Tag Archives: Smart

ចម្រៀងថ្មី៖ យំក៏យំទៅ

ស្តង់ដារ

អំពីចម្រៀង

ឈ្មោះបទចម្រៀង យំក៏យំទៅ (Metfone: 60212146 , Mfone: 980803 , Smart: 306878)
និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា (Eugene ma)
តន្ត្រីករហ្គីតា និងសម្រួលតន្ត្រី ដោយ ឡុង ស៊ីអៀប និង ម៉ា ច័ន្ទបញ្ញា (Eugene ma)
កាលបរិច្ឆេទនិពន្ធ ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផលិត ថ្ងៃសៅរិ៍ ទី១១ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផ្សាយក្នុងCalltune ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១
ទីកន្លែងថត Opera Owner Studio

ទស្សនៈវិជ្ជា និង ចិត្តសាស្ត្រនៃបទ

បង្ខំមនុស្សម្នាក់ឲ្យរីករាយ ពេលគេកំពុងកើតទុក្ខមិនខុសពីបង្ខំឲ្យមនុស្សម្នាក់ខុស ទាំងខ្លួនគេត្រូវនោះទេ។ លក្ខណៈ​ពិសេស​នៃបទចម្រៀងនោះ ​គឺខ្ញុំ​មិន​បាន​ហាម​គេ​ទេ គឺ​ឲ្យ​គេ​យំ​ឲ្យ​ឆ្អែត​វិញ គឺយំដើម្បីឈប់យំ (បទលោកតាស៊ីន ស៊ីសាមុត)។ ខ្ញុំបានដាក់ចំណងជើងថា យំក៏យំទៅ ដោយក្នុងបទអ្នកច្រៀង ច្រៀង​បណ្ដើរ​សម្លេង​អ្នកចម្រៀង រាងពិបាកចិត្ត និងយំបណ្ដើរដែរ ពោលគឺប្រើវិធីបង្កប់ក្នុងបញ្ជាក់ថា ពាក្យនេះគ្រាន់តែប្រាប់បញ្ឈឺទេ ឯការពិត គឺមិនចង់ឲ្យយំនោះទេ។ នៅកណ្ដាលបទ គឺមានឃ្លាពោល ដែលធ្វើសាកល្បងលើកដំបូងខ្ញុំបានដាក់ពាក្យពោលថែមទៀត ដើម្បីលួងចិត្ត លួងអារម្មណ៍អ្នកដែលកំពុងយំ តែក្រោយមក ខ្ញុំបានទុកឲ្យកន្លែងនេះមានចន្លោះស្ងាត់ គឺសម្រាប់សម្រួលអារម្មណ៍អ្នកស្ដាប់ និងមានន័យថា អ្នកចម្រៀងក៏ពិបាកចិត្តដែរ បែបនេះគឺឋិតក្នុងន័យ ចិត្តវិទ្យា

ប្រវត្តិបទចម្រៀង

ដោយសារតែទឹកចិត្តមនុស្សមានទំហំធំធេងណាស់ កាលពីប៉ុន្មានពេលមុន ខ្ញុំបានឃើញមិត្តភក្តិនារី និងបុរសជាច្រើននាក់ ឧស្សាហ៍កើតទុក្ខណាស់ អ្នកខ្លះគឺមិននិយាយអ្វីទេ អ្នកខ្លះទៀតចូលចិត្តនិយាយពីនេះពីនោះថ្លែងពីអារម្មណ៍ទុក្ខសោកនោះចេញមក។ ដោយឡែក មានមនុស្សមួយចំនួន គឺគេចូលចិត្តយំ។ ចំណោមមិត្តទាំងអស់ មានមិត្តម្នាក់ដែលខ្ញុំចាប់អារម្មណ៍ជាងគេ។ នាងមានឈ្មោះថា ឡាដា

ឡាដា ស្គាល់ខ្ញុំយូរដែរហើយ តែទើបតែមួយរយៈនេះទេ ពួកយើងរៀងជិតដិត ព្រោះឡាដា ចេះជួយទុក្ខធុរៈមិត្តភក្តិណាស់។ ជារឿយៗ មិត្តនេះក៏ដូចខ្លួនខ្ញុំដែរ គឺឧស្សាហ៍កើតទុក្ខ។ គេចូលចិត្តប្រភេទតន្ត្រីស្រាលណាស់ គឺប្រភេទហ្គីតា ឬព្យាណូ។ គាប់ជួន ថ្ងៃមួយនោះ ឡាដា ក៏ប្រាប់ខ្ញុំនិងមិត្តឯទៀតនៅលើWallគេក្នុងFacebook បែបលេងសើចថា គេយំ និងឈឺចាប់ទៀតហើយ។ ក្នុងនាមជាមិត្តផង ណាគេធ្លាប់រំលែកទុក្ខខ្ញុំផង ខ្ញុំក៏ទ្រាំស្ងៀមមិនបាន ក៏ឈឺឆ្អាល នឹងគេ។ ខ្ញុំចេះតែលួង តាមតែនឹកឃើញ ឲ្យគេឈប់យំ តែ​គេ​មិន​ព្រម​ឈប់​ទេ។ ខ្ញុំក៏នឹកឃើញតែងចម្រៀងមួយទុកជូនគេ។ បន្ទាប់ ពីតែងចម្រៀងនេះចប់ ខ្ញុំបានផ្ញើសារទៅក្នុងប្រអប់សំបុត្ររបស់គេ នូវប៉ារូលចម្រៀងទៅមុន។ ក្រោយមក ខ្ញុំក៏កេះហ្គីតាខ្លួនឯង (មិនពិរោះទេ តែអាចស្ដាប់បាន) ថត រួចបង្ហោះឲ្យគេស្ដាប់។ គេមិនមានប្រតិកម្មអីទេ។ ខ្ញុំគិតថា ទំនងវាមិនពិរោះអីមែន តែជាទឹកចិត្ត ណាបទនេះប្លែកពីបទដទៃហើយខ្លីផង ហើយ​ក៏​ចង់​សិក្សា​ពី​គុណភាព​បទភ្លេងបន្ថែមផងនោះ ខ្ញុំក៏សម្រេចចិត្តផលិតវាឡើង ម្ដងជាងពីរដង ដោយដំបូងឡើង ខ្ញុំគ្រាន់តែកេះ ហ្គីតាខ្លួនឯងប៉ុណ្ណោះ រួចក៏បន្តឲ្យលោក ឡុង ស៊ីអៀប ជាអ្នកប្រដេញហ្គីតាឲ្យយ៉ាងពិរោះ ជា​ផ្លូវការ​រហូត​កែខៃ​បាន​ល្អ​អាច​ទទួល​យក​បាន និង​បាន​បង្ហោះ​ចូលក្នុងWebsite: http://www.phnompenh.com នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១ ហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បទនេះ ត្រូវបាន​ដាក់​បញ្ចូលជាផ្លូវការជារបៀបCalltuneក្នុងប្រព័ន្ធមិត្តហ្វូនដែលមានកុងត្រាជាមួយក្រុមហ៊ុនKhmer Art និង​ក្រុមហ៊ុន​Calltune Lotus បីប្រព័ន្ធMfone Smart និង Metfone រយៈពេល៣ឆ្នាំ។ បទនេះមានលេខកូដ៖ 60212146

ចម្រៀងនិងទំនុកច្រៀង

យំក៏យំទៅ

និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា

អូ.. ហូ.. ហូ… អូ.. ហូ.. អូ.. ហូ…

(ភ្លេងហ្គីតា)

គ្រាន់តែដឹងថាអ្នកឈឺចាប់ គ្រាន់តែចង់ប្រាប់ថាគួរតែកាត់ចិត្តទៅ។

គ្រាន់តែដឹងថាអ្នកលួចយំ មិនចង់បង្ខំឲ្យអ្នកឈប់នោះទេ។

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ

បើសិនយំទៅអ្នកបានស្បើយ យំក៏យំទៅ យំក៏យំទៅ យំក៏យំ…ទៅ។

គ្រាន់តែសូមនៅពេលយំហើយ អ្នកក៏នឹងស្បើយ នឹងស្បើយឈប់ឈឺចាប់។

(ហ្គីតា អមនឹងពាក្យ អូ អូ ហូ អូ ហូ ហូ…)

(បទដើម៖ ពោល, អើ! ឥឡូវធ្វើតាមខ្ញុំណា អូខេ! ស្រែកអូហូមកតាមខ្ញុំ អូខេ! យំក៏យំទៅ តែជួយស្រែកអូហូណា៎)

អូ… អូ.. ហូ.. អូហ.. ហូ..

(ហ្គីតា និង ហួច) > ច្រៀងឡើងវិញទាំងអស់។

ចុងបញ្ចប់៖ យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ បើសិនយំទៅអ្នកបានស្បើយ

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ… យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ..

បើសិនយំទៅអ្នកស្បើយ… យំក៏យំទៅ….។

ចុចទីនេះដើម្បីស្ដាប់បទចម្រៀងផ្លូវការ៖

សំណល់ការងារពិសោធន៍

ពិសោធន៍លើកទី១៖

ពិសោធន៍លើកទី២៖

 

សូមអរគុណចំពោះការយកចិត្តទុកដាក់អាន។ សូមរីករាយគ្រប់ពេលវេលា។

ភ្នំពេញថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១១