Category Archives: មនោសញ្ចេតនា

អាទិត្យសម្ដែង

ស្តង់ដារ

មិនបានក្បោះក្បាយទេ តែខ្ញុំបានចងចាំព្រឹត្តិការណ៍ទាំងឡាយជាសង្ខេបមួយចំនួន​ប៉ុណ្ណោះ។ អាទិត្យសម្ដែង គឺជាអាទិត្យដែលមមាញឹកទៀតហើយក្នុងជីវិតខ្ញុំ ខ្ញុំបានជួបរឿងជាច្រើនស្ទើរពេញមួយថ្ងៃនោះ…

៤ទាបភ្លឺ ថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១១

តាំងពីក្បាលព្រលប់រហូតមកដល់ព្រឹកថ្មើណេះ ខ្ញុំគ្មានធ្មេចបានមួយស្រឡេតទេ។ ក្នុងចិត្ត ចេះតែនៅជាប់នឹងឆាកតន្ត្រីជានិច្ច។ ក្នុងពោះខ្ញុំ ចេះតែបុកស្រឺតៗ ពេលខ្លះ សឹងដកដង្ហើម ពុំស្មើគ្នា។ ជួនក៏ដូចជាក្ដៅខ្លួនយ៉ាងម៉េចទេ ទៅជា ស្រៀវស្រាញ!!!

អង្គុយលើតុ ចាំញាំបាយពេកព្រឹក កម្លាំងខ្ញុំអស់រលីង ហើយថែមទាំងស្អកទៀត។ ខ្ញុំដើរមួយៗ និយាយមួយៗទេ គឺអស់កម្លាំងពេក ដ្បិតមិនបានគេងស្រួលពីម្សិល។ ដល់វេទិការឆាក ក្រុមកំពង់ចាម ក្រុមកោះកុង គេនៅទីនោះជាស្រេច។ ក្នុងស្ទូឌីយូនោះ រងារណាស់ ព្រឹកអ៊ីចឹង ម៉ាស៊ីន ត្រជាក់នៅបើកឡើងកប់ទៀត។

ស្ទូឌីយ៉ូនេះ ធំល្មមទេ បើធៀបនឹងស្ទូឌីយ៉ូ បាយ័ន ដែលខ្ញុំធ្វើការ ទីនេះតូចណាស់។ ខ្ពស់ជាងដីរៀបបន្តិច វេទិកានេះ រៀបស្រដៀង នឹងឆាកកម្មវិធីនេះមិនមែនជាសុបិន របស់ខ្ញុំដែរ​ គ្រាន់តែគេវាយភ្លើងពណ៌មក រៀងស្រគត់ស្រគុំ។ បំពង់ម៉ាស៊ីន ត្រជាក់ ដែលដាក់ចម្រឹងចាប់ភ្ជាប់តៗគ្នា ជាដំណាក់ៗ ដោយមានជណ្ដើរដែករៀបស្មើ សម្រាប់ ជាការងាយស្រួលដល់វិស្វករភ្លើង គេធ្វើផងនោះ កៀនខាងក្រោម និងក្រោយគេ គឺជាកន្លែងសម្រាប់រៀបចំប្រព័ន្ធសំឡេង ទូទៅក្នុង កម្មវិធី។ ទីនោះ មានមនុស្សពីរទៅបីនាក់ចាំមើលការ សាកល្បងសំឡេងជាមួយក្រុម ដែលមកពីខេត្តចំនួនពីរក្រុមនោះ។ មនុស្សម្នាទូទៅ គេមកអង្គុយមើលការសម នៅកៅអីជ័រខាងដើមក្បែរប្រព័ន្ធសំឡេង។

ម៉ាស៊ីនត្រជាក់ សុខភាពក៏ទន់ ខ្ញុំរិតតែភ័យអរម្ដងៗ តែសំឡេងនៅតែមិនទាន់ប្រើការ បានស្រួលបួលសោះ។ ខ្ញុំខំញុំាំទឹកសុទ្ធពីរបីដប ដើម្បីបង្ការការរលាកបំពងក។

«ភ្នំពេញ មកដល់អស់នៅ?? ភ្នំពេញ!!!» លោកអ្នកចាត់ចែងទូទៅ បានប្រកាសដាក់មេក្រូ មកកាន់ក្រុមខ្ញុំ ដោយកាលណោះ បងលាភ និងមិត្តភក្តិពីរបីអ្នករបស់គាត់ បានលើក Piano digital មកដល់ឆាកហើយ។

«នៅទេ លោកពូ!! .. អឺ.. ក្រុមខ្ញុំ កំពុងជាប់រវល់ បន្តិចទៀតទើបមកដល់!» ខ្ញុំតបទៅគាត់វិញទាំងញញឹមធម្មតា។

«ឆាប់តិចមក ព្រោះមួយក្រុមសមតែពីរបទទេ» លោកតបមកវិញ។

ក្នុងចិត្តខ្ញុំចាប់វន្ទាហៅពួកគេហើយ ដូច្នេះ ខ្ញុំក៏ចាប់លើកទូរស័ព្ទហៅទៅពួកគាត់ និងអ្នកខ្លះថាកំពុងជិះតាមផ្លូវហើយ។ បងភា អ្នកចម្រៀងដៃគូនឹងខ្ញុំ បានមកដល់មុនគេ។​មកដល់ ខ្ញុំសំណេះសំណាលបន្តិច។

កណ្ដាលមនុស្សដែលមកមើលការសមនាព្រឹកនេះ ភាគច្រើន គឺមកពីកំពង់ចាម។ អ្នកកោះកុង ខ្ញុំពុំសូវជួបនោះទេ។ បងភានិងខ្ញុំអង្គុយក្បែរគ្នា មើលក្រុមគេសមបណ្ដើរ ដៃកាន់ទូរស័ព្ទនិយាយខ្វាត់ខ្វែងបណ្ដើរ។ មួយសន្ទុះក្រោយមក បងណា និង បងសំណាង ក៏មកដល់ ប៉ុន្តែមុនគាត់មកដល់ ខ្ញុំបានត្រូវលោកចាត់ចែងទូទៅបាញ់ពាក្យសម្ដីឡើងហុយដីទៅហើយ តែខ្ញុំនៅតែអាចរងបាន ព្រោះយល់ថា នេះជាការងារ។ ណាមកពីពួកយើងខុសមែន។

យឺតបន្តិច បងយ៉ា និងបងអៀបក៏មកដល់បន្ទាប់។ មុនគាត់មកដល់ គឺដូចគ្នា លោកចាត់ចែងបាន ប្រកាសម្ដងទៀត តែខ្ញុំចេញមុខរ៉ាប់រងញយដែរ។

ប្រកាសថាឲ្យពីការយឺតយ៉ាវខ្ញុំម្ដងទៀត ខ្ញុំក៏ព្យាយាមបង្វែងអារម្មណ៍លោក ដោយរៀបចំក្រុមទៅ រៀបចំឧបករណ៍សម្រាប់សម។ ជាបណ្ដើរៗ លោកក៏ប្រកាស ពីលក្ខខណ្ឌ័នានា និងវិធីសាស្ត្រខ្លះៗចំពោះក្រុមខេត្តទាំងពីរដែលបានសមចប់​ទៅហើយ ខ្ញុំពុំបានរវល់ទេ តែសឲត្រចៀកស្ដាប់ដឹងរឿងដែលធ្លាប់ដឹងហើយ។ យូរគួរសម បងលាភ , វិថី , បងផានិត និងប្រុសម្នាក់ទៀតក៏មកដល់បន្តបន្ទាប់។

ទម្រាំតែអាចរៀបចំក្រុមបានស្រួលបួល ម៉ោងជិតដប់ទៅហើយ ទើបពួកយើងបានសម ពីរបទទៀត ដោយក្នុងនោះយើងសម បទ អនុស្សាច្បារអំពៅ និងបទ ទន្លេស្នេហ៍ប្រែពណ៌។ យើងសមពីការដើរឆាក សំពះ សម្ដែង ញញឹម និងទូទៅ ជាមួយពិធីករ។ សំឡេងខ្ញុំនៅតែស្អកអ៊ីចឹង តែអាចស្ដាប់បាន។

ជាបន្តបន្ទាប់ លោកពិធីករបានប្រកាសតាមលំហូ នៃបែបបទកម្មវិធីរហូតដល់ចប់ នៅម៉ោងប្រហែលជិត១២ថ្ងៃត្រង់។ រួចរាល់ ពួកយើងក៏បំបែកគ្នា ដោយធ្វើតាមគំរោង ពីយប់ដែឡបាននិយាយគ្នាទុក។

ដល់ផ្ទះ ខ្ញុំអស់កម្លាំងល្ហិតល្ហៃ ក៏ឆ្លៀតចូលគេងមួយស្រឡេត ក្នុងបន្ទាប់ខ្ញុំ។ មិនលក់ទេ តែអាចសង្ងំបានដល់ម៉ោងជិត២រសៀលដែរ ទើបងើបញាំបាយថ្ងៃត្រង់បន្តិច។ សំឡេងខ្ញុំរៀងគ្រាន់បើបន្តិចហើយ តែនៅតែមិនទាន់មានកម្លាំង ដោយទ្រាំពុំបាន ខ្ញុំក៏តាំងញាំកាហ្វេទឹកដោះគោទឹកកក ដើម្បី ជំនួយកម្លាំងខ្លះៗ មុនការប្រកួត ឃើញថាបានផលគួរសម។

រួចរាល់ ខ្ញុំក៏បរឡានចេញទៅBBCទៅយកពួកគាត់ ប៉ុន្តែនៅសល់បងអៀបមួយ។ ម៉ោង២កន្លះជិត៣ទៅហើយ មិនចង់ខាតដំណើរ យើងក៏សម្រេចចិត្តចេញទៅ ធ្វើសក់ បន្តិចបន្តួចនៅក្បែរទឹករាំផ្ការាំឯបាក់ទូក។

ទីនោះឈ្មោះថា«ស្ទាវ»។ ប្រមាណជិតមួយម៉ោងដែរ ពួកយើងបានរៀបចំខ្លួនរួចជាស្រេច។ នៅទីនោះ ខ្ញុំក៏បានជួបមិត្តសម្លាញ់ខ្ញុំកាលនៅរៀនម្នាក់ ឈ្មោះ វង្ស បាយ័ន្តដែរ។ បានសំណេះសំណាល់នឹងគ្នារួចរាល់ ខ្ញុំនិងក្រុមក៏ចាកចេញពីទីនោះទៅ ស្ទូឌីយ៉ូប្រកួត ប្រហែលម៉ោង៣កន្លះជិត៤ដែរហើយ។ អង្គុយ និងសំណេះសំណាលបំបាត់ភាពភ័បន្តិច ពួកយើងក៏ចូលស្ទួឌីយូប្រកួត។

មិនយូរប៉ុន្មាន ក្រុមកំពង់ចាមដែលឡើងមុនគេ ក៏បានបញ្ចប់។ ពួកខ្ញុំ នៅត្រៀមខ្លួនជាស្រេច។ មុនបីនាទី ពួកយើងក៏ទៅដល់កន្លែងកៅអីជ័រមួយក្បែរនោះ។ បើមើលពីពួកយើងទៅ មនុស្សម្នាច្រើនណាស់ គឺច្រើនល្មមធ្វើឲ្យឆាកចង្អៀត!

ពិធីករក៏ចាប់ប្រកាស ភ្នែកទស្សនិកជន ក្រឡេកមកព្រោងព្រាតមកកាន់ក្រុមខ្ញុំ។ បទទីមួយក៏ចាប់ផ្ដើម ទាំងភ័យតិចៗក្នុងចិត្ត តែខ្ញុំអាចតាំងអារម្មណ៍បានដោយ ធ្វើជាមិនចាប់អារម្មណ៍ អ្នកទស្សនា។ ពួកយើងព្យាយាមញញឹម គឺញញឹមទាល់តែបាត់ភ័យរៀងៗខ្លួន។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាំវង់ក្រោយភ្លៀងរលឹម»

ទី១បានបញ្ចប់ជាមួយក្បាច់រាំវង់ គឺរាំវង់ក្រោយភ្លៀងរលឹម។ ក្រោយភ្លៀងរលឹម គឺមេឃមុខជាស្រឡះហើយ ក៏ប៉ុន្តែ បទបន្ទាប់គឺជាបទមនោសញ្ចេតនា ដែលហាក់ផ្ទុយស្រឡះពីសាច់រឿងអម្បាញ់មិញ ប៉ុន្តែបើនិយាយពីចិត្ត គឺពិតមែនហើយ គឺស្រឡះ។ ក្នុងចិត្តខ្ញុំក៏ចាប់ផ្ដើមក្ដៅម៉ាស៊ីន ដែលជាបច្ច័យល្អ គួរសម ក្នុងការដែលធ្វើឲ្យខ្ញុំកាន់តែសុំាំនឹងឆាក គឺឆាកដំបូងគេបង្អស់ក្នុងជីវិតខ្ញុំ។

ទន្លេស្នេហ៍ប្រែពណ៌ គឺជាបទមនោសញ្ចេតនា ដែលខ្ញុំតែងហើយតែងទៀត តែងហើយតែងទៀត សឹងតែអាចនិយាយបានថា ខ្លាចជាងគេគឺបទដែល រកមនោសញ្ចេតនា មកដាក់ក្នុងពុំបាននេះ គឺបារម្ភជាងគេ។ តែទីបញ្ចប់ ទំនុកចម្រៀង ទាំងអស់ គឺឋិតក្នុងខួរខ្ញុំជាបន្តបន្ទាប់គួរសម គឺគុណបុណ្យនៃចិត្តណាស់។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«ទន្លេស្នេហ៍ប្រែពណ៌»

បានបញ្ចប់ហើយបទមនោសញ្ចេតនានោះ ដោយខ្ញុំពុំបានចាប់អារម្មណ៍ពីសំឡេងអ្វីទាំងអស់! បទឆាចឆាចឆាក៏ចូលមកបន្ទាប់ ដោយក្នុងនោះ អ្នកចម្រៀងស្រី ដែលកាលពីច្រៀងបទរាំវង់ក្រោយភ្លៀងរលឹម គាត់ស្លៀកពាក់សំពត់ហូលផាមួងទេ តែដល់ចូលបទនេះ គាត់បានផ្លាស់រួចរាល់ជារបៀបសម័យមុន ដោយខ្ញុំគ្រាន់តែប្រាប់ គាត់ទេ មិននឹកស្មានថា​ គាត់អាចធ្វើបានត្រូវចិត្តយ៉ាងនេះដែរ។ ទាញដៃ រួចចូលទៅ ខ្ញុំក៏ចាប់ច្រៀងតាមលំហូរបទ តែដោយប៉ារ៉ូលទីមួយ គឺចុងជួនល្អជាង ក៏បង្វែរ ខ្ញុំឲ្យច្រៀងប៉ារ៉ូលនេះឡើងវិញ ជាយថាហេតុទៅវិញ តែដោយសារតែកាយវិការយោង ខ្ញុំក៏ព្យាយាមច្រៀងជាបន្តបន្ទាប់ មិនខ្វល់ពីកំហុសបន្តិចនេះទេ រហូត ដល់ច្រៀងបកឡើងវិញ ទើបបានច្រៀងវគ្គទី២នេះ។​ សំណាងដែរ ដែលមិនឆ្គងអីណាស់ណាទេ គឺអាចយកជាការបាន។ 🙂

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាត្រីឆាចឆាចឆា»

ចប់បទនេះ បទប្រចាំត្រកូលក្រុមក៏ចូលមកដល់ បទនេះគឺជាបទមួយ ដែលខ្ញុំស្រឡាញ់ជាងគេក្នុងចំនោម៤បទសម្រាប់ការប្រកួត ហើយក៏ជាបទដែលគេស្គាល់ខ្ញុំ តាំងពីឆ្នាំមុនដែរ។ បទនោះគឺ បទអនុស្សាច្បារអំពៅ។ ដំណើរ និងកន្លុកកន្លៀតដែលខ្ញុំសង្ឃឹមជាងគេ គឺត្រូវបានរៀបចំដោយ លម្អិតចូលគ្នាក្នុងនោះ ដូចជា ការស្រែកបន្ទោរ ការហួចជាសូឡូ បច្ចេកទេសក្រហឹម សាច់បទ សាច់ភ្លេង ទំនុកច្រៀង និងបច្ចេកទេសសម្ដែង ដែលដកពីសម័យឆ្នាំ ៨០ និង៦០ គឺត្រូវបានរៀបចំបូកចូលគ្នាជាសិល្បៈតែមួយ។ ខ្ញុំមិនដឹងពីសុក្រិតភាពពីគណៈកម្មការនោះទេ តែខ្ញុំគ្រាន់តែដឹងថា នេះជាអ្វីដែលខ្ញុំខំប្រឹងអស់ពីទឹកចិត្ត និងសម្ថភាពខ្ញុំ។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«អនុស្សាច្បារអំពៅ»

ចប់ជាស្ថាពរនូវការសម្ដែង ដែលហាក់ដូចជាទើបតែនឹងដកបន្លាចេញពីទ្រូងអ៊ីចឹង។ មានសំណួរមួយចំនួនដែលធ្វើឲ្យខ្ញុំ រីករាយនឹងឆ្លើយ គឺឆ្លើយចេញពីបេះដូង ដែលបានកប់ទុកជាយូរមកហើយ។ 🙂 នេះហើយជាសិល្បៈ!!!

ក្រឡេកឯពេលក្រុមខ្ញុំចប់ សារជាបន្តបន្ទាប់ គឺធ្វើឲ្យក្រុមខ្ញុំខ្ពស់ណាស់ តែដល់តែពេល ក្រុមកោះកុងចុះ ប្រជាប្រិយភាពសារនេះក៏បាត់បង់ តែគ្រាន់តែបាត់បង់ស្មើគ្នាប៉ុណ្ណោះ ដោយក្រុមខ្ញុំលើសកន្ទុយភាគរយវិញ។ នេះជាប្រជាប្រិយភាពតាមបណ្ដាញ។ កាលណោះ ខ្ញុំក៏ឆ្លៀតប្រើអ៊ីនធឺណែតផ្សព្វផ្សាយដែរ តែប្រហែលជា ពេលវេលាយើង កណ្ដាលផង ទើបបានជាសារដែលចូលមកក្រោយពន្លិចសារយើង! មិនថ្វីទេ ទោះជាយ៉ាងណាក៏ខ្ញុំនិងក្រុមខ្ញុំបានធ្វើអស់ពីកម្លាំងកាយនិងចិត្តហើយ! 🙂 ស្នាមញញឹមនៅតែមាន!

កម្មវិធីបានបញ្ចប់ ពាក្យសរសើរលើកទឹកចិត្ត ក៏ចេះតែលេចឮពីមាត់មួយទៅមាត់មួយ ក្នុងចិត្តខ្ញុំហាក់ដូចជាមានកម្លាំងគ្រាន់បើ ប៉ុន្តែខ្ញុំមិនភ្លេចពីសីលធម៌នៃការគោរពដឹងគុណ ដ៏លោកគ្រូ ឯកឧត្ដម លោកអ៊ុំ លោកជំទាវ និងមិត្តភក្ដិ ដែលបានគាំទ្រខ្ញុំនោះទេ។ ខ្ញុំរីករាយណាស់! អាចថា ខ្ញុំពិបាកនឹងចោលចរិត រាក់ទាក់នេះណាស់! ដូច្នេះ ខ្ញុំក៏ថតរូបលេង ជាច្រើនប៉ុស្តិ៍ ជាមួយពួកគាត់ដែរ។ 🙂 ក្រោយមក ពួកយើងក៏ទៅញាំអី ដោយមិនចង់បំភ្លេចឡើយ នូវអនុស្សាវរីយ៍ថ្មីៗដែលទើបកន្លងទៅមួយប៉ប្រិចភ្នែក ដូចល្អធូលីចូល រួចត្រូវទឹកភ្នែក ហូរហៀរបំបាត់ចោល នៅសល់តែស្នាមបន្តិចបន្តួច! ស្នាមញញឹមនៅតែមាន ភាសាទឹកចិត្តនៅតែបង្អួតជិវិតនេះ! ជឿជាក់ខ្លួនឯងដើម្បីអ្វីៗទាំងអស់ជោគជ័យ ដល់អ្នកដទៃ! 🙂

ឯកឧត្ដមប្រគល់បាច់ផ្កា

សមាជិកក្រុមជាមួយ ឯកឧត្ដម ខៀវ កាញ៉ារិទ្ធិ

សមាជិកក្រុម ជាមួយ លោកអ៊ុំ អៀង ស៊ីធុល និងអ្នកមីង ហ៊ឹម ស៊ីវន

ខ្ញុំនិងបងភីន

ខ្ញុំនិងបងហេឡែន

ខ្ញុំស្រឡាញ់ក្រុមខ្ញុំ ខ្ញុំស្រឡាញ់ស្នាមញញឹម! 🙂

សមាជិកក្រុមតន្ត្រីស្នាមញញឹម

ភ្នំពេញ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១១