មានការឈឺចាប់ រស់នៅប្រកបដោយភាពសុខសាន្ត។

និពន្ធដោយ បញ្ញា

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១

នាងឈ្មោះLiza

ស្តង់ដារ

ដូចជា ពិបាក​នឹងនិយាយលើនិស្ស័យណាស់។ ជួនកាល មនុស្សគគោកមិនមានចិត្តទេ បែរជាមានចិត្តលើមនុស្សដែលអ្នកផងមិនពេញចិត្តទៅវិញ។ នេះឬគេហៅថានិស្ស័យ!

ទីឋានដែលមានសមុទ្ទដ៏ស្រស់ស្អាត និងជាទីរម្យនានៃហ្វូងទេសចរទាំងឡាយ ឥឡូវបានខ្លាចជារឿងខ្លីសម្រាប់និទានមួយនៅក្នុងអារម្មណ៍របស់យុវវ័យម្នាក់។ វាជាអនុស្សាវរីយ៍នៃដំណើរការនិស្ស័យមួយរបស់គេ។

សម្រាប់ទុកជាចំណងដៃនៅកំពង់សោមនាពេលយុវវ័យរបស់ខ្ញុំ ខ្ញុំក៏ទាញMini Laptop ពីក្នុងសំពាយពណ៌ត្នោតរបស់ខ្ញុំ វាយបញ្ចូលនូវអារម្មណ៍ដ៏ត្រេកត្រអាលមួយ ជារឿងខ្លី នៃការពិតមួយរបស់ខ្ញុំ ទុកជាអនុស្សាវរីយ៍នៃការចងចាំ។ សូមអញ្ជើញអានដោយរីករាយ៖

-១-

ក្រុងព្រះសីហនុ, ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១

ជួនកាលពេលវេលាតែមួយសោះ តែភាពស្រមើស្រមៃដែលមានទំហំមហិមានោះ អាចធ្វើឲ្យមនុស្សម្នាក់ដែលនៅមួយកន្លែងសោះ អាចហោះហើរឆ្ពោះ ហួសទៅឋានមួយផ្សេងទៀត​បានយ៉ាងងាយ។ មណ្ឌលដែលមានអាកាសដ៏សែនស្ងប់ស្ងាត់ ភាសានៃពាក្យសម្ដីដ៏មានទឹកដមនិងទន់ភ្លន់ រូបកាយមេត្រីនៃទេពធីតាដ៏សែនស្រស់សោភា អាចនិមិត្តទៅបាន លុះត្រាតែមានជំនក់ចិត្តនានាបូកផ្សែផ្សំបញ្ចូលគ្នា ទើបអាចផ្ដល់ជារូបភាពដល់ចិត្តដែលកំពុងលង់លក់ចរន្តបេះដូង បានយ៉ាងល្អផូរផង់ក្នុងទិនទិវារាត្រីដែលគ្របដណ្ដប់ដោយភាពខ្មៅងងឹតបាន។

ប៉ុន្តែ វាហាក់ដូចជាគ្មានយ៉ាងនោះសោះ។ ស្បៃស្រអាប់នៃភាពខ្មៅងងឹត បែរទៅ ជានៅទ្រឹងក្នុងដួងចិត្តរបស់យុវជនកំឡោះ ដែលចូលចិត្តស្រមើស្រមៃផ្ដេសផ្ដាសមិនសមស្របនឹងមនោគតិនៃភាពចេះដឹងរបស់សេចក្ដីល្ងង់នោះទៅវិញ។

ភ្នែករបស់ខ្ញុំ ក៏ចាប់បើកឡើង ក្រោយពីឮសំឡេងប៉ារបស់ខ្ញុំដាស់ខ្ញុំឲ្យភ្ញាក់ ព្រោះនឹងអាលរៀបចំខ្លួនចេញដំណើរទៅចូលរួមហែលជំនូនបងជីដូនមួយ។

ព្រឹកនេះ ជាថ្ងៃជ័យរបស់បងស្រីខ្ញុំហើយ។ ខ្ញុំបានចាកចេញពីភ្នំពេញតាំងពីម្សិល ដោយធ្វើដំណើរពីម៉ោង១១រសៀល ផ្លាស់ប្ដូរគ្នាជាមួយប៉ា ម្ដងប៉ាបើកខ្ញុំបាយ ម្ដងខ្ញុំបាយប៉ាគាត់បើកម្ដង ពោលគឺបរពាក់កណ្ដាលផ្លូវម្នាក់ រហូតដល់កំពង់សោម។ យើងមកដល់នៅវេលាម៉ោង២រសៀលជាង។

ខ្ពុរមាត់បណ្ដើរ ខ្ញុំមើលមុខខ្លួនឯងបណ្ដើរ។ មិនរវល់ទេ ខ្ញុំក៏បន្តការរៀបចំតាមលំហូរដូចរាល់ដង លុះត្រាតែរួចរាល់។ ប៉ាឲ្យខ្ញុំដាក់ម៉ោងរោទ៍ ម៉ោង៥ភ្លឺ តែវាមិនបានដាស់ខ្ញុំទេ ព្រោះអស់កម្លាំងក្នុងការបើកបរដំណើរផ្លូវឆ្ងាយរបស់ខ្ញុំលើកទីពីរមកទីនេះ​កាលពីម្សិល។ ប៉ុន្តែ មិនដឹងថាមកពីម៉ោងឬ ពីមនុស្សទេ ខ្ញុំងើបម៉ោង៦ទៅហើយ តែប៉ាស្ដីឲ្យខ្ញុំថា ត្រេងត្រាងទៀត។ ពេលខ្ញុំងើបមក ប៉ាកំពុងធ្វើការងាររបស់គាត់នៅលើតុក្បែរគ្រែជាស្រេច។ បែបនេះហើយ ទើបបានជាគាត់ស្ដីឲ្យខ្ញុំដូច្នោះនោះ។ រៀបចំរួចរាល់ហើយ ខ្ញុំក៏តាំងចាកចេញពីបន្ទប់ចុះមកក្រោមចាំគាត់មុនទៅវិញ ព្រោះប៉ាមិនចូលចិត្តចាំគេទេ។ មកដល់ក្រោមមុនបន្តិច ទើបឃើញប៉ាចុះមកតាមក្រោយ។ ពួកយើងក៏ចាកចេញពីសណ្ធាគារ រួចធ្វើដំណើរមកផ្ទះពិធីនៅឯម្ដុំកន្លែងមួយមានឈ្មោះថាCT។

ផ្ទះពិធីមិនទាន់សូវជាអ៊ូអរនៅឡើយទេ ព្រោះញាតិមិត្តជិតឆ្ងាយទាំងឡាយគេត្រូវផ្ដុំគ្នានៅផ្ទះមួយទៀត ដើម្បីធ្វើជាក្បួនមកផ្ទះពិធីវិញ។ ដូច្នេះ ខ្ញុំនិងប៉ាខ្ញុំ ព្រមទាំងបងប្អូនជីដូនមួយម្នាក់ឈ្មោះទូក៏ដើរចេញទៅ ប្រមាណប្រហែល៥០ ទៅ១០០ម៉ែត្រ ពីផ្ទះកូនក្រមុំ។

នៅទីនោះ ពេលទៅដល់ទើបសំបូរមនុស្សជាង។ មនុស្សឈរត្រៀបត្រា រងចាំការបង្គាប់ពីអាចារ្យ។ ខ្ញុំទៅដល់ទីនោះក៏ដូចពួកគេដែរ គឺឈរត្រៀបត្រាចាំដូចគ្នា។ ខ្ញុំបានក្រឡេកឃើញនារីម្នាក់ដោយចៃដន្យ។ នាងមានសម្ផស្សគួរសរសើរម្យ៉ាង។ ភ្នែកនាងក្រឡង់ៗ ចិញ្ចើមនាងខ្មៅក្រាស់។ ភ្នែករបស់ខ្ញុំហាក់ដូចជាមានទំនាញម្យ៉ាងដែលធ្វើឲ្យខ្ញុំតែងងាកមើលនាងជារឿយៗ ឬក៏នាងមុខដូចនារីម្នាក់ដែលខ្ញុំបានតែស្គាល់រូបថតតាមFacebookនោះ។ អត់ទេ អត់ទេ!!! មែនអ៊ីចឹងទេ នាងនេះក្មេងជាង។ អស់សំណើចណាស់ ឈប់គិតហើយ។

ជំនូនក៏រៀបស្រេចលើវិថីដែលបត់បែនដូចជារាងរបស់សត្វនាគក្នុងរឿងព្រេង។ ខ្ញុំមាននាទីទ្រនំអន្សមជាមួយអាទូ។ វែងគួរសម តែយើងបានដើរដល់គោលដៅរួចរាល់ល្មម។ គងខ្មោះ វៃគួសជាមួយនឹងញាតិមិត្តជិតឆ្ងាយហូរហែ។ ខ្ញុំក៏ក្លាយជាភ្ញៀវម្នាក់រួមទុកជាមួយបងប្អូនទូទៅដែរ។

ភ្ញៀវនិងសាច់ញាតិជិតឆ្ងាយ បានស្រស់ស្រូបបបរដ៏ឈ្ងុយឆ្ងាញ់ពិសានិងចូលរួមពិធីតាមលំហូរ រហូតដល់ពិធីកាត់សក់នៃកូនកំឡោះនិងកូនក្រមុំ។ ខ្ញុំក៏អង្គុយកាន់កាមេរ៉ាពូបណ្ដើរ មើលជាមួយនឹងសកម្មភាពនានាបណ្ដើរ។ ពិធីកាត់សក់ថ្ងៃនោះ មានលោកពូ អៀង ស៊ីថុល អញ្ជើញចូលរួម ព្រោះលោកពូជាមិត្តជិតស្និទ្ធម្នាក់ប្រចាំគ្រួសារខ្ញុំ។

កាមេរ៉ារេកាណុងម្ដងឆ្វេងម្ដងស្ដាំ ពីទីមួយទៅទីមួយ។ ខ្ញុំផ្ដិតយកសកម្មភាពនិងមនុស្សម្នាម្ដងមួយៗ ស្រាប់តែរេមកចំនារីដែលខ្ញុំជួបមុននេះម្ដងទៀត។ ម្ដងនេះ គឺនាងកំពុងញញឹមផង សើចផងនិងសម្ដីរបស់លោកពូ។ ខ្ញុំក៏ថតនាងទុកជាអនុស្សាវរីយ៍ប៉ុន្មានប៉ុស្តិ៍ដែរ ព្រោះកូននេះញញឹមស្រស់គ្រាន់បើ។ ខ្ញុំមិនថតតែនាងទេ តែថតទាំងអស់ ហើយខ្ញុំថតជារបៀបលួចបាញ់ទៀតទើបបានជាអ៊ីចឹងនោះ។

ពេលវេលាក៏ចូលមកប្ដូរវេនតាមលំហូរជាបន្តបន្ទាប់។ ថ្ងៃត្រង់ក៏ចាប់ឈានចូលមកដល់បន្តិចម្ដងៗ ពិធីចងដៃក៏ចូលខ្លួនមកបន្តម្ដង។ ខ្ញុំឯណេះអង្គុយខាងក្រៅជជែកលេងនឹងបងៗ ព្រមទាំងមីងៗ ពូៗ នានាតាមការគួរ។ ជារឿយ ភក្ត្រដ៏មូលក្រឡង់ ស្នាមញញឹមដ៏ផូរផង់ ដែលហាក់ដូចជាមានទម្ងន់ខ្លាំងណាស់ តែងចោលពព្រាយពីចម្ងាយឲ្យខ្ញុំគន់។ ខ្ញុំហាក់ដូចជាចង់ដឹងថានាងជាអ្នកណាមែនទែន តែវាដូចជារញ៉េរញ៉ៃណាស់ ក្រែងចិត្តរបស់ខ្ញុំវាមិនស្ងប់ថានាងដូចមនុស្សដែលខ្ញុំស្គាល់ហើយ មិនបានស្គាល់នោះ តែនាងនេះដូចជាធាត់និងក្មេងជាង។ ទេ! មិនដឹងយ៉ាងម៉េចផង ព្រោះខ្ញុំមិនដែលជួបនារីម្នាក់នោះខាងក្រៅទេ ច្រឡំហើយ។ ខ្ញុំជជែកបន្លប់។

-អូ! កែវអត់ស្អាត…

-Yes, a bad one

ខ្ញុំឧស្សាហ៍ជជែកលេងសើចជាមួយពូខ្ញុំដែលមកពីបារាំងឈ្មោះJimmyណាស់។គាត់រួសរាយមែនទែនជាមួយខ្ញុំនិងបងប្អូននានា ទោះបីជាគាត់និយាយខ្មែរមិនច្បាស់ក៏ដោយ តែពីរោះម្យ៉ាងតាមសំនៀងខ្មែរបរទេស។ ខ្ញុំចូលចិត្តគាត់។

មេឃរៀងស្រទំគួរសមហើយ! រីឯពិធីក៏ចប់ដែរ ចំណែកភ្ញៀវក៏ទៅអស់ ព្រោះគេម្នាក់ៗក៏ចាប់ទៅទីសម្រាករៀងៗខ្លួន លើកលែងតែបងប្អូនមួយចំនួននិងខ្ញុំ។ មិនទៅណាទេ ព្រោះផ្លាស់ប្ដូរកម្មវិធីហើយ។ ដំបូងថាទៅវិញជាមួយប៉ាម៉ោងបួនល្ងាចនេះ មុនកម្មវិធីចាប់ផ្ដើម តែក្រោយមកក៏ផ្លាស់ថាទៅជាមួយអ៊ំវិញ។ ខ្ញុំក៏គេងលេងនៅផ្ទះពិធី និងជួយនេះជួយនោះរហូតដល់ល្ងាចបន្តិច ទើបប៉ាត្រឡប់ពីសណ្ឋាគារយកសំលៀកបំពាក់ផ្ទេរមកឲ្យ។

-២-

រាត្រីកាលក៏ចូលមកដល់ក្នុងបរិយាកាសដ៏អ៊ូអរនៃមនុស្សម្នាដ៏ច្រើនសន្ធឹក ខ្ញុំអង្គុយរួមតុជាមួយអ៊ំ ត្រូវញាំមុនហើយ ព្រោះទើបទទួលដំណឹងពីអ៊ំថាក្រុមគាត់ត្រូវចេញទៅភ្នំពេញល្ងាចនេះ ហើយគាត់ប្រាប់ថាត្រូវទៅជាមួយគាត់ព្រោះម៉ាក់ខ្ញុំឲ្យខ្ញុំទៅជាមួយគាត់។ ស្ដាយណាស់ ព្រោះខ្ញុំថាចង់នៅឆ្លងល្ងាចនេះ ដោយហេតុថា មិនងាយបានចូលរួម និងចង់ច្រៀងជាចំណងដៃជូនបងស្រីផង តែអ្វីៗគឺត្រូវផ្លាស់ប្ដូរអស់រលីង។

ខ្ញុំក៏ត្រៀមចិត្តចាកចេញទាំងអាល័យ។ ចំណែកម្ហូបក៏ប្ដូរវេនចេញមកជាបន្តបន្ទាប់តាមតុនានា។

(សំឡេងរោទ៍នៃទូរស័ព្ទ) ចាប់ញ័រឡើងក្នុងហោប៉ៅ។ ខ្ញុំដើរចេញទៅក្រៅ។

-អាឡូ! ម៉ាក់។

-អឺ! ម៉េចហើយកូន មនុស្សច្រើនទេ? សប្បាយទេ? ស្ដាប់ទៅ! ម៉ាក់ដូចជាសប្បាយចិត្តណាស់។

-បាទ! ម៉ាក់ច្រើនណាស់ សប្បាយណាស់… តែម៉ាក់! និយាយអ៊ីចឹងខ្ញុំត្រូវទៅវិញល្ងាចនេះ មែនឬម៉ាក់?

-កូនឯងមកជាមួយអ៊ំស្អែកព្រឹកមក។

-តែអ៊ំឥឡូវត្រូវទៅល្ងាចនេះវិញហើយ តិចទៀតពិសាអាហាររួច គាត់នឹងចាកចេញពីទីនេះ ហើយ។

-អ្ហា៎ក! អ៊ីចឹងចាំស្អែកព្រឹកទៅ នៅលេងនឹងសិនហើយ។ ចាំជិះមកជាមួយអ្នកណាវិញមក បងប្អូនម៉ាកកូកទេ។

-តែមានតែគេ ចេញមកម៉ោង៧។

-អត់អីទេ ជ្រុលជាយឺត យឺតតិចក៏មិនអីដែរ។

-អូ! អ៊ីចឹងក៏បានដែរ ចាំខ្ញុំសួរបងៗ

-អឺ! អ៊ីចឹងបានហើយណា ម៉ាក់រវល់ដែរ។

-បាទ! ម៉ាក់បានហើយអ៊ីចឹង។

សំណាងវិញហើយអ៊ីចឹងនោះ ខ្ញុំក៏យកដំណឹងនេះប្រាប់ទៅអ៊ំ តែមើលទៅអ៊ំហាក់ដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេ។ មិនថ្វីទេ! យ៉ាងណាក៏ខ្ញុំត្រូវនៅដែរ ព្រោះធ្លាប់សន្យាថា ការគាត់ ខ្ញុំនឹងច្រៀងជូនសណ្ដាប់។

ដូច្នេះ រាងយប់បន្តិច ខ្ញុំក៏ចាប់ច្រៀងចម្រៀង។ កាលណោះ Nicole តារាល្បីដែលប្អូនជីដូនមួយខ្ញុំទាំងស្រីទាំងប្រុស ទន្ទឹងមើលផ្លូវក៏នៅទីនោះដែរ។ គេអ្នកល្បី គ្រាន់តែចូលមកគេសុំថតគ្រប់គ្នា។ គេឡើងច្រៀងតែ៣បទទេ។ ខ្ញុំឡើងច្រៀងបន្ទាប់គេ គឺបទរាត្រីជួបភ័ក្ត្រ និងបទ…

-បាទ! បន្ទាប់ពីបទនេះមក ភ្ញៀវកិត្តិយសយើងនឹងច្រៀងចម្រៀងចំនួនពីរបទ គឺបទ… បទអី?

-រាត្រីជួបភក្ត្រ។ ខ្ញុំស្រែកអមគ្នានឹងដៃអ័គ។

-បាទ! រាត្រីជួបភ័ក្ត្រ ហើយនិងបទ… បទអីទៀត?

-កុលាបរីកពីព្រឹកមិញ…។ ដៃអ័គស្រែកតែឯងទាំងខុស។

-កុលាបរីកពីព្រឹកមិញ…។ ពិធីនិយាយបាត់។

តាមពិតគឺបទ កុលាបខ្មែរអាកាសចរទេ។ ខូចឈ្មោះបទគេអស់។ ខ្ញុំក៏ចាប់ច្រៀងជាបន្តបន្ទាប់។ ស្ដាយណាស់ ដែលអ្នកភ្លេងមិនចេះបទ ស្ដាយដួងតារា ព្រោះបទនេះ ពណ៌នាពីការគន់នារីម្នាក់ពីចម្ងាយ។ មែនហើយ យប់នេះ កូនក្មេងម្នាក់ហ្នឹងស្អាតគ្រាន់បើ នាងពាក់រ៉ូបស្វាយ។ សូមហៅកូនហ្នឹងហើយ ព្រោះមើលទៅក្មេងទេ។ យូរៗម្ដង ខ្ញុំឃើញនាងងាកមកដែរ។ មើលប៉ះភ្នែកខ្ញុំតែញយទេ ឡើងខ្ញុំឯណេះទៅជាចង់អៀននាងវិញទៅហើយ។ ហាហ ហាហ!! ខ្ញុំនេះយ៉ាប់មែន តែគិតទៅ ជារឿងធម្មតាទេ ព្រោះខ្ញុំដឹងថាយុវវ័យតែងតែមានដួងចិត្តប្លែកៗបែបនេះ យូរទៅគង់តែភ្លេចគ្នាទេ។

ចប់ហើយ! បទដែលខ្ញុំច្រៀងអម្បាញ់មិញ។ ខ្ញុំមិនចូលចិត្តនិយាយពេលមុនច្រៀង និងពេលភ្លេងកំពុងប្រគំទេ ព្រោះនាំខូចអារម្មណ៍បទ។ ចប់ទើបនិយាយ គឺនិយាយផ្ញើជូនលោកយាយៗខ្ញុំ ដែលអង្គុយនៅតុទល់មុខឆាកប្រមាណ១០ទៅ២០ម៉ែត្រ ព្រោះពួកគាត់ដំបូងថាមិនអញ្ជើញមកទេ ព្រោះអស់កម្លាំងនិងហត់ណាស់ តែដល់តែឮថាខ្ញុំមកច្រៀង លោកយាយៗ ក៏អញ្ជើញមកជាកិត្តិយស។

ធ្វើតាមទម្លាប់ច្រៀងចប់គឺត្រូវតែរកកន្លែងគួរសមអង្គុយ ពុំនោះទេ ខ្ញុំនឹងខ្មាសគេរកមុខទុកលែងបានឥឡូវហើយ។ ខណៈនោះ ខ្ញុំក៏ដើរតម្រង់ទៅតុលោកយាយៗខ្ញុំ។ លោកយាយខ្ញុំ បានចំអន់ខ្ញុំមែនទែនថាច្រៀងពីរោះ ជាពិសេសលោកយាយដែលមកពីអាមេរិក។ គាត់ពុំមែនជាយាយបង្កើតរបស់ខ្ញុំទេ តែគាត់ជាអ្នកដែលមើលថែខ្ញុំពីក្មេងមក។ គាត់ស្រឡាញ់និងចូលចិត្តខ្ញុំដូចជាចៅបង្កើតរបស់គាត់អ៊ីចឹង។ ចុះមកដល់ភ្លាម គាត់ក៏មានប្រសាសន៍ទាំងទឹកមុខញញឹមពព្រាយថា៖

-នែកចៅ! ចៅច្រៀងពីរោះណាស់… នែក! ចាំថតទុកឲ្យយាយម៉ាឌីសមកណា៎ យាយយកទៅផ្ញើអាលីមនៅ។

-បាទ!! ចាំខ្ញុំធ្វើ… បើមានពេល។

ខ្ញុំញញឹមតបទាំងក្នុងចិត្តរៀងរអាតិចៗដែរ តែមិនសូវហ៊ាននិយាយអ្វីទេ។ ខ្ញុំសំណេះសំណាលល្មមតែបាត់ខ្មាសគេចប់ក៏ដើរទៅតុមីងៗ និងបងៗវិញ រួចនាំជជែកព្រោកប្រាជ្ញពីនេះពីនោះតាមការគួរធម្មតា។

យប់កាន់តែឈានចូលមែនទែនហើយ! កូនកំឡោះកូនក្រមុំ ក៏ត្រៀមខ្លួនរួចជាស្រេចចូលមកកាន់ចំណុចកណ្ដាលនៃពិធី គឺការថ្លែងអំណរគុណ។ មិនមានកាន់នំទេ តែមានការថ្លែងបែបនេះប៉ុណ្ណោះ។ ខ្ញុំគិតថានឹងចាំច្រៀងបទ ឯណាទៅឋានសួគ៌ ជូនបងទាំងពីរដូចបងៗមុនៗ តែមិនអ៊ីចឹងទេ ពួកគាត់ទាំងពីរមិនរាំផង។ ដូច្នេះ បន្ទាប់ពីកម្មវិធីថ្លែងអំណរគុណចប់ ខ្ញុំក៏តាំងបើកបទSlow មួយបទបន្ទាប់ពីបទ ឯណាទៅឋានសួគ៌របស់អ្នកចម្រៀងអាជីពគេ។ បទនោះគឺបទយប់១២កើត។ ស្រដៀងគ្នាដែរនឹងស្ថានភាពពេលនោះ។ នាងកញ្ញារ៉ូបស្វាយពេលនេះ ប្ដូរកន្លែងពីខាងក្រោយមកក្បែរឆាក ជិតវង់តន្ត្រីល្មម។ យប់១២កើត គឺពណ៌នាពីអារម្មណ៍ស្រមើស្រមៃរបស់កំឡោះ ម្នាក់និងមាណវី ដែលលួចមើលគ្នា និងស្រមៃបានរាំនឹងគ្នាប្រៀបបាននឹងប្ដីប្រពន្ធដែលទើបភ្ជាប់និស្ស័យហើយថ្មីៗ។ បងៗ មីងៗ ពូៗ អ៊ំៗ លើកកិត្តិយសឲ្យខ្ញុំហើយ គឺគាត់ឡើងរាំទាំងព្រម ទោះជាបទនោះរាងយឺតជាងបទនោះយ៉ាងណាក៏ដោយ។

យប់១២កើតចប់ រាំវង់៣បទរបស់ខ្ញុំសម្រាប់ចំណងដៃក៏មកបន្ត។ ខ្ញុំច្រៀងចប់ ក៏ចុះមកអង្គុយជិតពូ Jimmy និងអាទូ ដែលកំពុងអង្គុយមើលគេរាំ នៅក្បែរតុពិធី។ បទរាំចង្វាក់នានានៅតែបន្ត។ ខ្ញុំមិនឡើងរាំទេ ព្រោះពោះមិនសូវស្រួលសោះ។ មើលទៅត្រង់ចំទៀតហើយ។ ឱ! យ៉ាងម៉េចនេះ នាងបែរមើលមុខខ្ញុំរហូត។ មើលយូរៗ រឹតតែមានទទួលអារម្មណ៍ថាដូចហើយ។ ចម្រៀងបន្តចុះបន្តឡើង ខ្ញុំក៏តាំងបបួលអាទូឲ្យទាក់ទងទៅនាង។ អាទូនិងពូJimmyចោទថា ខ្ញុំស្រឡាញ់នាង តែតាមពិត គ្រាន់តែខ្ញុំចង់ស្គាល់តែ-ប៉ុណ្ណោះ។ មិនស្គាល់អ្វីសម្រាប់ទំនាក់ទំនងទេ តែស្គាល់រូបរាង មុខមាត់ សកម្មភាពដ៏ក្រមិចក្រមើម និងស្នាមញញឹមបែបធម្មជាតិរបស់នាង។ នាងឈ្មោះLiza។ អាទូនិងពូJimmy ស៊ើបទាល់តែបាន។

មកដល់ទ្វា បម្រុងចេញទៅផ្ទះ Lizaនិងម៉ាក់នាងគឺនៅទីនោះដែរ។ មេឃខណៈនោះ គឺកំពុងតែបង្អុរចុះមកក្នុងបរិយាកាសត្រជាក់បង្គួរ។ ទម្រាំតែដាច់ចិត្តហ៊ានសួរ ខ្ញុំត្រូវត្រាំក្នុងអារម្មណ៍អៀនឡើងប៉ុន្មានដង។ តាមពិត រឿងអីត្រូវអៀន តែក៏មកពីគេនោះជាមនុស្សមិនសូវនិយាយច្រើនដែរ នាងចូលចិត្តប្រើស្នាមញញឹមជាង ពាក្យវាចា។

-ឈ្មោះLizaមែនហ្នឹង? គ្រាន់តែឃើញ នាងបម្រុងនឹងចេញពីទីនោះ ស្រាប់តែខ្លួនរបស់ខ្ញុំស្ទុះចូលដោយឥតបានត្រៀមទុក ឡើងខ្មាសគេ។

-ចា៎ះ! នាងចា៎ះទាំងភ្ញាក់ផ្អើល ព្រោះភ្នែកបើកឡើងក្រឡង់។

-ខ្ញុំដូចជាធ្លាប់ស្គាល់។ ភ្ញាក់ផ្អើលទៀតហើយ។

-ធ្លាប់រៀនជាមួយគ្នាទេដឹង? ម៉ាក់របស់នាងឆ្លើយកាត់ ពេលកំពុងដើរចេញទៅ។

-តែ… នៅភ្នំពេញឬកំពង់សោម?

-អូ! អ៊ីចឹងប្រហែលជាច្រឡំហើយ ព្រោះនៅភ្នំពេញទេ។ នាងឆ្លើយបណ្ដើរដើរចេញទៅបណ្ដើរ ធ្វើឲ្យខ្ញុំខ្មាសញាតិទាំងអស់ រលីង។

-អូ! ព្រោះខ្ញុំជាអ្នកភ្នំពេញដែរតើ!! ខ្ញុំឆ្លើយនេះ ប្រហែលនាងមិនបានស្ដាប់ទេ។ យ៉ាប់មែន ពិតជាមិនយល់ពីសុជីវធម៌សោះ។ ខ្ញុំនិយាយនាងដើរបែបនេះអ៊ីចឹង។

អាទូមើលមុខខ្ញុំ សួរខ្ញុំដដែលៗថាយ៉ាងម៉េចហើយ។ ខ្ញុំចេះតែពង្វាងរួចនិយាយលេងនឹងពូJimmyរួមទាំងបងៗទៀត។ ខ្ញុំអៀននឹងខ្លួនឯងណាស់ ហើយទទួលអារម្មណ៍ថាខ្លួនឯង មិនបានរាក់ទាក់គេជារបៀបមិត្តភ័ក្ដិទេ បើគេដើរចេញទៅរបៀបនេះនោះ គឺទៅជារបៀបញ៉ែ ដែលជាទង្វើមិនមានសុជីវធម៌របស់អារម្មណ៍យុវវ័យហើយ។

ខ្ញុំលែងខ្វល់ហើយ មាននិស្ស័យយើងជួបគ្នានៅភ្នំពេញជាមិត្តតាមហ្នឹងចុះ!!!!

ក្រុង​ព្រះសីហនុ, ថ្ងៃ​សុក្រ ទី១៨ ឆ្នាំ​២០១១

Photo by Uncle. Pov

Photo by Uncle. Pov

 

 

រឿងខ្លីទីមួយរបស់ខ្ញុំ!!! ^^

ស្តង់ដារ

៨ មិនា ២០១១

វាជារឿងដែលគួរឲ្យភ្ញាក់ផ្ញើលណាស់ ដែលប្រវត្តនៃគ្រួសារនារីម្នាក់បានធ្វើឲ្យកម្លោះម្នាក់ គ្រាន់តែលួចស្រឡាញ់គេតាមFacebookសោះ បានយល់ច្បាស់ពី៨មិនា។

«[…]គិត​ទៅ យ៉ាប់​ណាស់ អាណិត​នារី​អស់​ទាំង​ហ្នឹង​ដែល​មាន​សង្សារ​ដូច​ជា​ពួក​គេ ព្រោះ​គិត​តែ​ពី​រឿង​ផ្កា រឿង​នេះ​រឿង​នោះ​ឲ្យ​តែ​សុខ​ស្រួល។ ខ្ញុំ​ចំណាំ​ហើយ​ចំណាំ​ទៀត ឲ្យ​តែ​ថ្ងៃ​បុណ្យ​សង្សារ​ហើយ​គឺ​តួ​លេខ​អ្នក​យក​កូន​ចេញ​ចាប់​កើន​ឡើង​ដូច​ វិនាទី​ហើយ។ […]»

ជួបគ្នានៅប្លកអ្នកមីង ប៉ិច សង្វាវ៉ាន ជាមួយនឹងរឿងខ្លីដំបូងរបស់ខ្ញុំ៖ មិនាសិទ្ធីកា។  សូមអញ្ចើញចូលអានតាមអស័យដ្ឋាន៖ http://pechsangwawann.wordpress.com/2011/03/07/ដំណើរជុំវិញអ្នកនិពន្ឋម-3

រឿងខ្លីទី៣៖ តន្ត្រីស្នេហ៍ (មានចម្រៀងថ្មីតែងអមរឿង)

ស្តង់ដារ

តន្ត្រីស្នេហ៍

-១-

រាល់ថ្ងៃ ខ្ញុំបន់ឲ្យតែពេលយប់ទេ។ ពេលយប់ជាពេលមនោរម្យសម្រាប់ខ្ញុំណាស់ ពិសេសជាងនេះទៅទៀតខ្ញុំអាចជួប…. បាន។ ខ្ញុំជាមនុស្សដែលចូលចិត្តលេងសើចនៅខាងក្រៅ តែចូលចិត្តបង្កប់ភាពស្ងប់ស្ងាត់នៅខាងក្នុង។ លើកណា ក៏ខ្ញុំប្រាប់អ្នកដែលខ្ញុំស្គាល់ ពីអារម្មណ៍ពិតដែរ ទោះពួកគេពេញចិត្តនឹងស្ដាប់ឬមិនស្ដាប់ក៏ដោយ។ ម្យ៉ាងខ្ញុំជាមនុស្សដែលចូលចិត្តតម គ្រឿងបំបាត់ភាពឯកា ដូចជាស្រា ឬបារីជាដើមផង បានជាមិនសូវមានអាកាសបញ្ចេញអារម្មណ៍ពិតតាមគ្រឿងទាំងនោះ ដូចជាមិត្តភក្តិខ្ញុំមួយចំនួន។

រាត្រីនេះ ខ្ញុំអង្គុយតែងចម្រៀងម្នាក់ឯង។ ចាប៉ីដែលខ្ញុំដេញនេះ វាមានអាយុប្រហែលនឹងហាមូនីកាដែលខ្ញុំបានទិញវាកាលពីបីឆ្នាំមុន។ យប់នេះ ខ្ញុំចាប់តែងចម្រៀងដែលទាក់ទងពីអារម្មណ៍ទៀតហើយ។

ភាពស្ងប់ស្ងាត់នៃរាត្រីកាល គឺអណ្ដែតអណ្ដោងណាស់។ ជីវិតដែលស្រស់ត្រកាល នៃស្នេហាខ្ញុំ បានកើតចេញពីការលួចស្រឡាញ់ នារីម្នាក់ដោយមិនដឹងខ្លួន។ ជីវិតបែបនេះ តែងជ្រៀតចូលមកបំពេរអារម្មណ៍ខ្ញុំឲ្យហោះត្រសែត ត្រសង ហួសខ្ពស់ទើរលើវេហា ទៅមើលឯឋាននៃមេឃា ដ៏ធំល្វឹងល្វើយនៃលំហអាកាសរាល់រាត្រី។

ខ្លួនរបស់ខ្ញុំ តែងឧទ្ទិសថាទីឋានដែលខ្ញុំទៅដល់ គឺមានពន្លឺពណ៌មាសចាំងពាសពេញពពក មានអាកាសត្រជាក់ល្អ។ ជើងរបស់ខ្ញុំ ចាប់ទទួលនូវអារម្មណ៍ហើបៗ គឺហើបពីដី ដែលសំបូរនូវភាពទុក្ខព្រួយ។ តើនេះជាក្ដីយល់សប្តិឬ?

ភ្នំពេញ, ថ្ងែទី២២ ខែមីនា ឆ្នាំ២០៧១

ជិត៥២ឆ្នាំទៅហើយ ដែលខ្ញុំតែងតែទទួលអារម្មណ៍បែបនេះ! ខ្ញុំបើកភ្នែកក្រញ៉ាង ក្នុងបន្ទប់ដែលពោរពេញទៅដោយ ធូលីនិងហាក់ក្រអូបក្លិនថ្មីៗនៃភរិយាខ្ញុំ។ កែវ បានឃ្លាតពីខ្ញុំជិត៥ឆ្នាំហើយ។ នាងបានទទួលមរណៈភាពដោយសាររោគចាស់ជរាព្យាធិ។

ខ្ញុំក្រឡេកមើលនាឡិកាជញ្ចាំងពណ៌លឿងចំណាស់ មិនច្បាស់សោះ។ ខ្ញុំប្រឹងរាវរកពិលរបស់ភរិយាខ្ញុំកាលនៅរស់ យកមកបញ្ចាំងតែនៅតែស្រវាំង… មើលនៅតែមិនសូវច្បាស់ទេ តែអាចប្រហែលបានថាម៉ោង៣ទៅហើយ។ រាល់ពេល ខ្ញុំដេកមិនលក់សោះ។

ខ្ញុំក៏ក្រោកដើរចូលបន្ទប់ទឹកដើម្បីលប់មុខបន្តិច រួចចេញទៅក្រៅ។ ខ្ញុំបញ្ជាំងពិលទៅផ្លូវខាងមុខ ក្នុងបរិយាកាសស្ងប់ស្ងាត់ណាស់។ ដើរបានមួយសន្ទុះស្រាប់តែជាន់ចំរបស់ម្យ៉ាង ប្រហែលជារបស់ក្មេងលេងហើយ។ ខ្ញុំក៏យកជើងកៀរវាទៅកៀន។ ខ្ញុំដើរបញ្ចាំងពិល ពេញផ្ទះ រួចរកឃើញកន្លែងបើកភ្លើង ក៏ចុចបើកបំភ្លឺឡើង។ អ្វីដែលកំពុងស្មានអំបាញ់មិញ ឥឡូវបានក្លាយជាការពិតអស់ហើយ។ ភាពស្រពិចស្រពិលក៏រលត់អស់។ ខ្ញុំក៏ដើរទៅជិតវិទ្យុចំណាស់របស់ខ្ញុំដែលខ្ញុំតែងស្ដាប់វាជារៀងរាល់ព្រឹក។ ទាញកៅអីអង្គុយ ខ្ញុំក៏រាវរកកន្លែងបើកវិទ្យុឡើង ស្រាប់តែគ្មានឮអ្វីដូចសព្វដងសោះ គឺឮតែចម្រៀងរាំវង់ រាំឡក។

រាល់ព្រឹក ខ្ញុំតែងក្រោកពីព្រលឹមបែបនេះ ដើម្បីរៀបចំផ្ទះ និងស្ដាប់វិទ្យុអំពីព័ត៌មាននានា។ កាលយាយវានៅ បានគាត់ហើយជួយទំនុកបម្រុងខ្ញុំ តែឥឡូវសល់តែប៉ៅអីចំណាស់មួយដែលនាងធ្លាប់អង្គុយ ដេរខោរ ដេរខោរអាវឲ្យខ្ញុំ។ ក្បែរនោះ ឥឡូវ ខ្ញុំបានដំដែកគោល ទុកចងពន្យួរចាប៉ីចំណាស់របស់ខ្ញុំ និងហាម៉ូនីកា។ វាស្ទើរតែខូចអស់ហើយ ព្រោះប៉ុន្មានឆ្នាំនេះ ខ្ញុំភ្លេចពីវិធីរិតខ្សែឲ្យត្រូវអស់រលីង។

បើបុស្តិ៍មិនទាន់បើកដូច្នេះ ខ្ញុំក៏ដើរទៅយកសម្បកឌីសដែលជាចម្រៀងខ្ញុំតែងកាលពី៥០ឆ្នាំមុន យកមកចាក់ក្នុងម៉ាញ៉េចំណាស់មួយ នៅក្បែរនោះ។ ចម្រៀងនោះហើយ ជាចំណងដៃអនុស្សាវរីយ៍រវាងខ្ញុំនិងភរិយាខ្ញុំ កាលពី៦០ឆ្នាំមុន មុនយើងស្គាល់គ្នា។ វានៅតែពិរោះជាប់ចិត្តខ្ញុំ ទោះបីជាខ្ញុំមិនបានលក់ឲ្យអ្នកណាក៏ដោយ។ ខ្ញុំបានបិទភ្នែកស្ដាប់វា។

ថាសចាប់វិល រអិលចូលបន្តបន្ទាប់តាមចរន្តអារម្មណ៍នៃម៉ាស៊ីនដែលកើតចេញពីដែនអគ្គីសនីដ៏មហិមាមួយ ប្រៀបដូចជាចរន្តស្នេហា នៃជីវិតខ្ញុំកាលពីយុវភាពពេលចាប់ផ្ដើមអ៊ីចឹងដែរ។ ពាក្យមួយម៉ាត់របស់នាងដែលហៅខ្ញុំបានផុសឡើងនូវនឹងភ្នែកដែលកំពុងបិទ។

-២-

ភ្នំពេញថ្ងៃទី២២ ខែមិនា ឆ្នាំ២០១១

– ពិសិដ្ឋ! ពិសិដ្ឋតែងបទនេះ ដូចជាមានបង្កប់អីនៅខាងក្នុងយ៉ាងម៉េចទេ… តិចពិសិដ្ឋឯងមានលួចស្រឡាញ់នារីណាម្នាក់ទេដឹង?

– មានមែន! ហាហ ហាហ!! អត់ទេ! មានណា! ស្ដាប់ទៅ កុំមាត់ច្រើនពេក។

– ប្រាប់មើល៍! ប្រាប់មើល៍!!

– អត់ប្រាប់ទេ! តិចឈប់ឲ្យស្ដាប់អាឡូវ! យ៉ាប់ម៉ង។

– ទេ! ទេ! ថាលេងទេ ថាលេងទេ!! ហិហិហ ស្ដាប់តើ ស្ដាប់តើ!!

ចម្រៀងបានបន្តក្នុងដួងចិត្ត ខ្ញុំតែម្នាក់ឯង។ នាងពុំដែលដឹងខ្លួនទេ ថាខ្ញុំលួចស្រឡាញ់នាង។ នាងជានារីម្នាក់ដែលខ្ញុំបានជួបនាងដោយចៃដន្យពេលរៀនសិក្ខាសាលាវគ្គនិពន្ធមួយជាមួយគ្នា។ កាលណោះ នាងគឺជានិស្សិតមួយរួបដែលទើបរៀនចប់នៅមហាវិទ្យាល័យ​អក្សរសាស្ត្រមួយនៅក្រុងភ្នំពេញ។ ឯខ្ញុំវិញសល់តែមួយឆ្នាំប៉ុណ្ណោះ នឹងចប់ដូចនាង។

និយាយតាមត្រង់ទៅ នាងមានអាយុច្រើនជាងខ្ញុំ១ឆ្នាំ។ តែអារម្មណ៍របស់ខ្ញុំនិងនាង គឺមិនខុសគ្នាប៉ុន្មានទេ។ នាងមានចរិតស្លូតបូតមែនទែន។ ពេលខ្ញុំជួបនាងដំបុង នាងមិនហ៊ាននិយាយអ្វីនឹងខ្ញុំសោះ សូម្បីតែមយម៉ាត់។ ខ្ញុំព្យាយាមសួរនាង តែនាងគ្រាន់តែញញឹមដាក់ខ្ញុំតែប៉ុណ្ណោះ។

– ចប់ហើយ!! ពិរោះតើមានអី។

– ស្អី! ពិរោះតើ!! បានហើយ ខ្ញុំដឹងថា វាមិនពិរោះទេ ព្រោះវាជាបទថ្មីចេញពីខ្ញុំ។ ខ្ញុំមិនមែនជាអ្នកចម្រៀងផង បានអីពិរោះនោះ។

– អត់ទេ! ពិរោះតើ!! គេសរសើរមែនណា! យ៉ាប់ហើយពិសិដ្ឋឯងនោះ។ ខ្ញុំទៅផ្ទះវិញហើយ។

– អេស! ទៅហើយហ្នឹង? ចាំខ្ញុំជូន!

លុះបានមួយរយៈធំ ទើបនាងព្រមនិយាយមកខ្ញុំដូចអំមិញ។ ទោះជាយ៉ាងណា នាងនៅតែអៀនព្រៀននឹងខ្ញុំអ៊ីចឹង។

– មិនបាច់ទេ! ប៉ាខ្ញុំមកយកហើយ។

– អូ! អ៊ីចឹងទេអ្ហេ!! បាទ! ចឹងក៏ចឹងទៅ!

ក្រោយមក ខ្ញុំបានសារភាពពីដួងចិត្តពិតរបស់ខ្ញុំទៅកាន់នាង នៅឯបឹងមួយ ទីដែលយើងឧស្សាហ៍អានសៀវភៅនឹងគ្នា។ ថ្ងៃនោះ មេឃស្រទុំណាស់ ស្រទុំដូចជាបទភ្លេងដែលខ្ញុំស្រម៉ៃក្នុងចិត្តចឹង។

– កែវ! ខ្ញុំមានពាក្យមួយចង់ប្រាប់កែវ។

– ពាក្យអីពិសិដ្ធ? ប្រាប់មក!

– នែក! តាមពិតទៅ កែវ និងខ្ញុំបានស្គាល់គ្នាជិត២ឆ្នាំហើយ។

នាងឈប់អានសៀវភៅ ហើយផ្អាកញុំានំ រួចងាកមកមើលខ្ញុំទាំងទឹកមុខងើយឆ្ងល់បំផុត។

– ចា៎ះ! មែនហើយ! ២ឆ្នាំ។

– បាទ! ឯមនោសញ្ចេតនាខ្ញុំវិញ ក៏ហាក់ដូចជាមិនអាចបញ្ជារឲ្យការលាក់បាំងរបស់ខ្ញុំនៅតែបន្តទៀតនោះទេ។ កែវ! ខ្ញុំពិបាកចិត្តណាស់។ ខ្ញុំតែងតែចង់ប្រាប់កែវពីដួងចិត្តនេះមែនទែន។ កែវខឹងខ្ញុំទេ បើខ្ញុំប្រាប់វាទៅកែវ។

នាងបើកភ្នែកមើលខ្ញុំបានមួយសន្ទុះ ហើយនាងក៏ឱនមុខចុះ ទាំងទឹកមុខក្រហមព្រៀងៗ។

– ចា៎ះ! មានអី!

– អូហ!! កែវ!! តាមពិតទៅ ខ្ញុំមិនចង់កុហកវេហាច្រើនតទៅទៀតដែរ។ ម្យ៉ាងពួកយើងបានប្រលងចប់ និងមានការងារជាមួយគ្នាទៀត។ ខ្ញុំគិតថាល្មដល់ពេលដែលខ្ញុំចង់ប្រាប់ពាក្យថា.. អ៊ឺ!..

– ទេ! ខ្ញុំលាសិនហើយ។

នាងងើបក្រោស ហេតុអី? ខ្ញុំនិយាយពាក្យនេះមិនចេញ? ហេតុអីទៅ? ខ្ញុំមិនបង្អង់ទេ។

– វេហា! ឈប់សិន!! ខ្ញុំស្រឡាញ់កែវ។

នាងឈប់ស្ងៀម! ស្លឹកឈើដែលត្រូវខ្យល់ក៏ស្រាប់តែបកធ្លាក់ចុះមកទាំងម្ដងមួយៗ។ ប្រហែលជាខ្ញុំធ្វើឲ្យនាងខឹងទៀតហើយ។ នាងឈរថ្មឹង។

ក្នុងអារម្មណ៍ខ្ញុំក៏ចាប់ច្របូកច្របល់។ ខ្ញុំក៏ស្រាប់តែនឹកឃើញ រឿងមួយដែលខ្ញុំនឹងនាងធ្លាប់ទៅដើរលេងនៅដងភ្នំមួយជាមួយគ្នា និងមិត្តភក្តិ។ កាលណោះ ខ្ញុំចង់សារភាពប្រាប់នាងដែរ តែមិនហ៊ានសោះ ព្រោះខ្លាចចិត្តនាងខឹង លែងនិយាយរកខ្ញុំ។ ពេលនោះ ខ្ញុំបានតែអង្គុយម្នាក់ឯង មើលមេឃកណ្ដោចកណ្ដែង តែឯងលើថ្មដានៃជ្រលងដងអូដ៏ខ្ពស់មួយ។ ទេសភាពនៃមេឃស្រទុំ ដូចជាពេលនេះអ៊ិចឹង។ ខ្ញុំអង្គុយស្រម៉ៃម្នាក់ឯង ដល់រូបនាង។ គិតហើយ គិតទៀតថា ខ្ញុំនិងនាងមុខជាមិនសមគ្នានោះទេ ព្រោះនាងមានឋានៈខ្ពស់ជាងខ្ញុំ អាយុច្រើនជាងខ្ញុំ ឯការសិក្សាទៀតសោត គឺខ្ពស់ជាងខ្ញុំ។ ឱពុក ឬម្ដាយឯណាទៅ នឹងលើកកូនស្រីគេដល់មនុស្សដែលប្អូនជាងកូនគេនោះ។ ខ្ញុំព្រួយចិត្តសម្បើមណាស់។ ធម្មជាតិពេលនោះ ហាក់ដូចជាមិនអាសួរដល់រូបខ្ញុំសោះ។ ខ្ញុំបានប្រាថ្នាឲ្យខ្យល់បក់ខ្ញុំឡើងទៅមណ្ដលនោះដែរ តែឡើងមិនដល់សោះ។ គឺមានតែពេលវេលាទេ។

ក្រោយមក ទើបខ្ញុំដឹងថា ជីវិតមនុស្សគឺដើរទៅមុខជានិច្ច ទោះបីជាដើរបកក្រោយ ក៏ហៅថាទៅមុខដែរ។ ខ្ញុំមានតែចាំពេលវេលាព្យាបាលវាទេ។

សន្ទុះនៃកម្លាំងមួយបានស្ទុះមកប៉ះកាយរបស់ខ្ញុំ ហាក់ដូចជាមិនដែលស្គាល់សោះ អារម្មណ៍បែបហ្នឹង។ សាច់ដ៏ទន់ល្មើយ សក់ដ៏វែងអន្លាយ ក្រអូបសាយដោយក្លែបនៃក្លិនចំប៉ា បាននៅជាប់នឹងប្រាណខ្ញុំអស់រលីង។

-អូនក៏ស្រឡាញ់បងដែរ។

កែវព្រមហើយ! កែវព្រមហើយ!! ពួកយើងក៏ចាប់រៀបការនឹងគ្នាតាមផ្លូវច្បាប់។ ការបាន៤ឆ្នាំ ខ្ញុំនឹងនាក៏មានបំណងយកកូនមួយ តែសោកស្ដាយមែនទែន ពេទ្យថានាងមានបញ្ហាស្បូន មិនអាចមានកូនបាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំព្យាយាមលួងលោមនាងមើលថែនាងដល់ជីវិតចុងក្រោយដែរ។ ស្នេហាមិនប្រកាន់អាយុ វណ្ណៈ ពណ៌សម្បុរ ឬ អារម្មណ៍ នោះទេ តែមនុស្សទេដែលប្រកាន់គ្នា។

– អ៊ុំអ្ហា៎! ងើបលឿនម៉េះ ម៉ោងទើប១ហ្នឹង!!

ញ័រសាច់មែនទែន ពេលឮក្មួយពោលបែបនេះ។ ភ្នែករបស់ខ្ញុំក៏បើកឡើង។

គិតទៅ តែមួយពព្រិចភ្នែកប៉ុណ្ណោះ ចម្រៀងក៏ចប់ ស្នេហ៍ក៏រលត់ តែបន្សល់តែរូបថតអនុស្សាវរីយ៍ របស់នាងដែលបានត្រឹមតែនៅតែស្រស់ញញឹមក្នុងចិត្តខ្ញុំ។ ខ្ញុំបើកភ្នែកពីការស្រម៉ៃមួយគ្រា ដែលវាមិនអាចវិលថយក្រោយវិញបាន។ ដំណើរនាទីបានបោះទៅមុខហើយ ទោះបីជានាឡិការនោះខូចក៏ដោយ ក៏នាទីនោះនៅតែដើរទៅមុខជានិច្ច។ តន្ត្រីដែលបានប្រគុំតាំងពី៦០ផ្លាយឆ្នាំមុន នៅតែពិរោះរងំជាប់សោតាចំណាស់របស់ខ្ញុំ។ វាជាតន្ត្រីស្នេហ៍ដែលនាង ជាអ្នកដាក់ចំណងជើងឲ្យមុនពេលនាងស្លាប់។ កែវបងនឹកអូនណាស់!

ទឹកថ្លា, ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១១

តន្ត្រីស្នេហ៍

១. ចម្រៀងបងច្រៀង ជាសំនៀងផ្ដាំទៅកែវជីវ៉ា ទោះរាល់ថ្ងៃថ្វីត្បិតមិនហ៊ានវាចា សេចក្ដីស្នេហា ខ្ញុំកតិកាជូនយូរមកហើយ។

២. មើលមេឃស្រទុំ បាំងជិតជុំ ប្រៀបដូចស្នេហ៍ខ្ញុំអើយ ព្រោះជន្មា គ្រាំគ្រាឥតមានពេលស្បើយ បើផ្ដល់ចម្លើយខ្លាចស្នេហ៍ កង្វល់។

បន្ទរ. វេលាគ្រាំគ្រាក្នុងចិត្ត ព្រោះមេឃឆ្ងាយពិតឥតឈោងមិនដល់ សង្ឃឹមសង្ឃឹមថ្ងៃមេឃមានខ្យល់ បក់ខ្ញុំទៅដល់ នាឋានមណ្ឌលអាកាសវេហា។

៣. សូមឲ្យចម្រៀងច្រៀងជូននាងសំនៀងទុក្ខា ទទួលស្ដាប់សារស័ព្ទស្រម៉ៃចិន្ដា បើមានទោសាបងព្រមទទួល។

សួមស្ដាប់បទនេះនៅទីនេះ៖

 

មតិរបស់លោកជំទាវប៉ិច សង្វាវ៉ាន លើរឿងខ្លីដំបូង៖ មិនាសិទ្ធីកា

ស្តង់ដារ

ខ្ញុំពិតជារវល់នឹងការសិក្សា ព្រមទាំងការងារខ្លាំងណាស់ ទើបបានជាយឺតយ៉ាវ ក្នុងការបង្ហាញនូវមតិដ៏មានតម្លៃរបស់លោកជំទាវ ប៉ិច សង្វាវ៉ាន លើរឿងខ្លីដំបូងរបស់ខ្ញុំ។ ណាមួយ ការសិក្សា និងការងាររបស់ខ្ញុំទៀតសោត សុទ្ធតែពុំទាក់ទង លើវិជ្ជាតែងនិពន្ធទាំងនេះផង ទើបធ្វើឲ្យខ្ញុំត្រូវបែងចែកច្រើន រហូតមានថ្ងៃខ្លះ ក៏ធ្វើជាមិនដឹង មិនឮក៏មានដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ទឹកចិត្តស្រឡាញ់អក្សរសិល្ប៍ ពិសេសទឹកចិត្តស្រឡាញ់សិល្បៈរបស់ខ្ញុំនៅតែមាន ជាប់ទោះជាមានជញ្ជាំងនៃការឃាត់ឃាំងម៉ាក់និងប៉ារបស់ខ្ញុំយ៉ាងណាក៏ដោយ។

មិនដឹងថាខុសឆ្គងឬក៏យ៉ាងណាទេ កាលបើខ្ញុំលើកយកមតិដែលខ្ញុំរំភើបពីលោកជំទាវ យកមកចុះផ្សាយ។ ម្ដងហើយម្ដងទៀត គំនិតខ្ញុំនៅតែវិលវល់ឥតឈប់ក្នុង​សភាព​ភ័យ​ព្រួយ ក្រែងចិត្តដល់ពាក្យពេចន៍ របស់លោកជំទាវ ទើបបានជាសំណេរនេះ មាន​ការ​ផ្លាស់ប្ដូរ ឥត​ឈរឈប់។ គួរពុំគួរ បើសិនជា លោកជំទាវ បាន​ទទួល​អាន​នូវ​ខ្លឹមសារ​នេះ​រួចរាល់ សង្ឃឹមថា លោកជំទាវ​អធ្យាស្រ័យ​ដល់​យុវអ្នកនិពន្ធ​ដែល​ទើប​ចាប់​ដុះ​ពន្លក​នេះ​ផង​ទៅ​ចុះ។

ខ្ញុំសូមសារភាពតាមត្រង់ទៅចុះ តាមពិត ខ្ញុំប្ដូរចំណងជើងជារឿយៗព្រោះ ចិត្តមិនស្ងប់ អាល័យតែពិនិត្យនៅឯប្លក់រៀមច្បងដែល កំពុងតែត្រូវបានចុះផ្សាយដូចខ្ញុំ ក្នុងប្លក់អ្នកមីងដែរ ដូចជា បងចាន់ផល និងឧត្ដមផងដែរ ព្រោះខ្ញុំមានការបារម្ភ ក្រែងប៉ះពាល់កម្មសិទ្ធិបញ្ញារបស់អ្នកមីងក្នុងការបង្ហោះ។ ពេលនេះ ដោយទ្រាំត្រាំនូវ សេចក្ដីរំភើបឥតឧបមានេះពុំកើត ខ្ញុំក៏សម្រេចចិត្តលើកយកមតិនេះយកមកដាក់ជា អនុស្សាវរីយ៍ប្រចាំនៅទីនេះ។ សូមទោសទុកជាមុនផងអ្នកមីងជាទីគោរព!

អ្នកមីង ប៉ិច សង្វាវ៉ាន គឺជាអ្នកគ្រូកំបាំងមុខរបស់ខ្ញុំតាំងពីនៅរៀនអនុវិទ្យាល័យ។ រាល់រាត្រី និងរាល់ពេល ខ្ញុំតែងសារស្ដាប់នូវការវិភាគរបស់អ្នកមីង និងលោកពូៗ ដែលតែងតែធ្វើការវិភាគពីអក្សរសិល្ប៍ និងអក្សរសាស្ត្រខ្មែរ ក្នុងវិទ្យបារាំង។ មិនត្រឹមតែស្ដាប់ត្រូវម៉ោងទេ តែថែមទាំងថតទុកជាសំណៅសម្រាប់ ស្ដាប់ក្រៅម៉ោងទៀតផង ទោះតាមវិធីណាក្ដី តោងឲ្យតែបានស្ដាប់ ពោល ទោះថតតាមកាស្សែត ទូរស័ព្ទ ឬMp3 playerក៏បាន ឲ្យតែអាចថតបាន ថតទាំងអស់។ ខ្ញុំស្ដាប់រហូតសឹងថាទទួលឥទ្ធិពលអានអក្សរខ្មែរ តាមតុងរបស់ពួកគាត់ ដែលជាមានសំនៀងប្លែកពីខ្មែរនៅបរទេសដទៃ។ ខ្ញុំមានការពេញចិត្តនឹងតុងរបស់ពួកគាត់ណាស់ រហូតពេលខ្លះ ខ្ញុំអានសៀវភៅ ដែលគ្រូឲ្យអានជារបៀបពួកគាត់ទៀតក៏មាន ទោះជាខ្ញុំមិនដែរស្គាល់មុខរបស់ពួកគាត់ក៏ដោយ។

ប្រហែល៥ឆ្នាំក្រោយមក អាចថាជានិស្ស័យក៏បាន! ខ្ញុំបានទទួលដំណឹងថាអ្នកមីង សង្វាវ៉ាន ក៏ចូលរួមកម្មវិធីដែលក្រុមខ្ញុំបង្កើតដែរ។ ពេលនោះ ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំង។ ថ្ងៃនោះហើយ ជាថ្ងៃដែលខ្ញុំជួបអ្នកមីងជាលើក ដំបូង។ ខ្ញុំព្យាយាមថ្លែងពីចំណាប់អារម្មណ៍របស់ខ្ញុំមែនទែន តែមិនសូវជាមានពេលសោះ។

ខ្ញុំ​សូម​ស្រង់​យក​ចំណាប់អារម្មណ៍​ដ៏​មាន​តម្លៃ​នៃ​ចំ​ណាប់អារម្មណ៍​របស់​អ្នកមីង​ទុក​ជា អនុស្សាវរីយ៍ប្រចាំស្នាដៃទីមួយរបស់ខ្ញុំ ដោយ​ខាង​ក្រោម​នេះ មានការ​រៀប​ចំ​សម្រួល​បែបបទផ្សាយខ្លះៗ និងសម្រួលអក្ខរាវិរុទ្ធ៍ខ្លះៗដូចជាឈ្មោះ​ខ្ញុំជាដើម។

ខ្ញុំ​សូម​រក្សា​សិទ្ធិ​ទាំង​ស្រុង​រាល់​ការ​បង្ហោះ​ផ្សាយ​នូវ​ចំណាប់​អារម្មណ៍​នេះ!

ចំណាប់អារម្មណ៍៖

ក្នុង​កម្មវិធី​«ក្រោមដំបូលតែ១»ដែល​បាន​ប្រព្រឹត្ត​ទៅ​​កាល​ពី​ថ្ងៃ​២៥​ធ្នូ​២០១០នៅ​ភោជនីយដ្ឋាន«អូប៉េរ៉ា»​  ខ្ញុំ​បាន​ជួប​ស្គាល់​អ្នក​ស្តាប់​ដ៏​មាន​ភក្តីភាព​ម្នាក់​ដែល​និយម​ចូលចិត្ត​ស្តាប់​នាទី​អក្សរសិល្ប៍​ខ្មែរ​របស់​ខ្ញុំ​ក្នុង​វិទ្យុ​បារាំង​អន្តរជាតិ​RFI។

ក្រោយ​ពី​បាន​លើក​ដៃ​ជម្រាបសួរ​ខ្ញុំ​ទាំង​ទឹក​មុខ​ញញឹម​ពព្រាយ​និង​បាន​ថត​រូប​ជុំ​គ្នា​ជាមួយ​យុវអ្នកនិពន្ឋ​មួយ​ចំនួន​​យើង​ក៏​បាន​បែក​គ្នា។

យុវជន​ដែល​ជា​អ្នក​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នេះ​មាន​នាម​ថា ម៉ា​ ច័ន្ទបញ្ញា។ពេល​យើង​លា​គ្នា​ត្រឡប់​ទៅ​ផ្ទះ បញ្ញា​និង​មិត្តភក្តិ​ពីរ​បី​នាក់​របស់​គេ​បាន​ជូន​ខ្ញុំ​និង​ស្វាមី​ខ្ញុំ​ដល់​ទ្វារ​រថយន្ត។ ទឹក​មុខ​ញញឹម​ជាប់​ជានិច្ច ​យុវជន ម៉ា ច័ន្ទបញ្ញា បាន​ថ្លែង​ឲ្យ​ខ្ញុំ​ដឹង​ថា​គេ​ចូល​ចិត្ត​ស្តាប់​នាទី​និង​សម្លេង​ខ្ញុំ​តាំង​ពី​គេ​នៅ​ក្មេង​។ មិនត្រឹមតែ ស្តាប់​ប៉ុណ្ណោះ​ទេ​គេ​ថែម​ទាំង​បាន​ថត​ទុក​ទៀត​ផង។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ម៉ា ច័ន្ទ​បញ្ញា​មាន​និស្ស័យ​ស្រឡាញ់​អក្សរសិល្ប៍​ខ្មែរ​ណាស់។

ក្រោយមក​តាម​រយៈ​ប្លក​ខ្ញុំ​ គេ​បាន​សរសេរ​ឲ្យ​ខ្ញុំ​ដឹង​ថា​ គេ​តែងតែ​ស្រមៃ​និង​ប្រាថ្នា​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​មួយ​រូប។​ ប៉ុន្តែ គេ​ក៏​បាន​សារភាព​ដែរ​​ថា​គេ​សរសេរ​រឿង​ទី​១​មិន​ចប់​សោះ​។

ស្រាប់​តែ​នៅ​ថ្ងៃ​១៨​កុម្ភៈ ​២០១១  សន្ទុះ​ចិត្ត​ស្រឡាញ់​អក្សរសាស្ត្រ​អក្សរសិល្ប៍​ដ៏​ពិសេស​មួយ​បាន​បញ្ជា​ចិត្ត​និង​ម្រាម​ដៃ​និស្សិត​ម៉ា ច័ន្ទបញ្ញា​ឲ្យ​សរសេរ​រឿង​ទី​១​ដែល​មាន​ចំណងជើង​ថា​«មិនាសិទ្ទីកា»ចប់​ជា​ស្ថាបពរ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ។ អស្ចារ្យ​ណាស់! នេះ​ជា​ដំណឹង​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​និង​អបអរ​«បញ្ញា»​ដែល​បាន​សម្រេច​ការនិពន្ធ​លើក​ដំបូង។ អរគុណ​បញ្ញា​ណាស់​ដែល​បាន​ផ្ញើ​រឿង​នេះ​មក​ឲ្យ​ខ្ញុំ​អាន​​តាម​សំណូមពរ​របស់​ខ្ញុំ។

រឿង​ទី​មួយ​ដែល យុវជន ម៉ា​ ច័ន្ទ​បញ្ញា​បាន​និពន្ឋ​ឆ្លុះ​បញ្ចាំង​អំពី​យុវវ័យ​ខ្មែរ​ក្នុង​សម័យ​internet​នៅ​​ប្រទេស​កម្ពុជា។ នៅ​ស្រុក​ខ្មែរ​ក៏​ដូចជា​នៅ​ក្នុង​ពិភពលោក​ដែរ​ពួកគេ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​មុខ​កុំព្យូទ័រ។ តាមរយៈ​ហ្វ៊ែសប៊ុក​យុវជន​យុវតី​បាន​ជួប​សរសេរ​ឆ្លើយឆ្លង​គ្នា ស្គាល់​គ្នា ឬ​ស្រឡាញ់​គ្នា​ក៏​មាន។ ក្នុង​រឿង « មិនាសិទ្ឋីការ» អ្នកនិពន្ធ​បាន​លើក​ឡើង​ពី​ផលអាក្រក់​នៃ «បុណ្យ​សង្សារ​១៤​កុម្ភៈ»ថា​នារី​ខ្មែរ​ដែល​រំលូត​កូន​ចោល​បាន​កើន​ឡើង​សន្ធឹក។

ទន្ទឹមនេះ  អ្នកនិពន្ធ​ក៏​លើក​ឡើង​ដែរ​អំពី​សារៈសំខាន់​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា​ថា​សិទ្ធិនារី​សំខាន់​ណាស់​​នៅក្នុង​សង្គម​គ្រួសារ​ក៏​ដូចជា​សង្គមជាតិ។ ដូច្នេះ​គួរ​បំបាត់​ចោល​ការ​រើសអើង​ទៅ​លើ​ស្ត្រី។ ទោះបី​ជា​នារី​ដែល​ជា​ភេទ​ទន់​ខ្សោយ ត្រូវការ​កម្លំាង​បុរស​ពិត​មែន ប៉ុន្តែ​បុរស​ក៏​ត្រូវ​ការ​នារី​ខាន​មិន​បាន​ដែរ។ នារី​ជា​មាតា​នៃ​លោក។ […]

(ដកស្រង់ចេញពី http://pechsangwawann.wordpress.com/)

ចំណាប់អារម្មណ៍នៃក្ដីរំភើបរបស់ខ្ញុំសម្រាប់អ្នកមីង៖

ជម្រាបសួរអ្នកមីង និងលោកពូ!!!

តើអ្នកមីងនិងលោកពូសុខសប្បាយជាទេ?
ក្មួយមានសេចក្ដីរំភើប និងរីករាយណាស់ កាលបើបានឃើញស្នាដៃរឿងខ្លីទី១ របស់ក្មួយត្រូវបានផ្សព្វផ្សាយនៅទីនេះ។ ក្មួយមានកិត្តិយសមែនទែន ដែលជាភ្ញៀវទី៤នៃកម្មវិធី«ដំណើរជុំវិញរបស់អ្នកនិពន្ធម្នាក់»របស់អ្នកមីង បន្ទាប់ពីបងផល។ ក្មួយមិនដែលនឹកថាខ្លួនឯងមានកិត្តិយសយ៉ាងនេះសោះ។ ក្មួយសូមថ្លែងអំណរគុណអស់ពីដួងចិត្តជូនអ្នកមីងមែនទែន សម្រាប់ការបង្ហាញនេះ។ ក្មួយគ្មានអ្វីក្រៅពីម្រាមទាំងដប់ លើកសំពះពីចម្ងាយអរគុណជូនអ្នកមីងនោះទេ។
មុននេះ ក្មួយបានព្យាយាមទាក់ទងទៅឧត្ដម ដើម្បីសូមលេខទូរស័ព្ទរបស់អ្នកមីង ប៉ុន្តែមិនអាចទាក់ទងបានសោះ។ ក្មួយក៏សម្រេចចិត្តទាក់ទងទៅបងផល រហូតទទួលបានលេខសម្រាប់ទំនាក់ទំនងអ្នកមីង។ មូលហេតុ ដែលក្មួយចង់ទាក់ទងទៅអ្នកមីងព្រោះ ក្មួយមានបំណងចង់ប្រឹក្សាតាមចំណេះខ្លះៗ អំពីប្លកជូនអ្នកមីង នៅថ្ងៃ៨មិនាស្អែកនេះ។ មិនដឹងថា អ្នកមីងរវល់ឬក៏យ៉ាងណានោះទេ។
ទោះជាយ៉ាងណា ក្មួយសូមជូនពរអស់ពីចិត្ត ចំពោះអ្នកមីងនិងលោកពូជាទីគោរព ពីចម្ងាយ ឲ្យជួបប្រទះតែសេចក្ដីសុខ សុភមង្គល រីករាយ កាន់តែមានប្រជាប្រិយភាព និងពិសេសមានសុខភាពល្អ។

ដោយក្ដីគោរពពីក្មួយ
បញ្ញា

សង្ឃឹមថា នេះជាអំណរមួយនៃទិវាសិទ្ធិនារីឆ្នាំនេះ។ សូមជូនពរទាំងអស់គ្នា ឲ្យជួបប្រទះតែសុភមង្គល និងសុខភាពល្អគ្រប់ៗគ្នា! ^^

បញ្ចប់ជម្លោះចុងឆ្នាំ

ស្តង់ដារ

នេះមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ខ្ញុំទេ ដែលខ្ញុំនៅឆ្លងម៉ោង១២យប់នោះ…

គឺស្ទើរតែរាល់យប់ទៅហើយ ដែលខួរក្បាលខ្ញុំត្រូវទទួលទឹកសន្សើមនៃក្ដីស្រម៉ៃ ដែលចេះតែមកវាតទីប្រណាំងគ្នាធ្វើជាម្ចាស់ក្នុងខួររបស់ខ្ញុំ។ ខ្ញុំថាឈប់ តែវាថានៅ… នរណាឈ្នះនរណាអាឡូវ បើចឹងៗនោះ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ផ្លែដាវដែលដុតត្រូវភ្លើងក្រហមឆេះ គង់ចាញ់ឥទ្ធិពលនៃទឹកប៉ុន្មានម៉ោងចុងក្រោយ ជាក់ជាមិនខាន។

ល្ងាចនេះ ខ្ញុំសែនមួរហ្មៅ… ហាក់ដូចជាមានកម្ដៅភាយៗពីក្នុងចិត្ត។ ពីក្បាលល្ងាច សង្សារបណ្ដូលចិត្តរបស់ខ្ញុំ ចាកចេញពីភ្នំពេញទៅឆ្លងឆ្នាំនៅឯកំពង់សោមជាមួយ មិត្តភក្តិ និងម៉ាក់គេ។ ទៅហើយ ត្រូវប្រាប់ ប្រាប់ហើយត្រូវទិញសំបុត្រឲ្យ….

ចប់ពីនោះហើយ ដូចភ្លៀងហើយផ្គររន្ទះចឹងក្នុងចិត្តខ្ញុំ។ មិនដឹងយ៉ាងម៉េចទេ មិនសប្បាយចិត្តសោះ ចេះតែគិតបែកឆ្វេង មិនទុកចិត្តនាងសោះ…

ពិបាកចិត្តពេក ក៏តាំងទាញម៉ូតូនាំខ្លួន និងចិត្តឲ្យបានសប្បាយចិត្តម្ដង។ តែជិះៗ មិនដឹងថាទៅណា៎សោះ ក៏ហៅទូរស័ព្ទទៅប្អូន ព្រោះប្អូនថាចង់បបួលប៉ាទៅញុំាភីហ្សា។ ទូរស័ព្ទហើយ ក៏ណាត់ទាំងអស់គ្នាទៅញុំាឯផ្សារទំនើបសូរិយា។

ញុំារួចក៏ត្រឡប់មកដល់ផ្ទះ។ ពេលនោះ ប្អូនខ្ញុំក៏ទៅសូមប៉ាទៅកំពង់សោមដែរ… មិនដឹងថា ថ្លែងបែបណាទេ… ស្រមោលស្បៃនៃកំហឹងគាត់បានប្រែក្លាយជារូបរាងមួយ ផ្សេង។ គាត់ខឹងប្អូនខ្ញុំយ៉ាងខ្លាំង ក៏ស្រាប់តែប្រើកំហឹងខឹងគោវាយណឹម.. ហិហិហិ បិះត្រូវមួយរំពាត់ សំណាងហើយដែលខ្ញុំចិត្តធ្ងន់មិនធ្វើតាមចិត្តចេញក្រៅផ្ទះទៀត។

ទៅចុះទៅឡើង ទើបដឹងថាគាត់លើសឈាមសោះ… មុនរាប់ថយក្រោយ ក៏ឆ្លៀតទូរស័ព្ទទៅជូនពរគាត់បន្តិចទៅទោះជានៅជិតគ្នាក៏ដោយ… 😀 លោកប៉ាអើយ លោកប៉ា! ឆ្នាំថ្មីនេះ កូនសូមជូនពរឲ្យឆាប់ជាពីរោគានានាដែលកំពុងបៀតបៀន​លោកប៉ា… ជូនពរអ្នកម៉ាក់ដូចគ្នា….

ជារៀមច្បងត្រូវតែចិត្តធ្ងន់ និងចេះតស៊ូណា៎! អេ! ថ្ងៃក្រោយ បើឯងខឹង ចូរឯងបើកមើលអក្សរនេះ ហើយរំលឹកខ្លួនឯងពីអ្វីដែលឯងធ្លាប់ធ្វើល្អៗនេះផងណា៎!!! 😀 ហាហ ហាហ!! ជូនពរឆ្នាំថ្មីណា៎បញ្ញា! ជូនពរឆ្នាំថ្មីណា៎! អ្នកទាំងអស់គ្នា! 😛

អូហ៍!!!! ឈប់……

មានចម្រៀងម៉ាបទដែរប្រចាំដើមឆ្នាំនេះ… តែសូមលើកអាបទចាស់មួយមកសិនណា៎! 😀

សង្ឃឹមឆ្នាំថ្មី

១. ពេលអាធ្រាត្រកាន់តែឈានចូលមកហើយ

កែវបងអើយធ្វើឲ្យបងនឹកឆោមឆ្លៅ

អនុស្សាបានសល់ទុកលុះឥឡូវ

ឲ្យបងនឹកពៅគ្រប់វេលា។

២. ពេលបងគេងឬលេងកម្សាន្តនិងស្រី

រាល់សម្ដី ចរណៃធ្លាប់ឆ្លើយឆ្លងគ្នា

ឥឡូវនេះបងនៅឆ្ងាយពីពុំងា

ទោះខែរងាគង់ឃ្លាតរដូវ។

បន្ទរ. អ្វីលើលោកាមិនឋិតឋេរ

ឥតងាករេមិនអាចរស់នៅ

ដូចជាពាក្យស្នេហ៍ធ្លាប់វាចាទៅ

មិននិត្រនៅរលាយបាត់ហើយ។

៣.តែដួងចិត្តទាំងសងចងជាប់ជានិច្ច

ទោះថ្ងៃលិចក៏មិនអាចបំភ្លេចឡើយ

ចាំទាំងអស់ កត់អនុស្សានេះហើយ

ឆ្នាំចាស់ផុតត្រើយ សង្ឃឹមឆ្នាំថ្មី។

(ភ្លេង>បន្ទរ និង លេខ ៣)

តែងកាលពីឆ្នាំ០១/០១/២០០៨

ទំនុកច្រៀង ទំនុកភ្លេង បញ្ញា

រាប់ថយក្រោយជាមួយរូបថតអូន

១. រាត្រីឈានចូល

នៅប្រមូលរូបថតអូនបងចាស់ៗ

រូបថតច្រើនណាស់

មើលមិនសាសន៍របួសកំពុងនឹកស្រី។

២. ជិតដល់ម៉ោងហើយ

ទោះត្រាណត្រើយមិននៅជិតថ្វី

ត្រឹមមើលរូបថ្លៃ

គេងស្រម៉ៃឆ្នាំមុនដូចឆ្នាំនេះ។

បន្ទរ.ឆ្នាំថ្មីរូបចាស់

ស្នេហ៍យើងមិនផ្លាស់

ឧបសគ្គច្រើនណាស់ ឱកាសទោះមានតិច

ស្នេហ៍ជានិច្ច ស្នេហ៍ជានិច្ច មិនបំភ្លេចចិត្តនៅជួបជុំ…. ហ៊ឹមៗ ស្នេហ៍យើងនេះធំមហាសាល ចក្រវាឡមិនដូរឡើយ។

(ភ្លេង)

៣. ៥៤៣២ព្រួយ

រាប់មកមួយគឺអូននេះហើយ

ឆ្នាំថ្មីនេះអើយ

ស្នេហ៍យើងអើយស្រឡាញ់ជានិច្ចនិរន្តន៍…

តែងនៅថ្ងៃ០១/០១/២០១១

ទំនុកភ្លេង និង ច្រៀង ដោយ បញ្ញា

កាលវិបត្តិ វគ្គ៣ ចេញហើយ!! ^^

ស្តង់ដារ

សូមទោសបងប្អូន ពូមីង យាយតា(អង្គុយលើចង្អេរអួតខ្លួនឯង ហិហិហិ) ជិតឆ្ងាយផងចំពោះការរងចាំវគ្គបីនេះ។ វគ្គបីនេះ មានពាក្យបច្ចេកទេស ដែលខ្ញុំស្រម៉ៃច្រើន តែដោយអត់ទាន់ចេះដាក់ពាក្យយោង ក្នុងកម្មវិធី OpenOffice.org3.1 ក៏ពុំអាចដាក់យោងបាន តែសង្ឃឹមថាអ្នកទាំងអស់គ្នា យល់អំពីអ្វីដែលចង់សំដៅ ហើយសូមអធ្យាស្រ័យផងបើមានប៉ះពាល់ដល់ អ្នកអភិរក្សអក្សរខ្មែរគ្រប់រូប។ សូមអញ្ចើញទស្សនាដូចតទៅ! ^^ ជូនពរឆ្នាំថ្មី២០១១!

The wrong time machine_Part2_27122010_Final

ពិភពតូចចង្អៀត

ស្តង់ដារ

ទឹកភ្នែករបស់ខ្ញុំហូរស្រក់ចុះមក លើផែនថ្ពាល់ដ៏គគ្រាតនៃផ្ទៃមុខ… ដៃរបស់ខ្ញុំក្ដាប់យ៉ាងណែនជាមួយនឹង​បង្កាន់​ដៃ​នៃ​កាណូត​ដែល​កំពុង​ចរ​ ក្នុង​បរិយាកាស​អ៊ូរអរ​នា​រាត្រី​កាល​លើ​ទន្លេ​សាយហ្កន​​នា​ទីក្រុង​ព្រៃនគរ (Saigon, Ho​chi​minh)។

ចរាចរណ៍​នៅ​ទី​នេះ​ចង្អៀត​ណាស់ មនុស្ស​ម្នារ​ចេញ​ចូល ឆ្លង​ចុះ​ឆ្លង​ឡើង ឥត​ឈរឈប់​សោះ ទោះ​បី​ជាម៉ោង៩ យប់​ទៅ​ហើយ។ ខ្ញុំ​សម្លឹង​ទៅ​ឆ្ងាយ​​ឯ​ត្រើយ​នៃ​ភា​ព​រីកចម្រើន លើ​ភព​កង្វល់​នៃ​ដួងចិត្ត​បុរស​ម្នាក់​ដែល​កំពុង​បាត់បង់​នារី​ជាទី​ស្រឡាញ់​នៅ​នឹង​ភ្នែក។

ខ្ញុំ​យក​ដៃ​ជូត​ទឹកភ្នែក រួចងាក​ទៅ​នារី​ចំណាស់​ម្នាក់ ដែល​កំពុង​អង្គុយ​ក្បែរ​នោះ។

“This is my old land” ខ្ញុំនិយាយ​ទៅ​កាន់​នារី​ចំណាស់​ម្នាក់នោះ។

ខ្ញុំ​បាន​សួរនាំ រាក់ទាក់​គាត់​អស់មួយ​ប្រាវ​ហើយ​មុន​នេះ​បន្តិច។ ខ្ញុំ​ដឹង​ថា​វា​មិនសម​ទេ ដែល​ទឹក​ភ្នែក​របស់ខ្ញុំ​ស្រក់ តែ​វា​ជា​ក្ដី​មួយ​ដែល​ពិបាក​នឹង​ពណ៌នា​ឲ្យ​ត្រូវ​ ព្រោះ​នៅ​ពេល កម្មវិធី​កំពុង​ដំណើរ​ការ​នៅ​ឯ​ខាងក្រោម​ទូក ខ្ញុំ​នឹង​ក្រុម​ការងារ​បាន​បបួល​គ្នា​ឡើង​ច្រៀង និង​រាំ​ក្បាច់​រាំវង់​របស់​ខ្មែរ​ នៅលើ​ទូក ដោយមាន​ជំនួយ​ពី​អ្នកនាំ​ភ្ញៀវ​ទេសចរ​សញ្ជាតិ​កម្ពុជា​ក្រោម​ម្នាក់។

នៅលើ​ទូក ពុំ​សូវ​មាន​ភ្ញៀវ​ជនជាតិ​វៀតណាម​ទេ គឺមាន​តែ​ភ្ញៀវ​បរទេស​ភាគ​ច្រើន។ ជាទូទៅ ឲ្យ​តែ​ភ្ញៀវ​ពេញ​ចិត្ត​នឹង​បទ​ដែល​ជនជាតិ​វៀតណាម​ម្ចាស់​ទូក​ច្រៀង​ គេ​តែងតែ​ជូន​ជា​ប្រាក់កាស​ទៅ​កាន់​ពួកគេ​ដើម្បី​លើក​ទឹកចិត្ត។

«ឱ! ផ្កា​ល្ហុងៗ ដុះ​ក្នុង​ប្រឹក្សា កើតជាតិ​ណាណា សូម​បេះ​ផ្កា​ល្ហុង​ត្រួយ​ខ្ចី…» ខ្ញុំ​និង​ក្រុម​ការងារ​បាន​រាំ​ទៅ​តាម​សំនៀង​បែប​មិន​ច្បាស់​របស់លោក​វុទ្ធី​ដែល​ជា​អ្នក​នាំ​ទេសចរ។

ច្រៀង​និង​រាំ​មិនទាន់​ទាំងនឹងចប់ផង មិនថា​ឡើយ ភ្ញៀវ​បរទេស សូម្បី​តែ​ភ្ញៀវ​វៀតណាម​ក៏​ចង់​ចេះ រាំ​ក្បាច់​រាំវង់​របស់​យើង​ដែរ។ ចៃដន្យ បទ​មិន​ទាន់​ចប់​ទេ តែ​ស្រាប់​តែ​ជនជាតិ​វៀតណាម​ម្ចាស់​ទូក​ឡើងមក​បញ្ចប់ ដោយ​ទទួល​ប្រាក់​លើកទឹក​ចិត្ត​ទាំងអស់។

ចប់​អស់​ក្ដី​ប្រាថ្នាដែល​ក្រុម​ខ្ញុំ​ចង់​ដាក់​ប្រាក់ដែល​រំពឹង​ថា​ទទួល​បាន​ ទៅ​ជូន​ខ្មែរ​កម្ពុជា​ក្រោម…

“Where are you from?” សំឡេង​នារី​ចំណាស់​ផុសឡើង រួច​សួរ​ត្រឡប់​មកខ្ញុំ​វិញ។

“I come from Cambodia” ខ្ញុំតបទៅ​កាន់​គាត់។

“Oh! Hmm…” គាត់គ្រាន់តែគ្រហឹម​តែ​ប៉ុណ្ណោះ។

វាដូចជា​ក្ដី​ស្រម៉ៃ​អ៊ីចឹង។ តែមួយ​ភ្លែត​​សោះ ខ្ញុំ​ក៏​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​ខ្ញុំ​វិញ បន្ទាប់ពី​ខ្ញុំ ត្រូវ​បាន​កន្លែង​ការងារ​ដំបូងគេ​បង្អស់​ក្នុង​ជីវិត​របស់​ខ្ញុំ​បញ្ចូន​ទៅ​រយៈ​ពេល​៥ថ្ងៃ។

មកដល់​បាវិត! ភ្នែក​របស់​ខ្ញុំ ក៏ប្រឹង​បើក​ទាំង​មមីរៗ មើលទៅ​កាន់ ទឹក​ដី​ដែល​មាន​តែ​មនោសញ្ចេតនា​ដ៏​ធំធេង​រាប់​មិនអស់​នៃ​វាល​ស្រែ​ដែល​បាំង​ដោយ​អាគារ​Casinoនៃ​ថៅកែ​ធំៗ។ នៅពេល​ល្ងាច​ដូច្នេះ តាម​ផ្លូវ​ងងឹត​ណាស់ ងងឹត​រហូត​ដល់​ភ្នំពេញ។

គ្មានមនុស្សម្នារ​ឆ្លង​កាត់ទេ ទោះ​បី​ជា​ម៉ោង​ទើប​តែ៨​យប់ក៏ដោយ តាមផ្លូវ​មាន​សភាព​ស្ងាត់​ជ្រងំ មាន​ម៉ូតូ ចរ១ៗ។ ខ្ញុំ​ក៏​ចាប់​ទូរសព្ទ​Callទៅ​ប៉ា​ដើម្បី​ឲ្យ​ជួយ​មក​យក​នៅ​ចំណត​រថយន្ត​៕

 

ចាំ​ពៅវិលវិញ

១. ក្នុង​សុបិន​និមិត្ត​តែ​ព្រៃ​នគរ

នឹក​ពាក្យ​ជូន​ពរ គ្រា​ឈរ​លា​ដើម​គគីរ

សូរិយា​ដែល​លិច​លយ​ចាក​ពី​ទី

ភ្នែក​អើយ​សែន​មមីរ មមីរ​មើល​មិន​យល់។

២. ស្រុក​បាវិត​ឆោម​ស្និទ្ធិ​សែន​ស្នេហា

ពេល​ដល់កាលណា ចិន្ដា​ចារ​ព្រំប្រទល់

ពិត​នេះ​ ខំ​ចុះ​ចូល​មក​ពន្យល់​ពន្យិត​រិត​ឬស​គល់

និម្មល​បាន​ទៅ​គេ។

បន្ទរ. ពេល​នេះ អូន​ស្អាត​គ្មាន​គេ​ប្រៀប

ព្រោះ​រូប​បង​ទាប ​ជាងគេ

តែដឹង​រូប​អូន​មិន​ព្រម​ចិត្តទេ

មាស​មេ​ចាំ​បង​ត្រកង​ពៅ​វិញ។

៣. ដឹង​ទេ​ថា រាល់​ថ្ងៃ​នឹក​ផ្លូវ​វិល​មក

រៀម​នៅ​រក ខំ​រក​ទាំងទោម្នេញ

ឱ! ព្រៃ​នគរ​ឈរ​ត្រឹម​ទន្ទេញ

ក្រែង​​ពៅ​ត្រឡប់​វិញ ពៅ​អើយ​ចាំ​បង​ណា៎….។

 

ទំនុក​និងភ្លេង​ដោយ​ បញ្ញា។

កាលបរិច្ឆេទ៖ ថ្ងៃ​ទី​១២ ខែ​ធ្នូ ២០០៩ វេលា​ម៉ោង ១២:៤៥នាទីយប់។