Category Archives: កំណត់ហេតុប្រចាំថ្ងៃ

អាទិត្យសម្ដែង

ស្តង់ដារ

មិនបានក្បោះក្បាយទេ តែខ្ញុំបានចងចាំព្រឹត្តិការណ៍ទាំងឡាយជាសង្ខេបមួយចំនួន​ប៉ុណ្ណោះ។ អាទិត្យសម្ដែង គឺជាអាទិត្យដែលមមាញឹកទៀតហើយក្នុងជីវិតខ្ញុំ ខ្ញុំបានជួបរឿងជាច្រើនស្ទើរពេញមួយថ្ងៃនោះ…

៤ទាបភ្លឺ ថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១១

តាំងពីក្បាលព្រលប់រហូតមកដល់ព្រឹកថ្មើណេះ ខ្ញុំគ្មានធ្មេចបានមួយស្រឡេតទេ។ ក្នុងចិត្ត ចេះតែនៅជាប់នឹងឆាកតន្ត្រីជានិច្ច។ ក្នុងពោះខ្ញុំ ចេះតែបុកស្រឺតៗ ពេលខ្លះ សឹងដកដង្ហើម ពុំស្មើគ្នា។ ជួនក៏ដូចជាក្ដៅខ្លួនយ៉ាងម៉េចទេ ទៅជា ស្រៀវស្រាញ!!!

អង្គុយលើតុ ចាំញាំបាយពេកព្រឹក កម្លាំងខ្ញុំអស់រលីង ហើយថែមទាំងស្អកទៀត។ ខ្ញុំដើរមួយៗ និយាយមួយៗទេ គឺអស់កម្លាំងពេក ដ្បិតមិនបានគេងស្រួលពីម្សិល។ ដល់វេទិការឆាក ក្រុមកំពង់ចាម ក្រុមកោះកុង គេនៅទីនោះជាស្រេច។ ក្នុងស្ទូឌីយូនោះ រងារណាស់ ព្រឹកអ៊ីចឹង ម៉ាស៊ីន ត្រជាក់នៅបើកឡើងកប់ទៀត។

ស្ទូឌីយ៉ូនេះ ធំល្មមទេ បើធៀបនឹងស្ទូឌីយ៉ូ បាយ័ន ដែលខ្ញុំធ្វើការ ទីនេះតូចណាស់។ ខ្ពស់ជាងដីរៀបបន្តិច វេទិកានេះ រៀបស្រដៀង នឹងឆាកកម្មវិធីនេះមិនមែនជាសុបិន របស់ខ្ញុំដែរ​ គ្រាន់តែគេវាយភ្លើងពណ៌មក រៀងស្រគត់ស្រគុំ។ បំពង់ម៉ាស៊ីន ត្រជាក់ ដែលដាក់ចម្រឹងចាប់ភ្ជាប់តៗគ្នា ជាដំណាក់ៗ ដោយមានជណ្ដើរដែករៀបស្មើ សម្រាប់ ជាការងាយស្រួលដល់វិស្វករភ្លើង គេធ្វើផងនោះ កៀនខាងក្រោម និងក្រោយគេ គឺជាកន្លែងសម្រាប់រៀបចំប្រព័ន្ធសំឡេង ទូទៅក្នុង កម្មវិធី។ ទីនោះ មានមនុស្សពីរទៅបីនាក់ចាំមើលការ សាកល្បងសំឡេងជាមួយក្រុម ដែលមកពីខេត្តចំនួនពីរក្រុមនោះ។ មនុស្សម្នាទូទៅ គេមកអង្គុយមើលការសម នៅកៅអីជ័រខាងដើមក្បែរប្រព័ន្ធសំឡេង។

ម៉ាស៊ីនត្រជាក់ សុខភាពក៏ទន់ ខ្ញុំរិតតែភ័យអរម្ដងៗ តែសំឡេងនៅតែមិនទាន់ប្រើការ បានស្រួលបួលសោះ។ ខ្ញុំខំញុំាំទឹកសុទ្ធពីរបីដប ដើម្បីបង្ការការរលាកបំពងក។

«ភ្នំពេញ មកដល់អស់នៅ?? ភ្នំពេញ!!!» លោកអ្នកចាត់ចែងទូទៅ បានប្រកាសដាក់មេក្រូ មកកាន់ក្រុមខ្ញុំ ដោយកាលណោះ បងលាភ និងមិត្តភក្តិពីរបីអ្នករបស់គាត់ បានលើក Piano digital មកដល់ឆាកហើយ។

«នៅទេ លោកពូ!! .. អឺ.. ក្រុមខ្ញុំ កំពុងជាប់រវល់ បន្តិចទៀតទើបមកដល់!» ខ្ញុំតបទៅគាត់វិញទាំងញញឹមធម្មតា។

«ឆាប់តិចមក ព្រោះមួយក្រុមសមតែពីរបទទេ» លោកតបមកវិញ។

ក្នុងចិត្តខ្ញុំចាប់វន្ទាហៅពួកគេហើយ ដូច្នេះ ខ្ញុំក៏ចាប់លើកទូរស័ព្ទហៅទៅពួកគាត់ និងអ្នកខ្លះថាកំពុងជិះតាមផ្លូវហើយ។ បងភា អ្នកចម្រៀងដៃគូនឹងខ្ញុំ បានមកដល់មុនគេ។​មកដល់ ខ្ញុំសំណេះសំណាលបន្តិច។

កណ្ដាលមនុស្សដែលមកមើលការសមនាព្រឹកនេះ ភាគច្រើន គឺមកពីកំពង់ចាម។ អ្នកកោះកុង ខ្ញុំពុំសូវជួបនោះទេ។ បងភានិងខ្ញុំអង្គុយក្បែរគ្នា មើលក្រុមគេសមបណ្ដើរ ដៃកាន់ទូរស័ព្ទនិយាយខ្វាត់ខ្វែងបណ្ដើរ។ មួយសន្ទុះក្រោយមក បងណា និង បងសំណាង ក៏មកដល់ ប៉ុន្តែមុនគាត់មកដល់ ខ្ញុំបានត្រូវលោកចាត់ចែងទូទៅបាញ់ពាក្យសម្ដីឡើងហុយដីទៅហើយ តែខ្ញុំនៅតែអាចរងបាន ព្រោះយល់ថា នេះជាការងារ។ ណាមកពីពួកយើងខុសមែន។

យឺតបន្តិច បងយ៉ា និងបងអៀបក៏មកដល់បន្ទាប់។ មុនគាត់មកដល់ គឺដូចគ្នា លោកចាត់ចែងបាន ប្រកាសម្ដងទៀត តែខ្ញុំចេញមុខរ៉ាប់រងញយដែរ។

ប្រកាសថាឲ្យពីការយឺតយ៉ាវខ្ញុំម្ដងទៀត ខ្ញុំក៏ព្យាយាមបង្វែងអារម្មណ៍លោក ដោយរៀបចំក្រុមទៅ រៀបចំឧបករណ៍សម្រាប់សម។ ជាបណ្ដើរៗ លោកក៏ប្រកាស ពីលក្ខខណ្ឌ័នានា និងវិធីសាស្ត្រខ្លះៗចំពោះក្រុមខេត្តទាំងពីរដែលបានសមចប់​ទៅហើយ ខ្ញុំពុំបានរវល់ទេ តែសឲត្រចៀកស្ដាប់ដឹងរឿងដែលធ្លាប់ដឹងហើយ។ យូរគួរសម បងលាភ , វិថី , បងផានិត និងប្រុសម្នាក់ទៀតក៏មកដល់បន្តបន្ទាប់។

ទម្រាំតែអាចរៀបចំក្រុមបានស្រួលបួល ម៉ោងជិតដប់ទៅហើយ ទើបពួកយើងបានសម ពីរបទទៀត ដោយក្នុងនោះយើងសម បទ អនុស្សាច្បារអំពៅ និងបទ ទន្លេស្នេហ៍ប្រែពណ៌។ យើងសមពីការដើរឆាក សំពះ សម្ដែង ញញឹម និងទូទៅ ជាមួយពិធីករ។ សំឡេងខ្ញុំនៅតែស្អកអ៊ីចឹង តែអាចស្ដាប់បាន។

ជាបន្តបន្ទាប់ លោកពិធីករបានប្រកាសតាមលំហូ នៃបែបបទកម្មវិធីរហូតដល់ចប់ នៅម៉ោងប្រហែលជិត១២ថ្ងៃត្រង់។ រួចរាល់ ពួកយើងក៏បំបែកគ្នា ដោយធ្វើតាមគំរោង ពីយប់ដែឡបាននិយាយគ្នាទុក។

ដល់ផ្ទះ ខ្ញុំអស់កម្លាំងល្ហិតល្ហៃ ក៏ឆ្លៀតចូលគេងមួយស្រឡេត ក្នុងបន្ទាប់ខ្ញុំ។ មិនលក់ទេ តែអាចសង្ងំបានដល់ម៉ោងជិត២រសៀលដែរ ទើបងើបញាំបាយថ្ងៃត្រង់បន្តិច។ សំឡេងខ្ញុំរៀងគ្រាន់បើបន្តិចហើយ តែនៅតែមិនទាន់មានកម្លាំង ដោយទ្រាំពុំបាន ខ្ញុំក៏តាំងញាំកាហ្វេទឹកដោះគោទឹកកក ដើម្បី ជំនួយកម្លាំងខ្លះៗ មុនការប្រកួត ឃើញថាបានផលគួរសម។

រួចរាល់ ខ្ញុំក៏បរឡានចេញទៅBBCទៅយកពួកគាត់ ប៉ុន្តែនៅសល់បងអៀបមួយ។ ម៉ោង២កន្លះជិត៣ទៅហើយ មិនចង់ខាតដំណើរ យើងក៏សម្រេចចិត្តចេញទៅ ធ្វើសក់ បន្តិចបន្តួចនៅក្បែរទឹករាំផ្ការាំឯបាក់ទូក។

ទីនោះឈ្មោះថា«ស្ទាវ»។ ប្រមាណជិតមួយម៉ោងដែរ ពួកយើងបានរៀបចំខ្លួនរួចជាស្រេច។ នៅទីនោះ ខ្ញុំក៏បានជួបមិត្តសម្លាញ់ខ្ញុំកាលនៅរៀនម្នាក់ ឈ្មោះ វង្ស បាយ័ន្តដែរ។ បានសំណេះសំណាល់នឹងគ្នារួចរាល់ ខ្ញុំនិងក្រុមក៏ចាកចេញពីទីនោះទៅ ស្ទូឌីយ៉ូប្រកួត ប្រហែលម៉ោង៣កន្លះជិត៤ដែរហើយ។ អង្គុយ និងសំណេះសំណាលបំបាត់ភាពភ័បន្តិច ពួកយើងក៏ចូលស្ទួឌីយូប្រកួត។

មិនយូរប៉ុន្មាន ក្រុមកំពង់ចាមដែលឡើងមុនគេ ក៏បានបញ្ចប់។ ពួកខ្ញុំ នៅត្រៀមខ្លួនជាស្រេច។ មុនបីនាទី ពួកយើងក៏ទៅដល់កន្លែងកៅអីជ័រមួយក្បែរនោះ។ បើមើលពីពួកយើងទៅ មនុស្សម្នាច្រើនណាស់ គឺច្រើនល្មមធ្វើឲ្យឆាកចង្អៀត!

ពិធីករក៏ចាប់ប្រកាស ភ្នែកទស្សនិកជន ក្រឡេកមកព្រោងព្រាតមកកាន់ក្រុមខ្ញុំ។ បទទីមួយក៏ចាប់ផ្ដើម ទាំងភ័យតិចៗក្នុងចិត្ត តែខ្ញុំអាចតាំងអារម្មណ៍បានដោយ ធ្វើជាមិនចាប់អារម្មណ៍ អ្នកទស្សនា។ ពួកយើងព្យាយាមញញឹម គឺញញឹមទាល់តែបាត់ភ័យរៀងៗខ្លួន។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាំវង់ក្រោយភ្លៀងរលឹម»

ទី១បានបញ្ចប់ជាមួយក្បាច់រាំវង់ គឺរាំវង់ក្រោយភ្លៀងរលឹម។ ក្រោយភ្លៀងរលឹម គឺមេឃមុខជាស្រឡះហើយ ក៏ប៉ុន្តែ បទបន្ទាប់គឺជាបទមនោសញ្ចេតនា ដែលហាក់ផ្ទុយស្រឡះពីសាច់រឿងអម្បាញ់មិញ ប៉ុន្តែបើនិយាយពីចិត្ត គឺពិតមែនហើយ គឺស្រឡះ។ ក្នុងចិត្តខ្ញុំក៏ចាប់ផ្ដើមក្ដៅម៉ាស៊ីន ដែលជាបច្ច័យល្អ គួរសម ក្នុងការដែលធ្វើឲ្យខ្ញុំកាន់តែសុំាំនឹងឆាក គឺឆាកដំបូងគេបង្អស់ក្នុងជីវិតខ្ញុំ។

ទន្លេស្នេហ៍ប្រែពណ៌ គឺជាបទមនោសញ្ចេតនា ដែលខ្ញុំតែងហើយតែងទៀត តែងហើយតែងទៀត សឹងតែអាចនិយាយបានថា ខ្លាចជាងគេគឺបទដែល រកមនោសញ្ចេតនា មកដាក់ក្នុងពុំបាននេះ គឺបារម្ភជាងគេ។ តែទីបញ្ចប់ ទំនុកចម្រៀង ទាំងអស់ គឺឋិតក្នុងខួរខ្ញុំជាបន្តបន្ទាប់គួរសម គឺគុណបុណ្យនៃចិត្តណាស់។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«ទន្លេស្នេហ៍ប្រែពណ៌»

បានបញ្ចប់ហើយបទមនោសញ្ចេតនានោះ ដោយខ្ញុំពុំបានចាប់អារម្មណ៍ពីសំឡេងអ្វីទាំងអស់! បទឆាចឆាចឆាក៏ចូលមកបន្ទាប់ ដោយក្នុងនោះ អ្នកចម្រៀងស្រី ដែលកាលពីច្រៀងបទរាំវង់ក្រោយភ្លៀងរលឹម គាត់ស្លៀកពាក់សំពត់ហូលផាមួងទេ តែដល់ចូលបទនេះ គាត់បានផ្លាស់រួចរាល់ជារបៀបសម័យមុន ដោយខ្ញុំគ្រាន់តែប្រាប់ គាត់ទេ មិននឹកស្មានថា​ គាត់អាចធ្វើបានត្រូវចិត្តយ៉ាងនេះដែរ។ ទាញដៃ រួចចូលទៅ ខ្ញុំក៏ចាប់ច្រៀងតាមលំហូរបទ តែដោយប៉ារ៉ូលទីមួយ គឺចុងជួនល្អជាង ក៏បង្វែរ ខ្ញុំឲ្យច្រៀងប៉ារ៉ូលនេះឡើងវិញ ជាយថាហេតុទៅវិញ តែដោយសារតែកាយវិការយោង ខ្ញុំក៏ព្យាយាមច្រៀងជាបន្តបន្ទាប់ មិនខ្វល់ពីកំហុសបន្តិចនេះទេ រហូត ដល់ច្រៀងបកឡើងវិញ ទើបបានច្រៀងវគ្គទី២នេះ។​ សំណាងដែរ ដែលមិនឆ្គងអីណាស់ណាទេ គឺអាចយកជាការបាន។ 🙂

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«រាត្រីឆាចឆាចឆា»

ចប់បទនេះ បទប្រចាំត្រកូលក្រុមក៏ចូលមកដល់ បទនេះគឺជាបទមួយ ដែលខ្ញុំស្រឡាញ់ជាងគេក្នុងចំនោម៤បទសម្រាប់ការប្រកួត ហើយក៏ជាបទដែលគេស្គាល់ខ្ញុំ តាំងពីឆ្នាំមុនដែរ។ បទនោះគឺ បទអនុស្សាច្បារអំពៅ។ ដំណើរ និងកន្លុកកន្លៀតដែលខ្ញុំសង្ឃឹមជាងគេ គឺត្រូវបានរៀបចំដោយ លម្អិតចូលគ្នាក្នុងនោះ ដូចជា ការស្រែកបន្ទោរ ការហួចជាសូឡូ បច្ចេកទេសក្រហឹម សាច់បទ សាច់ភ្លេង ទំនុកច្រៀង និងបច្ចេកទេសសម្ដែង ដែលដកពីសម័យឆ្នាំ ៨០ និង៦០ គឺត្រូវបានរៀបចំបូកចូលគ្នាជាសិល្បៈតែមួយ។ ខ្ញុំមិនដឹងពីសុក្រិតភាពពីគណៈកម្មការនោះទេ តែខ្ញុំគ្រាន់តែដឹងថា នេះជាអ្វីដែលខ្ញុំខំប្រឹងអស់ពីទឹកចិត្ត និងសម្ថភាពខ្ញុំ។

វិដេអូ ដោយ ទេព សុវចិត្រ

ឈុតមួយក្នុងបទ«អនុស្សាច្បារអំពៅ»

ចប់ជាស្ថាពរនូវការសម្ដែង ដែលហាក់ដូចជាទើបតែនឹងដកបន្លាចេញពីទ្រូងអ៊ីចឹង។ មានសំណួរមួយចំនួនដែលធ្វើឲ្យខ្ញុំ រីករាយនឹងឆ្លើយ គឺឆ្លើយចេញពីបេះដូង ដែលបានកប់ទុកជាយូរមកហើយ។ 🙂 នេះហើយជាសិល្បៈ!!!

ក្រឡេកឯពេលក្រុមខ្ញុំចប់ សារជាបន្តបន្ទាប់ គឺធ្វើឲ្យក្រុមខ្ញុំខ្ពស់ណាស់ តែដល់តែពេល ក្រុមកោះកុងចុះ ប្រជាប្រិយភាពសារនេះក៏បាត់បង់ តែគ្រាន់តែបាត់បង់ស្មើគ្នាប៉ុណ្ណោះ ដោយក្រុមខ្ញុំលើសកន្ទុយភាគរយវិញ។ នេះជាប្រជាប្រិយភាពតាមបណ្ដាញ។ កាលណោះ ខ្ញុំក៏ឆ្លៀតប្រើអ៊ីនធឺណែតផ្សព្វផ្សាយដែរ តែប្រហែលជា ពេលវេលាយើង កណ្ដាលផង ទើបបានជាសារដែលចូលមកក្រោយពន្លិចសារយើង! មិនថ្វីទេ ទោះជាយ៉ាងណាក៏ខ្ញុំនិងក្រុមខ្ញុំបានធ្វើអស់ពីកម្លាំងកាយនិងចិត្តហើយ! 🙂 ស្នាមញញឹមនៅតែមាន!

កម្មវិធីបានបញ្ចប់ ពាក្យសរសើរលើកទឹកចិត្ត ក៏ចេះតែលេចឮពីមាត់មួយទៅមាត់មួយ ក្នុងចិត្តខ្ញុំហាក់ដូចជាមានកម្លាំងគ្រាន់បើ ប៉ុន្តែខ្ញុំមិនភ្លេចពីសីលធម៌នៃការគោរពដឹងគុណ ដ៏លោកគ្រូ ឯកឧត្ដម លោកអ៊ុំ លោកជំទាវ និងមិត្តភក្ដិ ដែលបានគាំទ្រខ្ញុំនោះទេ។ ខ្ញុំរីករាយណាស់! អាចថា ខ្ញុំពិបាកនឹងចោលចរិត រាក់ទាក់នេះណាស់! ដូច្នេះ ខ្ញុំក៏ថតរូបលេង ជាច្រើនប៉ុស្តិ៍ ជាមួយពួកគាត់ដែរ។ 🙂 ក្រោយមក ពួកយើងក៏ទៅញាំអី ដោយមិនចង់បំភ្លេចឡើយ នូវអនុស្សាវរីយ៍ថ្មីៗដែលទើបកន្លងទៅមួយប៉ប្រិចភ្នែក ដូចល្អធូលីចូល រួចត្រូវទឹកភ្នែក ហូរហៀរបំបាត់ចោល នៅសល់តែស្នាមបន្តិចបន្តួច! ស្នាមញញឹមនៅតែមាន ភាសាទឹកចិត្តនៅតែបង្អួតជិវិតនេះ! ជឿជាក់ខ្លួនឯងដើម្បីអ្វីៗទាំងអស់ជោគជ័យ ដល់អ្នកដទៃ! 🙂

ឯកឧត្ដមប្រគល់បាច់ផ្កា

សមាជិកក្រុមជាមួយ ឯកឧត្ដម ខៀវ កាញ៉ារិទ្ធិ

សមាជិកក្រុម ជាមួយ លោកអ៊ុំ អៀង ស៊ីធុល និងអ្នកមីង ហ៊ឹម ស៊ីវន

ខ្ញុំនិងបងភីន

ខ្ញុំនិងបងហេឡែន

ខ្ញុំស្រឡាញ់ក្រុមខ្ញុំ ខ្ញុំស្រឡាញ់ស្នាមញញឹម! 🙂

សមាជិកក្រុមតន្ត្រីស្នាមញញឹម

ភ្នំពេញ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១១

៤០ឆ្នាំជាងក្រោយមក ខ្ញុំក៏ជាបេក្ខជនម្នាក់ដែរ

ស្តង់ដារ

ក្រុងកែប ឆ្នាំ១៩៦៣

ព្រឹត្តិការណ៍ប្រឡងតន្ត្រីទូទាំងមួយ បានប្រឌិតខ្លួនឡើងជាមួយនឹងតន្ត្រីករខ្មែរ កវីនិពន្ធខ្មែរ ពោរពេញ ដោយសមត្ថភាព និងទេពកោសល្យខ្ពស់ និងមានភាពល្បីរន្ទឺ នៅក្នុងទ្វីបអាស៊ី។ ចាប់តាំងពីពេលនោះមក វិស័យតួរ្យតន្ត្រីខ្មែរ បានចាប់ផ្ដើម រីកចម្រើន គួរឲ្យកត់សម្គាល់ ដែលតាមឯកសាររបស់សៀវភៅ «រ៉ៃយំ» បានឲ្យដឹងថា ក្នុងអំឡុងទស្សវត្សទី៦០នេះ តូរ្យតន្ត្រីខ្មែរ បានក្លាយជាឧស្សាហកម្មបទចម្រៀងដ៏ធំមួយ ដែលរួមមានកវីនិពន្ធទំនុកច្រៀង ទំនុកភ្លេង អ្នកសម្រួលតន្ត្រី អ្នកចម្រៀងជាច្រើនរូប និងតន្ត្រីករដែលប្រកបដោយបច្ចេកទេសនិងសមត្ថភាព។

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

ដោយសាររបបខ្មែរក្រហម តូរ្យតន្ត្រីខ្មែរ និងវិស័យផ្សេងៗបាន បាត់មុខពីពិភពលោកយ៉ាងគួរឲ្យសោកសង្រេងបំផុត។ ៤០ឆ្នាំជាងក្រោយ ព្រឹត្តិការណ៍ឆ្នាំ៦៣ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១នេះ មហោស្រពតូរ្យតន្ត្រីសម័យឆ្នាំ២០១១ បានប្រព្រឹត្តិឡើងសារជាថ្មីលើកទី២។ ព្រឹត្តិការណ៍នេះកត់សម្គាល់ ឬកត់ត្រាថា ជាព្រឹត្តិការណ៍ទី២នៃប្រវត្តិសាស្ត្របទភ្លេងរបស់កម្ពុជា។

ក្នុងចំណោមបេក្ខជនជាង៣០០នាក់ ក្នុងនោះខ្ញុំក៏ជាសមាជិកម្នាក់ផងដែរ។ ក្រុមតន្ត្រីដែល ដឹកនាំដោយ ខ្ញុំ និងការជ្រោមជ្រែងពី បងៗ តន្ត្រីកររបស់ខ្ញុំ មានឈ្មោះថា ក្រុមតន្ត្រីស្នាមញញឹម

ស្នាមញញឹម ទើបតែបង្កើតឡើងមុនការបើកការប្រកួតតែ ប្រមាណ៣ទៅ៤ខែ និងឈ្មោះនេះបានប្រើប្រាស់ក្លាយជាផ្លូវការក្នុងថ្ងៃបើកកម្មវិធីនេះតែប៉ុណ្ណោះ  ប៉ុន្តែកិច្ចការដែលយើងនឹងត្រូវធ្វើនិងកំពុងធ្វើ គឺកើតចេញពីក្ដីស្រឡាញ់ពីដួងចិត្តចំពោះវិស័យតូរ្យតន្ត្រីមួយនេះ។ យ៉ាងណាមិញ ពួកយើងស្គាល់គ្នាតាមរយៈតែការណែនាំគ្នាប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ ពួកយើងមិនមែនប្រើលុយកាក់ដើម្បីធ្វើកិច្ចការដ៏ធំមួយនេះនោះទេ គឺយើងប្រើទឹកចិត្ត និងភាពសង្ឃឹមមកសាមគ្គីគ្នាធ្វើកិច្ចការដ៏អស្ចារ្យរួមគ្នានេះ។ ថ្វីត្បិតតែ ពួកយើងមិនមានកន្លែងហាត់ផ្ទាល់ខ្លួនក៏ដោយនោះ ពោលគឺ ពួកយើងបានពឹងពាក់កន្លែងវិហារព្រះគ្រឹស្តិ ដើម្បីហាត់ប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា ក្រុមតន្ត្រីករទាំងអស់សុទ្ធតែជា គ្រឹស្ដិនិកជនជាតិខ្មែរ ៩៩% និងមានតែខ្ញុំបាទ និងបងតន្ត្រីករកុងហ្កា ព្រមទាំងអ្នកចម្រៀងនារី ដែលជាដៃគូខ្ញុំប៉ុណ្ណោះ ដែលជាពុទ្ធសាសនិក។ ហើយចំណុចពិសេសមួយទៀត ពួកយើងសុទ្ធតែមានអាយុ១៩ឆ្នាំ ឬ២៣ ២៤ប៉ុណ្ណោះ លើសលែងបងតន្ត្រីករកុងហ្កា ដែលមានអាយុ៣០ឆ្នាំជាង។ ដូច្នេះគឺមានន័យថា ក្រុមពួកយើងមិនបានប្រកាន់ អាយុ សាសនា ពណ៌សម្បុរ ឬលក្ខខណ្ឌជីវិតអ្វីនោះទេ គឺយើងប្រើទឹកចិត្ត សមត្ថភាព និងឆន្ទៈ ដើម្បីធ្វើកិច្ចការមួយនេះ។

កិច្ចការគឺកិច្ចការហើយ តែទោះជាលទ្ធផលយ៉ាងណាក៏ដោយ ក្នុងនាមក្រុមខ្ញុំជាកូនខ្មែរ ក្រុមខ្ញុំបានប្ដេជ្ញាជានិច្ចនឹងបើកទំព័រ ប្រវត្តិសាស្ត្រសិល្បៈតូរ្យតន្ត្រីខ្មែរជាថ្មី លើកឆាកអន្តរជាតិឲ្យទាល់តែបាន។

The Smiley band

The Smiley band

រូបភាពដោយ Photocity។ ពីឆ្វេងទៅ៖

លោក ហុក សំណាង តន្ត្រីករ ហ្គីតាបាស
លោក ឡុង ស៊ីអៀប តន្ត្រីករ អ័គ
លោក ម៉ៅ សុខលាភ តន្ត្រីករ ព្យាណូ សម្រួលតន្ត្រី និងជាអនុប្រធានក្រុម
លោក ម៉ា ច័ន្ទបញ្ញា អ្នកចម្រៀង និង អ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀង
លោក វិរៈ (ត្រូវបានសម្រាកព្រោះជាប់រវល់)
លោក ម៉ៅ សុខផានិត តន្ត្រីករស្គរ

និង សមាជិកដែលទើបនឹងបានចូលរួមបន្ថែមទៀតរួមមាន៖
លោក ទូច តន្ត្រីករ កុងហ្កា
កញ្ញា ចំរើន សុភា អ្នកចម្រៀងផ្នែកនារី
លោក មហារិទ្ធិ តន្ត្រីករ វីយោឡុង

បទចម្រៀងដែលនឹងត្រូវចូលរួមប្រកួតរួមមាន៖

រាំវង់ក្រោយភ្លៀងរលឹម ចង្វាក់រាំវង់ ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា
ទន្លេស្នេហ៍ប្រែចិត្ត ចង្វាក់ស្លូ និង ស្លូរ៉ក ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
រាត្រីCha Cha Cha ចង្វាក់Cha Cha Cha ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា
អនុស្សាច្បារអំពៅ ចង្វាក់ស្វីង ច្រៀងដោយ ម៉ា ច័ន្ទបញ្ញា និង ចំរើន សុភា

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

ក្រុមតន្ត្រីស្នាមញញឹមថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

អនុស្សាវរីយ៍ថ្ងៃបើកសម្ពោធ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ទោះអង្គុយនៅនឹងដីក៏ពួកយើងញញឹមដែរ

ជាចុងក្រោយនេះ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្ត មិត្តភក្តិ បងប្អូន ពិសេសអ្នកម៉ាក់ លោកប៉ា ក្រុមគ្រួសារគ្រប់ជំនាន់ទាំងអស់ និងសាស្ត្រាចារ្យដែលតែងតែជួយគាំទ្រក្រុមខ្ញុំ និងខ្ញុំ ព្រមទាំងជួយកែតម្រូវខ្ញុំកន្លងមក។ ខ្ញុំពិតជាកក់ក្ដៅណាស់ចំពោះទឹកចិត្តរបស់អ្នកទាំងអស់គ្នា។ ខ្ញុំគ្មានអ្វីតបស្នងក្រៅ ពីឆន្ទៈនិងទឹកចិត្តពុះពារអស់ពីសមត្ថភាពរបស់ក្រុមនោះទេ។ សូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបតែសំណាងល្អជានិច្ច។​ ពីក្រុមតន្ត្រីស្នាមញញឹម! បញ្ញា!

ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១១

ប្រឡងDMCនិងសមដើរឆាក

ស្តង់ដារ

ធ្មេចបើកធ្មេចបើក ស្អែកនេះដល់ថ្ងៃប្រឡងDMCហើយ។ ឱកាសរបស់ការប្រឡងនេះ មួយឆ្នាំមានតែម្ដងទេ ហើយឱកាសប្រឡងមានតែ២ឆ្នាំទៀតទេសម្រាប់ខ្ញុំ ព្រោះគេឈប់ទទួលត្រឹមអាយុ២១ឆ្នាំ។ ដើម្បីចូលរៀនទីនោះបាន ខ្ញុំត្រូវឆ្លងកាត់ លក្ខខ័ណ្ឌ៤តំណាក់កាលគឺ ១. ភាសាអង់គ្លេស ២.ចំណេះដឹងទូទៅ ៣. ចំណេះដឹងសារពត៌មាន។ លទ្ធផលទាំង៣នេះ ជាប់ហើយ ទើបឈានចូលដល់ ដំណាក់កាល ធ្វើតេស្តផ្ទាល់មាត់ទៀត។

ឱ! អង់គ្លេសខ្ញុំផ្អឹបជិត៤ឆ្នាំទៅហើយ មិនដែលបានរៀនបំប៉នអីឲ្យពេញលេញទៀត។ ក្ស័យចិត្តឥឡូវហើយខ្ញុំ! តែមិនថ្វីទេ ទោះជាយ៉ាងណា​ក៏ខ្ញុំត្រូវប្រឈមមុខឲ្យបាន។ ស៊ូៗ ស៊ូៗ!

តែលើសពីនេះទៅទៀត ស្អែកណឹងត្រូវទៅសមដើរឆាក សម្រាប់សម្ពោធ កម្មវិធី ប្រឡងតន្ត្រីសម័យថ្នាក់ជាតិឆ្នាំ២០១១ ដែល៤០ជាងហើយ ទើបធ្វើម្ដងទៀត។

ដូច្នេះ ត្រូវប្រឈមមុខយ៉ាងពេញទំហឹងហើយ ស្អែកណឹង!!! ស៊ូៗៗ!

ភ្នំពេញថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១

ចម្រៀងថ្មី៖ យំក៏យំទៅ

ស្តង់ដារ

អំពីចម្រៀង

ឈ្មោះបទចម្រៀង យំក៏យំទៅ (Metfone: 60212146 , Mfone: 980803 , Smart: 306878)
និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា (Eugene ma)
តន្ត្រីករហ្គីតា និងសម្រួលតន្ត្រី ដោយ ឡុង ស៊ីអៀប និង ម៉ា ច័ន្ទបញ្ញា (Eugene ma)
កាលបរិច្ឆេទនិពន្ធ ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផលិត ថ្ងៃសៅរិ៍ ទី១១ ខែមិថុនា ឆ្នាំ២០១១
កាលបរិច្ឆេទផ្សាយក្នុងCalltune ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១
ទីកន្លែងថត Opera Owner Studio

ទស្សនៈវិជ្ជា និង ចិត្តសាស្ត្រនៃបទ

បង្ខំមនុស្សម្នាក់ឲ្យរីករាយ ពេលគេកំពុងកើតទុក្ខមិនខុសពីបង្ខំឲ្យមនុស្សម្នាក់ខុស ទាំងខ្លួនគេត្រូវនោះទេ។ លក្ខណៈ​ពិសេស​នៃបទចម្រៀងនោះ ​គឺខ្ញុំ​មិន​បាន​ហាម​គេ​ទេ គឺ​ឲ្យ​គេ​យំ​ឲ្យ​ឆ្អែត​វិញ គឺយំដើម្បីឈប់យំ (បទលោកតាស៊ីន ស៊ីសាមុត)។ ខ្ញុំបានដាក់ចំណងជើងថា យំក៏យំទៅ ដោយក្នុងបទអ្នកច្រៀង ច្រៀង​បណ្ដើរ​សម្លេង​អ្នកចម្រៀង រាងពិបាកចិត្ត និងយំបណ្ដើរដែរ ពោលគឺប្រើវិធីបង្កប់ក្នុងបញ្ជាក់ថា ពាក្យនេះគ្រាន់តែប្រាប់បញ្ឈឺទេ ឯការពិត គឺមិនចង់ឲ្យយំនោះទេ។ នៅកណ្ដាលបទ គឺមានឃ្លាពោល ដែលធ្វើសាកល្បងលើកដំបូងខ្ញុំបានដាក់ពាក្យពោលថែមទៀត ដើម្បីលួងចិត្ត លួងអារម្មណ៍អ្នកដែលកំពុងយំ តែក្រោយមក ខ្ញុំបានទុកឲ្យកន្លែងនេះមានចន្លោះស្ងាត់ គឺសម្រាប់សម្រួលអារម្មណ៍អ្នកស្ដាប់ និងមានន័យថា អ្នកចម្រៀងក៏ពិបាកចិត្តដែរ បែបនេះគឺឋិតក្នុងន័យ ចិត្តវិទ្យា

ប្រវត្តិបទចម្រៀង

ដោយសារតែទឹកចិត្តមនុស្សមានទំហំធំធេងណាស់ កាលពីប៉ុន្មានពេលមុន ខ្ញុំបានឃើញមិត្តភក្តិនារី និងបុរសជាច្រើននាក់ ឧស្សាហ៍កើតទុក្ខណាស់ អ្នកខ្លះគឺមិននិយាយអ្វីទេ អ្នកខ្លះទៀតចូលចិត្តនិយាយពីនេះពីនោះថ្លែងពីអារម្មណ៍ទុក្ខសោកនោះចេញមក។ ដោយឡែក មានមនុស្សមួយចំនួន គឺគេចូលចិត្តយំ។ ចំណោមមិត្តទាំងអស់ មានមិត្តម្នាក់ដែលខ្ញុំចាប់អារម្មណ៍ជាងគេ។ នាងមានឈ្មោះថា ឡាដា

ឡាដា ស្គាល់ខ្ញុំយូរដែរហើយ តែទើបតែមួយរយៈនេះទេ ពួកយើងរៀងជិតដិត ព្រោះឡាដា ចេះជួយទុក្ខធុរៈមិត្តភក្តិណាស់។ ជារឿយៗ មិត្តនេះក៏ដូចខ្លួនខ្ញុំដែរ គឺឧស្សាហ៍កើតទុក្ខ។ គេចូលចិត្តប្រភេទតន្ត្រីស្រាលណាស់ គឺប្រភេទហ្គីតា ឬព្យាណូ។ គាប់ជួន ថ្ងៃមួយនោះ ឡាដា ក៏ប្រាប់ខ្ញុំនិងមិត្តឯទៀតនៅលើWallគេក្នុងFacebook បែបលេងសើចថា គេយំ និងឈឺចាប់ទៀតហើយ។ ក្នុងនាមជាមិត្តផង ណាគេធ្លាប់រំលែកទុក្ខខ្ញុំផង ខ្ញុំក៏ទ្រាំស្ងៀមមិនបាន ក៏ឈឺឆ្អាល នឹងគេ។ ខ្ញុំចេះតែលួង តាមតែនឹកឃើញ ឲ្យគេឈប់យំ តែ​គេ​មិន​ព្រម​ឈប់​ទេ។ ខ្ញុំក៏នឹកឃើញតែងចម្រៀងមួយទុកជូនគេ។ បន្ទាប់ ពីតែងចម្រៀងនេះចប់ ខ្ញុំបានផ្ញើសារទៅក្នុងប្រអប់សំបុត្ររបស់គេ នូវប៉ារូលចម្រៀងទៅមុន។ ក្រោយមក ខ្ញុំក៏កេះហ្គីតាខ្លួនឯង (មិនពិរោះទេ តែអាចស្ដាប់បាន) ថត រួចបង្ហោះឲ្យគេស្ដាប់។ គេមិនមានប្រតិកម្មអីទេ។ ខ្ញុំគិតថា ទំនងវាមិនពិរោះអីមែន តែជាទឹកចិត្ត ណាបទនេះប្លែកពីបទដទៃហើយខ្លីផង ហើយ​ក៏​ចង់​សិក្សា​ពី​គុណភាព​បទភ្លេងបន្ថែមផងនោះ ខ្ញុំក៏សម្រេចចិត្តផលិតវាឡើង ម្ដងជាងពីរដង ដោយដំបូងឡើង ខ្ញុំគ្រាន់តែកេះ ហ្គីតាខ្លួនឯងប៉ុណ្ណោះ រួចក៏បន្តឲ្យលោក ឡុង ស៊ីអៀប ជាអ្នកប្រដេញហ្គីតាឲ្យយ៉ាងពិរោះ ជា​ផ្លូវការ​រហូត​កែខៃ​បាន​ល្អ​អាច​ទទួល​យក​បាន និង​បាន​បង្ហោះ​ចូលក្នុងWebsite: http://www.phnompenh.com នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១១ ហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បទនេះ ត្រូវបាន​ដាក់​បញ្ចូលជាផ្លូវការជារបៀបCalltuneក្នុងប្រព័ន្ធមិត្តហ្វូនដែលមានកុងត្រាជាមួយក្រុមហ៊ុនKhmer Art និង​ក្រុមហ៊ុន​Calltune Lotus បីប្រព័ន្ធMfone Smart និង Metfone រយៈពេល៣ឆ្នាំ។ បទនេះមានលេខកូដ៖ 60212146

ចម្រៀងនិងទំនុកច្រៀង

យំក៏យំទៅ

និពន្ធទំនុកច្រៀង បទភ្លេង និងច្រៀងដោយ ម៉ា ច័ន្ទបញ្ញា

អូ.. ហូ.. ហូ… អូ.. ហូ.. អូ.. ហូ…

(ភ្លេងហ្គីតា)

គ្រាន់តែដឹងថាអ្នកឈឺចាប់ គ្រាន់តែចង់ប្រាប់ថាគួរតែកាត់ចិត្តទៅ។

គ្រាន់តែដឹងថាអ្នកលួចយំ មិនចង់បង្ខំឲ្យអ្នកឈប់នោះទេ។

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ

បើសិនយំទៅអ្នកបានស្បើយ យំក៏យំទៅ យំក៏យំទៅ យំក៏យំ…ទៅ។

គ្រាន់តែសូមនៅពេលយំហើយ អ្នកក៏នឹងស្បើយ នឹងស្បើយឈប់ឈឺចាប់។

(ហ្គីតា អមនឹងពាក្យ អូ អូ ហូ អូ ហូ ហូ…)

(បទដើម៖ ពោល, អើ! ឥឡូវធ្វើតាមខ្ញុំណា អូខេ! ស្រែកអូហូមកតាមខ្ញុំ អូខេ! យំក៏យំទៅ តែជួយស្រែកអូហូណា៎)

អូ… អូ.. ហូ.. អូហ.. ហូ..

(ហ្គីតា និង ហួច) > ច្រៀងឡើងវិញទាំងអស់។

ចុងបញ្ចប់៖ យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ បើសិនយំទៅអ្នកបានស្បើយ

យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ… យំក៏យំទៅ យំក៏យំទៅ យំក៏យំទៅ..

បើសិនយំទៅអ្នកស្បើយ… យំក៏យំទៅ….។

ចុចទីនេះដើម្បីស្ដាប់បទចម្រៀងផ្លូវការ៖

សំណល់ការងារពិសោធន៍

ពិសោធន៍លើកទី១៖

ពិសោធន៍លើកទី២៖

 

សូមអរគុណចំពោះការយកចិត្តទុកដាក់អាន។ សូមរីករាយគ្រប់ពេលវេលា។

ភ្នំពេញថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១១

បទចម្រៀងរបស់ខ្ញុំមានវត្តមានក្នុងCalltuneមិត្តហ្វូន

ស្តង់ដារ

ស្អែកម្សិលមិញថ្ងៃនេះ (២Version), លង់ស្នេហ៍លើFacebook, ស្នាមញញឹមចុងក្រោយនៃមនុស្សខូចចិត្ត (២Version), ចង់ពន្យល់ពាក្យបែកឲ្យអូនស្ដាប់ និងបទយំក៏យំទៅ គឺជាការនិពន្ធបទភ្លេង ទំនុកច្រៀង និងច្រៀងដោយ ខ្ញុំ ព្រមទាំងប្រគុំតន្ត្រីដោយ ខ្ញុំ និង លោក ឡុង ស៊ីអៀប ពេលនេះត្រូវបានក្រុមហ៊ុនLotus ដែលជាក្រុមហ៊ុនទំនាក់ទំនងទូទៅមួយរបទូរស័ព្ទចល័តបីក្រុមហ៊ុន គឺ Metfone , Smart និង Mfone បានចុះកុងត្រាចំនួន៣ឆ្នាំសម្រាប់ដាក់ជាប្រព័ន្ធCalltune។

ជាជំហានដំបូង ខាងក្រុមហ៊ុនបានមកទាក់ទងខ្ញុំអំពីបទចម្រៀងដែលខ្ញុំគ្រាន់តែសរសេរ ដើម្បីចែកចាយ គំនិតកុំឲ្យភ្លេច ជូនដល់មិត្តភក្តិឲ្យស្ដាប់លេងប៉ុណ្ណោះ  ដូចបានបង្ហោះដូចរាល់ដងនោះ។ ពេលនោះ ខ្ញុំក៏សម្រេចចិត្តដោយ ក្នុងកុងត្រា យើងនិយាយតែដាក់តែCalltuneប៉ុណ្ណោះ ឯធ្វើអីផ្សេង គឺស្រេចតែយើង។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្ត រួចក៏ទៅចុះកុងត្រាដល់កន្លែង។ ក្រោយមក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ នេះ ខាងក្រុមហ៊ុន ក៏បានផ្ញើលេងCodeរបស់មិត្តហ្វូនមក។ ដូច្នេះ ពីពេលនេះទៅបទចម្រៀងខ្ញុំក៏បានមានវត្តមានលើទីផ្សារCalltuneនឹងគេដែរ។

វត្តមានដំបូងនេះ ខ្ញុំជឿថា ពុំសូវជាមានអ្នកនិយមដាក់Calltuneរបស់ខ្ញុំនៅឡើយ ដោយសារបទទាំងនោះ ពុំបានតម្រូវដល់ទឹកចិត្តសកលនៃយុវវ័យនៅឡើយ។ ដូច្នេះ លើកក្រោយខ្ញុំនឹងព្យាយាមធ្វើតម្រូវCalltuneសាកមើលម្ដងទៀត។

ខាងក្រោមនេះ ជាតារាងលេខCode។ បើលោកអ្នកមិនទាន់ភ្ជាប់Calltune សូមវាយOn រួចផ្ញើទៅលេខ 1772 បន្ទាប់មក វាយYes ផ្ញើទៅ 1772 រួច វាយSet [លេខCode]ជាការស្រេច។

ដើម្បីសាកស្ដាប់បទចម្រៀងនេះ សូមCopyលេខCodeដាក់ក្នុងប្រអប់Search ដោយគ្រាន់តែកែត្រង់ By song ទៅជាBy code រួចចុចSearch ហើយចុចលើឈ្មោះចម្រៀងដែលចេញមក នោះលោកអ្នកនឹងអាចស្ដាប់បាន: http://imuzik.metfone.com.kh/user/loginindex.screen

សូមអរគុណ!

No. Metfone Song Name
1 60212149 60212142 Thngai Sa Ek Masel Minh Thngai Nis
2 60212150 60212143 Thngai Sa Ek Masel Minh Thngai Nis versoin piano
3 60212151 60212144 Snam Nhornhoem Chong Kroy Ney Monos khouch Chet
4 60212152 60212145 Snam Nhornhoem Chong Kroy Ney Monos khouch Chet R B
5 60212153 60212146 Yum Kor Yum Tov Guitar
6 60212155 60212147 Chong Ponyul Peak bek Oy Oun Sdab
7 60212154 60212148 Lung Snae Tam Facebook

ថ្ងៃខួបកំណើតរបស់អ្នកម៉ាក់

ស្តង់ដារ

Phnom Penh, 06 may 2011

Today, my mum unhappy since the noon coming because of hard work that i had no time to help her, sorry mum. She still angry till evening BUT, i dont said anything and i called my uncle Benny Seang to bought one cake to her, THANKS LOVELY UNCLE. Then, HAPPY BIRTHDAY TO HER, she be smile with tired face. Thanks for my love Any Kim for the best ROSE that my mum so love with that kind of flower… ^^’ Small but big.

One more, i got the wrong year she is. She is 39 in fact… 😀 She said now she so young to me… 😀

Mum

Mum

ថ្ងៃជួបជុំនៅផ្ទះអ្នកគ្រូ ប៊ិច សង្វារវ៉ាន

ស្តង់ដារ

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១១ ត្រូវនឹងថ្ងៃអាទិត្យ បងផល ខ្ញុំ បងសីហា ឧត្ដម បងជំនោរ បងសំណាងទាំងពីរ មិត្តភក្តិបងសីហា និង អ្នកគ្រូ អ៊ុំ សុផានី បានជួបជុំគ្នាធ្វើម្ហូប សំណេះសំណាល ពិសារម្ហូប និងទស្សនាខ្សែភាពយន្តដ៏​អស្ចារ្យ​មួយ​ចំណងជើង​ថា«ជើងមេឃថ្មី»។

ចំណោមក្រុមទាំងអស់ ខ្ញុំក្មេងជាងគេ តែខ្ញុំរីករាយណាស់។ អ្វីដែលរីករាយជាងគេ គឺកម្មវិធីជាបន្តបន្ទាប់ក្នុងភាពកក់ក្ដៅទាំងនោះហើយ។

ចំណេះដឹងថ្មីៗ ជីវិតដ៏ផ្អែមល្ហែម បានឆ្លងកាត់ស្ទើរពេញមួយថ្ងៃនៅផ្ទះអ្នកគ្រូ។ ខ្ញុំមិនដឹងថាត្រូវពណ៌នាបែបណា ទើបសមនឹងស្ថានភាពដ៏គួរឲ្យចងចាំនោះទេ។ តើស្ថានភាពបែបនេះ នឹងវិលមកវិញថ្ងៃណា?

និយាយតាមត្រង់ចុះ អ្វីដែលធ្វើឲ្យខ្ញុំប្លែក គឺទីកន្លែង ទេសភាព ភាពស្និទ្ធិស្នាល និងពិសេសជីវិតស្នេហារបស់ក្រុមគ្រួសារនៃអ្នកគ្រូទាំងពីរ។

ខ្ញុំទៅទីនោះលើកណា ក៏មិនដែលមានអារម្មណ៍ថាខ្លួនខ្ញុំកំពុងរស់នៅក្នុងក្រុងភ្នំពេញ​ដែរ ដួងចិត្តរបស់ខ្ញុំតែងតែខ្សិបប្រាប់ខ្លួនឯងថា ខ្ញុំកំពុងរស់នៅស្រុកបារាំងនារដូវមួយ។ រដូវដែលពោរពេញដោយការជួបជុំ ពិបាកនឹងពន្យល់ប្រាប់ថាជារដូវណាមួយណាស់ ព្រោះតាមពិត ខ្ញុំពុំធ្លាប់រស់នៅស្រុកបារាំងផង។ 🙂 ក្នុងផ្ទះមួយថ្ងៃនោះ ខ្ញុំហាក់ទទួលបានភាពកក់ក្ដៅណាស់។ ខ្ញុំមិនដឹងថាបងៗទាំងអស់ មានអារម្មណ៍ដូចជាខ្ញុំឬអត់នោះទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំប្រៀបដូចជាកូនប្រុសអ្នកគ្រូ ម្នាក់អ៊ីចឹង។ នេះតាមមើលប្រហែលមកពី មនោសញ្ចេតនា ដែលខ្ញុំទទួលបាន ពីការពណ៌នារបស់អ្នកមីង ពេលធ្វើម្ហូបបារាំងនោះហើយ។ 🙂

ពេលម្ហូបបានរៀបចំត្រៀបត្រា នៅលើតុឈើមួយដ៏ប្រណិត បងៗ ព្រមទាំងលោកពូ និងអ្នកមីងទាំងអស់ បានចូលរួម សំណេះសំណាល ថតរូប និងពិសារជុំគ្នា។ ខណៈពេលដែលពិសារជុំគ្នា រឿងដែលខ្ញុំតែងតែចាប់អារម្មណ៍នោះ គឺជិវិតស្នេហាដ៏ផ្អែមល្អែមរវាងគ្រួសាររបស់អ្នកមីងទាំងពីរ។ ស្នេហាដំបូងដែលឋិតឋេរ ជាគូរជីវិតដ៏រីករាយតាំងពីមុនរៀបការរហូតដល់វ័យចំណាស់។ ភាសាថ្នាក់ថ្នម ប្រលោមចិត្តរបស់ជីវភាពនៃគូស្នេហ៍ប្លែកអាយុគ្នា។ តើជិវិតបែបនេះ ពិតជាមានខ្លឹមសារសម្រាប់ជីវិតយុវវ័យដូចខ្ញុំណាស់មែនទេ ទើបបានជាខ្ញុំតែង រីករាយ និងតែងប្រាថ្នាចង់យកគំរូតាមក្នុងចិត្តឥតដាច់សូរដូចនេះ?

មែនហើយ ស្ដាយណាស់ ដែលខ្ញុំពុំបាននៅដល់ចប់ដូចបងៗ ព្រោះអាល័យតែមានកម្មវិធីបន្តបន្ទាប់។ ខ្ញុំគ្មានអ្វីជាអនុស្សាវរីយ៍មុនពេលអ្នកគ្រូ នឹងត្រូវចាកចេញក្នុងពេលដ៏ខ្លីនាពេលខាងមុខទៅស្រុកបារាំង ក្រៅពីស៊ីឌីចម្រៀង ដែលខ្ញុំច្រៀងប៉ុន្មានបទនេះទេ។

ខ្ញុំលាចេញពីអ្នកគ្រូនៅពេលនោះ នឹងប្រហែលជាមិនដឹងថ្ងៃណា មានឱកាសជួប គាត់ទាំងពីរជាថ្មីនោះទេ។ ខ្ញុំបានចាកចេញពីទីនោះ ទាំងខ្សែភាពយន្តដែលខ្ញុំកំពុងជក់ចិត្តចំណងជើងថា «ជើងមេឃថ្មី» របស់អ្នកគ្រូ កំពុងតែដំណើរឡើង ប្រៀបដូចជា ការផ្ដាច់ចិត្តពីភាពស្និទ្ធិស្នាល រវាងខ្ញុំនិងអ្នកមីងទាំងអាល័យដូច្នោះដែរ។

អនុស្សាវរីយ៍ដ៏សម្បូរបែបរយៈពេលមួយថ្ងៃនោះ ហាក់បានធ្វើឲ្យខ្ញុំដិតដាមក្នុងអារម្មណ៍ពុំភ្លេចសោះ ប្រៀបដូចជារូបថតដែលផ្ដិតនៅលើផ្ទាំងសីលា ដែលមិនងាយរលប់រាប់លានឆ្នាំដូច្នោះដែរ។

អនុស្សាវរីយ៍ដ៏សម្បូរបែបរយៈពេលមួយថ្ងៃនោះ ហាក់បានធ្វើឲ្យជីវិតមនោសញ្ចេតនារបស់ខ្ញុំប្រាថ្នាឡើង ក្នុងភាពជឿជាក់ដោយដួងចិត្តចាប់ចង់បាននូវភាពកក់ក្ដៅ និងភាពស្មោះស្ម័គ្រជឿជាក់រវាងគ្នានឹងគ្នាក្នងជីវិតស្នេហា នាពេលអនាគតដែលមើលពុំឃើញ។ សង្ឃឹមថាជីវិតខ្ញុំបានដូចជា ភាសាផ្អែមល្ហែមដែលពណ៌នារបស់អ្នកមីងទាំងពីរនៅពេលនោះ នាថ្ងៃណាមួយចុះ។

ជាទីអវសាន្តនៃសំណេររំលឹកដល់ថ្ងៃជួបជុំនៃផ្ទះអ្នកគ្រូ ខ្ញុំសូមអភ័យទោសពីចម្ងាយរាល់ពាក្យពេចន៍ ស្ដីវាចា ណាមិនសមគួរ ឬធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តអ្នកគ្រូ ក៏ដូចជាបងៗផងទៅចុះ។ពិតនេះមកពីខ្លួនខ្ញុំជាយុវជន កំពុងតែក្រេបរសជាតិជីវិតដែលត្រូវការភាសាទូន្មានច្រើន​សម្រាប់ជាកេរ្តិ៍។

បើសិនជាអ្នកមីង ឬបងៗបានមើលអត្ថបទនេះហើយ សូមអភ័យទោសផងទៅចុះ។ សូមឲ្យក្ដីរីករាយទាំងនេះនៅតែឋិតឋេរក្នុងភាពចងចាំនៃពេលវេលាផងទៅចុះ។

ទឹកថ្លា, ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១១

តើខ្មែរនិងអ៊ឺរ៉ុបការនឹងគ្នាយ៉ាងម៉េច?

ស្តង់ដារ

ភ្នំពេញ, ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១

បើសួរខ្ញុំថា តើដែលឃើញខ្មែរនិងអ៊ឺរ៉ុបការនឹងគ្នាទេ? ប្រាកដជាដែរហើយ តែកាលពីប៉ុន្មានថ្ងៃមុនហ្នឹងមិនមែនចឹងទេ!

អេនីប្រាប់ខ្ញុំថា គេមានមិត្តភក្តិច្រើនណាស់ជាអ្នកសិល្បៈ ថ្ងៃសុក្រខានស្អែកនេះ នឹងមានកម្មវិធីជប់លៀងរំលឹកខួបអាពាហ៍ពិពាហ៍របស់មិត្តភក្តិគេមួយ។ នាងសួរខ្ញុំថាចង់ទៅឬក៏អត់?

ដំបូងគិតថាប្រហែលជា ទៅមិនកើតទេ ក្រែងខកទៅគេខឹង ណាគិតថា វាមិនអាចទៅកើតទេ ព្រោះយើងមិនស្គាល់គេ តែដល់តែយូរទៅ ទៅបានមែន ថ្ងៃសុក្រហ្នឹង។

ចរន្តអេឡិចត្រូនិច ចេះណាស់ ចេះទាញផ្លាស់ដូចធម្មជាតិនៃថ្ងៃចឹង ទាញវិបៗ ចូលដល់ចន្លោះ ថ្ងៃព្រហស្បត្តិ៍និងថ្ងៃសៅរិ៍ ។ ថ្ងៃសុក្រក៏ចូលមកដល់ តែមុននឹងទៅហ្នឹង ស្រាប់តែថ្ងៃរសៀលនោះ ខ្ញុំទទួលដំណឹងពីលោកគ្រូស៊ីន ច័ន្ទឆាយា ឲ្យត្រៀមខ្លួន ឡើងវិទ្យុជាតិនារសៀលនេះ គឺរសៀលម៉ោង៣។ ម៉ោងណាត់នឹងអេនី គឺម៉ោង៥។ ចិត្តគិតថា កុនហើយនោះ!!!!! ប៉ុន្តែវាមានដំណើរទៅជាជេកទៅវិញ។

ទៅដល់វិទ្យុជាតិយឺតទៀត ម៉ោង៣ជិត៤ទើបទៅដល់។ ស្លៀកពាក់វិញ ដូចទៅឡើងទូរទស្សន៍ចឹង។ ខ្មាស់លោកពូពិធីករដែរហ្នឹងណា តែមិនដឹងធ្វើម៉េច។ កម្មវិធីថ្ងៃនោះ មានឈ្មោះថា នាទីជួបជាមួយសិល្បករ។ កម្មវិធីនេះ គេចាក់ផ្សាយពេលយប់ថ្ងៃអាទិត្យទេ តែត្រូវថតថ្ងៃនេះ។ សំណាងដែរលោកពូពិធីករ ប្រចាំវិទ្យុជាតិរូបនោះ រាក់ទាក់ណាស់។ ^^’

លោកពូ មានឈ្មោះថា លោក សន្តិសៀន។ ពិរោះទេ? មែនពិរោះទេ គឺឡូយតាម៉ង។ ខ្ញុំសំណេះសំណាលនឹងគាត់ឡើងហួសម៉ោងមិនដឹងខ្លួន។ ថតចប់កម្មវិធីនោះ គឺម៉ោង ៥ជាងបន្តិចទេ។ ទាន់!! យេ!! 🙂

ចេញមក ក៏មកចាំផ្ទះម៉ាក់យាយនៅម្ដុំសន្ធរម៉ុក ព្រោះផ្ទះគេក្បែរនោះដែរ។ ម៉ោងជិត៦ កន្លះឯណោះ ទើបឃើញគេមកជាមួយបងស្រីគេ។ យើងចេញដំណើរទៅយក មិត្តភក្តិពីរនាក់ទៀត រួចទៅទិញផ្កា បន្ទាប់មកបានទៅផ្ទះពិធី។

ផ្ទះពិធី ធ្វើជាន់លើទេ តែជាន់លើគេទូលាយ និងមានបរិយាកាសល្អណាស់។ ពេលឡើងទៅដល់ ខ្ញុំឃើញមានយុវវ័យ និងលោកអ៊ុំចាស់ៗ ខ្លះអង្គុយ ខ្លះឈរ ខ្លះទំរេតនឹងអេប៉ុងជារបៀបខ្នើយដាក់នៅលើកន្ទេល ជារបៀបៗ។ ខ្លះក៏នៅអាំងសាច់ ខ្លះក៏នៅរើសម្ហូបតាមចំណង់។

ខ្ញុំឯណាដប់គត់ហើយសម្រាប់កម្មវិធីរបៀបនេះ មានន័យថាលើកទី១ហើយ កុំតែបានអេនីទេ។ ខ្ញុំបានតែញញឹមញញែមតិចតួចជំនួសការនិយាយស្ដី។

អេនីរៀបចំម្ហូបហើយអស់ យើងក៏អង្គុយញាំជាមួយគ្នាដោយមានគេនៅញាំអីជុំវិញ។ អង្គុយញាំមួយសន្ទុះ ក៏មានមិត្តភក្តិជាច្រើនមកអង្គុយជិតដែរ ខ្ញុំបានត្រឹមតែញញឹម ញញឹមជាសញ្ញាទេ។ ហិហិហ!! ^^’ ញញឹមពេក ស្រាប់តែគេបាញ់ស្លាយវិប រួចសំឡេងគងឃ្មោះមួយបានបន្លឺឡើង ដោយចេញនូវអ្នកសម្ដែងដ៏ចំណានពីរនាក់ គាត់គឺបងរ៉ាវុធ និងបងស្រីម្នាក់ទៀត មិនស្គាល់ឈ្មោះទេ។ សម្ដែងចប់ រឿងដ៏អស្ចារ្យមួយបានបង្ហាញឡើង ជាមួយនឹងរូបកូនក្មេងជនជាតិ Africa ពីរនាក់ បន្ទាប់មក ទើបលេចចំណងជើងមកថា Babies។

Babies ដ៏អស្ចារ្យនេះ គឺជារឿងមួយដែលពណ៌នាពីដំណើរនៃការចាប់បដិសន្ធិដំបូង​របស់ទារកនានាលើប៉ុន្មានប្រទេស។​ តាមចាំ មានAfrica, Mongolia,America(New York),Japan and Texas…រហូតដល់ពួកគេមានលំនឹងអាចឈរបាន។  ខ្ញុំស្រឡាញ់រឿងនេះណាស់។

អេនីអង្គុយក្រោយខ្នងខ្ញុំ។ អង្គុយទាល់តែចប់រឿង រួចពួកយើងក៏ឈានចូលកម្មវិធី បាំងផ្លិត និងចងដៃ ច្នៃមួយ។

រួចកម្មវិធីនេះ ពួកយើងក៏ថតរូបលេងជាមួយគ្នា រួចក៏ចូលកម្មវិធីរាំ តែយប់ហើយ គឺម៉ោង ៩កន្លះហើយ។ ម៉ាក់ហៅមកថាឲ្យមួយដងហើយ។ ខ្ញុំមានអារម្មណ៍ថាសប្បាយ​យ៉ាងម៉េចទេ ពេលឃើញអេនី បងស្រីគេ និងមិត្តភក្តិគេរាំបែបនេះ។ ដូច្នេះហើយ ក៏មិនហ៊ានហៅគេទេ បានតែលួចខ្សិបតិចៗទៅអេនីឲ្យចាត់ចែង។ បង្ខំចិត្តទេ តែក្នុងចិត្តចង់ឃើញគេទាំងពីរនាក់សប្បាយណាស់!!! យើងក៏ដាច់ចិត្តចេញពីទីនោះ នៅម៉ោង១០យប់ រួចជិះមកផ្ទះមក។ ខ្ញុំក៏ជូនគេទាំងពីរមកដល់ផ្លូវចូលផ្ទះដែរ ព្រោះបារម្ភតិចដែរហ្នឹងណា៎!

រីករាយណាស់ ជាអនុស្សាវរីយ៍មួយទៀតហើយ! ហិហិហិហ!!!

ទឹកថ្លា, ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១

ថ្ងៃដែលភ្ញាក់ផ្អើលក្នុងជីវិត

ស្តង់ដារ

វាមិនមែនជាភ្លុំទៀនខ្យល់ កាត់នំក្នុងលំហដូចក្នុងប្រកាស Start from now, Happy birthday to me ^^

ឈឺខ្លួន តែនៅតែបញ្ឈរភ្នែកមើលកុំព្យូទ័រ​ ដែលក្នុងនោះ បើកប្រចាំការជានិច្ច ជាមួយនឹង Website Facebook។ ចាំមើលអីដែរ? ប្រាកដជាចាំមើល សារជូនពរហើយ។

យប់នេះ ជាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១ ដែលជាយប់នៃកំណើតដែលខ្ញុំជិតកើត។ ថ្ងៃ២០ ខែមេសា ឆ្នាំ១៩៩២ អ្នកម៉ាក់ សំណព្វចិត្តរបស់ខ្ញុំបានឲ្យកំណើតខ្ញុំ ឲ្យខ្ញុំស្គាល់នូវពិភពលោកដំបូងបង្អស់នៃខ្ញុំ។

រាត្រីនេះ ពេលទ្រនិចឈានចូលម៉ោង១២ភ្លាម ខ្ញុំឃើញមិត្តភក្តិតែពីរបីនាក់ប៉ុណ្ណោះ ដែលគេបានផ្ញើសារជូនពរខ្ញុំនៅលើ Wall ខ្ញុំមិនពិបាកចិត្តទេ តែរីករាយដែលពួកគេ នៅនឹកឃើញខ្ញុំ។ ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លាំង ក្នុងនោះ ខ្ញុំក៏កំពុងជជែកជាមួយ មិត្តភក្តិម្នាក់ដែលខ្ញុំទើបតែនឹងស្គាល់។ នាងមានឈ្មោះថា Any។ ខ្ញុំរីករាយណាស់ នាងបាននៅជជែកជាមួយខ្ញុំ ក្នុងMessageរហូតឆ្លងឆ្នាំ ទោះជាពួកយើងទើបស្កាល់ គ្នាប៉ុន្មានថ្ងៃក៏ដោយ។

កំពុងតែមើលComments សុខៗ ស្រាប់តែInternetខ្ញុំវាលែងដំណើរការ។ ខ្ញុំឯណេះ បាត់អស់រលីងនូវភាពរីករាយ តែយប់ជ្រៅហើយក៏តោង រៀបចូលគេងដែរ។​ តែមុនចូលគេង ខ្ញុំក៏ផ្ញើសារប្រាប់Anyដែរ ថាស្ដាយណាស់ មិនបានឃើញកាដូ ដែលគេនឹងបង្ហោះឲ្យុ។ Any ក៏តបឲ្យរាត្រីសួស្ដីមកខ្ញុំវិញ។ ខ្ញុំបម្រុងនឹងគេងហើយ តែមិនអស់ចិត្ត ណាទូរស័ព្ទ ក្រុមហ៊ុន ជិតឈប់ប្រើហើយ ក៏Callទៅនាង។ លើកទី១ ដែលពួកយើងនិយាយគ្នា។ Any រាងស្អកកបន្តិចហើយ ហើយក៏មិនសូវនិយាយច្រើនដែរ តែបានគេហើយ ជួយប្រាប់ថា មានគេផ្ញើសារ ជូនពរអីខ្លះមកឲ្យ។ ចង់និយាយតិចទៀតដែរ តែព្រះដុល្លា មិនអនុញ្ញាត ខ្ញុំក៏ចូលគេងទៅ តែអេនីខលមកសួរពីប្លកដែរ ព្រោះមុននេះ ខ្ញុំប្រាប់ពីប្លកខ្ញុំ។ខលរួច ខ្ញុំក៏ចូលគេង។

ព្រឹកឡើង ពន្លឺត្រចះច្បាស់ត្រចង់ បានបបួលគ្នា ប្រមូលផ្ដុំ លាបពណ៌បន្ទប់ខ្ញុំ ពីភាពងងឹត ទៅជាពន្លឺដ៏ភ្លឺដែលឆ្លងកាត់ ឥដ្ឋខ្យល់ថ្លាខ្វង់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំរៀបចំខ្លួនទៅរៀន។ ថ្ងៃនេះ ដូចសព្វដងចឹង ខ្ញុំទៅរៀនយឺតម៉ោងទៀតហើយ ព្រោះចេញទៅម៉ោងជិត៨ហើយ។

ទៅដល់សាលា គ្មានមនុស្សសោះ!! ភ្លេចថាង៉ៃនេះ គេចូលរៀនម៉ោង៨កន្លះ។ 😀 យេ! មិនយឺតទេ តែលឿនទៅវិញ។ ខ្ញុំរៀនជុំគ្នាហើយអស់ ខ្ញុំក៏បបួលមិត្តភក្តិ៣នាក់ ដែលរៀងជិតស្និទ្ធិនឹងខ្ញុំដែរ ឲ្យញាំPizzaជុំគ្នាបន្តិចបន្តួច ង៉ៃខួបកំណើតនេះ។ តិចមែន តែសប្បាយ ខ្ញុំគិតថាប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ បើធៀបនឹងឆ្នាំមុន គឺខុសគ្នាស្រឡះធេង។

My birthday at Pizza_2011

My birthday at Pizza_2011

Pahna_Photo by Sok Ly

Pahna_Photo by Sok Ly

ខ្ញុំញាំPizzaរួចអស់។ ខ្ញុំក៏ប្រញាប់មកផ្ទះ រួចបើកុំព្យូទ័រ មើលCommentsជាច្រើនដែល ជាCommentsជូនពរ។ រំភើបណាស់ ខ្ញុំមិននឹកស្មានថាមានពួកគេនៅចងចាំខ្ញុំយ៉ាងនេះ ទេ។ ទោះជាមិនធ្វើធំដូចឆ្នាំមុន តែនេះគេហៅថាជប់លៀងអារម្មណ៍ហើយ..។ ហិហិហ 😛

ខ្ញុំអានម្ដងមួយ តបអរគុណ និងជូនពរម្ដងមួយ។ ពីម៉ោង១២ថ្ងៃ ដល់ម៉ោង៥ ទៅ៦ល្ងាច សារចេះតែលោតមកពុំចេះចប់។ មិនដែលអ៊ីចឹងទេ។ ខ្ញុំញញឹម និងសប្បាយចិត្តណាស់ រកពាក្យនិយាយមិនឃើញ ក្រៅតែពីអរគុណគេទេ។ សំឡេងទូរស័ព្ទក៏មានមួយពីរ ម្ដងម្កាលដែរ។

ខ្ញុំសប្បាយចិត្តពេក ក៏ចាប់តែងចម្រៀងមួយ។ ចម្រៀងនោះ មានចំណងជើងថា ថ្ងៃខួបកំណើតដែលខ្ញុំចងចាំ៖

រដូវ​ចេះតែ​ប្រែ​ផ្លាស់

ចង​ចាំ​ជាក់​ច្បាស់​ក្នុង​ចិត្ត

អារម្មណ៍​នៅ​ចង​ចាំ​ពិត

នៅ​តែ​ជាប់​ស្និទ្ធ​មិន​ទៅ​ឆ្ងាយ។

ចង់​ជួប​រឿង​នេះ​ជា​ថ្មី

ចង់​ឲ្យ​អ្វីៗ​សប្បាយ

មិន​ចង់​ឲ្យ​ចិត្ត​ខ្វល់ខ្វាយ

រីករាយ​នឹង​ជីវិត​ដែល​តស៊ូ។

ចាប់​ផ្ដើម​ពី​ខ្ញុំ​រៀន​ដើរ

រៀន​ដើរ ខ្ញុំ​ក៏​រៀន​ឈរ

រៀន​ស្ដាប់​ពាក្យពេចន៍​ស្ដាប់​សូរ

ស្ដាប់​សូរ​ពីរោះ ក៏​រៀន​យល់។

ផ្ដើម​ពី​ពាក្យ​ថា​ស្រឡាញ់

ផ្ដើម​ក្នាញ់​ពី​ចិត្ត​ដែល​ស្អប់

តែ​ក្ដី​រីករាយ​បន្លប់

សល់​ស្អប់ ក្នុង​ន័យ​ស្រឡាញ់

ស្រឡាញ់​អ្នក សូម​បាន​សុខ។

រឿង​ចង​ចាំ​ចេះ​តែ​មាន

ឆ្លង​មួយ​ជំហាន​ទៅ​មុខ

ជួន​ជា​ឈឺ​ចាប់​ជួន​សុខ

ជួន​កើត​ទុក្ខ ជួន​ញញឹម។

រឿង​ទាំង​អស់​ក្នុង​ជីវិត

ក្នុង​ចិត្ត​ត្រូវ​មាន​សង្ឃឹម

រឿង​មួយ​ដែល​នៅ​ញញឹម

ញញឹម​ជាប់​រាល់​ឆ្នាំ

គឺជា​ថ្ងៃ​ខួប​កំណើត។

Just want to say, Happy birthday

Just want to say, រីករាយថ្ងៃកំណើត

Just want to say, ជូនពរ​ទាំង​អស់​គ្នា

ប៉ុន្តែ ពេលកំពុងតែងបទភ្លេងហ្នឹង ខ្ញុំក៏ទទួលកិច្ចការពីអេនីមួយ។ នាងប្រាប់ខ្ញុំថា ចង់ពឹងខ្ញុំរឿងមួយ។ ខ្ញុំក៏ធ្វើតាមសំណូមពរនោះ។ ម៉ោងជិត៦ហើយ នាងបានប្រាប់ខ្ញុំឲ្យទៅយកកិច្ចការនោះ នៅឯបូផាន់ណា។ គាប់ជួនម៉ាក់ ខ្ញុំក៏ប្រើខ្ញុំ ឲ្យទៅទិញបាញ់ឆែវ​ និងទៅយកប្អូនចេញពីរៀន។ ដូច្នេះ ខ្ញុំក៏ចេញទៅជាប្រញាប់ទៅ។ខ្ញុំទៅយកកិច្ចការនោះមុន។ តើជាកិច្ចការអ្វីដែរហ្ន៎? ខ្ញុំធ្វើកិច្ចការសាលាមិនទាន់ចប់ផង ហេតុអីត្រូវហាមាត់ជួយគេទៅវិញ។ គិតរហូតតាមផ្លូវ។

ដល់បូផាន់ណា រាងយប់តិចហើយ តែនៅមានបងៗនៅទីនោះកំពុងរៀបចេញ។ ខ្ញក៏សួរទៅបងម្នាក់កំពុងកាន់ទូរស័ព្តថា៖

– បង មានអ្នកណាគេ ផ្ញើរបស់អីជូនខ្ញុំទេ?

– នោះ មានតើ! នំខេក!

– នំខេក??? ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង រកនឹកនិយាយអីលែងឃើញ។

Pahna_Lovely cake_2011

Pahna_Lovely cake_2011

Pahna_Lovely Cake_2011

Pahna_Lovely Cake_2011

ខ្ញុំយកនំខេកហើយ រាងអៀននឹងពួកបងៗជាខ្លាំង តែខំប្រឹងបន្លប់ រួចរត់ឡើងទៅលើ បំណងទៅលេងបងធីតា មិត្តភក្តិរបស់ខ្ញុំនៅទីនោះ។ ទៅជួបគាត់ ទើបគាត់ដឹងថាជាថ្ងៃកំណើត ក៏ហៅឲ្យយកនំនោះមកញាំជុំគ្នាទៅ។ គួរទេ? ហិហិហ!! 😀 ក្នុងចិត្តហាក់ដូចជាមិនទាន់ចង់ញាំទេ តែបើជ្រុលមាត់ទៅហើយ ក៏អ៊ីចឹងទៅចុះ។

មុននឹងធ្វើ ខ្ញុំក៏នឹកទៅម្ចាស់នំ រួចក៏ខលលេងថា៖

-អាឡូអេនី! កិច្ចការអីចេស។ ខ្ញុំមិនបានទទួលទេ អ្នកនៅទីនោះ ក៏ពុំបានឃើញដែរ។

-អុញ! ថាម៉េច?? ខ្ញុំបានផ្ញើហើយតើ… ហាហ ហាហ! 😀 ស្ដាប់ទៅគួរឲ្យអាណិតណាស់ ចឹងក៏សារភាពទៅ ថាបានទទួលហើយ រួចក៏បបួលនាងមកចួលរួមដែរ។

តែ៤នាក់ ទាំងខ្ញុំទេ។ អេនីមក ខ្ញុំឲ្យបងធីតាបិតភ្លើងបំណង ឲ្យភ្ញាក់ផ្អើល មិនចឹង គាត់ទៅជាមកសួរថាធ្វើម៉េចទេ! :D’ ចប់!! ចឹងក៏ធ្វើតាមដំណើរទៅ។ លើកទី១ហើយ ដែលខ្ញុំទទួលកាដូភ្ញាក់ផ្អើលបែបនេះក្នុងជីវិត។ លើកទីមួយហើយ ដែលខ្ញុំជួបអេនីនៅខាងក្រៅ។ 😀 គិតទៅភ្ញាក់ផ្អើលណាស់ឆ្នាំនេះ ខ្ញុំមិនដែលចឹងទេ។ ក្នុងFacebookវិញ សារជាច្រើនបានផ្ញើមកជាបន្តបន្តាប់ បញ្ជាក់ពីក្ដីនឹករលឹក ទោះជាត្រឹមតែមួយម៉ាត់ ក៏មានតម្លៃសម្រាប់ខ្ញុំដែរ។

Pahna_My lovely owner special surprise cake_2011

Pahna_My lovely owner special surprise cake_2011

Pahna_Bong Thida and me_2011

Pahna_Bong Thida and me_2011

ចេញពីទីនោះ ខ្ញុំក៏ទៅជួបបងផល បងសីហា បងពិសិដ្ឋ និងបងៗប៉ុន្មាននាក់ទៀត រួចក៏បបួលបបួលគ្នាទៅញាំអីនៅផ្សារកណ្ដាល។

Pahna_Bong Phal and Me_2011

Pahna_Bong Phal and Me_2011


ម៉ាក់ខឹងខ្ញុំហើយ ខឹងថាមិនទៅយកប្អូន និងមិនទិញបាញ់ឆែវឲ្យគាត់។ ខ្ញុំមិនហ៊ានមាត់ទេ តែម៉ាក់ក៏ជូនពរឲ្យខ្ញុំវិញដែរ។ 🙂 អរគុណអ្នកម៉ាក់!!!! ជូនពរឲ្យអ្នកម៉ាក់ សុខភាពល្អ សុភមង្គល ជោគជ័យ រកស៊ីមានបាន និងពិសេសស្រឡាញ់គ្នាដល់ចាស់កោងខ្នងនឹងលោកប៉ាសំណព្វចិត្ត។ ^^’

យប់បន្តិចហើយ សារនៅតែមានជាបន្តបន្ទាប់។ តែក្នុងនោះ មានកាដូពិសេសមួយទៀត ពិសេសមែនទែន អស្ដារ្យមែនទែន គឺអេនីថតវីដេអូ ដែលនាងនិយាយពីអារម្មណ៍ជូនពរ របស់នាងមកកាន់ខ្ញុំ។ បងស្រីនាងបានច្រៀងជាមួយនឹងកាយវិការជូនពរដ៏អស្ចារ្យ។ នេះហើយជាអនុស្សាវរីយ៍ប្រចាំឆ្នាំថ្មីនេះ។ ខ្ញុំស្រឡា្ញញ់អ្នកទាំងអស់គ្នា!! ^^’ 


Start from now, Happy birthday to me ^^

ស្តង់ដារ

វាកន្លងទៅជិតមួយឆ្នាំទៅហើយ ក្រោយការជួបជុំខួបកំណើតកាលពីឆ្នាំមុន។ ខ្ញុំនៅតែចាំ ចាំនេះហៅចាំថាដូចជាខួបកំណើតពីរថ្ងៃជាប់គ្នាចឹង។ មិត្តភក្តិដ៏កកូក អ្នកធ្វើការជាមួយដ៏រីករាយ ស្នាមញញឹមម៉ាក់ប៉ា និងគ្រួសារ ពិសេសលោកគ្រូ ដ៏ផូរផង់ នៅតែដក់ជាប់ក្នុងចិត្ត។

ឆ្នាំនេះ ខុសពីឆ្នាំមុន គឺខុសត្រង់ថា ខ្ញុំនឹងពុំរៀបចំពិធីខួបកំណើតបែបនោះទៀតទេ ព្រោះ ខ្ញុំហាក់ដូចជាបង្ខំឲ្យពួកគេមកពិបាកនឹងរឿងសប្បាយផ្ទាល់ខ្លួនរបស់ខ្ញុំចឹង។ 🙂

ប៉ុន្តែ ឆ្នាំនេះ ថ្វីបើនៅម្នាក់ឯង និងមិនធ្វើអ្វីធំដុំមែន តែខ្ញុំហាក់ដូចជាមានសុភមង្គលណាស់ ព្រោះក៏ឃើញមានមិត្តភក្តិយល់ចិត្តមួយចំនួន​មិនបានភ្លេចបញ្ញា កម្សត់នេះដែរ។ ^^’

ឆ្នាំនេះបំណងប្រាថ្នាដែលអាចនិយាយបាន ខ្ញុំសូមប៉ងថា៖ ក្នុងឆ្នាំថ្មីនេះ សូមឲ្យម៉ាក់ប៉ាខ្ញុំ និងគ្រួសារខ្ញុំ ស្រឡាញ់គ្នា និងរីករាយនឹងគ្នា ពិសេសរកទទួលទាន និងធ្វើការខ្ពង់ខ្ពស់មានមុខមានមានមាត់ល្អរាងៗខ្លួន , សូមឲ្យប្រទេសជាតិខ្ញុំ ជួបប្រទះតែសុខសន្តិភាព សេរីភាព អភិវឌ្ឍន៍ រីកចម្រើន, សូមឲ្យមិត្តភក្តិ ឬអ្នកដែលស្គាល់ខ្ញុំទាំងអស់ ជួបប្រទះតែជោគជ័យ សុភមង្គល សុខភាពល្អ គ្រប់ៗគ្នា, ខ្ញុំជួបប្រទះតែសុភមង្គល រីករាយ ទាំងក្នុងនិងក្រៅគ្រួសារ, សូមឲ្យខ្ញុំ មានសុខភាពល្អ បញ្ញាវៀងវៃ ចំណេះដឹងភ្លឺថ្លា ជាតំណាងម្នាក់របស់គ្រួសារ សង្កម និងបើអាចដល់ពិភពលោកផងចុះ (ដូចជាធំដែរ តែចេះតែប៉ងទៅ), សូមឲ្យខ្ញុំ បានជួបតែអ្នកយល់ចិត្ត ស្រឡាញ់ រាប់អាន គោរព និងអាណិត។

ច្រើនហើយ តែក៏មិនភ្លេចអ្នកដែលពិសេសសម្រាប់ខ្ញុំដែរ សូមជូនពរដូចគ្នាណា៎!! ហាហ ហាហ!!  😀

ភ្លុំទៀនខ្យល់មួយ កាត់នំលំហ ធ្វើមុខCute… ក្រឹប!!!! 😉

Happy birth day to me

Happy birth day to me

មុនការកើនអាយុថ្មីនេះ ខ្ញុំបានទៅថតលេងពីរបីប៉ុស្តិ៍ ទុកមើលប្រចាំឆ្នាំដែរ នេះមើលនែក៖

Smile_Pahna

Smile_Pahna

Mystery Feeling_Pahna

Mystery Feeling_Pahna

Protector_Pahna

Protector_Pahna

រីករាយឆ្នាំថ្មីណា!!! 😀 Come from my hope, being my love, feel to you. Wish you all the best 😉