Tag Archives: Photocity

៤០ឆ្នាំជាងក្រោយមក ខ្ញុំក៏ជាបេក្ខជនម្នាក់ដែរ

ស្តង់ដារ

ក្រុងកែប ឆ្នាំ១៩៦៣

ព្រឹត្តិការណ៍ប្រឡងតន្ត្រីទូទាំងមួយ បានប្រឌិតខ្លួនឡើងជាមួយនឹងតន្ត្រីករខ្មែរ កវីនិពន្ធខ្មែរ ពោរពេញ ដោយសមត្ថភាព និងទេពកោសល្យខ្ពស់ និងមានភាពល្បីរន្ទឺ នៅក្នុងទ្វីបអាស៊ី។ ចាប់តាំងពីពេលនោះមក វិស័យតួរ្យតន្ត្រីខ្មែរ បានចាប់ផ្ដើម រីកចម្រើន គួរឲ្យកត់សម្គាល់ ដែលតាមឯកសាររបស់សៀវភៅ «រ៉ៃយំ» បានឲ្យដឹងថា ក្នុងអំឡុងទស្សវត្សទី៦០នេះ តូរ្យតន្ត្រីខ្មែរ បានក្លាយជាឧស្សាហកម្មបទចម្រៀងដ៏ធំមួយ ដែលរួមមានកវីនិពន្ធទំនុកច្រៀង ទំនុកភ្លេង អ្នកសម្រួលតន្ត្រី អ្នកចម្រៀងជាច្រើនរូប និងតន្ត្រីករដែលប្រកបដោយបច្ចេកទេសនិងសមត្ថភាព។

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

ដោយសាររបបខ្មែរក្រហម តូរ្យតន្ត្រីខ្មែរ និងវិស័យផ្សេងៗបាន បាត់មុខពីពិភពលោកយ៉ាងគួរឲ្យសោកសង្រេងបំផុត។ ៤០ឆ្នាំជាងក្រោយ ព្រឹត្តិការណ៍ឆ្នាំ៦៣ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១នេះ មហោស្រពតូរ្យតន្ត្រីសម័យឆ្នាំ២០១១ បានប្រព្រឹត្តិឡើងសារជាថ្មីលើកទី២។ ព្រឹត្តិការណ៍នេះកត់សម្គាល់ ឬកត់ត្រាថា ជាព្រឹត្តិការណ៍ទី២នៃប្រវត្តិសាស្ត្របទភ្លេងរបស់កម្ពុជា។

ក្នុងចំណោមបេក្ខជនជាង៣០០នាក់ ក្នុងនោះខ្ញុំក៏ជាសមាជិកម្នាក់ផងដែរ។ ក្រុមតន្ត្រីដែល ដឹកនាំដោយ ខ្ញុំ និងការជ្រោមជ្រែងពី បងៗ តន្ត្រីកររបស់ខ្ញុំ មានឈ្មោះថា ក្រុមតន្ត្រីស្នាមញញឹម

ស្នាមញញឹម ទើបតែបង្កើតឡើងមុនការបើកការប្រកួតតែ ប្រមាណ៣ទៅ៤ខែ និងឈ្មោះនេះបានប្រើប្រាស់ក្លាយជាផ្លូវការក្នុងថ្ងៃបើកកម្មវិធីនេះតែប៉ុណ្ណោះ  ប៉ុន្តែកិច្ចការដែលយើងនឹងត្រូវធ្វើនិងកំពុងធ្វើ គឺកើតចេញពីក្ដីស្រឡាញ់ពីដួងចិត្តចំពោះវិស័យតូរ្យតន្ត្រីមួយនេះ។ យ៉ាងណាមិញ ពួកយើងស្គាល់គ្នាតាមរយៈតែការណែនាំគ្នាប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ ពួកយើងមិនមែនប្រើលុយកាក់ដើម្បីធ្វើកិច្ចការដ៏ធំមួយនេះនោះទេ គឺយើងប្រើទឹកចិត្ត និងភាពសង្ឃឹមមកសាមគ្គីគ្នាធ្វើកិច្ចការដ៏អស្ចារ្យរួមគ្នានេះ។ ថ្វីត្បិតតែ ពួកយើងមិនមានកន្លែងហាត់ផ្ទាល់ខ្លួនក៏ដោយនោះ ពោលគឺ ពួកយើងបានពឹងពាក់កន្លែងវិហារព្រះគ្រឹស្តិ ដើម្បីហាត់ប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា ក្រុមតន្ត្រីករទាំងអស់សុទ្ធតែជា គ្រឹស្ដិនិកជនជាតិខ្មែរ ៩៩% និងមានតែខ្ញុំបាទ និងបងតន្ត្រីករកុងហ្កា ព្រមទាំងអ្នកចម្រៀងនារី ដែលជាដៃគូខ្ញុំប៉ុណ្ណោះ ដែលជាពុទ្ធសាសនិក។ ហើយចំណុចពិសេសមួយទៀត ពួកយើងសុទ្ធតែមានអាយុ១៩ឆ្នាំ ឬ២៣ ២៤ប៉ុណ្ណោះ លើសលែងបងតន្ត្រីករកុងហ្កា ដែលមានអាយុ៣០ឆ្នាំជាង។ ដូច្នេះគឺមានន័យថា ក្រុមពួកយើងមិនបានប្រកាន់ អាយុ សាសនា ពណ៌សម្បុរ ឬលក្ខខណ្ឌជីវិតអ្វីនោះទេ គឺយើងប្រើទឹកចិត្ត សមត្ថភាព និងឆន្ទៈ ដើម្បីធ្វើកិច្ចការមួយនេះ។

កិច្ចការគឺកិច្ចការហើយ តែទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក្នុងនាមក្រុមខ្ញុំជាកូនខ្មែរ ក្រុមខ្ញុំបានប្ដេជ្ញាជានិច្ចនឹងបើកទំព័រ ប្រវត្តិសាស្ត្រសិល្បៈតូរ្យតន្ត្រីខ្មែរជាថ្មី លើកឆាកអន្តរជាតិឲ្យទាល់តែបាន។

The Smiley band

The Smiley band

រូបភាពដោយ Photocity។ ពីឆ្វេងទៅ៖

លោក ហុក សំណាង តន្ត្រីករ ហ្គីតាបាស
លោក ឡុង ស៊ីអៀប តន្ត្រីករ អ័គ
លោក ម៉ៅ សុខលាភ តន្ត្រីករ ព្យាណូ សម្រួលតន្ត្រី និងជាអនុប្រធានក្រុម
លោក ម៉ា ច័ន្ទបញ្ញា អ្នកចម្រៀង និង អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង
លោក វិរៈ (ត្រូវបានសម្រាកព្រោះជាប់រវល់)
លោក ម៉ៅ សុខផានិត តន្ត្រីករស្គរ

និង សមាជិកដែលទើបនឹងបានចូលរួមបន្ថែមទៀតរួមមាន៖
លោក ទូច តន្ត្រីករ កុងហ្កា
កញ្ញា ចំរើន សុភា អ្នកចម្រៀងផ្នែកនារី
លោក មហារិទ្ធិ តន្ត្រីករ វីយោឡុង

បទចម្រៀងដែលនឹងត្រូវចូលរួមប្រកួតរួមមាន៖

រាំវង់ក្រោយភ្លៀងរលឹម ចង្វាក់រាំវង់ ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា
ទន្លេស្នេហ៍ប្រែចិត្ត ចង្វាក់ស្លូ និង ស្លូរ៉ក ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
រាត្រីCha Cha Cha ចង្វាក់Cha Cha Cha ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
អនុស្សាច្បារអំពៅ ចង្វាក់ស្វីង ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ជាចុងក្រោយនេះ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្ត មិត្តភក្តិ បងប្អូន ពិសេសអ្នកម៉ាក់ លោកប៉ា ក្រុមគ្រួសារគ្រប់ជំនាន់ទាំងអស់ និងសាស្ត្រាចារ្យដែលតែងតែជួយគាំទ្រក្រុមខ្ញុំ និងខ្ញុំ ព្រមទាំងជួយកែតម្រូវខ្ញុំកន្លងមក។ ខ្ញុំពិតជាកក់ក្ដៅណាស់ចំពោះទឹកចិត្តរបស់អ្នកទាំងអស់គ្នា។ ខ្ញុំគ្មានអ្វីតបស្នងក្រៅ ពីឆន្ទៈនិងទឹកចិត្តពុះពារអស់ពីសមត្ថភាពរបស់ក្រុមនោះទេ។ សូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសំណាងល្អជានិច្ច។​ ពីក្រុមតន្ត្រីស្នាមញញឹម! បញ្ញា!

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

Advertisements