Category Archives: បទនិពន្ធនានា

អាទិត្យសម្ដែង

ស្តង់ដារ

មិនបានក្បោះក្បាយទេ តែខ្ញុំបានចងចាំព្រឹត្តិការណ៍ទាំងឡាយជាសង្ខេបមួយចំនួន​ប៉ុណ្ណោះ។ អាទិត្យសម្ដែង គឺជាអាទិត្យដែលមមាញឹកទៀតហើយក្នុងជីវិតខ្ញុំ ខ្ញុំបានជួបរឿងជាច្រើនស្ទើរពេញមួយថ្ងៃនោះ…

៤ទាបភ្លឺ ថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១១

តាំងពីក្បាលព្រលប់រហូតមកដល់ព្រឹកថ្មើណេះ ខ្ញុំគ្មានធ្មេចបានមួយស្រឡេតទេ។ ក្នុងចិត្ត ចេះតែនៅជាប់នឹងឆាកតន្ត្រីជានិច្ច។ ក្នុងពោះខ្ញុំ ចេះតែបុកស្រឺតៗ ពេលខ្លះ សឹងដកដង្ហើម ពុំស្មើគ្នា។ ជួនក៏ដូចជាក្ដៅខ្លួនយ៉ាងម៉េចទេ ទៅជា ស្រៀវស្រាញ!!!

អង្គុយលើតុ ចាំញាំបាយពេកព្រឹក កម្លាំងខ្ញុំអស់រលីង ហើយថែមទាំងស្អកទៀត។ ខ្ញុំដើរមួយៗ និយាយមួយៗទេ គឺអស់កម្លាំងពេក ដ្បិតមិនបានគេងស្រួលពីម្សិល។ ដល់វេទិការឆាក ក្រុមកំពង់ចាម ក្រុមកោះកុង គេនៅទីនោះជាស្រេច។ ក្នុងស្ទូឌីយូនោះ រងារណាស់ ព្រឹកអ៊ីចឹង ម៉ាស៊ីន ត្រជាក់នៅបើកឡើងកប់ទៀត។

ស្ទូឌីយ៉ូនេះ ធំល្មមទេ បើធៀបនឹងស្ទូឌីយ៉ូ បាយ័ន ដែលខ្ញុំធ្វើការ ទីនេះតូចណាស់។ ខ្ពស់ជាងដីរៀបបន្តិច វេទិកានេះ រៀបស្រដៀង នឹងឆាកកម្មវិធីនេះមិនមែនជាសុបិន របស់ខ្ញុំដែរ​ គ្រាន់តែគេវាយភ្លើងពណ៌មក រៀងស្រគត់ស្រគុំ។ បំពង់ម៉ាស៊ីន ត្រជាក់ ដែលដាក់ចម្រឹងចាប់ភ្ជាប់តៗគ្នា ជាដំណាក់ៗ ដោយមានជណ្ដើរដែករៀបស្មើ សម្រាប់ ជាការងាយស្រួលដល់វិស្វករភ្លើង គេធ្វើផងនោះ កៀនខាងក្រោម និងក្រោយគេ គឺជាកន្លែងសម្រាប់រៀបចំប្រព័ន្ធសំឡេង ទូទៅក្នុង កម្មវិធី។ ទីនោះ មានមនុស្សពីរទៅបីនាក់ចាំមើលការ សាកល្បងសំឡេងជាមួយក្រុម ដែលមកពីខេត្តចំនួនពីរក្រុមនោះ។ មនុស្សម្នាទូទៅ គេមកអង្គុយមើលការសម នៅកៅអីជ័រខាងដើមក្បែរប្រព័ន្ធសំឡេង។

ម៉ាស៊ីនត្រជាក់ សុខភាពក៏ទន់ ខ្ញុំរិតតែភ័យអរម្ដងៗ តែសំឡេងនៅតែមិនទាន់ប្រើការ បានស្រួលបួលសោះ។ ខ្ញុំខំញុំាំទឹកសុទ្ធពីរបីដប ដើម្បីបង្ការការរលាកបំពងក។

«ភ្នំពេញ មកដល់អស់នៅ?? ភ្នំពេញ!!!» លោកអ្នកចាត់ចែងទូទៅ បានប្រកាសដាក់មេក្រូ មកកាន់ក្រុមខ្ញុំ ដោយកាលណោះ បងលាភ និងមិត្តភក្តិពីរបីអ្នករបស់គាត់ បានលើក Piano digital មកដល់ឆាកហើយ។

«នៅទេ លោកពូ!! .. អឺ.. ក្រុមខ្ញុំ កំពុងជាប់រវល់ បន្តិចទៀតទើបមកដល់!» ខ្ញុំតបទៅគាត់វិញទាំងញញឹមធម្មតា។

«ឆាប់តិចមក ព្រោះមួយក្រុមសមតែពីរបទទេ» លោកតបមកវិញ។

ក្នុងចិត្តខ្ញុំចាប់វន្ទាហៅពួកគេហើយ ដូច្នេះ ខ្ញុំក៏ចាប់លើកទូរស័ព្ទហៅទៅពួកគាត់ និងអ្នកខ្លះថាកំពុងជិះតាមផ្លូវហើយ។ បងភា អ្នកចម្រៀងដៃគូនឹងខ្ញុំ បានមកដល់មុនគេ។​មកដល់ ខ្ញុំសំណេះសំណាលបន្តិច។

កណ្ដាលមនុស្សដែលមកមើលការសមនាព្រឹកនេះ ភាគច្រើន គឺមកពីកំពង់ចាម។ អ្នកកោះកុង ខ្ញុំពុំសូវជួបនោះទេ។ បងភានិងខ្ញុំអង្គុយក្បែរគ្នា មើលក្រុមគេសមបណ្ដើរ ដៃកាន់ទូរស័ព្ទនិយាយខ្វាត់ខ្វែងបណ្ដើរ។ មួយសន្ទុះក្រោយមក បងណា និង បងសំណាង ក៏មកដល់ ប៉ុន្តែមុនគាត់មកដល់ ខ្ញុំបានត្រូវលោកចាត់ចែងទូទៅបាញ់ពាក្យសម្ដីឡើងហុយដីទៅហើយ តែខ្ញុំនៅតែអាចរងបាន ព្រោះយល់ថា នេះជាការងារ។ ណាមកពីពួកយើងខុសមែន។

យឺតបន្តិច បងយ៉ា និងបងអៀបក៏មកដល់បន្ទាប់។ មុនគាត់មកដល់ គឺដូចគ្នា លោកចាត់ចែងបាន ប្រកាសម្ដងទៀត តែខ្ញុំចេញមុខរ៉ាប់រងញយដែរ។

ប្រកាសថាឲ្យពីការយឺតយ៉ាវខ្ញុំម្ដងទៀត ខ្ញុំក៏ព្យាយាមបង្វែងអារម្មណ៍លោក ដោយរៀបចំក្រុមទៅ រៀបចំឧបករណ៍សម្រាប់សម។ ជាបណ្ដើរៗ លោកក៏ប្រកាស ពីលក្ខខណ្ឌ័នានា និងវិធីសាស្ត្រខ្លះៗចំពោះក្រុមខេត្តទាំងពីរដែលបានសមចប់​ទៅហើយ ខ្ញុំពុំបានរវល់ទេ តែសឲត្រចៀកស្ដាប់ដឹងរឿងដែលធ្លាប់ដឹងហើយ។ យូរគួរសម បងលាភ , វិថី , បងផានិត និងប្រុសម្នាក់ទៀតក៏មកដល់បន្តបន្ទាប់។

ទម្រាំតែអាចរៀបចំក្រុមបានស្រួលបួល ម៉ោងជិតដប់ទៅហើយ ទើបពួកយើងបានសម ពីរបទទៀត ដោយក្នុងនោះយើងសម បទ អនុស្សាច្បារអំពៅ និងបទ ទន្លេស្នេហ៍ប្រែពណ៌។ យើងសមពីការដើរឆាក សំពះ សម្ដែង ញញឹម និងទូទៅ ជាមួយពិធីករ។ សំឡេងខ្ញុំនៅតែស្អកអ៊ីចឹង តែអាចស្ដាប់បាន។

ជាបន្តបន្ទាប់ លោកពិធីករបានប្រកាសតាមលំហូ នៃបែបបទកម្មវិធីរហូតដល់ចប់ នៅម៉ោងប្រហែលជិត១២ថ្ងៃត្រង់។ រួចរាល់ ពួកយើងក៏បំបែកគ្នា ដោយធ្វើតាមគំរោង ពីយប់ដែឡបាននិយាយគ្នាទុក។

ដល់ផ្ទះ ខ្ញុំអស់កម្លាំងល្ហិតល្ហៃ ក៏ឆ្លៀតចូលគេងមួយស្រឡេត ក្នុងបន្ទាប់ខ្ញុំ។ មិនលក់ទេ តែអាចសង្ងំបានដល់ម៉ោងជិត២រសៀលដែរ ទើបងើបញាំបាយថ្ងៃត្រង់បន្តិច។ សំឡេងខ្ញុំរៀងគ្រាន់បើបន្តិចហើយ តែនៅតែមិនទាន់មានកម្លាំង ដោយទ្រាំពុំបាន ខ្ញុំក៏តាំងញាំកាហ្វេទឹកដោះគោទឹកកក ដើម្បី ជំនួយកម្លាំងខ្លះៗ មុនការប្រកួត ឃើញថាបានផលគួរសម។

រួចរាល់ ខ្ញុំក៏បរឡានចេញទៅBBCទៅយកពួកគាត់ ប៉ុន្តែនៅសល់បងអៀបមួយ។ ម៉ោង២កន្លះជិត៣ទៅហើយ មិនចង់ខាតដំណើរ យើងក៏សម្រេចចិត្តចេញទៅ ធ្វើសក់ បន្តិចបន្តួចនៅក្បែរទឹករាំផ្ការាំឯបាក់ទូក។

ទីនោះឈ្មោះថា«ស្ទាវ»។ ប្រមាណជិតមួយម៉ោងដែរ ពួកយើងបានរៀបចំខ្លួនរួចជាស្រេច។ នៅទីនោះ ខ្ញុំក៏បានជួបមិត្តសម្លាញ់ខ្ញុំកាលនៅរៀនម្នាក់ ឈ្មោះ វង្ស បាយ័ន្តដែរ។ បានសំណេះសំណាល់នឹងគ្នារួចរាល់ ខ្ញុំនិងក្រុមក៏ចាកចេញពីទីនោះទៅ ស្ទូឌីយ៉ូប្រកួត ប្រហែលម៉ោង៣កន្លះជិត៤ដែរហើយ។ អង្គុយ និងសំណេះសំណាលបំបាត់ភាពភ័បន្តិច ពួកយើងក៏ចូលស្ទួឌីយូប្រកួត។

មិនយូរប៉ុន្មាន ក្រុមកំពង់ចាមដែលឡើងមុនគេ ក៏បានបញ្ចប់។ ពួកខ្ញុំ នៅត្រៀមខ្លួនជាស្រេច។ មុនបីនាទី ពួកយើងក៏ទៅដល់កន្លែងកៅអីជ័រមួយក្បែរនោះ។ បើមើលពីពួកយើងទៅ មនុស្សម្នាច្រើនណាស់ គឺច្រើនល្មមធ្វើឲ្យឆាកចង្អៀត!

ពិធីករក៏ចាប់ប្រកាស ភ្នែកទស្សនិកជន ក្រឡេកមកព្រោងព្រាតមកកាន់ក្រុមខ្ញុំ។ បទទីមួយក៏ចាប់ផ្ដើម ទាំងភ័យតិចៗក្នុងចិត្ត តែខ្ញុំអាចតាំងអារម្មណ៍បានដោយ ធ្វើជាមិនចាប់អារម្មណ៍ អ្នកទស្សនា។ ពួកយើងព្យាយាមញញឹម គឺញញឹមទាល់តែបាត់ភ័យរៀងៗខ្លួន។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាំវង់ក្រោយភ្លៀងរលឹម»

ទី១បានបញ្ចប់ជាមួយក្បាច់រាំវង់ គឺរាំវង់ក្រោយភ្លៀងរលឹម។ ក្រោយភ្លៀងរលឹម គឺមេឃមុខជាស្រឡះហើយ ក៏ប៉ុន្តែ បទបន្ទាប់គឺជាបទមនោសញ្ចេតនា ដែលហាក់ផ្ទុយស្រឡះពីសាច់រឿងអម្បាញ់មិញ ប៉ុន្តែបើនិយាយពីចិត្ត គឺពិតមែនហើយ គឺស្រឡះ។ ក្នុងចិត្តខ្ញុំក៏ចាប់ផ្ដើមក្ដៅម៉ាស៊ីន ដែលជាបច្ច័យល្អ គួរសម ក្នុងការដែលធ្វើឲ្យខ្ញុំកាន់តែសុំាំនឹងឆាក គឺឆាកដំបូងគេបង្អស់ក្នុងជីវិតខ្ញុំ។

ទន្លេស្នេហ៍ប្រែពណ៌ គឺជាបទមនោសញ្ចេតនា ដែលខ្ញុំតែងហើយតែងទៀត តែងហើយតែងទៀត សឹងតែអាចនិយាយបានថា ខ្លាចជាងគេគឺបទដែល រកមនោសញ្ចេតនា មកដាក់ក្នុងពុំបាននេះ គឺបារម្ភជាងគេ។ តែទីបញ្ចប់ ទំនុកចម្រៀង ទាំងអស់ គឺឋិតក្នុងខួរខ្ញុំជាបន្តបន្ទាប់គួរសម គឺគុណបុណ្យនៃចិត្តណាស់។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«ទន្លេស្នេហ៍ប្រែពណ៌»

បានបញ្ចប់ហើយបទមនោសញ្ចេតនានោះ ដោយខ្ញុំពុំបានចាប់អារម្មណ៍ពីសំឡេងអ្វីទាំងអស់! បទឆាចឆាចឆាក៏ចូលមកបន្ទាប់ ដោយក្នុងនោះ អ្នកចម្រៀងស្រី ដែលកាលពីច្រៀងបទរាំវង់ក្រោយភ្លៀងរលឹម គាត់ស្លៀកពាក់សំពត់ហូលផាមួងទេ តែដល់ចូលបទនេះ គាត់បានផ្លាស់រួចរាល់ជារបៀបសម័យមុន ដោយខ្ញុំគ្រាន់តែប្រាប់ គាត់ទេ មិននឹកស្មានថា​ គាត់អាចធ្វើបានត្រូវចិត្តយ៉ាងនេះដែរ។ ទាញដៃ រួចចូលទៅ ខ្ញុំក៏ចាប់ច្រៀងតាមលំហូរបទ តែដោយប៉ារ៉ូលទីមួយ គឺចុងជួនល្អជាង ក៏បង្វែរ ខ្ញុំឲ្យច្រៀងប៉ារ៉ូលនេះឡើងវិញ ជាយថាហេតុទៅវិញ តែដោយសារតែកាយវិការយោង ខ្ញុំក៏ព្យាយាមច្រៀងជាបន្តបន្ទាប់ មិនខ្វល់ពីកំហុសបន្តិចនេះទេ រហូត ដល់ច្រៀងបកឡើងវិញ ទើបបានច្រៀងវគ្គទី២នេះ។​ សំណាងដែរ ដែលមិនឆ្គងអីណាស់ណាទេ គឺអាចយកជាការបាន។ 🙂

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាត្រីឆាចឆាចឆា»

ចប់បទនេះ បទប្រចាំត្រកូលក្រុមក៏ចូលមកដល់ បទនេះគឺជាបទមួយ ដែលខ្ញុំស្រឡាញ់ជាងគេក្នុងចំនោម៤បទសម្រាប់ការប្រកួត ហើយក៏ជាបទដែលគេស្គាល់ខ្ញុំ តាំងពីឆ្នាំមុនដែរ។ បទនោះគឺ បទអនុស្សាច្បារអំពៅ។ ដំណើរ និងកន្លុកកន្លៀតដែលខ្ញុំសង្ឃឹមជាងគេ គឺត្រូវបានរៀបចំដោយ លម្អិតចូលគ្នាក្នុងនោះ ដូចជា ការស្រែកបន្ទោរ ការហួចជាសូឡូ បច្ចេកទេសក្រហឹម សាច់បទ សាច់ភ្លេង ទំនុកច្រៀង និងបច្ចេកទេសសម្ដែង ដែលដកពីសម័យឆ្នាំ ៨០ និង៦០ គឺត្រូវបានរៀបចំបូកចូលគ្នាជាសិល្បៈតែមួយ។ ខ្ញុំមិនដឹងពីសុក្រិតភាពពីគណៈកម្មការនោះទេ តែខ្ញុំគ្រាន់តែដឹងថា នេះជាអ្វីដែលខ្ញុំខំប្រឹងអស់ពីទឹកចិត្ត និងសម្ថភាពខ្ញុំ។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«អនុស្សាច្បារអំពៅ»

ចប់ជាស្ថាពរនូវការសម្ដែង ដែលហាក់ដូចជាទើបតែនឹងដកបន្លាចេញពីទ្រូងអ៊ីចឹង។ មានសំណួរមួយចំនួនដែលធ្វើឲ្យខ្ញុំ រីករាយនឹងឆ្លើយ គឺឆ្លើយចេញពីបេះដូង ដែលបានកប់ទុកជាយូរមកហើយ។ 🙂 នេះហើយជាសិល្បៈ!!!

ក្រឡេកឯពេលក្រុមខ្ញុំចប់ សារជាបន្តបន្ទាប់ គឺធ្វើឲ្យក្រុមខ្ញុំខ្ពស់ណាស់ តែដល់តែពេល ក្រុមកោះកុងចុះ ប្រជាប្រិយភាពសារនេះក៏បាត់បង់ តែគ្រាន់តែបាត់បង់ស្មើគ្នាប៉ុណ្ណោះ ដោយក្រុមខ្ញុំលើសកន្ទុយភាគរយវិញ។ នេះជាប្រជាប្រិយភាពតាមបណ្ដាញ។ កាលណោះ ខ្ញុំក៏ឆ្លៀតប្រើអ៊ីនធឺណែតផ្សព្វផ្សាយដែរ តែប្រហែលជា ពេលវេលាយើង កណ្ដាលផង ទើបបានជាសារដែលចូលមកក្រោយពន្លិចសារយើង! មិនថ្វីទេ ទោះជាយ៉ាងណាក៏ខ្ញុំនិងក្រុមខ្ញុំបានធ្វើអស់ពីកម្លាំងកាយនិងចិត្តហើយ! 🙂 ស្នាមញញឹមនៅតែមាន!

កម្មវិធីបានបញ្ចប់ ពាក្យសរសើរលើកទឹកចិត្ត ក៏ចេះតែលេចឮពីមាត់មួយទៅមាត់មួយ ក្នុងចិត្តខ្ញុំហាក់ដូចជាមានកម្លាំងគ្រាន់បើ ប៉ុន្តែខ្ញុំមិនភ្លេចពីសីលធម៌នៃការគោរពដឹងគុណ ដ៏លោកគ្រូ ឯកឧត្ដម លោកអ៊ុំ លោកជំទាវ និងមិត្តភក្ដិ ដែលបានគាំទ្រខ្ញុំនោះទេ។ ខ្ញុំរីករាយណាស់! អាចថា ខ្ញុំពិបាកនឹងចោលចរិត រាក់ទាក់នេះណាស់! ដូច្នេះ ខ្ញុំក៏ថតរូបលេង ជាច្រើនប៉ុស្តិ៍ ជាមួយពួកគាត់ដែរ។ 🙂 ក្រោយមក ពួកយើងក៏ទៅញាំអី ដោយមិនចង់បំភ្លេចឡើយ នូវអនុស្សាវរីយ៍ថ្មីៗដែលទើបកន្លងទៅមួយប៉ប្រិចភ្នែក ដូចល្អធូលីចូល រួចត្រូវទឹកភ្នែក ហូរហៀរបំបាត់ចោល នៅសល់តែស្នាមបន្តិចបន្តួច! ស្នាមញញឹមនៅតែមាន ភាសាទឹកចិត្តនៅតែបង្អួតជិវិតនេះ! ជឿជាក់ខ្លួនឯងដើម្បីអ្វីៗទាំងអស់ជោគជ័យ ដល់អ្នកដទៃ! 🙂

ឯកឧត្ដមប្រគល់បាច់ផ្កា

សមាជិកក្រុមជាមួយ ឯកឧត្ដម ខៀវ កាញ៉ារិទ្ធិ

សមាជិកក្រុម ជាមួយ លោកអ៊ុំ អៀង ស៊ីធុល និងអ្នកមីង ហ៊ឹម ស៊ីវន

ខ្ញុំនិងបងភីន

ខ្ញុំនិងបងហេឡែន

ខ្ញុំស្រឡាញ់ក្រុមខ្ញុំ ខ្ញុំស្រឡាញ់ស្នាមញញឹម! 🙂

សមាជិកក្រុមតន្ត្រីស្នាមញញឹម

ភ្នំពេញ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១១

Advertisements

រឿងខ្លី៖ ព្រះខែថ្មីក្នុងរាត្រីចាស់

ស្តង់ដារ

សូមចុចទីនេះដើម្បីអាន៖ ព្រះខែថ្មីក្នុងរាត្រីចាស់។ (កំពុងរៀបចំបទបរិយាយនៃពត៌មានរឿង)

៤០ឆ្នាំជាងក្រោយមក ខ្ញុំក៏ជាបេក្ខជនម្នាក់ដែរ

ស្តង់ដារ

ក្រុងកែប ឆ្នាំ១៩៦៣

ព្រឹត្តិការណ៍ប្រឡងតន្ត្រីទូទាំងមួយ បានប្រឌិតខ្លួនឡើងជាមួយនឹងតន្ត្រីករខ្មែរ កវីនិពន្ធខ្មែរ ពោរពេញ ដោយសមត្ថភាព និងទេពកោសល្យខ្ពស់ និងមានភាពល្បីរន្ទឺ នៅក្នុងទ្វីបអាស៊ី។ ចាប់តាំងពីពេលនោះមក វិស័យតួរ្យតន្ត្រីខ្មែរ បានចាប់ផ្ដើម រីកចម្រើន គួរឲ្យកត់សម្គាល់ ដែលតាមឯកសាររបស់សៀវភៅ «រ៉ៃយំ» បានឲ្យដឹងថា ក្នុងអំឡុងទស្សវត្សទី៦០នេះ តូរ្យតន្ត្រីខ្មែរ បានក្លាយជាឧស្សាហកម្មបទចម្រៀងដ៏ធំមួយ ដែលរួមមានកវីនិពន្ធទំនុកច្រៀង ទំនុកភ្លេង អ្នកសម្រួលតន្ត្រី អ្នកចម្រៀងជាច្រើនរូប និងតន្ត្រីករដែលប្រកបដោយបច្ចេកទេសនិងសមត្ថភាព។

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

ដោយសាររបបខ្មែរក្រហម តូរ្យតន្ត្រីខ្មែរ និងវិស័យផ្សេងៗបាន បាត់មុខពីពិភពលោកយ៉ាងគួរឲ្យសោកសង្រេងបំផុត។ ៤០ឆ្នាំជាងក្រោយ ព្រឹត្តិការណ៍ឆ្នាំ៦៣ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១នេះ មហោស្រពតូរ្យតន្ត្រីសម័យឆ្នាំ២០១១ បានប្រព្រឹត្តិឡើងសារជាថ្មីលើកទី២។ ព្រឹត្តិការណ៍នេះកត់សម្គាល់ ឬកត់ត្រាថា ជាព្រឹត្តិការណ៍ទី២នៃប្រវត្តិសាស្ត្របទភ្លេងរបស់កម្ពុជា។

ក្នុងចំណោមបេក្ខជនជាង៣០០នាក់ ក្នុងនោះខ្ញុំក៏ជាសមាជិកម្នាក់ផងដែរ។ ក្រុមតន្ត្រីដែល ដឹកនាំដោយ ខ្ញុំ និងការជ្រោមជ្រែងពី បងៗ តន្ត្រីកររបស់ខ្ញុំ មានឈ្មោះថា ក្រុមតន្ត្រីស្នាមញញឹម

ស្នាមញញឹម ទើបតែបង្កើតឡើងមុនការបើកការប្រកួតតែ ប្រមាណ៣ទៅ៤ខែ និងឈ្មោះនេះបានប្រើប្រាស់ក្លាយជាផ្លូវការក្នុងថ្ងៃបើកកម្មវិធីនេះតែប៉ុណ្ណោះ  ប៉ុន្តែកិច្ចការដែលយើងនឹងត្រូវធ្វើនិងកំពុងធ្វើ គឺកើតចេញពីក្ដីស្រឡាញ់ពីដួងចិត្តចំពោះវិស័យតូរ្យតន្ត្រីមួយនេះ។ យ៉ាងណាមិញ ពួកយើងស្គាល់គ្នាតាមរយៈតែការណែនាំគ្នាប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ ពួកយើងមិនមែនប្រើលុយកាក់ដើម្បីធ្វើកិច្ចការដ៏ធំមួយនេះនោះទេ គឺយើងប្រើទឹកចិត្ត និងភាពសង្ឃឹមមកសាមគ្គីគ្នាធ្វើកិច្ចការដ៏អស្ចារ្យរួមគ្នានេះ។ ថ្វីត្បិតតែ ពួកយើងមិនមានកន្លែងហាត់ផ្ទាល់ខ្លួនក៏ដោយនោះ ពោលគឺ ពួកយើងបានពឹងពាក់កន្លែងវិហារព្រះគ្រឹស្តិ ដើម្បីហាត់ប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា ក្រុមតន្ត្រីករទាំងអស់សុទ្ធតែជា គ្រឹស្ដិនិកជនជាតិខ្មែរ ៩៩% និងមានតែខ្ញុំបាទ និងបងតន្ត្រីករកុងហ្កា ព្រមទាំងអ្នកចម្រៀងនារី ដែលជាដៃគូខ្ញុំប៉ុណ្ណោះ ដែលជាពុទ្ធសាសនិក។ ហើយចំណុចពិសេសមួយទៀត ពួកយើងសុទ្ធតែមានអាយុ១៩ឆ្នាំ ឬ២៣ ២៤ប៉ុណ្ណោះ លើសលែងបងតន្ត្រីករកុងហ្កា ដែលមានអាយុ៣០ឆ្នាំជាង។ ដូច្នេះគឺមានន័យថា ក្រុមពួកយើងមិនបានប្រកាន់ អាយុ សាសនា ពណ៌សម្បុរ ឬលក្ខខណ្ឌជីវិតអ្វីនោះទេ គឺយើងប្រើទឹកចិត្ត សមត្ថភាព និងឆន្ទៈ ដើម្បីធ្វើកិច្ចការមួយនេះ។

កិច្ចការគឺកិច្ចការហើយ តែទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក្នុងនាមក្រុមខ្ញុំជាកូនខ្មែរ ក្រុមខ្ញុំបានប្ដេជ្ញាជានិច្ចនឹងបើកទំព័រ ប្រវត្តិសាស្ត្រសិល្បៈតូរ្យតន្ត្រីខ្មែរជាថ្មី លើកឆាកអន្តរជាតិឲ្យទាល់តែបាន។

The Smiley band

The Smiley band

រូបភាពដោយ Photocity។ ពីឆ្វេងទៅ៖

លោក ហុក សំណាង តន្ត្រីករ ហ្គីតាបាស
លោក ឡុង ស៊ីអៀប តន្ត្រីករ អ័គ
លោក ម៉ៅ សុខលាភ តន្ត្រីករ ព្យាណូ សម្រួលតន្ត្រី និងជាអនុប្រធានក្រុម
លោក ម៉ា ច័ន្ទបញ្ញា អ្នកចម្រៀង និង អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង
លោក វិរៈ (ត្រូវបានសម្រាកព្រោះជាប់រវល់)
លោក ម៉ៅ សុខផានិត តន្ត្រីករស្គរ

និង សមាជិកដែលទើបនឹងបានចូលរួមបន្ថែមទៀតរួមមាន៖
លោក ទូច តន្ត្រីករ កុងហ្កា
កញ្ញា ចំរើន សុភា អ្នកចម្រៀងផ្នែកនារី
លោក មហារិទ្ធិ តន្ត្រីករ វីយោឡុង

បទចម្រៀងដែលនឹងត្រូវចូលរួមប្រកួតរួមមាន៖

រាំវង់ក្រោយភ្លៀងរលឹម ចង្វាក់រាំវង់ ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា
ទន្លេស្នេហ៍ប្រែចិត្ត ចង្វាក់ស្លូ និង ស្លូរ៉ក ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
រាត្រីCha Cha Cha ចង្វាក់Cha Cha Cha ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
អនុស្សាច្បារអំពៅ ចង្វាក់ស្វីង ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ជាចុងក្រោយនេះ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្ត មិត្តភក្តិ បងប្អូន ពិសេសអ្នកម៉ាក់ លោកប៉ា ក្រុមគ្រួសារគ្រប់ជំនាន់ទាំងអស់ និងសាស្ត្រាចារ្យដែលតែងតែជួយគាំទ្រក្រុមខ្ញុំ និងខ្ញុំ ព្រមទាំងជួយកែតម្រូវខ្ញុំកន្លងមក។ ខ្ញុំពិតជាកក់ក្ដៅណាស់ចំពោះទឹកចិត្តរបស់អ្នកទាំងអស់គ្នា។ ខ្ញុំគ្មានអ្វីតបស្នងក្រៅ ពីឆន្ទៈនិងទឹកចិត្តពុះពារអស់ពីសមត្ថភាពរបស់ក្រុមនោះទេ។ សូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសំណាងល្អជានិច្ច។​ ពីក្រុមតន្ត្រីស្នាមញញឹម! បញ្ញា!

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

ចម្រៀងថ្មី៖ យំក៏យំទៅ

ស្តង់ដារ

អំពីចម្រៀង

ឈ្មោះបទចម្រៀង យំក៏យំទៅ (Metfone: 60212146 , Mfone: 980803 , Smart: 306878)
និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា (Eugene ma)
តន្ត្រីករហ្គីតា និងសម្រួលតន្ត្រី ដោយ ឡុង ស៊ីអៀប និង ម៉ា ច័ន្ទបញ្ញា (Eugene ma)
កាលបរិច្ឆេទនិពន្ធ ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផលិត ថ្ងៃសៅរិ៍ ទី១១ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផ្សាយក្នុងCalltune ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១
ទីកន្លែងថត Opera Owner Studio

ទស្សនៈវិជ្ជា និង ចិត្តសាស្ត្រនៃបទ

បង្ខំមនុស្សម្នាក់ឲ្យរីករាយ ពេលគេកំពុងកើតទុក្ខមិនខុសពីបង្ខំឲ្យមនុស្សម្នាក់ខុស ទាំងខ្លួនគេត្រូវនោះទេ។ លក្ខណៈ​ពិសេស​នៃបទចម្រៀងនោះ ​គឺខ្ញុំ​មិន​បាន​ហាម​គេ​ទេ គឺ​ឲ្យ​គេ​យំ​ឲ្យ​ឆ្អែត​វិញ គឺយំដើម្បីឈប់យំ (បទលោកតាស៊ីន ស៊ីសាមុត)។ ខ្ញុំបានដាក់ចំណងជើងថា យំក៏យំទៅ ដោយក្នុងបទអ្នកច្រៀង ច្រៀង​បណ្ដើរ​សម្លេង​អ្នកចម្រៀង រាងពិបាកចិត្ត និងយំបណ្ដើរដែរ ពោលគឺប្រើវិធីបង្កប់ក្នុងបញ្ជាក់ថា ពាក្យនេះគ្រាន់តែប្រាប់បញ្ឈឺទេ ឯការពិត គឺមិនចង់ឲ្យយំនោះទេ។ នៅកណ្ដាលបទ គឺមានឃ្លាពោល ដែលធ្វើសាកល្បងលើកដំបូងខ្ញុំបានដាក់ពាក្យពោលថែមទៀត ដើម្បីលួងចិត្ត លួងអារម្មណ៍អ្នកដែលកំពុងយំ តែក្រោយមក ខ្ញុំបានទុកឲ្យកន្លែងនេះមានចន្លោះស្ងាត់ គឺសម្រាប់សម្រួលអារម្មណ៍អ្នកស្ដាប់ និងមានន័យថា អ្នកចម្រៀងក៏ពិបាកចិត្តដែរ បែបនេះគឺឋិតក្នុងន័យ ចិត្តវិទ្យា

ប្រវត្តិបទចម្រៀង

ដោយសារតែទឹកចិត្តមនុស្សមានទំហំធំធេងណាស់ កាលពីប៉ុន្មានពេលមុន ខ្ញុំបានឃើញមិត្តភក្តិនារី និងបុរសជាច្រើននាក់ ឧស្សាហ៍កើតទុក្ខណាស់ អ្នកខ្លះគឺមិននិយាយអ្វីទេ អ្នកខ្លះទៀតចូលចិត្តនិយាយពីនេះពីនោះថ្លែងពីអារម្មណ៍ទុក្ខសោកនោះចេញមក។ ដោយឡែក មានមនុស្សមួយចំនួន គឺគេចូលចិត្តយំ។ ចំណោមមិត្តទាំងអស់ មានមិត្តម្នាក់ដែលខ្ញុំចាប់អារម្មណ៍ជាងគេ។ នាងមានឈ្មោះថា ឡាដា

ឡាដា ស្គាល់ខ្ញុំយូរដែរហើយ តែទើបតែមួយរយៈនេះទេ ពួកយើងរៀងជិតដិត ព្រោះឡាដា ចេះជួយទុក្ខធុរៈមិត្តភក្តិណាស់។ ជារឿយៗ មិត្តនេះក៏ដូចខ្លួនខ្ញុំដែរ គឺឧស្សាហ៍កើតទុក្ខ។ គេចូលចិត្តប្រភេទតន្ត្រីស្រាលណាស់ គឺប្រភេទហ្គីតា ឬព្យាណូ។ គាប់ជួន ថ្ងៃមួយនោះ ឡាដា ក៏ប្រាប់ខ្ញុំនិងមិត្តឯទៀតនៅលើWallគេក្នុងFacebook បែបលេងសើចថា គេយំ និងឈឺចាប់ទៀតហើយ។ ក្នុងនាមជាមិត្តផង ណាគេធ្លាប់រំលែកទុក្ខខ្ញុំផង ខ្ញុំក៏ទ្រាំស្ងៀមមិនបាន ក៏ឈឺឆ្អាល នឹងគេ។ ខ្ញុំចេះតែលួង តាមតែនឹកឃើញ ឲ្យគេឈប់យំ តែ​គេ​មិន​ព្រម​ឈប់​ទេ។ ខ្ញុំក៏នឹកឃើញតែងចម្រៀងមួយទុកជូនគេ។ បន្ទាប់ ពីតែងចម្រៀងនេះចប់ ខ្ញុំបានផ្ញើសារទៅក្នុងប្រអប់សំបុត្ររបស់គេ នូវប៉ារូលចម្រៀងទៅមុន។ ក្រោយមក ខ្ញុំក៏កេះហ្គីតាខ្លួនឯង (មិនពិរោះទេ តែអាចស្ដាប់បាន) ថត រួចបង្ហោះឲ្យគេស្ដាប់។ គេមិនមានប្រតិកម្មអីទេ។ ខ្ញុំគិតថា ទំនងវាមិនពិរោះអីមែន តែជាទឹកចិត្ត ណាបទនេះប្លែកពីបទដទៃហើយខ្លីផង ហើយ​ក៏​ចង់​សិក្សា​ពី​គុណភាព​បទភ្លេងបន្ថែមផងនោះ ខ្ញុំក៏សម្រេចចិត្តផលិតវាឡើង ម្ដងជាងពីរដង ដោយដំបូងឡើង ខ្ញុំគ្រាន់តែកេះ ហ្គីតាខ្លួនឯងប៉ុណ្ណោះ រួចក៏បន្តឲ្យលោក ឡុង ស៊ីអៀប ជាអ្នកប្រដេញហ្គីតាឲ្យយ៉ាងពិរោះ ជា​ផ្លូវការ​រហូត​កែខៃ​បាន​ល្អ​អាច​ទទួល​យក​បាន និង​បាន​បង្ហោះ​ចូលក្នុងWebsite: http://www.phnompenh.com នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១ ហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បទនេះ ត្រូវបាន​ដាក់​បញ្ចូលជាផ្លូវការជារបៀបCalltuneក្នុងប្រព័ន្ធមិត្តហ្វូនដែលមានកុងត្រាជាមួយក្រុមហ៊ុនKhmer Art និង​ក្រុមហ៊ុន​Calltune Lotus បីប្រព័ន្ធMfone Smart និង Metfone រយៈពេល៣ឆ្នាំ។ បទនេះមានលេខកូដ៖ 60212146

ចម្រៀងនិងទំនុកច្រៀង

យំក៏យំទៅ

និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា

អូ.. ហូ.. ហូ… អូ.. ហូ.. អូ.. ហូ…

(ភ្លេងហ្គីតា)

គ្រាន់តែដឹងថាអ្នកឈឺចាប់ គ្រាន់តែចង់ប្រាប់ថាគួរតែកាត់ចិត្តទៅ។

គ្រាន់តែដឹងថាអ្នកលួចយំ មិនចង់បង្ខំឲ្យអ្នកឈប់នោះទេ។

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ

បើសិនយំទៅអ្នកបានស្បើយ យំក៏យំទៅ យំក៏យំទៅ យំក៏យំ…ទៅ។

គ្រាន់តែសូមនៅពេលយំហើយ អ្នកក៏នឹងស្បើយ នឹងស្បើយឈប់ឈឺចាប់។

(ហ្គីតា អមនឹងពាក្យ អូ អូ ហូ អូ ហូ ហូ…)

(បទដើម៖ ពោល, អើ! ឥឡូវធ្វើតាមខ្ញុំណា អូខេ! ស្រែកអូហូមកតាមខ្ញុំ អូខេ! យំក៏យំទៅ តែជួយស្រែកអូហូណា៎)

អូ… អូ.. ហូ.. អូហ.. ហូ..

(ហ្គីតា និង ហួច) > ច្រៀងឡើងវិញទាំងអស់។

ចុងបញ្ចប់៖ យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ បើសិនយំទៅអ្នកបានស្បើយ

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ… យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ..

បើសិនយំទៅអ្នកស្បើយ… យំក៏យំទៅ….។

ចុចទីនេះដើម្បីស្ដាប់បទចម្រៀងផ្លូវការ៖

សំណល់ការងារពិសោធន៍

ពិសោធន៍លើកទី១៖

ពិសោធន៍លើកទី២៖

 

សូមអរគុណចំពោះការយកចិត្តទុកដាក់អាន។ សូមរីករាយគ្រប់ពេលវេលា។

ភ្នំពេញថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១១

គំហើញទ្រឹស្ដីថ្មី៖ ស្រូបនិងបញ្ចេញ

ស្តង់ដារ

វាមិនមែនជាទ្រឹស្ដីថ្មីអ្វីនោះទេ សម្រាប់អ្នកដែលធ្លាប់សិក្សាវាហើយ តែវាជាទ្រឹស្ដីថ្មីមួយ ដែលកើតចេញពីការសង្កេតរបស់ខ្ញុំ។ តាមរយៈ ការសិក្សាកន្លងមកពីមនុស្សជាច្រើនដែល នៅជុំវិញខ្លួនរបស់ខ្ញុំ ខ្ញុំបានរកឃើញនូវភាពចំបាច់មួយរបស់ខួរក្បាល ដែលខួរក្បាល បានជួយឲ្យគំនិតនិមិត្តកម្មរបស់មនុស្សជាច្រើនបានក្លាយជាការពិត និងមួយចំនួនទៀត នៅតែឋិតក្នុងគំនិតនៅឡើយ តែនឹងចេញជារូបរាងនៅថ្ងៃណាមួយ។ ថ្មីៗនេះ ខ្ញុំក៏បានរកឃើញនូវទ្រឹស្ដីថ្មីមួយ ដែលឲ្យឈ្មោះថា«ស្រូបនិងបញ្ចេញ»។ សូមអញ្ចើញការវិភាគខាងក្រោម៖

នៅមួយជុំនៃគំនិតរបស់ខួរក្បាលយើងមានចម្ងាយស្ទើរតែស្មើនឹងកាំរង្វង់របស់ផែនដី និងមានស្រទាប់ជាច្រើនជាន់ ដែលមានចំនុចប្រសព្វមួយកន្លែងត្រង់ខ្លួនយើង។ កាលណា កាំរង្វង់នៃគំនិតនោះវិលប្រសព្វគ្នាមួយស្រទាប់និងមួយស្រទាប់ នឹងធ្វើឲ្យ គំនិតថ្មីមួយផុសឡើង ប្រៀបបាននឹងទ្រឹស្ដីនៃយល់សប្តិដែរ។ មានន័យថា មនុស្សប្រៀបដូចជារោងចក្រដែលមានលក្ខណៈពេញលេញមួយដូច្នោះដែរ ពោលគឺមាន កន្លែងស្រូបយក និងកន្លែងបញ្ចេញចោល។

ពាក្យថា«កន្លែងស្រូបយក និងកន្លែងបញ្ចេញចោល»នេះ និយាយជារួមមក គឺស្ទើរតែបានប្រើប្រាស់ ស្ទើរពាសពេញ នៃលក្ខណៈរបស់មនស្ស មានដូចជា ផ្នែកចិត្តសាស្ត្រ ផ្នែកសរីរៈ ផ្នែកគំនិត ឬផ្នែកសកម្មភាពជាដើម។ ឧ. ផ្នែកចិត្តសាស្ត្រ មនុស្សត្រូវការស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនជាច្រើន ដើម្បីបង្កើតនូវការសង្កេតមួយដ៏សម្បូរបែប ដែលរាប់បញ្ចូលពីខ្លួនឯង រហូតដល់មនុស្សដែលនៅឆ្ងាយៗពីខ្លួន។ កាលណាមនុស្សម្នាក់ស្រូបយក នូវគំនិត ចំណេះដឹង ឬការសង្កេតនានា ពីមនុស្សជុំវិញខ្លួន ពួកគេក៏បញ្ចេញមកវិញតាមរយៈ សកម្មភាព កាយវិការ ក្នុងការពិសោធន៍ដោយផ្ទាល់ពីហេតុការណ៍ទាំងនោះ រួចកត់សម្គាល់ក្នុងព្រឹត្តិការណ៍របស់ខួរក្បាល ដែលទាំងនេះ វាឋិតក្នុងលក្ខណៈស្រូបចូលដើម្បីរក្សាទុកនូវទិន្នន័យថ្មីរបស់ខួរក្បាលទៀតហើយ។ សូមបញ្ជាក់ថា៖ គេអាចសង្កេតទៅកាន់មនុស្សក្នុងលក្ខខណ្ឌខាងលើនេះដោយងាយៗ​បំផុត ក្នុងវ័យដំបូងរបស់មនុស្ស ពោលគឺវ័យកុមារ ព្រោះវ័យនេះជាវ័យដែលមនុស្ស នៅកៀកបំផុតនឹងទ្រឹស្ដី «ស្រូបនិងបញ្ចេញ» នេះ ជាក់ស្ដែង គ្រាន់តែកុមារម្នាក់ឃើញ មនុស្សពិការដើរ នោះកុមារនោះក៏យកតម្រាប់តាមភ្លាមៗ ទាំងនេះគឺជា ការកត់ត្រារបស់ប្រព័ន្ធខួរក្បាលចូលក្នុងព្រឹត្តិការណ៍ខួរក្បាល។

បកត្រឡប់មកវិញ នៅពេលដែលមនុស្សបានស្រូបយកនូវគំនិត ឬកិច្ចការទាំងឡាយ ហើយ ខួរក្បាលរបស់មនុស្ស ក៏ចាប់ផ្ដើមបូកបញ្ចូលគ្នា តាមរយៈ​ជំនួប​នៃ​ស្រទាប់​ព្រឹត្តិការណ៍ រួចក៏ផ្សំជារូបរាងថ្មីមួយ ។ ដូច្នេះ ក្រោយគំហើញនៃ ខួរក្បាល មនុស្ស​ក៏ចាប់ផ្ដើម​ព្យាយាមរកទីមួយសម្រាប់បញ្ចេញវា មកតាមលក្ខណៈ​ផ្សេងៗ ទៅតាមកាលៈទេសៈដែលមនុស្សយល់ថាអាចបញ្ចេញបាន​ទៅ។ ក៏ប៉ុន្តែ ការបូកបញ្ចូលទាំងនេះ មិនប្រាកដថា មនុស្សអាចយកវា​មកប្រើប្រាស់​បានសមស្របនោះទេ គឺទៅតាមសមត្ថភាពនៃខួរក្បាលរបស់មនសុ្សម្នាក់ៗដែរ។ អាចនិយាយបានថា វាហាក់ដូចជារោងចក្រ ដែលរកបាននូវវត្ថុធាតុដើម ហើយត្រូវបានគេយកវត្ថុទាំងនោះ ទៅផលិតជារបស់ថ្មីមួយដូច្នេះដែរ។

នៅលើពិភពលោកសព្វថ្ងៃនេះ មនុស្សបានបន្សល់ទុកនូវសមិទ្ធិផលរបស់​ខួរក្បាល​ជា​ច្រើន បូករួមទាំងសមិទ្ធិផលល្អនិងសមិទ្ធិផលមិនល្អផងដែរ។ តើទៅមុខទៀតសមិទ្ធិផលនៃខួរក្បាលរបស់មនុស្ស នឹងបង្កើតអ្វីទៀត?

ភ្នំពេញថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១១

បទចម្រៀងរបស់ខ្ញុំមានវត្តមានក្នុងCalltuneមិត្តហ្វូន

ស្តង់ដារ

ស្អែកម្សិលមិញថ្ងៃនេះ (២Version), លង់ស្នេហ៍លើFacebook, ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត (២Version), ចង់ពន្យល់ពាក្យបែកឲ្យអូនស្ដាប់ និងបទយំក៏យំទៅ គឺជាការនិពន្ធបទភ្លេង ទំនុកច្រៀង និងច្រៀងដោយ ខ្ញុំ ព្រមទាំងប្រគុំតន្ត្រីដោយ ខ្ញុំ និង លោក ឡុង ស៊ីអៀប ពេលនេះត្រូវបានក្រុមហ៊ុនLotus ដែលជាក្រុមហ៊ុនទំនាក់ទំនងទូទៅមួយរបទូរស័ព្ទចល័តបីក្រុមហ៊ុន គឺ Metfone , Smart និង Mfone បានចុះកុងត្រាចំនួន៣ឆ្នាំសម្រាប់ដាក់ជាប្រព័ន្ធCalltune។

ជាជំហានដំបូង ខាងក្រុមហ៊ុនបានមកទាក់ទងខ្ញុំអំពីបទចម្រៀងដែលខ្ញុំគ្រាន់តែសរសេរ ដើម្បីចែកចាយ គំនិតកុំឲ្យភ្លេច ជូនដល់មិត្តភក្តិឲ្យស្ដាប់លេងប៉ុណ្ណោះ  ដូចបានបង្ហោះដូចរាល់ដងនោះ។ ពេលនោះ ខ្ញុំក៏សម្រេចចិត្តដោយ ក្នុងកុងត្រា យើងនិយាយតែដាក់តែCalltuneប៉ុណ្ណោះ ឯធ្វើអីផ្សេង គឺស្រេចតែយើង។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្ត រួចក៏ទៅចុះកុងត្រាដល់កន្លែង។ ក្រោយមក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ នេះ ខាងក្រុមហ៊ុន ក៏បានផ្ញើលេងCodeរបស់មិត្តហ្វូនមក។ ដូច្នេះ ពីពេលនេះទៅបទចម្រៀងខ្ញុំក៏បានមានវត្តមានលើទីផ្សារCalltuneនឹងគេដែរ។

វត្តមានដំបូងនេះ ខ្ញុំជឿថា ពុំសូវជាមានអ្នកនិយមដាក់Calltuneរបស់ខ្ញុំនៅឡើយ ដោយសារបទទាំងនោះ ពុំបានតម្រូវដល់ទឹកចិត្តសកលនៃយុវវ័យនៅឡើយ។ ដូច្នេះ លើកក្រោយខ្ញុំនឹងព្យាយាមធ្វើតម្រូវCalltuneសាកមើលម្ដងទៀត។

ខាងក្រោមនេះ ជាតារាងលេខCode។ បើលោកអ្នកមិនទាន់ភ្ជាប់Calltune សូមវាយOn រួចផ្ញើទៅលេខ 1772 បន្ទាប់មក វាយYes ផ្ញើទៅ 1772 រួច វាយSet [លេខCode]ជាការស្រេច។

ដើម្បីសាកស្ដាប់បទចម្រៀងនេះ សូមCopyលេខCodeដាក់ក្នុងប្រអប់Search ដោយគ្រាន់តែកែត្រង់ By song ទៅជាBy code រួចចុចSearch ហើយចុចលើឈ្មោះចម្រៀងដែលចេញមក នោះលោកអ្នកនឹងអាចស្ដាប់បាន: http://imuzik.metfone.com.kh/user/loginindex.screen

សូមអរគុណ!

No. Metfone Song Name
1 60212149 60212142 Thngai Sa Ek Masel Minh Thngai Nis
2 60212150 60212143 Thngai Sa Ek Masel Minh Thngai Nis versoin piano
3 60212151 60212144 Snam Nhornhoem Chong Kroy Ney Monos khouch Chet
4 60212152 60212145 Snam Nhornhoem Chong Kroy Ney Monos khouch Chet R B
5 60212153 60212146 Yum Kor Yum Tov Guitar
6 60212155 60212147 Chong Ponyul Peak bek Oy Oun Sdab
7 60212154 60212148 Lung Snae Tam Facebook

បទចម្រៀងថ្មី៖ សូមជួយរកចំណងជើងផង

ស្តង់ដារ

១. វេលាវិលវល់វង្វេង

ជីវិតលោលែងនឹងផ្សែង

ស្នាមស្នេហ៍ចំបែងដល់ត្រើយត្រូវព្រាត់។

២. គ្មានទេការពិតក្នុងលោក

មានតែទុក្ខសោកឃាំងឃាត់

ពេលមុនស្នេហ៍ព្រាត់ឥឡូវជួបស្នេហ៍ថ្មី។

ស្ពាន១. ស្នេហ៍ថ្មីដែលយល់ចិត្ត

ទោះពិតមិនអាចជួបជួន ជោគជ័យ

យ៉ាងណារាល់ថ្ងៃ មានអូនដែលតាមយល់ចិត្ត។

បន្ទរ១. ស្នេហ៍ផ្ដើមពីពាក្យពៅជូនពរ

បងអាចឈរ ព្រោះអូនផ្ដល់កម្លាំងចិត្ត។

បន្ទរ២. បំភ្លឺលោកាធ្លាប់ងងឹត

ផ្ដល់ស្នេហ៍ពិត ឥតក្ដីសង្ស័យ

សង្សារប្រគល់ជូនកំណើត។

(ភ្លេងខួបកំណើត)

៣. រាល់ពេលបងត្រូវញញឹម

បងត្រូវសង្ឃឹមចុងក្រោយ

ពេលវេលាឆ្លើយ

ចម្លើយលទ្ធផលស្នេហ៍យើង។

៤. បងស្រឡាញ់អូនក្នុងចិត្ត

ក្ដីអាណិត ឆេះជាភ្លើង

បង្កាត់រោល៍ឡើង

តែប៉ើងដោយខ្យល់ដង្ហើម។

ស្ពាន២. ដោយវាសនាស្នេហ៍បង

ត្រូវផ្សងដោយភាពឈឺចាប់លើសដើម

ស្នេហ៍មានដង្ហើម

ឥឡូវផ្ដើមផ្ដាច់រហែក។

បន្ទរ៣. ពិភពស្នេហាអូននិងបង

បានចងក្រងមួយពព្រិចភ្នែក។

បន្ទរ៤. ថ្ងៃខួបកំណើតជួបរួចបែក

ពរថ្ងៃស្អែក ទឹកភ្នែកលាយស្នាមញញឹម

ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត។

និពន្ធទំនុកច្រៀង និង បទភ្លេងដោយ បញ្ញា

ប្រភេទចង្វាក់ R&B

កាលបរិច្ឆេទនិពន្ធ ១២ ឱសភា ២០១១

អ្នកមានយោបល់យ៉ាងណា ចំពោះចំណងជើងនៃបទនេះ?

– ថ្ងៃខួបកំណើតជួបនិងបែក

– ថ្ងៃខួបកំណើតកំណត់ថ្ងៃបែក

– ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត

– ផ្ដើមនិងបញ្ចប់នឹងពាក្យជូនពរ

បើមានចំណង់ចំណួលចិត្ត អ្នកចូលរួមជាយោបល់អាចផ្ដល់បានក្រុមសម្រាប់បទនេះ ខ្ញុំមានគម្រោងថតជាMVក្រុមមួយក្នុងពេលខាងមុខ។

សូមអរគុណទុកជាមុន!

សូមស្ដាប់បទនេះនៅទីនេះ៖

រឿងខ្លី៖ ពិភពស្នេហ៍ខ្ញុំនិងអ្នក

ស្តង់ដារ

ជួនកាលមនុស្សកំពុងកុហកខ្លួនឯងវង្វេងវង្វាន់រកមួយណាពិតពុំត្រូវនោះទេ។ ពិតក៏ដូចជាមិនពិត។ កំពុងតែយល់សប្តិ ក៏ស្រាប់តែភ្ញាក់ពីការយល់សប្តិវិញ គឺជាភាពពិត។ លុះមនុស្សគេងលក់ទៅវិញ ក៏គិតថាពេលគេងទៅនោះ គឺជាការពិតទៅវិញ។ ផ្ទូយមកវិញ បើមនុស្សអាចតែងនិពន្ធរឿងយល់សប្តិរបស់ខ្លួនឯងបាន នោះមនុស្សនឹងដឹងថាមួយណាពិតមួយណាមិនពិត។បើពិតអ៊ីចឹងមែនទៀតនោះ មនុស្សនឹងស្វែងរកពិភពមួយដែលល្អឥតខ្ចោះមកកៀកកើយក្នុងអន្លង់នៃភាពទុក្ខសោកជាក់ជាមិនខាន។

ក្ដីស្រម៉ៃរបស់មនុស្ស គឺជាស្រមោលនៃពិភពអារម្មណ៍ដែលគ្មានពណ៌ គ្មានក្លិន គ្មានរូប គ្មានរាង និងគ្មានទាំងដែនកំណត់ថែមទៀតផង។ គ្មានក៏ដូចជាមាន។ ប៉ុន្តែអារម្មណ៍ដែលគ្មានដែនកំណត់ទាំងនោះ មានវិសាលភាពមហិច្ចតាធំធេងខ្លាំងណាស់ ធំធេងសឹងតែលើសពីការស្រម៉ៃទៀតក៏មាន។ ជួនកាល មនុស្សនៅមួយកន្លែងសោះ វិសាលភាពនៃដួងចិត្ត បែរចាត់ឲ្យអារម្មណ៍គ្មានដែនកំណត់នោះ ហោះឆ្ពោះទៅកាន់ភពមួយដែលមនុស្សទាំងផងទៅមិនដល់។

ដួងចិត្តដែលនិមិត្តឡើងនូវក្លិនផ្កាដ៏ក្រអូប បានសាយភាយព័ទ្ធដួងចិត្តឲ្យនាសាដែលគ្មានក្លិនច្បាស់លាស់ងាយឈ្លក់វង្វេង ជាមួយនឹងសំឡេងដ៏ស្រទន់នៃមន្តតន្ត្រីសួគ៌ា ប្រដេញគ្នាពាសពេញព្រៃ ដែលមានរុក្ខជាតិ ពណ៌ខៀវខ្ចី ក្បែជើងភ្នំ នាមាត់អូរមួយដែលមានទឹកថ្លាឆ្វង់។

ស្រមោលស្ទង់នៃសត្វត្រី កំពុងតែហែលត្រសង ប្រដេញគ្នា ហាក់រីករាយនឹងជីវិតស្រស់ត្រកាល នាពេលល្ងាច ដ៏ស្រទន់នេះណាស់។ កង្កែបមួយគូៗអង្គុយទុំលើស្លឹកឈូក ញញឹមសាសងគ្នា គ្មានគិតក្រែងដល់ គូរនៃបក្សីដែលកំពុងច្រៀងលេងនឹងគ្នា ដោយគ្មានទុក្ខព្រួយរេច្របល់នៅក្នុងចិត្ត ឰដ៏ឯចុងមែក កំពុងរោយស្លឹក ត្រៀមចាំរដូវថ្មី។ ស្រមោលថ្លាៗចាំងឆ្លុះ រលេញៗប្រដេញតាមចង្វាក់នៃរលកទឹក ដោយសារតែវាយោលបកផាត់ចុះមកល្វើយៗ បានលាបពណ៌ផ្ទៃទឹកឲ្យស្រស់អនេក។

វ័យរបស់មេឃខណៈនេះ ជិតរលត់ផុតពីផែនដីទៅហើយ តែក៏នៅអាចចែងឆ្លុះដ៏ផ្ទៃទឹកអូរ មួយដ៏សែនឆ្ងាយ ឲ្យមានពន្លឺចាំងភ្លេកៗ ស្រស់ឥតបី។ ក្នុងអូរ រលកបក់ជារង្វង់ អមជាមួយនឹងមុខមាត់របស់ខ្ញុំ ដែលសព្វថ្ងៃ រស់សែនអភ័ព្ទលើផែនដីតែឯង រង់ចាំទឹកសង្សើម ដែលសន្យានារដូវមុនមកប្រោះព្រំ។

ដុំសីលាដែលខ្ញុំតែងអង្គុយ មើលថ្ងៃលិចរៀងរាល់ល្ងាចនោះ ក៏ហាក់មិនអាសូរដល់​រូបខ្ញុំដែរ ព្រោះធម្មជាតិបានប្រតិដ្ឋឡើងនូវតំណដុំសីលាស្របាលគ្នាមួយ ឱ្យដុះអម គ្រាន់សាសងគ្នា ជាគូស្នេហ៍ដ៏ឋិតឋេរ នាឋានដ៏សៅហ្មងមួយនេះ។

រាល់ល្ងាច សត្វចាបហើរទាំងហ្វូងៗ ចាក់ចូលជាទេសភាព ដំណាលគ្នានឹងពន្លឺ ដែលរូហាននឹងមុខមាត់របស់ព្រះអាទិត្យពេលហៀបអស្ដង្គតឈានចូលស្បៃរាត្រី ដ៏សោកសៅអ៊ីចឹង។ មើលទៅ ឥឡូវនេះ គេហាក់កំពុងញញឹមមកខ្ញុំ ទាំងសោះកក្រោះ។ សោះកក្រោះអី អ្នកមានច័ន្ទមកជំនួសអ្នកដែរទេតើ។ ចុះខ្ញុំ? ខ្ញុំបានត្រឹមតែរស់នៅក្នុងនៃភាពអន្លក់ឯកា រកសភាពច្បាស់លាស់មកជំនួសមិនត្រូវ។ រហូតពេលខ្លះក៏វង្វេងនឹងសេចក្ដីអស្ចារ្យដែលសត្វលោកគ្រប់រូប កំពុងមានវាក្នុងពេលនេះទៅទៀតដោយឥតដឹងថា អាត្មាកំពុងតែមានរឿង មន្ទិល ពិបាករកថ្លែងប្រាប់អ្នកណាបានទៅទៀត។

ជិត៥ឆ្នាំមកហើយ ទីនេះនៅតែដដែរ ក៏គឺដដែរត្រង់ថា អ្វីៗទាំងឡាយសុទ្ធតែមានគូ។ គូតែគេ ខុសតែខ្ញុំ។ ខ្ញុំកាន់តែទទួលអារម្មណ៍ថាកំព្រាទៅ… កំព្រាទៅ ច្បាស់ក្រឡែតហើយ។ រស្មីដួងចិត្តដែលរង់ចាំសេចក្ដីប្រោះព្រុំពីនារីក្នុងក្ដីស្រម៉ៃ នៃភាពស្រម៉ៃនាពេលនេះ ប្រៀបដូចជារុក្ខជាតិខៀវខ្ចី ដែលកំពុងត្រូវការព្រះច័ន្ទ្រាមកជួយបំភ្លឺដូច្នេះដែរ។

សំឡេងដ៏ស្រទន់នៃសត្វចង្រឹតក៏ចាប់ ស្រែកលាន់ទ្ល្រហឹង ឡើងជាមួយនឹងវាយោលធម្មជាតិ ដើម្បីបំពេរអារម្មណ៍បុរសឯកា ដូចជារូបខ្ញុំនេះ ឲ្យគេចពីសេចក្ដីវេទនាក្នុងភាពពិតមួយគ្រា។

ឱ! ចង្រិតអើយ ភាសាអ្នកខ្ញុំស្ដាប់ពុំយល់ឡើយ តែពេលនេះ វាបែរជាមកបណ្ដាលចិត្តឲ្យលង់ក្នុងមន្តអារម្មណ៍តែម្នាក់ឯង ទាំងខ្លោចចិត្ត អាណិតដលគូកំណាន់ដែល ទើបតែស្គាល់គ្នាថ្មីថ្មោង ក្រោយព្យុះងងឹតបោកបក់ ជីវិតឲ្យទើលើកោះដ៏ចំបែងយូរមកហើយនោះ។

ប្លែកហើយ! សំឡេងចង្រិតដ៏ស្រទន់នេះអាចជានារីក្នុងក្ដីស្រម៉ៃ ច្នៃអារម្មណ៍ម្នាក់បានឬទេ? តើចង្រិតថ្ងៃនេះ ម៉េចក៏មានសំឡេងស្រួយស្រេះដូចជាសារិកាទៅវិញ?

សោតាឮច្បាស់ហើយ ថានារីសួគ៌ាក្នុងចិត្តខ្ញុំ ដែលទេព្ដានិមិត្តម្ដងទៀតមក ក្នុងស្ថានភាព កំពុងតែអង្គុយលើផ្ទាំងសីលា ស្រក់ទឹកនេត្រា តែឯង ឯកាលើផ្ទាំងថ្ម មួយគូក្នុងចិន្ដារបស់វេលាជ្រសនៃថ្ងៃ ដែលកំពុងរៀបខ្លួនកាន់តែជិតដល់នាទីត្រុវលា ពីដែនដីកម្សត់ក្នុងពេលដល់ខ្លី។

ភ្នែករបស់ខ្ញុំឃើញជាក់ក្នុងចិត្ត បែរជាមានអារម្មណ៍ថានារីដួងចិត្ត កាន់តែគួរឲ្យអាណិតណាស់ អាណិតរហូតបាត់បង់អស់រលីងនូវសេចក្ដីត្រេកត្រអាល ដែលខ្លួនប៉ង។ ទឹកភ្នែកកូនប្រុសក៏ចាប់ស្រក់ចុះមកដំណាលនឹងភ្លៀងរលឹម សស្រិចធ្លាក់ក្នុងគ្រា អរុណោទ័យ ប្លែកពីធម្មតា។

ធ្មេញរបស់នារីកម្សត់សំណព្វចិត្តចាប់ញ័ររណ្ដំ គួរឲ្យអាសូរ។ កម្លាំងបង្សាបចិត្តម្យ៉ាង ហាក់ប្រោះព្រំដួងចិត្តនៃជើងទាំងសង ទាំងរូបកាយដែលស្វិតស្រពោនមួយនេះ ឲ្យដើរឆ្ពោះហួសទៅជិតនារីបណ្ដូលចិត្ត បន្តិចម្ដងៗដោយពុំដឹងខ្លួនសោះ។ ពុំដឹងខ្លួនរហូត ដោះអាវពីខ្លួនឯងចេញមកដណ្ដប់លើប្រាណនាងដោយ មនោរម្យនៃភាពកក់ក្ដៅ។

យើងធ្លាប់ជួបគ្នារួចហើយ គឺធ្លាប់ជួបក្នុងក្ដីសុបិន។ ក្ដីសុបិននៃដួងចិត្តជាប់ចំណង។ ចំណងដែលធ្លាប់មានគេបំបែកហើយ។

– អូនក្ដៅខ្លួនណាស់! ចាំបងឱបអូនឲ្យបាត់រងារ។

ទឹកភ្នែករបស់នាង ធ្លាក់មកក្នុងសភាពក្ដៅអ៊ុនប៉ះនឹងស្មាខ្ញុំ។ សក់រលោង វែងប៉ប្រះស្មារ បានបោកបក់ត្រូវខ្យល់ឲ្យរវើរវាយ មកប៉ះនឹងផ្ទៃមុខខ្ញុំ ជាមួយនឹងក្លិនម្លិះដ៏ក្រអូប ក្រអូបឥតឧបមា។

– សូមឲ្យក្ដីសុបិននាពេលនេះ បានឋិតឋេរផងទៅចុះ។

– មែនហើយពៅសំណព្វចិត្តបង។

ពេលខ្លះ បើការពិតគឺជាឧបសគ្គដែលដោះស្រាយពុំរួច គឺមានតែក្ដីសុបិននោះទេ ដែលអាចជួយឲ្យមនុស្សពីរនាក់អាចជួបគ្នាជាគូរបាន។ សូឲ្យសុបិននេះ កាន់តែអូសបន្លាយពេលវេលាជួបគ្នាយើងឲ្យឋិតឋេរ ដោយផ្លាស់ប្ដូរ ការពិតជាក្ដីសុបិននាពេលនេះវិញ។

– អូនគេងលើស្មារបងមក។ បងសន្យាថា ទោះបីជាគ្រួសារអូនមិនព្រមឲ្យពួកយើងជួបគ្នាជាគូ ឬទោះបីជា យើងត្រូវចាំពេលវេលាដែលមានអង្វែងកាលយូរប៉ុណ្ណាក្នុងការខ្លាចជាគូក៏ដោយ ក៏បងនឹងនៅជិតអូនជានិច្ច គឺ យើងនៅជិតគ្នាក្នុងពិភពស្រម៉ៃដែលមានតែយើងពីនាក់។

– ចា៎បង!

ទឹកភ្នែករណ្ដំនៃគូរស្រករខ្ញុំ យល់ចិត្តខ្ញុំណាស់។ រឿងរ៉ាវជាច្រើនក្នុងជីវិតយើងទាំងពីរ គ្រាន់តែជាឧបសគ្គមួយអន្លើ ដែលទៀមទារឲ្យពួកយើងត្រូវដោះស្រាយប៉ុណ្ណោះ។ ទោះបីជា មានមនុស្សចិត្តមារ​ ចង់មកដាក់គុក ឬ ដាក់ច្រវាក់ពួកយើងឲ្យនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ក៏ដួងចិត្តរបស់យើងនៅតែមានពិភពនៃយើងទាំងពីរនេះជាកម្លាំងចិត្តដ៏មហិមានេះ មកជំនួសដែរ។

គុកដាក់យើងបានតែរូបកាយនោះទេ តែចិត្តរបស់យើងនៅមានសេរីភាពមិនបាត់បង់ឡើយ។

ទេសភាពនៃរាត្រីកាលក៏ ឈានជំហាន ចូលមកដល់! រាត្រីនេះមានដួងតារាតែពីរដួងរះចោមច័ន្ត្រាប៉ុណ្ណោះ។ ពន្លឺដ៏ស្រទន់អើយ អ្នកចោលភ័ក្ត្រមូលក្រឡង់របស់អ្នក មកផែនដី ប្រៀបដូចជាគូស្នេហ៍មួយគូរនៃខ្ញុំ កំពុងតែនៅនែបនិត្យគ្នា លើដុំសីលាមួយគូ ក្បែរភ្លើងរងើក ជាមួយនឹងខ្យល់បក់រំភើយ ត្រជាក់ស្រេប ស្ពឹកដៃស្ពឹកជើង តែកក់ក្ដៅ អមព្រមនឹងសំឡេង ចង្រិត ដែលស្រែកបន្ទរឲ្យពរ ឱ្យជ័យដល់គូស្នេហ៍ថ្មោងថ្មីនៃយើង ឲ្យ រស់នៅក្នុងទីដ៏សុខសាន្តនៃពិភពស្នេហ៍អូននិងបងថ្មីមួយនេះ។

រឿងនិទានមួយ ដែលគ្មានទិសដៅនឹងអាចរកន័យបញ្ចប់បានយ៉ាងងាយបើយើងចេះយល់ចិត្តគ្នា គ្រប់កាលៈទេសៈ។

ពីពេលនេះរហូតទៅ យើងអាចស្វែងរកដែនកំណត់ឲ្យយល់សប្តិរយៈពេលវែងបាន ក៏ដោយសារភាពយល់ចិត្តគ្នា ស្មោះស្ម័គ្រនឹងគ្នា ជឿទុកចិត្តគ្នា មិនក្បត់គ្នា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ សូមអូនថែរក្សាវាទុកក្នុងចិត្តអូន ជារៀងរហូត។ បងនឹងថែវាដូចគ្នា លុះត្រាតែពិភពស្នេហ៍មួយនេះ ក្លាយជាពិភពពិតដែលមានតែយើងពីរនាក់រស់នៅ ក្នុងសុភមង្គល ដែលគ្មានទុក្ខសោក គ្មានការឈឺចាប់ រស់នៅប្រកបដោយភាពសុខសាន្ត។

និពន្ធដោយ បញ្ញា

ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១

កំណាព្យកម្រងកែវ៖ យប់មិញពេលភ្លៀង

ស្តង់ដារ
យប់មិញពេលភ្លៀង៖

មើលភ្លៀងភ្លាំភ្លឺកនឹករឿងចាស់ លាន់សូរពាសក្រាស់ក្រែលមកក្រោម ផាំងៗតូងតាំងចាំងចាំងប្រលោម ប្រលាយឆើតឆោមស្រស់ត្រកាល។

អង្គុយលើគ្រែគ្រែងបានផ្ដាំ ដល់ភ្លៀងចប់ឆ្នាំត្រេកត្រអាល ត្រងត្រាប់សព្ទត្រើយសត្វវក្រសាល យំឮដំណាលនឹងផ្គរឆ្លើយ។

ពពកសពាសជៀសពុំរួច គ្រាប់ភ្លៀងធ្លាក់ព្រួចព្រឺប្រាណស្បើយ ខ្យល់ប៉ើងប៉ះស្បោងឮដង្ហើយ ដង្ហែរគ្នាឆ្លើយជាប់គល់ឈើ។

ស្រមោចអណ្ដែតពេញអណ្ដូង ទីទុយទាំងហ្វូងទុំភ្នែកស្លើ នៅក្រោមដំបូកដូររះរើ អណ្ដែតរាងទើចូលវាលស្រែ។

ស្រណោះដើមព្រីងចិត្តរែងព្រួយ ភ្លៀងធ្លាក់រញ្ជួយរកចង់ប្រែ ដើមដូងនៅជិតធ្លាក់ចុះផ្លែ ភ្លើងភ្លឺណាស់ដែរតែងងឹត។

ទឹកថ្លា, ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១

ចម្រៀងតែងថ្មី៖ ជួយគិតមើល ចំណងជើងណាល្អជាង???

ស្តង់ដារ

សរសេរ និងតែងបទភ្លេង ហើយថែមទាំងធ្វើហើយយូរហើយ តែគ្រាន់តែមិនទាន់បានយកមកបង្ហាញអ្នកភូមិឯណេះ។

ប្រវត្តិបទ៖

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ ខ្ញុំបានទទួលសារ ពីបងប្រុស សៅ សីហា ដែលជាមិត្តធ្លាប់ធ្វើការនឹងខ្ញុំ ឲ្យជួយសរសេរចម្រៀងមួយ សម្រាប់គាត់ និងមិត្តនារីរបស់គាត់ មុនរូបគាត់ចាកចេញពីភ្នំពេញ ទៅបន្តការសិក្សាឯMalaysia នាចុងខែកុម្ភៈខាងមុខ។ គាត់ជានិស្សិតឆ្នាំទី៤ ផ្នែកខ្សែភាពយន្ត ម្នាក់នៅឯសកលវិទ្យាល័យLim kokwing ក្រុងភ្នំពេញ។ សារដែលគាត់ផ្ញើរមកនេះ មានអត្ថន័យដូចខាងក្រោម៖

១ ពេលផ្ដើមស្រឡាញ់មិនបានស្រឡាញ់ ស្មោះ គិតថាស្រឡាញ់លេងសើច
២ ក្រោយមកស្រឡាញ់គេ ដោយសារភាពស្មោះត្រង់របស់គេធ្វើឲ្យចិត្តបងទន់ ហ្នឹងស្រឡាញ់
៣ ពេលដែរស្រឡាញ់ មិនដែលយល់ចិត្តគេ ធ្វើបាបចិត្តគេ
៤ ច្រើនឆ្នាំកន្លង គេចង់បែក ព្រោះទ្រាំមិនបាននៅរាល់ទង្វើរ របស់បង
៥ បន្ទាប់មកត្រូវគ្នាវិញតែ បងត្រូវទៅឆ្ងាយ ហើយខ្លាចគេលែងស្រឡាញ់បង ព្រោះបងនៅឆ្ងាយ!!!

ខ្ញុំទទួលសារនេះរួច ក៏ចាប់ផ្ដើមតែងតាមអារម្មណ៍ លុះត្រាតែបាន ជាសាច់Melody ឡើងនៅថ្ងៃទី២០ មករា ឆ្នាំ២០១១។ Melody នោះគ្រាន់តែជាពង្រាង នៅឡើយ ពុំសូវមានស្តង់ដានោះទេ ព្រោះចង់បានមតិនានាពីមិត្តភក្ដិក្នុងFacebook។

ក្រោយការបង្ហោះ ខ្ញុំទទួលបានមតិជាច្រើន។ ក្រោយមក ខ្ញុំក៏ពឹងបង Sok Chanphal អ្នកនិពន្ធទំនុកច្រៀងដ៏ឆ្នើមរបស់ផលិតកម្មហង្សមាស ឲ្យជួយកែតម្រូវ លុះត្រាតែជោគជ័យ នូវMelodyដ៏ថ្មីស្រឡាងនេះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១១ នាវេលាម៉ោង ៣ទៀបភ្លឺ។

បទនេះក៏សម្រេច យកទៅថតរួមគ្នានឹងបទ លង់ស្នេហ៍លើហ្វេសប៊ុគ  នៅស្ទួឌីយ៉ូ ហនុមានម្ដុំសន្ធរម៉ុក។

ពេលថតចប់ បងសីហា បានសន្យាថានឹងយកបទនេះយកទៅថតជា MV មុននឹងគាត់ចាកចេញពីភ្នំពេញ ទៅ ម៉ាឡេស៊ី។ ជាអកុសលណាស់ ដែលបទនេះមិនបានយកទៅថតតាមការសន្យា ដោយមូលហេតុ គាត់មានការមមាញឹកនឹងការងារ ខ្លាំងពេក។

បទនេះ ជាស្នាដៃ ប្រើប្រាស់ឧបករណ៍ អ័គកាដង់ របស់ខ្ញុំដំបូង។ វាត្រូវបានយកទៅថតជាប្រភេទ Classical Piano ក្រោយមក ដោយមានការចូលរួមពីលោក ឡុង ស៊ីអៀប តន្ត្រីករអ័គកាដង់ និងហ្គីតា។

ពត៌មាន៖

– ផ្អែកលើរឿងពិតរបស់ លោក សៅ សីហា

– និពន្ធទំនុកច្រៀង បទភ្លេង ច្រៀង និងប្រើប្រាស់ឧបករណ៍ដោយ លោក ម៉ា ច័ន្ទបញ្ញា

– កែសម្រួលទំនុកច្រៀង ដោយ លោក សុខ ចាន់ផល

– កាលបរិច្ឆេទនិពន្ធ៖ ថ្ងៃទី២០ (ទំនុកច្រៀង) ទី២៧ (ទំនុកភ្លេង) ខែមករា ឆ្នាំ២០១១ វេលាម៉ោង ៣ទៀបភ្លឺ

– ទីកន្លែងថត៖ ហនុមានស្ទូឌីយ៉ូ

– ព្យាណូដោយ លោក ឡុង ស៊ីអៀប

ចម្រៀងនិងបទភ្លេង៖

Simple Version in studio:

Piano Version:

ស្អែកម្សិលមិញថ្ងៃនេះ??

. ថ្ងៃ​ស្អែក​បង​ចេញ​ទៅ

ត្រូវ​ឃ្លាត​ពី​ផ្លូវ​យើង​ធ្លាប់​ធ្វើ​ដំណើរ

ផ្លូវ​ដែល​យើង​កំពុង​ដើរ តែ​ត្រូវ​បែក​ឆ្ងាយ។

. ម្សិលមិញ​បង​ព្រងើយ

ដឹង​ចិត្ត​អូន​ហើយ​តែ​មិន​ដែល​ខ្វល់ខ្វាយ

ឲ្យ​អូន​ឃ្លាត​កាយ

ពេល​អូន​ណាយ​បែក​ចិត្ត

ចង់​នៅ​ជិត តែ​អូន​ខឹង​បង។

ស្ពាន. ថ្ងៃ​នេះ​ស្រឡាញ់

ចិត្ត​ទោម្នេញ​ខ្លាច​បាត់​នួនល្អង

អូន​ធ្លាប់​ស្រឡាញ់​បង

ស្នេហ៍ស្នង ឲ្យ​បង​សូមទោស​ណា​ត្រាណត្រើយ។

បន្ទរ១.មុន​ចាក​ចេញ​ទៅ​ចង់​ប្រាប់​ថា​ស្នេហ៍

ហើយ​លែង​គេច​កែ​ប្រែ​ចិត្ត​ហើយ

សូម​មេត្តា​ណា​ពេជ្រ​បង​អើយ

ស្នេហ៍​ឃ្លាត​ហើយ​ចាំ​ពេល​ត្រឡប់

កុំ​ឲ្យ​ស្នេហ៍​ចប់ តែ​ប៉ុណ្ណឹង​ណា​អូន។

បន្ទរ២. ចង់​ប្រាប់​ថា​ស្នេហ៍ ស្នេហ៍ ស្នេហ៍

មេត្តា​កុំ​ប្រែ​ឱ្យ​ស្នេហ៍​ហា​សូន្យ

ព្រោះ​បង​ពិត​ស្រឡាញ់​រូប​អូន

សូម​ជា​ក្បូន​ចម្លង​ដល់​ត្រើយ

ចាំ​បង​អូន​អើយ ចាំ​បន្ត​ស្នេ​ហ៍​យើង។

ភ្លេង>>ស្ពាន>បន្ទរ២. (២ដង)

បញ្ចប់៖ ចាំ​វិល​វិញ​ណា​អូន!

ទឹកថ្លា, ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១១